មន្រ្តី​ជំនាញ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នៅ​កម្ពុជា បានអះអាង​ថា ការ​ផុត​រលត់​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩ ​វា​នឹង​ផ្តល់​ភាព​អំណោយ​​ផល​ពេញ​លេញ​ជាថ្មី​វិញ​សម្រាប់​កម្ពុជា ក្នុងការ​ស្តារ​កំណើន​អ្នក​ចូលរួម​នៃ​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ លើក​ទី​១២ ឆ្នាំ​២០២៤ ដែល​​គ្រោង​​ធ្វើ​នៅ​ខាង​មុខ​​ព្រះបរមរាជ​វាំង នា​ថ្ងៃទី​១៦ ខែ​មិថុនា ចំណែក​ម្ចាស់​ឧបត្ថម្ភធំ ក៏​បង្ហាញពី​ឆន្ទៈ​ក្នុង​ការជួយ​ពង្រីក​ពី​វិសាលភាព​​ព្រឹត្តិការណ៍​នេះដូចគ្នា។


នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​​ថ្ងៃទី​១៥ ខែឧសភា​ លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC បាន​លើក​ឡើង​ថា ​​នៅ​មុន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​ជា​សកល និង​នៅ​កម្ពុជា គឺ​ចំនួន​អ្នក​ចូលរួម​ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ ​បាន​កើន​ឡើង​ប្រមាណ​​ ៧​ពាន់​នាក់​ទៅ​ហើយ ពោល​គឺការ​រៀបចំ​លើក​ទី​៩ កាលពី​ឆ្នាំ​២០១៩ មាន​​អ្នក​ចូលរួម​ទាំង​មាន​ស្លាក​ត្រឹមត្រូវ​ និង​អត់​ស្លាក​ពាក់សរុប​ប្រហែល​ ​៧០០០​នាក់​ ក្នុង​នោះ​មាន​បរទេស​មកពី​ជាង​​ ៣០ប្រទេស។

ប៉ុន្តែ​តួលេខ​នេះ បាន​ធ្លាក់​ចុះ ក្រោយ​វិបត្តិ​កូវីដ​បានផ្ទុះ​ឡើង ចំណែក​ការ​រៀបចំ​ទិវា​រត់​ប្រណាំង​​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ លើក​ទី​១១ កាល​ពី​ឆ្នាំ​២០២៣ មាន​អ្នក​ចូលរួម​​បាន​ត្រឹម​៣៩០០នាក់ ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា ​បរាជ័យ​ក្នុង​ការ​ពង្រីក​ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ ទៅ​ជាទិវា​រត់​ប្រណាំង​ភ្នំពេញ​ម៉ារ៉ាតុង​អន្តរជាតិ ទៅ​តាម​​ការ​គ្រោង​ទុក ដែល​តម្រូវ​ឱ្យមាន​អ្នក​ចូលរួម​ចាប់ពី​ ១ម៉ឺន​នាក់​ឡើងទៅ។


លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ «កាលពី​មុនកូវីដ ចំនួន​អ្នក​រត់​របស់​យើង បាន​កើន​ខ្ពស់​ម្តង​​ហើយ ប៉ុន្តែ​ក្រោយមក បាន​ធ្លាក់​ចុះម​ក​វិញ ដោយ​បាន​ត្រឹម​ជាង​ ២ពាន់​ និងចុង​ក្រោយ​បាន​ជាង​ ៣ពាន់នាក់ អ៊ីចឹង​យើង​ត្រូវ​ខំ​ប្រឹង​រុញ​ឱ្យ​បាន​ខ្ពស់​វិញ ហើយ​លើក​ក្រោយៗ​ទៀត យើងត្រូវ​ព្យាយាម​ធ្វើ​ឱ្យ​ដូច​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នៅស្រុក​គេ​ដែរ គឺ​មាន​អ្នក​ចូល​រួម​ចាប់​ពី​​ ១​ម៉ឺន​នាក់​ឡើង​ ទើប​យើង​អាច​ពង្រីក​ទិវា​រត់​ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុង​នេះ ទៅជា​ម៉ារ៉ាតុងបាន»។


សម្រាប់​ការ​រៀបចំ​ទិវា​រត់ប្រណាំង​ភ្នំពេញ​​​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ លើក​ទី​១២​ នៅ​ថ្ងៃទី​១៦ ខែមិថុនា ខាងមុខ​នេះ លោក វ៉ាត់ ចំរើន បានដាក់​ក្តី​សង្ឃឹម​ថា នឹង​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​រត់​ច្រើន​អាច​ចូល​ ៥​ពាន់​នាក់ ព្រោះ​គិត​ត្រឹម​ពេល​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​បាន​ ៣៦០៥នាក់​ហើយ រីឯ​​ការចុះ​ឈ្មោះ​នៅ​សល់​ពេល​ជិត​១ខែទៀត​។


