យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Al Aljazeera នៅ​ថ្ងៃទី២៥ ខែមីនា​បានឱ្យដឹងថា កីឡាករ​បាល់ទាត់​អន្តរជាតិ​ជនជាតិ​កូរ៉េខាងត្បូង លោក សុន ជុន​ហូ (Son Jun-ho) ដែល​ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ឃុំខ្លួន ដោយ​រង​ការចោទប្រកាន់​ពីបទ​ស៊ីសំណូក ត្រូវបាន​ដោះលែង និង​ត្រឡប់​ទៅ​ស្រុកកំណើត​របស់លោក​វិញ​ហើយ នេះ​បើ​យោងតាម​ក្រសួងការបរទេស​កូរ៉េខាងត្បូង។


កីឡាករ​បាល់ទាត់​ខ្សែបម្រើ​រូបនេះ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​ចិន​កាលពី​ខែឧសភា ឆ្នាំ២០២៣ ជុំវិញ​ការចោទប្រកាន់​ពីបទ​ទទួល​សំណូក​ពី​បុគ្គល​ឯកជន​មួយក្រុម។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​រដ្ឋាភិបាល​ចិន ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​ជុំវិញ​ករណីនេះ​នោះទេ។ 

បន្ទាប់ពី​រយៈពេល ១០ ខែ ម​កលោក សុន បាន​ត្រឡប់​ទៅ​កូរ៉េខាងត្បូង​វិញ ក្រោយ​រយៈពេល​នៃ​ការឃុំខ្លួន​របស់គាត់​បា​ន​បញ្ចប់ នេះ​បើ​យោងតាម​ការបញ្ជា​ក់ដោយ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ។


ក្រសួងការបរទេស​ខាងលើ​បាន​បន្ថែមថា រដ្ឋាភិបាល​កូរ៉េខាងត្បូង ​បានផ្ដល់​ការគាំទ្រ​ដល់​គ្រួសារ​របស់លោក សុន​យ៉ាងច្រើន ដូចជា​ជំនួយ​ផ្នែក​ច្បាប់ និង​រក្សា​ទំនាក់ទំនង​ជាមួយ​គ្រួសារ​លោក​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​ការវិវត្ត​នៃ​ករណី​របស់លោក សុន។ 


យ៉ាងណាក៏ដោយ ក្រសួង​មិនបាន​បង្ហាញ​អំពី​កាលបរិច្ឆេទ​នៃ​ការវិលត្រឡប់​របស់គាត់​នោះទេ ហើយក៏​មិនបាន​បញ្ជាក់ថា​តើ​លោក សុន ពិតជា​បាន​ប្រព្រឹត្ត​ទង្វើ​ដូច​ការចោទប្រកាន់​រប​ស់​ចិន​ឬក៏​យ៉ាងណា​នោះទេ។


យោងតាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កូរ៉េខាងត្បូង​ បាន​បញ្ជាក់ថា៖«យើង​បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​ចិន តាមរយៈ​បណ្តាញ​ទំនាក់ទំនងផ្សេងៗ ដើម្បី​ជំរុញឱ្យមាន​ដំណើរការ​ក្ដី​បាន​ឆាប់រហ័ស និង​យុត្តិធម៌​សម្រាប់​លោក សុន។ យើង​ក៏បាន​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​របស់គាត់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ»។ 

លើសពីនេះ​ទៀត កុងស៊ុល​កូរ៉េខាងត្បូង​ប្រចាំ​នៅ​ប្រទេស​ចិន ក៏បាន​ជួប​ធ្វើ​សម្ភាស​ជាមួយ​លោក សុន រហូតដល់​ទៅ ២០ ដង​ដើម្បី​ជួយ​សម្របសម្រួល និង​ធានា​សិទ្ធិ​របស់លោក សុន ក្នុងការ​ទទួលបាន​មេធាវី​ស្របច្បាប់។

សមាគម​កីឡាបាល់ទាត់​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា លោក សុន ដែលជា​កីឡាករ​បាល់ទាត់​អាយុ ៣១ឆ្នាំ ត្រូវបាន​ដោះលែង និង​ត្រឡប់ទៅផ្ទះ​វិញ​កាលពី​ថ្ងៃ​ចន្ទ។ 

លោក សុន បាន​លេង​ឱ្យ​ក្លឹប​បាល់ទាត់ សាន​តុង ថៃ​សាន (Shandong Taishan) ក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​ចិន (Chinese Super League) ចាប់តាំងពី​ឆ្នាំ ២០២១ ហើយ​បាន​ចូលរួម​ប្រកួត​ចំនួន ៣ប្រកួត​ក្នុងចំណោម ៤ ប្រកួត​តំណាង​ប្រទេស​កូរ៉េខាងត្បូង​ក្នុងការ​ប្រកួត​បាល់ទាត់​ពិភពលោក (World Cup) នៅ​ប្រទេស​កាតា (Qatar) ឆ្នាំ ២០២២។

មុនពេល​ចូលរួម​ជាមួយ​ក្លឹប​បាល់ទាត់​សាន​តុង ថៃ​សាន ក្នុង​ឆ្នាំ២០២១ដែល​បាន​ចុះកិច្ចសន្យា​រយៈពេល ៤ ឆ្នាំ លោក សុន​ធ្លាប់បាន​លេង​ឱ្យ​ក្លឹប​នៅ​ប្រទេស​កូរ៉េខាងត្បូង​ចំនួន​ពីរ គឺ​ក្លឹប ​Pohang Steelers និង​ក្លឹប ​Jeonbuk Hyundai Motors ចំនួន ៧ រដូវ​កាល។ សរុប​ជារួម គាត់​បាន​លេង​តំណាងឱ្យ​ប្រទេស​កូរ៉េខាងត្បូង​ចំនួន ១៨ ដង៕