ភ្នំពេញ៖ គ្រូ​បង្គោល​ក្រុមភ្នំពេញ​ក្រោន លោក Oleg Starynskyi បាន​ចាត់​ទុក​ការ​ដណ្តើម​បាន​៣​ពិន្ទុ​​ពី​ក្រុម​ម្ចាស់​ផ្ទះ​វិសាខា កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា ជា​ការ​រក្សា​បាន​នូវក្តី​សង្ឃឹម​ចំពោះ​ក្រុមសិង្ហ​ក្រហម ក្នុងការ​បោះ​ជំហាន​ទៅ​ដណ្តើម​ពាន​រង្វាន់លីគកំពូល​កម្ពុជា ជាមួយ​ក្រុម​​ព្រះខ័ន​រាជ​ស្វាយ​រៀង ដែលកំពុង​ឈរ​នៅ​លើកំពូល​តារាង​ស្រាប់ ប៉ុន្តែ​​ជ័យជម្នះ​របស់​ភ្នំពេញ​ក្រោន បាន​ធ្វើ​ឱ្យ​ វិសាខា ស្ទើរ​អស់ឱកាស​ទាំងស្រុង​ទៅហើយ ក្នុងការ​ប្រជែងយកតំណែង​ជើងឯក  នារដូវ​កាល​នេះ។

តាម​រយៈ​ក្លិប​ភ្នំពេញ​ក្រោន លោក Oleg Starynskyi បាន​និយាយ ក្រោយ​ការ​ប្រកួត​​ថា៖ «អរគុណ​អ្នក​ទាំងអស់​គ្នា ដែល​បាន​មក​គាំទ្រ​ពួក​យើង ហើយ​នេះ​​​ជា​ក្តី​សង្ឃឹម​របស់​យើង​ក្នុង​ការ​ដណ្តើម​ពាន​រង្វាន់។ គ្រប់​ការ​ប្រកួត​ទាំង​អស់ ​វា​ដូច​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ យើង​លេង​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​នេះ តែ​យើង​ក៏​ត្រូវ​ការ​សំណាង​​ជាមួយ​គ្នា​ផង​ដែរ ជា​ពិសេស​នៅ​វគ្គ​ទី២ ពួកគេ (វិសាខា) ​ចាប់​ផ្តើម​ដាក់​សម្ពាធ​ខ្លាំង ដូច្នេះ​វា​មិន​ងាយ​ស្រួល​ទេ​សម្រាប់​យើង»។

តាម​រយៈការ​ប្រកួត នៅកីឡដ្ឋាន​ព្រីនស៍ កាលពី​យប់ថ្ងៃទី​​៣ ខែមីនា​នោះ ​ខ្សែ​ប្រយុទ្ធ​វ័យក្មេង លឹម ពិសុទ្ធ និង ប្រាក់ ធីវ៉ា បាន​រួមគ្នា​រកបាន​ ២ ​គ្រាប់​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន ដោយប្រើ​ពេលត្រឹម​​ ៣ នាទី ពោល​គឺ ប្រាក់ ធីវ៉ា បាន​តែត​បាល់​បញ្ជូល​ទី​ នៅនាទីទី​២៦ ហើយ ពិសុទ្ធ បាន​បន្ថែម​ ១​គ្រាប់​ទៀត នៅនាទីទី​២៩ ហើយនៅនាទីទី​៦៩ ពិសុទ្ធ រក​បាន ​១ ​គ្រាប់​ទៀត ដើម្បី​ជួយ​ឱ្យ ភ្នំពេញ​ក្រោន យក​ឈ្នះក្រុម​វិសាខា ៣-១ ខណៈ​ ១គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Youssef Ezzejjari នៅនាទីទី​៩០។


លោក Oleg បានបន្ថែម​ថា៖ «ក្រុម​ទាំង​២​មាន​កីឡាករ និង​ក្រុម​ការងារ​ល្អ ដូច្នេះ​ការ​ប្រកួត​របៀប​នេះ​ គឺ​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ក្នុង​ការ​គ្រប់​គ្រង​វា ដោយ​មិន​ត្រូវ​ឱ្យ​ពួកគេ​មាន​ចន្លោះ​លេង​ច្រើន​នោះ​ទេ។ ខ្ញុំ​រីករាយ​ដែល ពិសុទ្ធ រក​បាន ​​២​គ្រាប់ ហើយ​គេ​ក៏​មាន​ការ​គាំទ្រ​ខ្លាំង​ពី​មិត្ត​រួម​ក្រុម​ផងដែរ»។


