ភ្នំពេញ៖ ទោះបាន​វិវឌ្ឍ​ខ្លួន​ទៅជា​គ្រូ​បង្វឹក​ទៅ​ហើយ​ក្តី ប៉ុន្តែ​លោក​គ្រូ ភុំ សារ៉ាយ នៅ​តែ​​អាច​​ឆក់​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំងពី​អ្នក​គាំ​ទ្រ តាម​រយៈការ​ប្រើ​ក្បាច់​ពិសេសៗ ក្នុងការ​យក​ឈ្នះ​លើ​គូ​ប្រកួត ចំពោះ​ការ​បង្ហាញខ្លួន​ជា​ថ្មី នៅលើ​សង្វៀន​មួយរយៈពេល​ចុងក្រោយ​នេះ ហើយកាលពី​ថ្ងៃសៅរ៍​កន្លងទៅ លោក​ក៏បានប្រើជំនាញ​ពិសេស​ទាំង​នេះ យក​ឈ្នះ​កីឡាករ​​ឡាវផងដែរ ប៉ុន្តែ​​អ្នក​ប្រយុទ្ធបារាំង Adam Noi បាន​បង្ហាញការ​មិន​យល់​ស្រប​ឡើយ ចំពោះការកាត់សេចក្តី​ឱ្យ​ស្មើ​ពិន្ទុ​ជាមួយ ចាន់ ប៊ុនហឿន។

​តាមរយៈការ​ប្រកួត ក្នុង​ព្រឹត្តិការណ៍ Cambodian Kun Khmer KKIF ស្ថិតនៅស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​យប់​ថ្ងៃទី​២ ខែមីនា កន្លងទៅ បុរស​វ័យ​៤០​ឆ្នាំ ភុំ សារ៉ាយ ត្រូវ​បាន​​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​វ័យ​២១​ឆ្នាំ​របស់​ឡាវ Sornchai Madamchara ក្នុងទម្ងន់​៦០គីឡូក្រាម ហើយការ​ប្រកួតនេះ ភុំ សារ៉ាយ បាន​បង្ហាញសមត្ថ​ភាព​យ៉ាង​ល្អ​ទាំង​ចលនា​វាយ​ចេញ និងភាពរឹងមាំ។

អ្វីដែល​ដែល​កាន់​តែ​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​ជក់​ចិត្តបំផុតនោះ គឺ​ ភុំ សារ៉ាយ បានប្រើ​ក្បាច់​ពិសេសៗ រួម​មាន​​ការ​ប្រើ​​ជង្គង់ហោះ ការទាត់សំដៅកញ្ចឹង​ក និង​ផ្ទៃ​មុខ ជាពិសេស​ក្បាច់​លោត​ទាត់​​លើ​វេហាសំដៅ​ទៅលើ​កញ្ចឹងកគូ​ប្រកួត ចំណែកកណ្តាប់​ដៃ និងការ​ទាត់ក្រោម​របស់​គាត់ ក៏​នៅ​តែ​​មាន​ប្រសិទ្ធភាពល្អផងដែរ ដែល​ធ្វើ​ឱ្យ​​កីឡាករ Sornchai ទទួល​រង​ការ​​លំបាកច្រើន និង​បានញញឹមទទួល​យក​ការ​ប្រកាស​​ឱ្យ​ចាញ់ពិន្ទុ ភុំ សារ៉ាយ ដោយ​អស់​ចិត្ត​។


កីឡាករ​បារាំង Adam Noi បាន​ពាត់​ទៅលើ​ ចាន់ ប៊ុនហឿន សម្រាប់ការ​ប្រកួត​ក្នុងព្រឹត្តិការណ៍ Cambodian Kun Khmer KKIF។ រូប Cambodian Kun Khmer

ជាមួយ​ការ​ដណ្តើមបានជ័យជម្នះ​ជាមួយការ​ប្រើ​ក្បាច់ពិសេសៗនេះ ភុំ សារ៉ាយ បាន​ទទួលការកោតសរសើរ​ខ្លាំង​ពី​អ្នកគាំ​ទ្រ ចំណែកលោក ស្រី ចាន់ថន ស្ថាបនិកបង្កើត​ព្រឹត្តិការណ៍ Cambodian Kun Khmer KKIF និងជា​ប្រធាន​ក្លិប Kun Khmer International Fight Gym (KKIF) ក៏​បានសរសើរ​ដល់ ភុំ សារ៉ាយដែរ។


​លោក​​បង្ហោះ​សារ​អបអរជាមួយ​រូប​ភាពនៃ​ការ​លោត​ទាត់​លើ​វេហា​សំដៅ​ទៅលើ​កញ្ចឹងក​គូ​ប្រកួតរបស់ភុំ សារ៉ាយ បែបនេះ​ថា៖​ «អបអរសាទរ​លោក​គ្រូ ភុំ សារ៉ាយ ដែលបានយកឈ្នះកីឡាករឡាវ សនឆៃ ដោយ​បញ្ចេញ​ក្បាច់​គុន​ខ្មែរ​ដ៏​ពិសេស»។

