ភ្នំពេញ៖ ម្ចាស់មេដាយមាស​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ឃីម បូរ៉ា បាន​កាច់ធ្មុងកីឡាករ​ជើងខ្លាំង​របស់​ថៃ Petchrung Roeung Academy តាម​រយៈការ​តាម​វាយកែង និង​ម៉ាត់​រហូត​​ធ្លាក់​ក្អួត និង​សន្លប់​ឈរ​តែ​ម្តង សម្រាប់ការ​​ជួបគ្នា​​ក្នុង​ព្រឹត្តិការណ៍ Krud Kun Khmer របស់​​សង្វៀន​ប្រដាល់​ ទទក។


សម្រាប់ការ​ប្រកួត​នៅ​ភូមិ​ទួលដំណាក់​ ឃុំចុងដូង​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ កាលពី​យប់​​ថ្ងៃអាទិត្យ​កន្លងមកនេះ​ កីឡាករ Petchrung Roeung Academy បានបោះពាក្យ​សម្តី​បែប​​មិន​​ឱ្យ​តម្លៃ​ដល់ ឃីម បូរ៉ា ​ដោយជំរុញ​ឱ្យ​ម្ចាស់មេដាយមាស​ស៊ីហ្គេម​របស់​កម្ពុជា​រូបនេះ ខំ​ប្រឹង​​​ប្រែង​វ៉ៃ​ឱ្យ​អស់​ពីសមត្ថភាពមក ​ដើម្បី​ឱ្យ​ស័ក្តិសមទៅនឹងកិត្តិយស​របស់​គេ ដែលជា​ជើងខ្លាំង​ម្នាក់​​​របស់​ថៃ។

ប៉ុន្តែ​តាម​រយៈការ​ប្រកួត​ជាក់ស្តែង ដែល​គ្រោង​​ធ្វើ​ ៥ ទឹក​នោះ គឺ Petchrung Roeung អាច​ឈរ​វ៉ៃ​ប្តូរ​ជាមួយ ឃីម បូរ៉ា មិន​ដល់​ ៣​ ទឹក​ស្រួល​បួល​ផង ក៏​ត្រូវបាន បូរ៉ា វាយកែង និងបន្ថែម​ដោយកណ្តាប់ដៃ បណ្តាល​ឱ្យ​កីឡាករ​ថៃ​ម្នាក់នេះធ្លាក់ក្អួត និង​សន្លប់​ឈរនៅ​លើដៃ​លោក​អាជ្ញា​កណ្តាល វង្ស ស៊ីថៃ តែម្តង។



​បើទោះបីជា Petchrung Roeung បាន​បង្ហាញ​ភាព​រឹងមាំ ក្នុងការ​ប្រកួត​នៅទឹកទី​១ និងទឹក​ទី​២ តាម​រយៈការចាប់​បុកជង្គង់​របស់​គេ ដែល​ពេលខ្លះ ឃីម បូរ៉ា ស្ទើរ​តែ​រើបម្រះ​មិនចង់​ចេញ ប៉ុន្តែនៅ​ដើម​ទឹកទី​៣ បូរ៉ា បានវាយ​កែងស្តាំ​ចូល​ផ្ទៃ​មុខពេញ បណ្តាល​ឱ្យ​ថៃ​ម្នាក់​នេះ​ដួល​ទាំង​​ជំហរ ហើយ​ត្រូវ​បានអាជ្ញាកណ្តាល​រាប់​ជា​លើក​ទី​១។ 


ភ្លាមៗ​បន្ទាប់ពីការរាប់នោះ ឃីម បូរ៉ា បានតាម​វាយកែង ទៅលើ Petchrung Roeung ហើយ​​ចុង​ក្រោយគេ​បាន​ម៉ាត់​ឆ្វេងចូលថ្គាម​មួយ​ដៃពេញ ធ្វើ​ឱ្យ​ដៃគូ​បានសម្តី​ម្នាក់នេះ​វង្វេង។ ឃើញ​​​បែប​​នេះ​​លោកអាជ្ញាកណ្តាល វង្ស ស៊ីថៃ បាន​ស្ទុះ​ទៅ​ចាប់ត្រកង ក្នុងបំណង​កុំ​ឱ្យ Petchrung Roeung ​ដួល​ទាន់​ តែ​ថៃ​ម្នាក់នេះបាន​ធ្លាក់ក្អួត និង​សន្លប់​ឈរ​​តែម្តង។

យ៉ាង​ណាក៏​ដោយ បន្ទាប់ពី​ទទួល​បានជ័យជម្នះនេះ ឃីម បូរ៉ា បាន​និយាយថា៖ ​«ការ​ប្រកួតនេះ​តានតឹង ព្រោះ​អាវុធ​របស់​គាត់ (Petchrung Roeung) ធ្ងន់ដែរ ពិសេស​គាត់​ចាប់រឹង ធ្វើ​ឱ្យ​យើង​រើ​បម្រះមិន​រួច ហើយម្យ៉ាងខ្ញុំក៏​អត់​សូវទុក​ចិត្តលើ​ស៊ុហ្វ​ខ្លួន​ឯង​ផង ដោយសារ​ខ្ញុំ​មាន​បញ្ហា​សុខ​ភាពតិច​តួច​ អ៊ីចឹង​យើងមិន​កញ្រ្ជោលតាម​គាត់នោះទេ គឺ​យើង​ព្យាយាម​វ៉ៃ​មួយៗ​យក​ធ្ងន់ និង​យក​ត្រូវ​ប្លង់»។

តែទោះយ៉ាងណា ឃីម បូរ៉ា បានបន្ថែម​ថា៖ «នៅពេល​គាត់​ប្រើ​យុទ្ធសាស្រ្ត​ដេញ​ចាប់​យើង​​បែប​នេះ គឺមាន​ការ​ពិបាក​មែនទែន ដោយសារ​គាត់រឹងជាងយើង ប៉ុន្តែ​នៅពេល​គាត់​ព្យាយាមតាមចាប់ពេកបែប​នេះ យើង​មានតែ​សាក​កម្លាំងជាមួយគាត់ ហើយ​ពេល​ខ្ញុំ​​ចូល​រើ​ជាមួយ​គាត់មួយប្រាវ ឃើញថា​ គាត់អស់​ដែរ។ គាត់​ដូចជា​មិនមាន​ក្បាច់អ្វី​ដែរ​ទេ គឺ​បានតែ​ចាប់រឹង ហេតុនេះ​យើងបាន​ព្យាយាម​វ៉ៃ​ឆ្ងាយ​វិញ វាស្រួល​សម្រាប់យើង»។ 

ចំណែកការ​ប្រកួត ក្នុងព្រឹត្តិការណ៍ Krud Kun Khmer កាលពីថ្ងៃអាទិត្យ​នោះ​ដែរ កីឡាករ​​និយម​វាយសម្រុក ពេជ្រ​ ប៊ុនសិដ្ឋ​ ​បាន​យក​ឈ្នះ​អ្នកប្រដាល់​របស់ថៃ Sanvan Khongdum Tded99 ដោយពិន្ទុ ប៉ុន្តែ ធន់​ ស៊ីហុង​ បានចាញ់​ថៃ Prtchseenin Tded99 ដោយពិន្ទុ បន្ទាប់ពីការប្រកួតយ៉ាងស្វិត​ស្វាញ​ចំនួន​៥​ទឹក​ពេញ៕