គ្រូបង្វឹកជនជាតិអ៊ុយក្រែន​រូបនេះ បាន​បញ្ជាក់ថា៖ «លឹម ពិសុទ្ធ ​ជា​កីឡាករ​ល្អ​ម្នាក់ ​ដែល​អាច​រក​គ្រាប់​បាន​នៅ​ពេល​ដែល​គេ​ទទួល​បាល់ ហើយ ប្រាក់ ធីវ៉ា ក៏​ដូចគ្នា។ យើង​រក​គ្រាប់​បាល់​បាន​នៅ​ពេល​ដែល​យើង​មាន​ឱកាស​ម្តងៗ ដែល​មើល​ទៅ​ដូច​ជា​ងាយ​ស្រួល តែ​តាម​ពិត​វា​មិន​ដូច្នេះ​ទេ។ ខ្ញុំ​មិន​គិត​ថា យើង​​មាន​ឱកាស​ច្រើន​នោះ​ទេ ប៉ុន្តែ​យើង​អាច​បង្កើត​ឱកាស​ទាំង​នោះ​ឱ្យ​មាន​គ្រាប់​បាល់​បាន»។

ជាមួយការ​ដណ្តើម​បាន ៣ពិន្ទុ​ពី​ក្រុម​វិសាខា​នេះ បាន​​​ជួយ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន នៅតែ​មាន​គម្លាត​ពិន្ទុ​តិច​ជាង​ក្រុម​ព្រះខ័នរាជស្វាយរៀង ៧ ពិន្ទុ​ដដែល គឺ​ ៥៩ ទល់នឹង​ ៥២ ពិន្ទុ។ មាន​ន័យ​ថា ពួក​គេ​នៅមានឱកាស​ច្រើន​ក្នុងការ​ប្រជែងយក​ពាន ព្រោះ​ការ​ប្រកួត​ដំណាក់កាល​ទី ​៣ នៅ​​សល់ ​​៤​ ប្រកួត​ទៀត ទើប​ឈាន​ទៅ​ដល់​ការ​ប្រកួត​ដំណាក់​កាល​ទី ​៤​ ចុងក្រោយ​រវាង​ក្រុម​ឈរ​នៅ​តំបន់កំពូល​តារាងទាំង​ ៤ (Top4) ដែល​មាន ​៣ ប្រកួត ហេតុ​នេះ​​បើ ​ភ្នំពេញ​ក្រោន ​ធ្វើ​បាន​ល្អ នៅ​​ក្នុងការ​ប្រកួត​​អស់​​នេះ ជាពិសេស​អាច​យក​ឈ្នះ​ក្រុមស្វាយរៀង គឺឱកាស​លើក​ពាន នៅតែ​មានចំពោះពួកគេ។ 

ផ្ទុយពីនេះ​ក្រុម​វិសាខា ដែល​កំពុង​ឈរ​នៅលេខ​៣ ដោយមាន​ ៣៨ពិន្ទុ​ដដែល​នោះ ស្ទើរ​តែអស់ឱកាសទាំង​ស្រុង​ទៅ​ហើយ ក្នុង​ការ​ប្រជែង​យក​ពាន ព្រោះគិតត្រឹម​​ការ​ប្រកួត​លើក​ទី​​២៣​នេះ ពួកគេមាន​ពិន្ទុ​តិចជាង​ក្រុម​ឈរ​នៅលេខ​១ ស្វាយរៀង រហូតដល់ ​២១ពិន្ទុ ហេតុ​នេះ​បើទោះបីជា វិសាខា អាច​ឈ្នះ​ទាំង​ ៧​ប្រកួត​ចុងក្រោយ ស្មើ​ ២១ពិន្ទុ ក៏មិនអាច​មានឱកាស​លើក​ពាននោះ​ដែរ ព្រោះ​គេមិន​ជឿ​ថា ក្រុមស្វាយរៀង ចាញ់ទាំង​ ៧ប្រកួត​ចុង​ក្រោយ ហើយក្រុម​ភ្នំពេញក្រោន មិន​អាច​​រកបានជ័យជម្នះ​បន្ថែម​នោះ​ទេ។

ចំណែកការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ ​ក្រុម​ម្ចាស់​ផ្ទះ​បឹងកេត បាន​យក​ឈ្នះក្រុម​គិរីវង់សុខសែនជ័យ ២-១ ដើម្បី​បន្ត​ឈរនៅលេខ​៤ ដោយ​មាន ៣៤ពិន្ទុ រីឯ​ក្រុម​ ISI ដង្កោសែន​ជ័យ ក៏បាន​យក​ឈ្នះ​ក្រុមណាហ្គាវើលដ៍ ២-០ នៅលើ​ទឹក​ដី​ខ្លួនឯង​ ដើម្បីបាន ​៣៤ស្មើ​ជាមួយ បឹងកេត ដដែល ហេតុ​នេះការ​ប្រកួត​ប្រជែង ដើម្បី​បាន​ទៅលេង​នៅ Top4 នៅ​តែ​មានភាព​តាន​តឹង​​ខ្លាំង ព្រោះ​ក្រុម​កងយោធពល​ខេមរភូមិន្ទ ដែល​មាន ​២៧ពិន្ទុ ក៏​នៅ​មានឱកាស​ប្រជែង​យក​ទី​តាំង​នេះ​ដូចគ្នា៕