ភ្នំពេញ៖ ម្ចាស់មេដាយមាសស៊ីហ្គេម​ ២ សម័យ​កាល បឺត សង្ឃឹម បានប្រើប្រាស់បច្ចេក​ទេស និង​កល​​ល្បិចប្រកួតដ៏​ល្អ​របស់ខ្លួន ដើម្បីបំបាក់អំនួត​របស់អ្នកប្រដាល់​អ៊ូសបេគីស្ថាន Nur Muhammad តាម​រយៈការ​​វ៉ៃ​ឱ្យ​កីឡាករ​ចំណូលថ្មី​ម្នាក់នេះប៊ិះ​នឹងសន្លប់ ប៉ុន្តែ ឡុង បេនលឿន បាន​​ជួប​​ការបរាជ័យ សម្រាប់ការ​ប្រកួតឱ្យ​ក្លិប​ថ្មី​របស់ខ្លួន។


នៅ​មុនការ​ជួបគ្នា ក្នុងព្រឹត្តិការណ៍ Cambodia Kun Khmer KKIF កាលពី​យប់​ថ្ងៃ​សៅរ៍​​​​កន្លងមក​នេះ កីឡាករជា​ម្ចាស់​ជើងឯក​ ៨​សម័យកាល​របស់អ៊ូសបេគីស្ថាន Nur Muhammad បានបោះពាក្យ​សម្តី​ថា រូបគេ​បានដឹងច្បាស់ពី​របៀប​ប្រកួត​របស់ បឺត សង្ឃឹម ច្បាស់ណាស់ ហើយ​​គេ​ក៏មានជំនឿខ្ពស់​​ក្នុងការ​ផ្តួល​ សង្ឃឹម ឱ្យ​សន្លប់​ផងដែរ ប៉ុន្តែ​តាម​រយៈការ​ប្រកួតជាក់​ស្តែងគឺ Nur Muhammad ទៅវិញ​ទេ​ដែលប៊ិះ​នឹងសន្លប់​ក្រោម​កណ្តាប់​ដៃ បឺត សង្ឃឹម។

​តាម​រយៈការ​ប្រកួត​នោះ Nur Muhammad ដែល​ហ្វឹកហាត់ប្រដាល់​នៅ​ប្រទេស​ថៃ ពិតជា​មានសមត្ថ​ភាព​ប្រកួត​ល្អ ដោយ​គេ​អាច​ប្រើ​បាន​គ្រប់ក្បាច់ ក្នុងការ​វាយ​ប្តូរ​ជាមួយ បឺត សង្ឃឹម ប៉ុន្តែ​បច្ចេកទេស និង​កលល្បិច​ប្រកួត​របស់ សង្ឃឹម ល្អ​ជាង ដោយរូបគេ​អាចបញ្ឆោត និង​ញាក់​វាយ​​ឆ្វេងស្តាំ​ចូល​គោលដៅ​ល្អ​ និង​លឿនជាងទាំង​ការម៉ាត់ ទាត់ និង​បុកជង្គង់ ហើយការ​ឆ្មក់​កែងៗ​​មួយ​របស់​គេ​ក៏​ធ្វើ​បាន​ល្អ។



ជាមួយ​ការ​វាយចេញបាន​ល្អទាំង​ព្រម​​របស់ បឺត សង្ឃឹម នេះ​បាន​ធ្វើ​​ឱ្យ​កីឡាករ Nur Muhammad បាន​ខំប្រឹងវាយ​បក​សងទាំងលំបាក ហើយស្ទើរ​តែ​ចង់គាំងៗម្តងទៅ​ហើយ ហើយ​នៅ​ដើមទឹកទី​៣ ការម៉ាត់​ស្តាំ​ចូល​ពេញ​ទំហឹង និងរុញ​ផ្តួល​របស់ បឺត សង្ឃឹម បាន​ធ្វើ​ឱ្យ​ដៃ​គូ​​ម្នាក់​នេះ ដួលទាំង​វង្វេង ត្រូវ​បានអាជ្ញាកណ្តាល​រាប់ជា​លើក​ទី​១។


