ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយ​រៀង នៅតែអាច​រក្សា​ភាពខ្លាំង​របស់​ខ្លួនបាន តាម​រយៈការ​យក​ឈ្នះក្រុម​បឹងកេត ៣-១ ក្នុងការប្រកួតវគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​ពាន​រង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ​២០២៣-២០២៤ (ថ្នាក់ជាតិ) ចំណែក​ក្រុម​ម្ចាស់​ផ្ទះ​វិសាខា បានវាយ​បក​តាមស្មើ​ក្រុម​ភ្នំពេញ​ក្រោន ២-២ ​ទាំង​លំបាក នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ កាលពី​យប់ថ្ងៃ​ពុធ​ម្សិលមិញ។

យ៉ាងណា​ក៏​ដោយ បន្ទាប់ពីការ​ប្រកួត​យ៉ាងស្វិតស្វាញ កាលពី​យប់​ថ្ងៃទី​​ ៦ ខែមីនា​នោះ គ្រូ​បង្វឹក​ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​និយាយ​រិះគន់ត្រង់ៗ ចំពោះ​បញ្ហា​មិន​អំណោយផល ទាក់ទង​នឹង​​ស្មៅធម្មជាតិ នៅលើ​ទី​លាន​នៃ​ពហុ​​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​មានការពិបាក​ខ្លាំង សម្រាប់​ក្រុមស្វាយរៀង និងបឹងកេត ក្នុងការ​ប្រកួត​គ្នា។ ចំណែក​ថ្នាក់​ដឹកនាំ​ក្រុម​វិសាខា ក៏បានប្រតិកម្ម ចំពោះការ​កាត់សេចក្តីមិន​សមហេតុ​ផល​របស់​លោក​អាជ្ញាកណ្តាលផងដែរ។

លោក Pep Munoz គ្រូ​បង្វឹកក្រុមស្វាយរៀង បាននិយាយក្រោយការ​ប្រកួត​ថា៖ ​«​ការ​ប្រកួត​​តង់ទី​១ យើង​ធ្វើបាន​ល្អ ដោយ​យើងបាន​គ្រប់​គ្រង​ការប្រកួត តាម​រយៈការ​លេងពីក្រោម​រហូត​ដល់​មុខ​ទី​គូ​ប្រកួត តែ​ការ​សម្រេច​ចុង​ក្រោយមានការពិបាក ដោយ​សារ​ បឹងកេត បាន​ការពារ​​កៀកនៅ​មុខ​ទី​គាត់​​មែនទែន»។


លោក​បន្ថែម​ថា៖ «យើងរកបានត្រឹម ​១​ គ្រាប់ គឺ​មិនអាច​រកបាន​២​គ្រាប់ទេ នៅតង់ទី​១ ហើយ​ក្រុមបឹងកេត ក៏​អាច​បង្កើត​ឱកាស​បាន ២ ទៅ ៣​ ដង នៅមុខ​ទី​របស់​យើង​ដែរ។ ចូលតង់ទី​២ មាន​​សកម្ម​ភាព​​មួយ​ចំនួន យើងមិនអាច​គ្រប់​គ្រង​បាន នៅពេល​​បឹងកេត បាន​ព្យាយាម​​បង្កើត​ឱកាស​បន្ថែម​​នៅ​មុខទីរបស់​យើង ហើយគាត់​ធ្វើ​បាន​ល្អ។ តែទោះ​បីជា​យ៉ាងណា ក្រោម​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​​ក្រុម​​យើង ធ្វើ​ឱ្យ​យើង​ឈ្នះ​ការ​ប្រកួតនេះ»។


​តែទោះបីជា​យ៉ាងណា​គ្រូ​បង្វឹកជនជាតិអេស្ប៉ាញ​រូបនេះ បានរិះគន់ពីកម្រាលស្មៅ​ធម្ម​ជាតិ នៅពហុកីឡដ្ឋានជាតិ​ថា​ បាន​​បង្ក​ឱ្យ​ក្រុមទាំង​២ មានការ​ពិបាក​លេង​ដូចគ្នា។