ផ្ទុយពីនេះកីឡាករ​ជើងខ្លាំង​របស់បារាំង Adam Noi នៅតែ​បានចាត់​ទុក​ថា រូបគេ​ជាអ្នកឈ្នះ បើទោះបីជា​ចៅ​ក្រម​​ទាំង​៥នាក់ បានសម្រេច​ឱ្យ​​ស្មើ​ពិន្ទុ​ជាមួយ​អ្នកប្រដាល់ ចាន់ ប៊ុនហឿន សម្រាប់ការ​ប្រកួត​ ក្នុងព្រឹត្តិការណ៍ Cambodian Kun Khmer KKIF កាលពី​យប់​ថ្ងៃសៅរ៍​នោះ​ក៏​ដោយ ខណៈ​ការ​ប្រកួត​របស់អ្នកទាំង​២​នេះ មានភាពស្វិតស្វាញ​ខ្លាំង ដោយ​ពួកគេ បាន​​វាយ​បក​សង​គ្នា​៣ទឹក​ពេញ។

Adam Noi បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ «ខ្ញុំ​ឈ្នះ​ទាំង​​៣​ទឹក ហើយ​ដូច​អ្នក​ទាំង​អស់​គ្នា​​ឃើញ​ហើយ​ពី​អ្វី​ដែល​ខ្ញុំ​​បាន​បង្ហាញ សម្រាប់​ការ​ប្រកួតនេះ ប៉ុន្តែ​មិនជា​អ្វី​​ទេ ព្រោះ​ខ្ញុំបាន​ធ្វើបាន​ល្អរួច​ហើយ។ខ្ញុំអាច​នឹង​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​​ចាំ​​បាច់​​ជួប ចាន់ ប៊ុនហឿន ម្តង​ទៀត​​ទេ ព្រោះ​តាម​រយៈ​ការ​ប្រកួត​នេះ ខ្ញុំ​បាន​ឈ្នះ​គាត់​រួច​​ទៅ​ហើយ តែ​ដោយសារ​ខ្ញុំ​មិនអាច​ផ្តួល​គាត់​ឱ្យ​សន្លប់ ទើប​បាន​លទ្ធផលស្មើ​គ្នា»។

យ៉ាង​ណា​ក៏​ដោយ Adam Noi បាន​សរសើរ​ពីទឹក​ចិត្តប្រកួត​របស់ ចាន់ ប៊ុនហឿន ថាជា​កីឡាករ​ល្អ​ម្នាក់ ដែល​មាន​ភាព​អំណត់ខ្លាំង សមជា​អ្នក​ប្រយុទ្ធ​ដ៏ពិតប្រាកដ ហើយកីឡាករ​បារាំង​ម្នាក់នេះ បាន​ព្យាករ​ថា ​ប៊ុនហឿន ​នឹង​អាច​ក្លាយ​ជាម្ចាស់ខ្សែ​ក្រវាត់ដ៏ធំ​មួយ​ នាថ្ងៃអនាគត​ឱ្យតែ​​គេ​​​ខំប្រឹង​ប្រែង​ហ្វឹក​ហាត់​ឱ្យកាន់តែ​ល្អ។

នៅ​​យប់​ថ្ងៃសៅរ៍​នោះ​ដែរ ម្ចាស់​មេដាយមាស ឡៅ ចិត្រា បាន​ដេញ​វ៉ៃ​​កីឡាករ​អ៊ីរ៉ង់ Ehsan Khorshidvand ​ពេញ​សង្វៀន។ បើទោះបីជា​ដៃគូ​ម្នាក់នេះ មាន​ភាពរឹងមាំ និង​មានក្បាច់វាយសង​បាន​ល្អ ពិសេស​កណ្តាប់ដៃក៏ដោយ  ប៉ុន្តែ ចិត្រា បាន​គ្រប់​គ្រងការ​ប្រកួត​យ៉ាង​ល្អ ហើយ​ក៏​បាន​​វាយកែងបណ្តាល​ឱ្យ Ehsan បែក និងត្រូវបាន​អាជ្ញា​កណ្តាល​រាប់​នៅទឹក​ទី​៣​ផងដែរ មុន​ពេល​ប្រកាស​ឱ្យ​ឈ្នះ​ពិន្ទុ។ ចំណែក ឡេង ប៉ុនម៉ៅបាន​វាយកែង និងម៉ាត់កីឡាករម៉ារ៉ុក កាណាន់ បៃរ៉ាម៉ូវី ឱ្យ​សន្លប់ត្រឹម​ទឹក​ទី​១ប៉ុណ្ណោះ៕