ភ្នំពេញ៖ ក្រុម​ព្រះខ័នរាជស្វាយរៀង នៅតែ​បន្ត​ដណ្តើម​បាន ​៣ ពិន្ទុ តា​ម​រយៈការ​យក​ឈ្នះ​ក្រុម​អង្គរ​ថាយហ្គឺរ ៣-០ សម្រាប់ការ​ប្រកួត កាលពី​យប់​ថ្ងៃសៅរ៍ ដើម្បីរក្សា​ភាគ​រយ​ខ្ពស់ ក្នុងការ​ឈាន​ទៅ​រកការ​ឈ្នះ​ពាន​លីគកំពូល​កម្ពុជា ប៉ុន្តែ​ក្រុម​ខេត្តព្រៃវែង បានចាញ់​ក្រុម​កងយោធពលខេមរភូមិន្ទ ៣-១។

តាម​រយៈការ​ដណ្តើម​បាន ៣ ពិន្ទុ​បន្ថែម​ពី​ក្រុមអង្គរ​ថាយហ្គឺរ​នេះ បាន​ជួយ​ឱ្យក្រុម​​ស្វាយ​រៀង នៅពេលនេះ មាន​​ ៥៩ ​ពិន្ទុ ដាច់​ឆ្ងាយ​ពី​ក្រុមលេខ​២ ភ្នំពេញ​ក្រោន ដែល​មាន​ ៤៩ ​ពិន្ទុ​ ខណៈ​ក្រុម​​វិសាខា ដែល​ឈរ​នៅចំណាត់​ថ្នាក់លេខ​៣ មាន​ ៣៨ពិន្ទុ​ ហើយក្រុមទាំង​ ២ នេះ ក៏​ប្រកួត​គ្នា នៅកីឡដ្ឋានព្រីនស៍ នៅ​ល្ងាច​ម៉ោង​ ៦ ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​ដណ្តើម​គ្នា​យក​ ៣ ពិន្ទុ ​តែ​ការ​ជួបគ្នា​ ២​​ លើក​​កន្លងមក ភ្នំពេញ​ក្រោន ឈ្នះទាំង​ ២ ​លើក។

យ៉ាង​ណា​ក៏​ដោយ លោក មាស ចាន់ណា ដែល​​ទើប​ត្រូវ​បាន​តែងតាំងជា​គ្រូ​បង្គោល​របស់​​ក្រុម​វិសាខា បាន​បង្ហាញ​ការ​ជឿជាក់​ថា ការ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត និង​កល​ល្បិចលេង នឹងអាច​ជួយ​ឱ្យក្រុម​វិសាខា ធ្វើ​បាន​ល្អ សម្រាប់ការ​ជួបក្រុម​ភ្នំពេញ​​ក្រោនលើកនេះ​ជា​មិន​ខាន ខណៈ​ដែល​​កីឡាករ​របស់​ក្រុមនេះ ក៏កំពុងមានឆន្ទៈ និង​ទឹក​ចិត្ត​ក្នុងការ​ប្រយុទ្ធ​ផងដែរ។


លោកបាន​និយាយ ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​សៅរ៍​ថា​៖ ​«យើង​បានត្រៀមខ្លួនរួច​រាល់​ហើយ ហើយជំនួប​នេះ នឹង​ក្លាយជា​ការ​ប្រកួត​ដ៏ទាក់ទាញ ដោយ​ក្រុមទាំង​ ២ នឹង​ធ្វើបាន​ល្អ ជាពិសេស​​ វិសាខា ព្រោះ​យើង​បានកែតម្រូវ​ពី ១ ​ប្រកួត​ទៅ ​១​ ប្រកួត។​ យើង​តែង​រកចំណុច​ដែល​យើងខ្វះ​ខាត និង​ព្យាយាម​កែ​ចំណុច​នោះ​ឱ្យកាន់តែ​ល្អ​ ហើយ​ខ្ញុំ​ជឿជាក់​ថា ក្រុម​វិសាខា នឹង​ធ្វើ​បាន​​ល្អ​ ដោយរំពឹង​លើ​ការ​កែ​ប្រែ និងសតិអារម្មណ៍​របស់កីឡាករ ដោយ​ពួកគាត់​មានទំនុក​ចិត្ត​ក្នុងការ​លេង​លើក​នេះ»។


លោក មាស ចាន់ណា បានបន្ថែម​ថា៖ «យើង​​បាន​ចាញ់​​ក្រុម​ភ្នំពេញ​ក្រោន ទាំង​ការ​ប្រកួត​​ជើងទី​​១ និងទី​២ អ៊ីចឹងនៅ​ជើង​ទី​៣ ​នេះ យើង​នឹង​ធ្វើ​បាន​ល្អ ជាមួយការ​ផ្លាស់ប្តូរ​យុទ្ធ​សាស្រ្ត កល​​ល្បិចក្រុម​ ដោយ​សង្ឃឹម​ថា យើងនឹង​ធ្វើ​បាន​ល្អ ហើយ​កីឡាករ​ នឹង​យល់​ពី​យុទ្ធ​សាស្រ្ត​​ក្រុម និង​​យល់​ពី​យុទ្ធសាស្រ្ត​នៃ​ការ​លេង​ច្បាស់លាស់​ ដែល​យើង​បានរៀបចំ និងត្រៀម​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់មួយនេះ»។