លោ Pep Munoz បញ្ជាក់ថា៖ «សម្រាប់​ក្រុម​យើង និង​បឹងកេត សុទ្ធ​តែ​ជាក្រុមចង់​លេង​បាល់ ប៉ុន្តែ​ទីលាន​មិន​ល្អ​ប្រសើរ ហើយ​យើង​​មិនដឹងថាក្រុម​ជម្រើស​ជាតិ​កម្ពុជា​ លេង​យ៉ាង​ម៉េចទេ ព្រោះ​ទីលាន​នេះ​ពិបាក​លេង​ណាស់ហើយ​​វា​​ប៉ះ​​ពាល់​​ដល់​​ក្រុម​បាល់​ទាត់​របស់​យើង។ កីឡដ្ឋានល្អប៉ុន្តែ​​ស្មៅ​នៅ​លើ​ទីលាន​មិន​ល្អ សម្រាប់អ្នកគាំទ្រមើល»។

តាមរយៈការ​ប្រកួតជើងទី​១​ វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រនេះ ក្រុមស្វាយរៀង អាច​រកបាន​៣​គ្រាប់ជាប់ៗ​គ្នា ដោយក្នុងនោះខ្សែ​ប្រយុទ្ធពាក់លេខ​ ៩ Gabriel Silva Costa រក​បាន​ ២ ​គ្រាប់ នៅនាទីទី​៣៣ និងទី​៦២ ហើយបានបន្ថែម​ ១ ​គ្រាប់ទៀត​ដោយ​កីឡាករ ជូ ស៊ិនទិ នៅនាទីទី​៧១ គឺ​មុនពេល​ខ្សែ​ប្រយុទ្ធ ចន្ថា ចន្ទាកា រកបាន​ ១​ គ្រាប់វិញ​ឱ្យក្រុម​ម្ចាស់ផ្ទះបឹងកេត នៅនាទីទី​​៧៥។

ជាមួយការ​យក​ឈ្នះ​ក្រុម​បឹងកេត ៣-១ នេះ បាន​ធ្វើ​ឱ្យក្រុមស្វាយរៀង មានភាគ​រយ​ខ្ពស់ ក្នុង​ការ​ទទួលបានឱកាស​ឡើង​ទៅប្រកួត​នៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ព្រោះការ​ប្រកួត​​កាត់​​សេចក្តី​ជើងទី​២  នៅថ្ងៃទី​ ១០ ខែមេសា ត្រូវ​ធ្វើ​នៅកីឡដ្ឋានខេត្ត​ស្វាយរៀង ដែលជា​ទឹក​ដី​របស់​ពួកគេវិញម្តង។

ផ្ទុយពី​នេះ​ក្រុម​វិសាខា កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពេច​ស្រពិល ក្នុងការ​ប្រជែង​យក​ឱកាស​ឡើងទៅ​ការពារ​តំណែងជើងឯក​៣សម័យកាលជាប់ៗគ្នារបស់ពួកគេ បន្ទាប់ពី​ក្រុម​មានមូល​ដ្ឋាន​​នៅកីឡដ្ឋានព្រីនស៍​​មួយនេះ បាន​វាយ​បក​តាមស្មើក្រុម​ភ្នំពេញក្រោន ២-២ ទាំង​លំបាក នៅ​លើ​​ទឹក​ដី​ខ្លួនឯង កាលពី​យប់​ថ្ងៃពុធ។

តាម​រយៈការ​ប្រកួតនេះ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង លឹម ពិសុទ្ធ អាច​រកបាន​គ្រាប់បាល់​បើក​ឆាក​ឱ្យ​ក្រុម​ភ្នំពេញក្រោន លឿន​បំផុត គឺនៅត្រឹមនាទីទី​២ ហើយ​ខ្សែ​ប្រយុទ្ធជប៉ុន Shintaro Shimizu បានបន្ថែម​១​គ្រាប់​ទៀត នៅនាទីទី​៦ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Janata De Olivrea Bastosរកបាន ​១​ គ្រាប់វិញ​ឱ្យវិសាខា នៅនាទីទី​១០ ហើយ ស៊ិន កក្កដា រកបានគ្រាប់បាល់​ស្មើ ២-២ នៅនាទីទី​៧៧។

