ភ្នំពេញ៖ កីឡាករមានជំនាញ​​ទាំង​ប្រដាល់​សកល និងគុនខ្មែរ ហ៊ុនកង គុនខ្មែរ មិនអាច​ប្រើ​កណ្តាប់​​ដៃ​ដ៏​ធ្ងន់របស់ខ្លួន វាយ​បន្ទន់ភាព​រឹងមាំ​អ្នកប្រដាល់​​របស់​ថៃ Phat Seayfa បាន​នោះ​ទេ សម្រាប់ការជួបគ្នា នៅលើ​សង្វៀនប៉ុស្តិ៍លេខ​៥ ចំណែក គង់ ហូវ ប៊ិះនឹង​សន្លប់​ក្រោម​ការ​ទាត់​ល្មើស​ច្បាប់ប្រកួតរបស់ Sen Sakneun ទៅ​ហើយ មុនពេល​ត្រូវ​បាន​ប្រកាស​ឱ្យ​ឈ្នះ ចំណែក ខុន បូឡា ក៏បាន​យក​ឈ្នះកីឡាករ​ថៃ ក្នុងជំនួប​នេះ​ដូចគ្នា។

តាម​រយៈការ​ប្រកួត កាលពី​យប់​ថ្ងៃសៅរ៍ កន្លងមក​នេះ ម្ចាស់​មេដាយសំរឹទ្ធ​ស៊ីហ្គេម ផ្នែក​កីឡា​ប្រដាល់​សកល ហ៊ុនកង ត្រូវបានដាក់ឱ្យប្រកួត​​គូឯក​ជាមួយ​ Phat Seayfa។ ​

នៅ​ក្នុងជំនួប​នេះ ហ៊ុនកង បានប្រើកណ្តាប់​ដៃ​របស់ខ្លួន ចូល​វាយប្តូរ​យ៉ាង​រន្ថើន ហើយ​រូបគេ​ក៏​មានជំនាញ​ទាត់ និង​បុកជង្គង់បាន​ល្អ​​ផងដែរ ប៉ុន្តែកីឡាករ​ថៃ​ម្នាក់នេះ ពិតជាមានភាព​រឹងមាំ ដោយ​រូបគេ មិន​បាន​បង្ហាញ​​ភាពថម​ថយ ឬទន់ជ្រាយ ក្រោម​ទម្ងន់វាយ​ចូលធ្ងន់ៗ​របស់ ហ៊ុនកង នោះ​ទេ។ 


ស្ទើរតែ​ ៥ ​ទឹកពេញ ហ៊ុនកង បានតាម​វាយ​លុក​ទៅលើ Phat Seayfa ហើយការ​តាម​ម៉ាត់​មិន​ឈប់​ឈរ​​របស់គេ ជាពិសេស​ការ​ម៉ាត់ចូលផ្ទៃ​មុខ និងពោះ​ទឹក​ធ្ងន់ៗ វាសមណាស់តែ​កីឡាករ​ថៃ​ម្នាក់​នេះដួល​សន្លប់ ពិសេស​ក្នុង​ទឹកទី​៤ ប៉ុន្តែ​វា​មិនដូច្នោះ​នោះ​ទេ ព្រោះ Phat Seayfa នៅតែ​អាច​មាន​ចលនា​បំផ្លាស់​ទី​​​​វាយបក​មក​វិញ ​ប្រកប​ដោយ​ភាពអំណត់ ជាមួយ​ការទាត់ បុកជង្គង់ និង​ម៉ាត់​ចូល​គោលដៅ​ពេញៗ​ដូចគ្នា ធ្វើ​ឱ្យ​អ្នកទាំង​២នេះ បានបញ្ចប់ការ​ប្រកួត ដោយ​លទ្ធផលស្មើ​គ្នា។


ចំណែក គង់ ហូវ ដែលជំនាញ​ក្នុងការ​ប្រើ​ស្នៀតជើង ជាពិសេស​ក្បាច់​ទាត់​ផ្កាប់ចាន​ចូល​​កញ្ចឹងក បណ្តាល​ឱ្យ​ដៃគូ​សន្លប់ជា​ច្រើន​លើក​​នោះ បាន​ជួប​ដៃគូ​ដ៏​ស្វិតម្នាក់​គឺ Sen Sakneun ដោយ​កីឡាករ​ថៃម្នាក់នេះល្អ​ជើង​ដូចគ្នា ហើយ​អ្វី​ដែល​គួរ​ឱ្យកត់សម្គាល់នោះ គឺ​អ្នក​ទាំង​២ បាន​ទាត់​​ចូល​កញ្ចឹងក និង​ផ្ទៃ​មុខគ្នា​ទៅវិញ​ទៅមក ដែល​បង្ក​ឱ្យមានការចាប់អារម្មណ៍​យ៉ាង​ខ្លាំង។

