ភ្នំពេញ៖ អតីតកីឡាការិនី​ជម្រើសជាតិបាល់​ទាត់​របស់អាមេរិក គឺ​ម្ចាស់​អាវលេខ​១៥  Joanna Lohman និង​មិត្ត​រួមអាជីព​របស់នាង Kacey White បាន​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​រយៈពេល ​​៤​ ថ្ងៃ​នៅ​កម្ពុជា ហើយ​ក៏ជាពេល​ ​ដែល​អ្នកទាំង​២ ត្រូវ​ចូល​រួមចែក​រំលែកពីបទពិសោធន៍នៃ​ការ​លេង​បាល់ និងបំណិនជីវិត​ល្អៗ ដល់​យុវតី និង​​យុវជន​កម្ពុជា ដើម្បី​​​អភិវឌ្ឍ​ជំនាញ​កីឡា​បាល់​ទាត់​របស់​ពួកគេឱ្យបាន​កាន់តែ​ប្រសើរ​ឡើង។

តាមសេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថានទូតអាមេរិក​នៅភ្នំពេញ នាថ្ងៃទី​៤ ខែមីនា​នេះ បាន​​ឱ្យ​ដឹង​ថា Joanna Lohman និង Kacey White មកធ្វើទស្សនកិច្ច​នៅកម្ពុជា តាម​រយៈ​កម្ម​វិធី​​បេសក​ជន​កីឡា របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ពីថ្ងៃទី៤ ដល់​ថ្ងៃទី ៨ ខែ​មីនា​នេះ។

អតីត​តារាបាល់ទាត់​របស់​អាមេរិក​ទាំង​២រូប​នេះ នឹង​ធ្វើ​ការ​ប្រស្រ័យ​ជាមួយ​យុវតី​កម្ពុជា និង​​យុវជន​ដទៃ​ទៀត ដើម្បី​លើក​ទឹក​ចិត្ត​ពួកគេ ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​កីឡា​បាល់​ទាត់​របស់​គេ ហើយ​​លើកកម្ពស់​វិស័យ​កីឡា​ ដែល​​មាន​ប្រជា​ប្រិយ​បំផុត​​នេះ ក្នុង​ចំណោម​កីឡា​ក្នុង​ពិភព​លោក។


ស្ថានទូតអាមេរិក​នៅភ្នំពេញ បាន​បញ្ជាក់នៅ​ក្នុងសេចក្តី​ប្រកាសព័ត៌មាន​របស់​ខ្លួន​ថា៖ «សកម្មភាព​របស់​ Joanna Lohman និង Kacey White ជាមួយ​កីឡាករ កីឡាការិនី​ដែល​មាន​ក្តី​ស្រមៃ​ខ្ពស់ ផ្តោត​លើ​ការងារ​ជា​ក្រុម ​ទំនាក់​ទំនង​យ៉ាង​មាន​ប្រសិទ្ធភាព​ ការ​កសាង​ការ​ទុក​ចិត្ត​លើ​ខ្លួន​ឯង និង​មេ​រៀន​ដទៃទៀត ដែលគេអាច​រៀន​សូត្រ​តាម​រយៈ​​ការ​​លេង​បាល់​ទាត់»។


តាម​កម្ម​វិធី​ដែលបានដាក់​ចេញ គឺអតីត​កីឡាការិនីជម្រើសជាតិ​អាមេរិក Joanna Lohman និង Kacey White នឹង​ត្រូវ​​ចូលរួម​​ក្នុង​សកម្មភាព​នានា​នាសប្តាហ៍​​នេះ នៅ​ខេត្ត​កំពង់​ឆ្នាំង រាជធានី​ភ្នំពេញ និងខេត្ត​សៀមរាប។ នៅខេត្តកំពង់ឆ្នាំង អ្នកទាំង២ ​នឹងបង្ហាត់​បង្ហាញ ពី​បទពិសោសធន៍ និង​បច្ចេក​ទេស​លេង​បាល់​ទាត់​ជាមួយ​​ក្លិប​កីឡា​ផ្កាឈូក ហើយ​​នៅ​ខេត្ត​សៀមរាប ពួកគាត់​នឹង​បង្ហាត់​បង្ហាញ​ហើយ​ប្រស្រ័យ​ជាមួយ​កុមារ ដោយ​សហការ​ជាមួយ​អង្គការ Kids Play International។

ទន្ទឹម​នឹងនេះ ដើម្បីរំឭក​ដល់ទិវានារីអន្តរជាតិ នា​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២៤​នេះ អ្នក​ស្រី Joanna Lohman និង Kacey White នឹងត្រូវ​ជួបជាមួយកូនសិស្សកម្ពុជា ដើម្បី​និយាយ​អំពី​ស្រ្តី​ក្នុង​កីឡា ហើយ​ចែក​រំលែក​​បទពិសោធន៍​ ក្នុងនាមជាអតីតកីឡាការិនីអាជីព ក្នុង​ក្រុម​ជម្រើស​ជាតិ​អាមេរិក។

ជាមួយ​កម្មវិធីបេសកជនកីឡារបស់ក្រសួងការ​បរទេស​សហ​រដ្ឋ​អាមេរិកនេះ គឺ​អាមេរិក​បាន​​ជ្រើស​រើស​​អត្តពលិក និង​គ្រូបង្វឹក ដើម្បី​ឱ្យ​បង្ហាត់បង្ហាញ​ពី​ការ​លេង​កីឡា ហើយ​ប្រាស្រ័យ​ជាមួយ​យុវជន និង​អត្តពលិក​វ័យ​ក្មេង នៅ​ទូទាំង​សកលលោក។ នេះ​បើតាមការ​បញ្ជាក់​បន្ថែម​ នៅក្នុងសេចក្តី​ប្រកាសព័ត៌​មាន​របស់​​ស្ថាន​ទូត​អាមេរិក​​នៅ​ភ្នំពេញ។

សេចក្តី​ប្រកាសដដែលនេះ បាន​លម្អិត​ថា «​នៅបរទេស ស្ថានទូត និង​ស្ថាន​កុងស៊ុល​អាមេរិក បាន​​ធ្វើ​ការ​ជា​ដៃ​គូ​ជាមួយ​អង្គការ​​ក្នុង​ស្រុក ដើម្បី​ដំណើរ​ការ​កម្មវិធី ដែល​ជួយ​អភិវឌ្ឍ​ជំនាញ​​ក្នុ​ង​ការ​ដឹកនាំ ផ្តល់​អំណាច​ដល់​ស្រ្តី ហើយ​បណ្តុះ​ភាព​សុខដុម និងបរិយាបន្នសង្គម ដោយ​កន្លងមក មាន​បេសកជន​កីឡាជាង ៣០០ នាក់ ក្នុង​វិញ្ញាសាកីឡាចំនួន​២៤​ខុសៗគ្នា បាន​​ធ្វើ​ដំណើរ​ក្នុង​នាម​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្នុង​កម្ម​វិធី​ប្រកប​ដោយ​លទ្ធផល​ខ្ពស់»៕