ភ្នំពេញ៖ សហព័ន្ធ​​កីឡាប្រដាល់​គុនខ្មែរ គ្រោង​​នឹង​​ពិភាក្សា​ការងារ​ជាមួយ​​តំណាង​ស្ថានីយទូរ​ទស្សន៍ និង​ដៃ​គូ​អភិវឌ្ឍន៍ទាំង​អស់ ដើម្បី​កំណត់​គោលការណ៍​ឱ្យ​គ្រប់​ស្ថានីយ​​ទូរ​ទស្សន៍​ ដែល​មាន​​​សង្វៀន​ប្រដាល់​ទាំងអស់​នៅ​កម្ពុជា​ ត្រូវរៀបចំឱ្យ​មានការ​ប្រកួត​​គូ​យុវជន​ថ្នាល និង​គូ​កីឡាការិនី​ឱ្យ​បាន​ទៀង​ទាត់ ប្រចាំសប្តាហ៍។

ការ​កំណត់​គោលការណ៍​ឱ្យ​ស្ថានីយ​​ទូរ​ទស្សន៍ រៀបចំ​ឱ្យ​មានការ​ប្រកួត​គូ​យុវជន​ថ្នាល និង​គូកីឡាការិនី​នេះ ត្រូវបាន​ទម្លាយ​ដោយ​លោក ខូវ ឆាយ អនុ​ប្រធានទី​១ ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បន្ទាប់ពី​​លោក​បានស្តាប់​ការ​បរិយា​យ​ដោយ​អួល​ដើមក​​ពីសំណាក់​​​កីឡាការិនី នូវ ស្រីពៅ ដែល​បានសម្រេច​ចិត្ត​បោះបង់​ចោល​ការឡើង​ប្រដាល់​ទាំងអារម្មណ៍​ឈឺចាប់ ដោយសារ​​តែ​​ចាប់​គូ​​មិន​បានប្រកួត។

កីឡាការិនី​ជើងខ្លាំង ដែល​អាច​ប្រកួតបានទាំង​គុនខ្មែរ គុនចម្រុះ (MMA) ឃីកបុកស៊ីង និង​ប្រដាល់​សកល នូវ ស្រីពៅ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក ដោយ​អារម្មណ៍​ក្តុក​ក្តួល​ថា៖​ «បង​ប្រុស​ខ្ញុំ នូវ ស៊ីថា គាត់ថា ម៉េច​ប្អូនឯង​ឈប់​ឡើង​វ៉ៃ គេកំពុង​រក​លុយបាន ប៉ុន្តែ​ខ្ញុំបាន​តប​ទៅ​គាត់វិញ​ថា បងអើយ គេរកបានតែ​ប្រុសៗហ្នឹង ចំណែក​ស្រីៗ​អត់​ផង ហើយស្រីអត់​សូវមានទៀត ឃើញ​ឡើង​វ៉ៃ​មុខដដែលៗ ឯ​គ្នាអ្នក​អត់ នៅតែ​អត់ គឺ​ដូចខ្ញុំពីមុន​ដែរ​ហ្នឹង!»។


អតីតកីឡាការិនីជម្រើសជាតិ​ ដែល​ជា​ស្រ្តី​ទី​១ ធ្លាប់បាន​ឈ្នះការ​ប្រកួតគុនចម្រុះ នៅ​សង្វៀន ONE Championship នូវ ស្រីពៅ បានបន្ថែម​ថា៖ «ខ្ញុំស្រឡាញ់​ប្រដាល់មែន​ទែន ហើយ​កាល​ប៉ា​ខ្ញុំ​នៅ​ គាត់​ជំរុញ​ខ្ញុំ​ណាស់។ ​ខ្ញុំ​នៅតែ​ដេកគិតរហូត គឺ​ចង់​វិល​ត្រឡប់ទៅ​ហាត់វិញ ប៉ុន្តែ​ទៅ​ហាត់យ៉ាង​ម៉េច បើគ្មានបាន​ឡើង​ប្រកួត​ផងហ្នឹង។ គេ​ថា នាំ​គ្នា​លើក​ស្ទួយ​យេនឌ័រ ប៉ុន្តែ​រុញ​ឈ្មោះ​ទៅប៉ុស្តិ៍​ណា ក៏​គេ​មិនឱ្យឡើង​​វ៉ៃ​»។


បន្ថែម​លើ​នេះ នូវ ស្រីពៅ បាន​មើល​ឃើញ​ថា ភាព​រីកចម្រើន​នៃ​វិស័យកីឡា​ប្រដាល់​គុនខ្មែរ ដែល​​មានការ​ប្រកួត​ព្រឹត្តិការណ៍​ធំៗជាច្រើន នាពេលបច្ចុប្បន្ន ក៏​បានបង្កប់​នូវ​ភាព​កម្សត់ និង​ភាព​សោកសង្វេគ ចំពោះ​កីឡាករ កីឡាការិនី ដែលមិនទាន់​មាន​ឈ្មោះបោះ​សំឡេង ឬមានសមត្ថភាពមិនទាន់លេចធ្លោ ព្រោះ​ការ​ផ្តល់​តម្លៃ​ គឺ​គេ​សម្លឹងឃើញ​តែ​កីឡាករ​មាន​ឈ្មោះ​បោះ​សំឡេង និង​ល្បីៗ។