យ៉ាង​ណា​ក៏​ដោយ តាម​រយៈការ​ប្រកួត​៤​ទឹកដំបូង គង់ ហូវ មាន​ប្រៀបជាង Sen Sakneun ទាំង​ចលនា​នៃការ​ចូលវាយ​លុក ជាពិសេស​កម្លាំង​ទាត់​ចូល​ធ្ងន់ៗ​របស់ គង់ ហូវ ហើយ​បន្ថែម​ពី​លើ​នេះ ក្បាច់​បក​កែង​របស់គេ ក៏បានដាក់សម្ពាធ​​ខ្លាំង​ចំពោះ Sen Sakneun ផងដែរ។

តែទោះបីជា​យ៉ាងណា នៅពាក់កណ្តាលទឹក​ទី​៥ គង់ ហូវ ត្រូវបានលោកអាជ្ញាកណ្តាល​រាប់​បន្ទាប់ពី​ Sen Sakneun ទាត់​ឆ្វេង​ចូល​ផ្ទៃ​មុខ បណ្តាល​ឱ្យ​​វង្វេងបាត់​ស្មារតីមួយភាំង​នោះ ប៉ុន្តែ​ក្រោយការ​រាប់នេះ លោកអាជ្ញាកណ្តាល បានចាប់​ដៃ Sen Sakneun បង្ហាញ​ទៅចៅ​ក្រម​ដាក់ពិន្ទុ​ទាំង​ ៥​នាក់ ដោយចង់​បញ្ជាក់ថា ការ​ទាត់​បន្ថែម​របស់កីឡាករ​ថៃ​រូបនេះ គឺល្មើស​ទៅនឹង​ច្បាប់​ប្រកួត ព្រោះក្នុងអំឡុងការ​ទាត់ឆ្វេង​នោះ គង់ ហូវ បាន​ដួល​ដល់​កម្រាល​សង្វៀន​ទៅហើយ មិនអាច​វាយថែម​បាន​ទៀត​ទេ។

យ៉ាងណាក៏​ដោយ បន្ទាប់ពីការ​ព្រមាន​ដក​ពិន្ទុ​នេះ Sen Sakneun បានព្យាយាម​យកពេលវេលា​​នៅសល់​ជាង​១នាទី វាយសម្រុកទៅលើ គង់ ហូវ ក្នុងបំណង​ផ្តួល គង់ ហូវ ឱ្យ​សន្ល​ប់​ជា​​ផ្លូវ​ការ​វិញ ប៉ុន្តែ​កីឡាករ​ថៃ​ម្នាក់នេះ មិនអាច​ធ្វើបានទេ ព្រោះ គង់ ហូវ មានស្មារតី​រឹងមាំ​ទាន់ពេល​ ហើយ​បាន​ព្យាយាម​វាយទប់ និងរំដោះខ្លួន​រហូតចប់​ទឹក​ទី​៥ ហើយ​ទទួល​បាន​​ជ័យជម្នះដោយពិន្ទុ។

ចំណែក ជំនួប​រវាង ខុន បូឡា និងកីឡាករ​ថៃ Chhuok Namseap មិន​បានបង្កឱ្យ​មាន​ភាពស្មុគ​ស្មាញ​ក្នុងការ​ដាក់ពិន្ទុនោះ​ទេ ព្រោះតាម​រយៈការ​ប្រកួត ​៥ទឹក​ពេញ ខុន បូឡា ជា​អ្នក​ដើរ​ចូល​វាយ ហើយ​​ការទាត់ បុកជង្គង់ ជាពិសេស​កណ្តាប់ដៃ​របស់​គេ វាយ​ចំគោល​ដៅ​បាន​ធ្ងន់ និង​មានចំនួនច្រើនជាងការ​វាយចំគោល​ដៅ​របស់ Chhuok Namseap ទៀត​ផង ជាហេតុនាំ​ឱ្យ​រូបគេ ទទួលបានជ័យជម្នះ ដោយពិន្ទុយ៉ាងស័ក្តិសមបំផុត៕