យ៉ាងណា​ក៏​ដោយ នៅ​ក្នុងការ​ប្រកួត​ដ៏តានតឹងនេះ ក្រុម​វិសាខា ​និង​លោក ហុក សុចិត្រា ជា​អគ្គលេខាធិការ បានសម្តែងការ​ប្រតិកម្ម​ខ្លាំង​ចំពោះការ​កាត់សេចក្តីនៅលើទីលាន​របស់​លោក​អាជ្ញា​កណ្តាល​ ហោ ប៊ុនថង ដែល​បាន​ផ្លុំកញ្ចែ បញ្ឈប់​សកម្មភាព​បម្រុងស៊ុតបាល់​ដាច់​តែម្នាក់​ឯង​របស់ Janata De Olivrea Bastos នៅនាទីទី​១៩ បើទោះបីជាបាល់នោះ មិនស្ថិត​ក្នុងជំហរអកហ្សឺក៏ដោយ។

តាម​វីដេអូ​នៃ​ការប្រកួតនេះ Yudai Ogawa របស់​ភ្នំពេញក្រោន បានស្លាយយកបាល់ កាត់ពីមុខ ស៊ិន កក្កដា របស់​វិសាខា ធ្វើ​ឱ្យបាល់​នោះ​ខ្ទាតទៅមុខ​ទី​ក្រុម​ភ្នំពេញ​ក្រោន ទៅវិញ និងបាន​រំលង​ផុត អ៊ន ចាន់ប៉ូលីន ដែល​ឈរនៅពី​ខាងមុខ​ផងដែរ។ ឃើញបែប​​នេះ Janata De Olivrea Bastos ដែល​ឈរ​នៅពី​ចំហៀង ចាន់ប៉ូលីន ​បាន​រត់ទៅទទួលបាល់នោះ បម្រុង​ស៊ុត​បញ្ចូល​ទី​​ទៅ​ហើយ ប៉ុន្តែ​ត្រូវបាន​អាជ្ញាកណ្តាល​ផ្តុំកញ្ចែបញ្ឈប់ ដោយ​សំអាង​ថា​ជា​បាល់​​អកហ្សឺ ធ្វើឱ្យ​ក្រុមវិសាខា បាន​តវ៉ា​ភ្លាមៗ​ផងដែរ តែ​គ្មានប្រសិទ្ធ​ភាព។

តែទោះបីជា​យ៉ាងណា លោក ហុក​ សុចិត្រា អគ្គលេខាធិការ​ក្លិប​វិសាខា នៅតែមិនអស់​ចិត្ត​លើរឿងនេះ និងសុំ​ឱ្យមានការបក​ស្រាយ។ ​លោក​បានបង្ហោះសារ ក្រោយ​ការប្រកួត​បែបនេះ​​ថា៖ «តាំង​ពី​ខ្ញុំ​ដឹក​នាំ​ច្រើន​ឆ្នាំ​មក​ហើយ​ ខ្ញុំ​មិន​ដែល​តវ៉ា​ឬ​ក៏​ប្រតិកម្ម​ជាមួយ​ក្រុម​អាជ្ញា​កណ្តាល​ទេ​ ហើយ​ក៏​បាន​ណែនាំ​ក្រុម​ការងារ​កីឡាករ​ខ្ញុំ​ដែរ​មិន​ឱ្យ​ប្រតិកម្ម​ជាមួយ​អាជ្ញា​កណ្តាល​ទេ​ ប៉ុន្តែ​រឿង​​ងាយៗ​បែប​នេះ​តើ​គាត់​មើល​មិន​ឃើញ​​ យល់​ច្រឡំ​ឬ​យ៉ាង​ណា​ទេ។ខ្ញុំ​គោរព​ការ​សម្រេច​ចិត្ត​របស់​​គាត់​ តែ​ខ្ញុំ​ស្នើ​សុំ​ការ​បក​ស្រាយ​ឱ្យ​បាន​ច្បាស់»៕