ភ្នំពេញ៖ សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ និងគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត គ្រោង​នឹងរៀបចំ​ឱ្យ​មាន​នូវ «ក្រមសីលធម៌​គុនខ្មែរ» ដែលជា​ច្បាប់​ទម្លាប់​ និង​បទប្បញ្ញតិ្ត ក្នុងការ​ដាក់​ឱ្យ​មាន​នូវ​របៀបរៀបរយ​ សណ្តាប់​ធ្នាប់​សម្រាប់​ប្រទេស នៅលើ​​ពិភព​លោកចូលជាសមាជិក និងជួយជ្រោម​ជ្រែង​កីឡាជាអត្តសញ្ញាណ​របស់​ដូន​តាខ្មែរ​នេះ ឱ្យកាន់តែ​មាន​​ភាព​រីក​សុសសាយថែម​ទៀត។


គម្រោង​បង្កើត​ឱ្យ​មាន​ក្រមសីលធម៌​គុនខ្មែរ​នេះ ត្រូវ​បាន​សហព័ន្ធគុនខ្មែរ​អន្តរជាតិ លើក​យក​​មក​​ពិភាក្សា​ក្នុង​កិច្ច​​ប្រជុំគណៈកម្មាធិការប្រតិបត្តិ​របស់​ខ្លួន នៅទីស្នាក់ការ​ NOCC កាលពី​ថ្ងៃទី​២២ ខែមីនា ក្រោម​ការ​ដឹកនាំ​របស់​លោក មៀម រ៉ា ហើយ​​តាម​រយៈការពិភាក្សា​នោះ គណៈ​កម្មាធិការ​ប្រតិបត្តិ​​សហព័ន្ធ​ទាំង​អស់ បាន​យល់​ស្រប​ក្នុង​ការ​បង្កើត​ឱ្យ​មានក្រមសីលធម៌​គុនខ្មែរ ដើម្បីជា​ការ​បើក​ផ្លូវ​ដ៏​សំខាន់​មួយ ក្នុងការ​ពង្រីកសក្តានុពល «គុនខ្មែរ» ទៅ​កាន់​ពិភព​លោក។

លោក វ៉ាត់ ចំរើន ​អគ្គលេខាធិការ NOCC និង​ជា​អគ្គលេខាធិការ​សហព័ន្ធគុនខ្មែរ​អន្តរជាតិ​​បាន​ថ្លែងក្រោយ​កិច្ច​ប្រជុំ​នោះ​​ថា៖ ​«​យើងនឹង​រៀបចំឱ្យ​មាន​ក្រមសីលធម៌​គុន​ខ្មែរ ដែល​ជា​​​​ក្រម​​​មួយ​អនុវត្ត​ទូទាំង​ពិភព​លោក សម្រាប់​សមាជិកគុនខ្មែរ​​របស់​យើង ព្រម​ទាំង​ពង្រីក​ក្រម​សីលធម៌​​នេះ​ទៅ​ពិភព​លោក ដើម្បី​ឱ្យស្គាល់​ថា គុនខ្មែរ​​​មាន​ឋានានុក្រម​​យ៉ាងម៉េច? មាន​ការ​រៀបចំ និងប្រ​ព្រឹត្ត​ទៅ​ ក្នុង​គោល​បំណង​បែប​ណា? ហើយការ​ទទួល​ខុស​ត្រូវ​របស់​ប្រទេស​ជា​សមា​ជិក និងការ​អភិវឌ្ឍ​គុនខ្មែរ​ តើ​អភិវឌ្ឍ​តាមរបៀប​ណា?»។


កិច្ច​​ប្រជុំ​របស់​​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ កាលពី​ថ្ងៃទី​២២ ខែមីនា។ រូប ឈន ណន


ចំណុចសំខាន់មួយចំនួន​ទៀត ដែល​នឹង​ត្រូវចង​ក្រង​ឱ្យមាន​នៅ​ក្នុងក្រម​សីលធម៌​គុនខ្មែរ​នេះ គឺ​និតិវិធី​ក្នុងការ​ដោះស្រាយវិវាទ និង​បញ្ហា​ផ្សេងៗសម្រាប់ប្រទេសជាសមាជិក យក​ទៅ​អនុវត្ត ហើយ​​ការ​កំណត់​គោល​ការណ៍រួម​ក្នុងការ​ថែ​រក្សា​ និង​អភិរក្ស​នូវ​ផ្នត់​គំនិត​ដើម​​​នៃ​យុទ្ធ​គុនខ្មែរ​ ក៏ជា​ផ្នែក​សំខាន់ ដែល​នឹង​ត្រូវចងក្រង នៅ​ក្នុង​ច្បាប់​ទម្លាប់ និង​បទប្បញ្ញតិ្ត​របស់​ក្រម​សីលធម៌​គុនខ្មែរ។