នៅ​ក្នុងពេលវេលាសេសសល់​ចំនួន​ ២ នាទី ក្នុងទឹក​ទី​៣​ ចុងក្រោយ​នេះ បឺត សង្ឃឹម បាន​ព្យាយាម​​វាយសម្រុក​កាន់តែ​ខ្លាំង ក្នុងបំណង​ផ្តួល Nur Muhammad ឱ្យ​សន្លប់តែម្តង ប៉ុន្តែ​កីឡាករ​​របស់អ៊ូសបេគីស្ថាន​ម្នាក់នេះ អាច​ប្រមូលស្មារតី​បានទាន់ពេល រួច​បាន​វាយ​តាម​បែប​រំដោះ​​ខ្លួនរហូត​ដល់​ចប់​ទឹក និងបានចាញ់ បឺត សង្ឃឹម ត្រឹមពិន្ទុជា​ឯកច្ឆន្ទ។

តែទោះបីជា​យ៉ាង​ណា មេរៀន​ដែល បឺត សង្ឃឹម បាន​ផ្តល់​ឱ្យ​តាមរយៈការ​ជួប​គ្នា​ជា​​លើក​​ដំបូង​នេះ បាន​ធ្វើ​ឱ្យកីឡាករ Nur Muhammad រាងបាក់អំនួត​ហើយ ព្រោះ​រូបគេមិនត្រឹមតែ​មិន​អាច​ផ្តួល បឺត សង្ឃឹម បាន​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ត្រូវបាន សង្ឃឹម វ៉ៃ​ឱ្យ​អាជ្ញា​កណ្តាលរាប់​ទៀត​ផង ហើយនេះ​ជា​ការ​បង្ហាញ​វត្តមានជា​ថ្មី​របស់ បឺត សង្ឃឹម បន្ទាប់ពី​រូបគេ បានចាញ់​ក្នុងការ​ប្រកួតដណ្តើមខ្សែ​ក្រវាត់ពិភព​លោក WBC នៅប្រទេស​​អូស្រ្តាលី ​កាលពី​​ថ្ងៃទី​ ១៧ ខែកុម្ភៈ​។

ចំណែក​កីឡាករ ឡុង សំណាង និង ឡុង បេនលឿន ដែលទើប​ផ្លាស់ប្តូរ​ក្លិប​ពី​ក្លិប​ប្រដាល់​ឡុងសាលវ័ន្ត ​ទៅកាន់​ក្លិប Kun Khmer International Fight Gym (KKIF) នោះ បាន​ទទួល​លទ្ធផលខុស​គ្នា សម្រាប់ការ​ប្រកួត​ Cambodia Kun Khmer KKIF កាលពី​យប់​ថ្ងៃសៅរ៍​នោះ។

ម្ចាស់ខ្សែ​ក្រវាត់​៣ ឡុង សំណាង បានបង្ហាញការ​ប្រកួតយ៉ាង​អង់អាច ក្នុងការ​តាមវាយ​ទៅ​លើ​កីឡាករ​របស់ហ្ស៊កហ្ស៊ី Emil Khalilov ស្ទើរ៣ទឹក​ពេញ និងបាន​ឈ្នះ​ដោយ​ពិន្ទុ​ជាឯកច្ឆន្ទ ៥-០ ប៉ុន្តែ ឡុង បេនលឿន បានចាញ់​កីឡាករ​ម៉ារ៉ុក Diae ដោយពិន្ទុ ៤-១ ព្រោះ​តាម​​រយៈការ​ប្រកួត​នេះអ្នកទាំង​២នេះ មាន​ក្បាច់វាយ​ចេញ​ប្រហាក់ប្រហែល​គ្នា តែ បេនលឿន មាន​ការ​ធ្លាក់កម្លាំងជាង ទើប​ត្រូវបានសម្រេច​ឱ្យចាញ់​បែប​នេះ៕