ភ្នំពេញ៖ កម្ពុជាតាម​រយៈ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា គ្រោង​​​​​នឹង​បញ្ជូន​កីឡាករ កីឡាការិនីក្នុង​រង្វង់ ១០០​ នាក់ ដើម្បី​ទៅ​ចូលរួម​​ការ​ប្រកួត​កីឡា​ក្នុង​សាល និង​យុទ្ធ​គុនចម្រុះ លើក​ទី​៦ ឆ្នាំ ​២០២៤ (6th Asian Indoor and Martial Arts Games) ដែល​នឹង​ប្រព្រឹត្ត​នៅ​​​ប្រទេស​ថៃ ពី​ថ្ងៃទី ​២១ ដល់​ទី ​៣០ ខែវិច្ឆិកា។ នេះ​បើតាមការ​អះអាង​​របស់លោក វ៉ាត់ ចំរើន។

អគ្គលេខាធិការ​គណៈកម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) លោក វ៉ាត់ ចំរើន ​បាន​បង្ហាញ​តួលេខ​នេះ ក្នុងពេល​លោក​បានដឹកនាំ​មន្រ្តី​ជាន់ខ្ពស់​របស់កម្ពុជា​ចំនួន ​៤ នាក់ ទៅ​ចូល​រួម កិច្ច​​ប្រជុំ​នាយ​បេសក​កម្ម ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ព្រឹត្តិការណ៍​ប្រកួត​​កីឡា​ក្នុង​សាល និង​យុទ្ធ​គុនចម្រុះ​នេះ តាមការអញ្ជើញរបស់ក្រុមប្រឹក្សា​អូឡាំ​ពិក​អាស៊ី ដែល​ត្រូវបាន​ធ្វើ​ឡើង កាលពី​ថ្ងៃទី​ ៣-៥ ខែមីនា ឆ្នាំ ២០២៤។

ចំពោះ​កិច្ច​ប្រជុំ​នាយ​បេសក​កម្មនេះ ​លោក វ៉ាត់ ចំរើន ឱ្យ​ដឹងថា គឺ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ព័ត៌មាន​ ដែល​ពាក់​ព័ន្ធ​ទៅ​លើ​ការ​រៀបចំ​របស់​ម្ចាស់​ផ្ទះ​ថៃ ទៅ​តាម​គោល​ការណ៍​របស់​អូឡាំ​ពិក​​អាស៊ី ដោយ​បាន​ឱ្យ​នាយ​បេសកកម្ម​គ្រប់​ប្រទេស​ទាំងអស់ ត្រៀម​លក្ខណៈ​បញ្ជូន​កីឡាករ​ ​កីឡាការិនី និង​ធ្វើ​ការ​ចុះ​ឈ្មោះ​ឱ្យ​បាន​ទាន់​ពេល​វេលា ​ទៅ​តាម​ការ​កំណត់​របស់​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី និង​របស់​ម្ចាស់​ផ្ទះ។ 


លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​កីឡា​ក្នុង​សាល និង​យុទ្ធ​គុនចម្រុះ ឆ្នាំ ​២០២៤​ នេះ ស្ថិត​នៅ​ក្រោមការគ្រប់គ្រងដឹកនាំចង្អុលបង្ហាញនិង​តម្រង់ទិសផ្ទាល់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី ហើយម្ចាស់ផ្ទះថៃ កំពុងតែមមាញឹក​ត្រៀមរៀបចំទទួលភ្ញៀវ រៀបចំទីតាំង រៀបចំបដិសណ្ឋារកិច្ច រីឯ​លក្ខណៈបច្ចេកទេសមួយចំនួនគឺ​ក្រុមប្រឹក្សា​អូឡាំពិកអាស៊ី ជាអ្នករៀបចំ។


ជាមួយ​គ្នានេះ ប្រទេស​ថៃ ជា​ម្ចាស់ផ្ទះថៃ បានកំណត់យកទីតាំងនៅទីក្រុងបាងកក និងខេត្ត​ចន្ទបុរី សម្រាប់រៀបចំការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះ​នេះ ដោយមាន ​​៤៥ ​ប្រទេស​ចូលរួមប្រកួត ហើយប្រទេស​ទាំង​អស់នេះ សុទ្ធ​សឹង​ជា​សមាជិក​ចលនា​អូឡាំ​ពិក​ក្នុង​ទ្វីប​អាស៊ី ចំណែក​ការស្នាក់នៅហូបចុក គឺ​ម្ចាស់ផ្ទះថៃ នឹងរៀបចំនៅក្នុងសណ្ដាគារ ដោយ​មិន​មាន​ភូមិ​កីឡាឡើយ។

ចំពោះប្រតិភូកីឡា​កម្ពុជា ដែល​ត្រៀម​ចូលរួមការ​ប្រកួត​ប្រកួតកីឡាក្នុងសាល និង​យុទ្ធគុន​ចម្រុះ​​​នេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ ​«យើងត្រៀមចូលរួម​ការប្រកួតនេះ ដោយ​យក​តាម​​​ចំនួន​​កំណត់​មួយ គឺ​យក​តែ​ប្រភេទ​កីឡាដែល​មាន​ក្នុងកម្ម​វិធី​នៅ​ប្រទេសថៃនេះ​ប៉ុណ្ណោះ ហើយ​យក​តែ​ប្រភេទ​កីឡា ដែលមាន​សក្ដានុពលខ្លាំងនៅកម្ពុជា។ ក្នុង​នោះយើង​ក៏មិន​​ត្រៀម​យក​ទៅ​ច្រើន​នោះ​ដែរ គឺត្រឹមតែកីឡាករ កីឡាការិនី​ក្នុងរង្វង់​ប្រហែល​ ១០០ នាក់​ទេ ក្នុង​ចំណោម​ ៣៨ ​ប្រភេទ​កីឡា នៅក្នុងការប្រកួតនេះ»។

លោក វ៉ាត់ ចំរើន ដែលជា​រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាផង​នោះ បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយចប់កិច្ច​ប្រជុំ​នាយ​បេសក​កម្មនេះ​ទៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹង​​ត្រៀម​ធ្វើការជាមួយនឹងក្រសួងអប់រំយុវជន និង កីឡា ក៏ដូចជា​សហព័ន្ធកីឡាជាតិ និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន ដើម្បី​ត្រៀម​លក្ខណៈ​​ឱ្យបាន​ល្អ ចូលរួម​ការ​ប្រកួតកីឡា​ក្នុង​សាល និង​យុទ្ធ​គុនចម្រុះ នៅប្រទេស​ថៃ នាពេល​ខាងមុខនេះ៕