ចំណែកខ្សែ​ប្រយុទ្ធ ដែលតែង​តែ​រក​បាន​គ្រាប់​បាល់​ឱ្យក្រុម​វិសាខា Youssef Ezzejjari បាន​និយាយ​ថា៖ «ការប្រកួតជាមួយភ្នំពេញក្រោន នឹងក្លាយជាជំនួបដ៏លំបាកមួយ ដោយសារ​ពួក​​យើង​​ត្រូវ​ជួប​ក្រុមខ្លាំង ប៉ុន្ដែខ្ញុំនៅតែជឿជាក់លើមិត្តរួមក្រុមទាំងអស់គ្នា ដោយសារ​ពួកយើង​បាន​ខិតខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​ខ្លាំង ទាំង​តាក់ទិក និងលំហាត់កម្លាំងបានល្អ អ៊ីចឹងខ្ញុំជឿជាក់ថា ការ​ប្រកួតនេះ នឹងក្លាយជាការប្រកួតមួយដ៏ល្អសម្រាប់ពួកយើង»។

កីឡាករ​ដដែលនេះ បាន​បន្ថែម​ថា៖ «ខ្ញុំសង្ឃឹមថា នឹងអាចស៊ុត​បញ្ចប់ទី​បាន ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​​ផ្ដោត​ជាង​គេនោះ គឺ​ការ​ខំប្រឹង​លេង ដើម្បីជួយក្រុមឱ្យ​ទទួលបានជ័យជម្នះ។ ដូច្នេះ​ខ្ញុំ​មាន​តែ​ការ​​ខំប្រឹង​ធ្វើការ​ខ្លាំង​លើ​ទីលាន ដើម្បី​ជួយ​ក្រុម​ធ្វើយ៉ាងម៉េចឱ្យ​ទទួលបាន ៣ពិន្ទុ​ពីការ​ប្រកួត​នេះ»។

លោក Oleg និង​លោក មាស ចាន់ណា បានចាប់​ដៃ​ស្វាគមន៍​គ្នា នៅ​ក្នុងសន្និសីទ​កាសែត កាលពី​ថ្ងៃសៅរ៍។ រូប វិសាខា

យ៉ាង​ណាមិញ លោក Oleg Starynskyi គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន ​បាន​ទទួល​ស្គាល់​ថា ក្រុម​វិសាខា នៅពេលនេះ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់ពី​មាន​ការ​ចាប់​ផ្តើម​ពិបាក និងបានបាត់ពិន្ទុមួយចំនួនកន្លងមក ដោយសារ​ក្រុម​នេះ  ​បាន​ប្តូរ​លោក មាស ចាន់ណា ឱ្យ​ចូលមក​ដឹកនាំ​វិញ។ 

លោក​បាន​និយាយ​ថា៖ «យើង​អាច​មើល​ឃើញ​បាន​ពីក្រុម​វិសាខា នៅពេលនេះថា ពួកគេ​តែងតែ​ប្រយុទ្ធ​ដល់​ទីបញ្ចប់ និង​ព្យាយាម ដើម្បី​ទទួល​បាន​លទ្ធផលល្អ។ ពួកគេ​មាន​ខ្សែ​ប្រយុទ្ធ​ល្អៗ​ច្រើន បើទោះបីជាកីឡាករបម្រុង ដែលប្តូរចូលមក ក៏អាចជះឥទ្ធិពល​លើការ​ប្រកួត​ផងដែរ ហេតុនេះ​យើង​នឹងប្រុងប្រយ័ត្នគ្រប់កីឡាករទាំងអស់របស់វិសាខា»។

គ្រូបង្វឹក​ជនជាតិ​អ៊ុយ​ក្រែន​ លោក Oleg បាន​បន្ថែម​ថា៖ «សម្រាប់ Yudai គេ​នឹង​អវត្ត​មាន​ការ​ប្រកួតនេះ ហើយគេ​ជា​អ្នក​នាំ​លេង​​ ១​រូប ​ក្នុង​ក្រុម ដូច្នេះ​ការ​បង្ហាញ​ខ្លួន​របស់​គេ​ពិត​ជា​សំខាន់។ ទោះ​យ៉ាង​ណា យើងក៏មានកីឡាករល្អលេង​ក្នុង​តួនាទី​របស់គេ​ផងដែរ ដូច្នេះ​វា​ជា​ផ្នែក​មួយ​នៃ​បាល់​ទាត់​ដែរ នៅពេល​កីឡាករ​ជាប់​បម្រាម ឬ​មាន​បញ្ហា​របួស ដោយ​​រឿង​រ៉ាវ​ទាំងនេះ​តែង​តែ​កើត​ឡើង។ មួយវិញទៀត​យើង​មាន​ក្រុមដែល​ល្អ ហើយ​គ្រប់គ្នា​គឺ​ស្រេក​ឃ្លាន​ក្នុង​ការ​បង្ហាញ​គុណ​ភាព​​របស់ខ្លួន​ក្នុង​ការ​ប្រកួតលើកនេះ»៕