ភ្នំពេញ៖ អតីត​កីឡាករ​ជម្រើសជាតិកម្ពុជា កែវ សុខផេង ​ដែល​បាន​ប្រកាស​ចូល​និវត្តន៍​ពីអាជីព​ជា​កីឡាករ​បាល់​ទាត់ កាលពី​ពាក់កណ្តាល​ឆ្នាំ ​២០២៣ ដោយបញ្ហា​របួស​រ៉ាំវ៉ៃ​នោះ បាន​ប្រកាស​ដាក់​ដេញ​ថ្លៃលក់​​ស្បែក​ជើង​ ១ ​គូ ដើម្បី​យក​ប្រាក់​ជួយ​ទៅដល់​មន្ទីរពេទ្យគន្ធបុប្ផា ទៅតាម​ទឹក​ចិត្ត​របស់ខ្លួន។

បើទោះបីជា ការ​ប្រកាស​ដាក់​លក់​ស្បែក​ជើងត្រឹម​​ ១ គូ​នេះ ត្រូវបាន​​អ្នក​ខ្លះ​គិត​ថា ជា​រឿង​​ធម្មតាៗ ដែល​មិនបានលះ​បង់អ្វី​ខ្លាំង​ ប៉ុន្តែ​ កែវ សុខផេង បាន​ទម្លាយ​ថា ស្បែក​ជើង​ ១​ គូ​នេះ វា​មាន​​អត្ថន័យ និង​មានតម្លៃខ្លាំងណាស់ចំពោះ​រូបគេ​ ព្រោះ​នេះជា​ស្បែក​ជើង​ដែល​ សុខផេង បាន​ពាក់​និង​រកបាន​គ្រាប់​បាល់ ក្នុងពេលក្រុមជម្រើសជាតិ​កម្ពុជា ​បាន​ឆ្លង​ទៅលេង​​នៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រនៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម ជា​ប្រវត្តិ​សាស្រ្ត លើក​ដំបូង ក្រោយ​រង់ចាំ​អស់​រយៈ​ពេល ​​៦៩​ ឆ្នាំ។

កែវ សុខផេង បានប្រកាស នៅលើ​ផេចហ្វេសប៊ុក​របស់ខ្លួន កាលពី​ថ្ងៃទី​ ៤ ខែមីនា​ថា៖ «ជម្រាប​​សួរ​ពុក​ម៉ែ​បង​ប្អូន​ទាំង​អស់គ្នា។ ថ្ងៃនេះខ្ញុំចង់​ប្រកាស​ដាក់​ដេញ​ថ្លៃ​ស្បែក​ជើង​ ១ ​គូ ដែល​វា​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ខ្លាំង​ណាស់ ​ព្រោះ​ឆ្នាំ ២០១៩ ខ្ញុំ​បាន​ទៅ​លេង​វិញ្ញាសា​បាល់​ទាត់ Sea Games នៅ​ហ្វីលីពីន ហើយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​យើង​ក៏​បាន​ឆ្លង​វគ្គ​ ៤ ​ក្រុម​ចុង​ក្រោយ​ជា​ប្រវត្តិ​​​សា្រស្ត ​រយៈ​ពេល​ ៦៩ ​ឆ្នាំ ដែល​យើង​មិន​បាន​ឆ្លង​វគ្គ​ហ្នឹង​ទេ»។


ស្បែក​ជើង​១គូ​នេះ​ហើយ ដែល កែវ សុខផេង បានប្រកាសដាក់លក់ ដើម្បី​យក​ប្រាក់​ទៅជួយ​ដល់​មន្ទីរពេទ្យគន្ធបុប្ផា។ រូប​ថត សុខផេង

ខ្សែ​ប្រយុទ្ធ ដែល​ធ្លាប់​​លេង​ឱ្យ​ក្លិបបឹងកេត ក្លិប​ភ្នំពេញ​ក្រោន ក្លិប PKNP របស់ម៉ាឡេស៊ី និង​ចុង​ក្រោយ​នៅ​​ក្លិប​វិសាខា​រូប​នេះ បាន​បន្ថែម​ថា៖ «​បន្ទាប់​មក​​ពេល​​ចប់ Sea Games ភ្លាម ​ខ្ញុំ​ក៏​ថែ​រក្សា​ស្បែក​ជើង ១ ​គូ​នេះ​ ទុក​ជា​អនុស្សាវរីយ៍​រយៈ​ពេល​ ៦​ ឆ្នាំ​មក​ហើយ​ប៉ុន្តែ​បេះ​ដូង​និង​ចិត្តចង់​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផាទើប​​ខ្ញុំ​សម្រេច​ចិត្ត​ដាក់​ដេញ​ថ្លៃ​ចំនួន​​​ ១​ លាន​រៀល ហើយ​ថវិកាទាំង​អស់ ​ខ្ញុំ​នឹង​យក​ជូន​មន្ទីរ​ពេទ្យគន្ធបុប្ផា»។


គួររំឭកថា កែវ សុខផេង បានចូលលេងឱ្យ​ក្រុមជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ ២០១៥ ដល់​ឆ្នាំ​ ២០២៣ ដោយបាន​បង្ហាញ​ខ្លួន​ចំនួន​ ៦៨ ដង និង​រក​បាន​គ្រាប់​បាល់​សរុបចំនួន​ ១៨​ គ្រាប់ ហើយ​នៅ​ក្នុងគ្រាប់បាល់​ទាំង​អស់នេះ សុខផេង ​បាន​ឱ្យ​តម្លៃ​ខ្លាំង​ទៅលើ​គ្រាប់បាល់​ទាំង​​ ៣ ​​គ្រាប់ ដែល​​រូបគេ​រកបាន សម្រាប់​ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​ ២០១៩ ដែល​បាន​ជួយ​ឱ្យ​ក្រុម​កម្ពុជា ​ឡើង​ទៅកាន់​​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជា​លើក​ដំបូង ក្រោយ​រង់ចាំ​អស់​រយៈពេល ​៦៩ ​ឆ្នាំ។

តែទោះបីជា​យ៉ាង សម្រាប់ការ​ប្រកួតវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងស៊ីហ្គេម ឆ្នាំ​ ២០១៩ នៅប្រទេសហ្វីលីពីន​នោះ ក្រុម​ជម្រើសជាតិកម្ពុជា បានចាញ់​ក្រុម​ជម្រើសជាតិ​វៀតណាម ៤-០ ចំណែក​ការ​ប្រកួត​ដណ្តើម​យក​មេដាយ​សំរឹទ្ធ ក្រុម​កម្ពុជា បានចាញ់​ក្រុមមីយ៉ាន់ម៉ា ដោយ​ការ​ទាត់​បាល់​​ប៉េណាល់​ទីកាត់សេចក្តី ៥-៤ ​ក្រោយ​ស្មើ​គ្នា ២-២ ដែល​រកគ្រាប់បាល់បាន​ដោយ សៀង ចន្ធា និង កែវ សុខផេង ហើយ​​អ្នកស៊ុតបាល់ប៉េណាល់​ទី​ចុងក្រោយ​មិន​ចូល​​ក៏ជា កែវ សុខផេង ដែល​ធ្វើ​ឱ្យ​រូបគេ​ទួញយំ បង្ហាញការ​សោកស្តាយ និងតូច​ចិត្ត​យ៉ាង​​ខ្លាំង ចំពោះ​កំហុស​​ចុង​ក្រោយ​មួយនេះ៕