នៅ​ត្រង់​ចំណុចនេះ នូវ ស្រីពៅ បានបញ្ជាក់ថា៖ «អ្នក​ល្បីៗ មានគេ​ចោមរោម​ជួយ​ច្រើន ចំណែក​គ្នា​អ្នក​អត់ ស្ងាត់ច្រៀប ហើយការ​និយាយ​បែបនេះ មិនមែនខ្ញុំច្រណែន​គេ​ទេ គឺ​អបអរ​ផង​ដែរ ប៉ុន្តែ​បើ​យើងមើល​ទៅមួយជ្រុង​ទៀត កម្សត់​មែន​ទែន គឺ​អ្នកស្រឡាញ់កីឡា បាន​យល់​អារម្មណ៍មួយ​នេះ។ ពេល​ខ្លះ​គ្នា​អត់​ហ៊ាន​និយាយ​ទេ ព្រោះអត់​មានកេរ្តិ៍​ឈ្មោះ ​និយាយ​ទៅ​ទឹក​មាត់​​វាសាប ហើយពេល​ខ្លះមានគេរិះ​គន់ទៅ​ទៀត​ថា និយាយ​រក​តែជំនួយ»។

យ៉ាង​ណាក៏​ដោយ នូវ ស្រីពៅ ដែលបាន​បោះបង់​ចោល​អាជីព​ជា​អ្នក​ប្រដាល់​អស់​រយៈ​ពេល​ចូល​​ ១ ឆ្នាំ​ហើយ​នោះ នៅតែ​មាន​ចិត្តអាឡោះអាល័យ ក្នុងការ​វិលមក​ប្រកប​អាជីព​នៅ​​លើ​វិថី​មួយនេះ ហើយ​​​ប្រពន្ធ​របស់​​ម្ចាស់​មេដាយមាស​ស៊ីហ្គេម ឆ្នាំ​ ២០២៣ សុខ រិទ្ធី រូបនេះ បាន​ទម្លាយ​ថា នឹង​អាច​បើកជា​ក្លិប​ប្រដាល់ ដើម្បី​បង្ហាត់​សិស្ស នៅពេលណាមានថវិកា​គ្រប់​គ្រាន់។

ស្រីពៅ បានបង្ហើប​ថា៖ «បើទោះបីជា​ខ្ញុំបាន​បោះបង់អាជីព​នេះ​មែន  ប៉ុន្តែ​ខ្ញុំ​បានតាមដាន​កីឡា​រហូត ព្រោះ​ខ្ញុំ​ស្រឡាញ់ និង​បានតស៊ូ​លើ​ជំនាញ​នេះច្រើនឆ្នាំមក​ហើយ ហើយ​នៅតែចងចិត្ត​ថា ថ្ងៃណា​មួយ​ ពេល​មាន​ថវិកា​ច្រើន ចង់បើក​ក្លិប​ប្រដាល់​ជាមួយ​ប្តីរបស់ខ្ញុំ ដើម្បី​រក្សា​ឱ្យ​​មានកេរ្តិ៍ឈ្មោះ​ជា​បន្ត​ទៀត ​ទាំង​ប្តី និង​ប្រពន្ធ»។

ជាមួយការ​បរិយាយ​ពី​ផលលំបាក ដែល​បាន​កើត​មាន សម្រាប់ការ​ចាប់អាជីព​ជា​អ្នក​ប្រដាល់​ស្រ្តី​របស់ នូវ ស្រីពៅ នេះ បាន​ជំរុញ​ឱ្យ​លោក ​ខូវ ឆាយ អនុ​​ប្រធានទី​១​​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ចេញ​មុខ​មក​ធានាខុស​ត្រូវ ចំពោះការ​សម្របសម្រួល​ឱ្យ ស្រីពៅ បាន​ឡើង​ប្រកួត​ទៀងទាត់ បើ​សិនជាកីឡាការិនី​រូបនេះ សម្រេច​ចិត្ត​ចូល​មក​ប្រកួត​ជាថ្មី​វិញ ហើយ​លោក​ក៏​មាន​គម្រោង​កំណត់​ជាគោលការណ៍ ក្នុងការ​រៀបចំ​ឱ្យ​មាន​ការ​ប្រកួតគូ​យុវជន​ថ្នាល ជាពិសេសការ​ប្រកួត​ផ្នែកនារី នៅ​គ្រប់សង្វៀន​ផងដែរ។

លោក ខូវ ឆាយ បាន​ប្រកាស តាម​រយៈការ​បង្ហោះ​សារ​បែប​នេះ​ថា៖ «ខ្ញុំគាំទ្រឱ្យ ស្រីពៅ ត្រឡប់មកហ្វឹកហាត់ ​និងឡើងសង្វៀនប្រកួតវិញ ខ្ញុំធានាថា នឹង​សម្រប​សម្រួល​​ក្នុង​ការ​ចាប់​គូឱ្យ ស្រីពៅ បានឡើងប្រកួតទៀងទាត់។ សហព័ន្ធ ​កំពុង​​ត្រៀម​ពិភាក្សា​ជាមួយ​​ស្ថានីយទូរទស្សន៍ និងដៃគូអភិវឌ្ឍន៍ទាំង​អស់ ដើម្បី​កំណត់​គោលការណ៍​ឱ្យ​ស្ថានីយ​ទូរ​ទស្សន៍​ទាំងអស់ ត្រូវរៀបចំឱ្យ​មាន​គូ​យុវជន​ថ្នាល និង​គូ​កីឡាការិនី​យ៉ាង​តិច​ ១ គូ សម្រាប់​កម្មវិធី​ប្រកួត​​កីឡា​ប្រដាល់​គុនខ្មែរ​ទាំង​អស់​​ប្រចាំ​សប្តាហ៍»៕