លោក វ៉ាត់ ចំរើន បញ្ជាក់​ថា៖ «ក្រម​សីលធម៌​គុនខ្មែរ​ជា​ច្បាប់ ទម្លាប់​ និង​បទប្បញ្ញតិ្ត ដែល​មាន​របៀបរៀបរយ​ និង​សណ្តាប់​ធ្នាប់​សម្រាប់​ពិភពលោក​ ក្នុងការ​គ្រប់​គ្រង​គុនខ្មែ​ គឺ​យើង​ធ្វើ​ឱ្យ​ពិភព​លោក​មានសណ្តាប់​ធ្នាប់​ ​ទទួល​យក​គុនខ្មែរ និង​ជួយ​ពង្រីក​គុនខ្មែរ​​ឱ្យ​ត្រូវតាម​ក្រម​សីលធម៌​​ហ្នឹង។​នេះជា​អ្វីដែល​យើង​បានខំ​ប្រឹង​​ជួយ​​ដល់​ជាតិ ព្រមទាំង​បន្ត​ឱ្យ​អ្នកជំនាន់​ក្រោយ និង​​ធ្វើ​ឱ្យ​គុនខ្មែរ​​ស្ថិត​​ក្នុង​ការ​រីកចម្រើន​ ដែល​មានស្ថិរភាព និង​ចីរភាព​​អាច​​ទទួល​យក​បាន​ទាំង​​អស់​គ្នា»។

ចំពោះ​គោល​ដៅសំខាន់ ក្នុងការ​បង្កើត​ឱ្យ​មាន​ក្រម​សីលធម៌​គុនខ្មែរ​នេះ គឺ​សហព័ន្ធ​គុន​ខ្មែរ​​​អន្តរជាតិ ចង់​ទាក់​ទាញ​ប្រទេស​ផ្សេងៗ​ទៀត​ចូលជាសមាជិកឱ្យបាន​ច្រើនជាង​ ៧៥​ ប្រទេស ដើម្បី​កម្ពុជា អាច​ស្នើ​សុំ​ទៅគណៈកម្មាធិការជាតិ​អូឡាំពិក​អន្តរជាតិ ​(IOC)​ ដាក់ «គុនខ្មែរ» ជា​សមា​ជិក ព្រោះ​ពេល​នេះ​សហព័ន្ធ​គុនខ្មែរ​​អន្តរជាតិ មាន​ប្រទេសជា​សមាជិក​ចំនួន​ ៥៤​ ហើយ ហើយ​ថ្មីៗនេះ​ប្រទេស​ម៉ុលហ្គោលី ក៏​បានសុំ​ដាក់​ចូលជាសមាជិក​​ដែរ។​​

លោក វ៉ាត់ ចំរើន បាន​សង្កត់​ធ្ងន់​ថា៖ «យើង​មាន​បទបញ្ជា​ និង​លក្ខន្តិកៈ​ប្រកួត​របស់​សហព័ន្ធ​គុនខ្មែរហើយ ប៉ុន្តែ​យើង​មិនទាន់មានការ​គ្របដណ្តប់​​ទៅលើ​ច្បាប់​សកល​មួយ​ ដែល​គេ​ហៅ​ថា​ ក្រមសីលធម៌គុនខ្មែរ​នេះ សម្រាប់​ឱ្យ​ប្រទេស​ទាំង​អស់​មើល​ឃើញ​ថា យើង​មានបន្ទាត់​​ច្បាស់លាស់ និង​ប្រភព​ល្អ ព្រមទាំង​មានសណ្តាប់​ធ្នាប់​ ក្នុងការ​រាយ​គុនខ្មែរ​ទៅលើ​ពិភព​លោក ហើយ​​មានការ​គ្រប់​គ្រង​គុនខ្មែ នៅលើ​ពិភព​លោក​បាន​ល្អ តាម​រយៈ​​ក្រមសីលធម៌​ហ្នឹង»។

លោក​បន្ថែម​ថា៖ «​​យើងអាច​ទាក់​ទាញ​​​ប្រទេសចូល​រួម​ឱ្យ​ដល់​គោល​ដៅ​របស់​យើង​ គឺធ្វើ​ម៉េច​ឱ្យ​បាន​ជាង ​៧៥ ​ប្រទេស​ ដើម្បី​យើង​ឈាន​ទៅ​ដល់​ការ​ស្នើ​សុំ​ទៅ IOC ​​ចូល​ជា​សមា​ជិក។ គោល​​​​ដៅ​​​ដ៏​សំខាន់នេះ​ហើយ បានជា​យើងខិតខំ​ពង្រឹង​​ផ្ទៃ​ក្នុង​ និង​សមត្ថ​ភាព​របស់​យើង​​ឱ្យ​បាន​ល្អ និ​ង​មាន​បទដ្ឋាន​គតិ​យុត្ដ​ក្នុង​ការ​គ្រប់គ្រងដឹកនាំ​សណ្ដាប់​ធ្នាប់​គុន​ខ្មែរ​លើ​ពិភព​លោក​ឱ្យ​បាន​ល្អ​ដើម្បី​ជា​មូល​ដ្ឋាន​នៃការអភិវឌ្ឍ និងអភិរក្ស​គុន​ខ្មែរ​បាន​យូរ​អង្វែងនិង​ប្រកប​ដោយ​ចីរភាព»៕