នៅក្នុង​ចំនួន​​​អ្នក​ចុះ​ឈ្មោះ​ជា​បណ្តោះអាសន្ន​​ចំនួន​ ៣៦០៥នាក់​នេះ គឺ​​មាន​ជនជាតិ​ខ្មែរ​ចំនួន​​៣០០២នាក់ និង​ជនបរទេស​ចំនួន​៦០៣នាក់ ប៉ុន្តែ​នៅ​ក្នុង​ចំនួន​ជន​បរទេស​ទាំង​​ ៦០៣​នាក់​នេះ លោក ចំរើន បាន​បង្ហើប​ថា ​មាន​បរទេស​មកពី​ក្រៅ​ប្រទេស​មិនដល់​១០០​ទេ ព្រោះ​ភាគ​ច្រើនជាបរទេស​កំពុង​រស់​នៅ​ក្នុង​ស្រុក​របស់​យើង គឺ​តាម​តារាង​ចុះ​ឈ្មោះ​​មាន​៦១សញ្ជាតិ។

រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖ «នេះ​ជា​ឆ្នាំ ដែល​យើង​គិត​ថា មាន​សុវត្ថិភាព ១០០​ភាគរយ​ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​កូវីដ ព្រោះ​កាលពី​ឆ្នាំ​២០២៣ យើង​នៅ​មាន​សល់​ចំហាយ​ខ្លះៗ អ៊ីចឹង​យើង​រំពឹង​ថា ចំនួន​អ្នក​ចូលរួម​អាច​ឡើង​ដល់ ៤៥០០នាក់ ឬ​ច្រើន​ជាង​នេះ»។

ចំពោះ​គោល​បំណង​នៃ​ការ​រៀបចំ ​ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​នេះ គឺដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និង​កៀរគរ​រក​ថវិកា​ដើម្បី​ការងារ​សប្បុរសធម៌ ហើយ​បន្ថែមលើ​នេះ លោក វ៉ាត់ ចំរើន បាន​អះអាង​ថា ភាព​ផុសផុល​នៃ​ទិវារត់​ប្រណាំង​ភ្នំពេញ​​ពាក់​កណ្តាល​ម៉ារ៉ា​តុងអន្តរជាតិ នឹង​​ក្លាយទៅ​ជា​ចលករ​សំខាន់​ក្នុងការ​ផ្សព្វ​ផ្សាយ​ភាព​ស្រស់ស្អាត​របស់​​រាជធានី​ភ្នំពេញ​របស់​កម្ពុជា ​ទៅ​កាន់​ឆាក​​អន្តរ​ជាតិ​។

លោក​បានបញ្ជាក់​​ថា៖​ «ព្រឹត្តិការណ៍​របស់​យើង ពាក់​ព័ន្ធទៅ​នឹង​រាជធានី​ភ្នំពេញ​ អ៊ីចឹង​យើងផ្សព្វផ្សាយ និង​ជំរុញ​​រាជធានី​របស់​​យើង​ទៅ​ក្នុង​ថ្នាក់​ជាតិ និង​អន្តរជាតិ គឺ​យើង​ត្រូវ​រួមគ្នាធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ ក្លាយជា​មូលដ្ឋាន​ដ៏ពិសេស​មួយ ក្នុងការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ក៏​ដូចជាអ្នក​រត់នៅលើ​ពិភព​លោក ដាក់ផែន​ការ​មក​ចូល​រួមទិវា​រត់​ប្រណាំង​​របស់​យើង»។

យ៉ាង​ណាក៏​ដោយ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​នេះ លោក វ៉ាត់ ចំរើន បានសង្កត់​ធ្ងន់​ថា វាទាម​ទារ​ឱ្យ​មាន​ការ​ចូលរួម​គ្រប់​ផ្នែក​ទាំង​អស់។

លោ​ក​និយាយ​ថា៖ «អ្វី​ដែល​សំខាន់ គឺ​ការ​ងារ​របស់​យើង ត្រូវតែជា​​ការ​រៀបចំ​ដែល​មានសុវត្ថិភាពល្អ មានការបិទ​ផ្លូវ និង​រៀបចំសណ្តាប់​ធ្នាប់បាន​ល្អ ក្រោម​ការសាទរ​​ពី​ប្រជាពល​រដ្ឋ ដើម្បី​ធ្វើ​ឱ្យ​អ្នក​រត់​មាន​ភាព​សប្បាយ​រីក​រាយ គឺ​​យើង​ត្រូវ​ធ្វើ​ឱ្យ​កម្មវិធី​នេះ​កាន់​តែ​ល្អទៅៗពី១ឆ្នាំទៅ​១ឆ្នាំ ដើម្បី​ទទួលបានការវាយ​តម្លៃល្អពីអង្គការ​​ម៉ារ៉ាតុងពិភពលោក»។

ជាមួយ​នឹងការ​ដាក់​គោលដៅ​ស្តារ​កំណើន​អ្នក​ចូលរួម នៅ​ក្នុង​ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ លើក​ទី​១២ ឆ្នាំ​២០២៤​​នេះ ​ក្រុមហ៊ុន Smart Axiata ដែលជាអ្នកឧបត្ថម្ភធំ ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​បាន​បង្ហាញ​ឆន្ទៈ ក្នុងការ​ជួយ​ជំរុញ​ឱ្យ​ទិវារត់ប្រណាំង​នេះ កាន់តែ​ទទួល​បានការ​គាំទ្រ និ​ងមាន​អ្នក​ចូលរួម​ច្រើន​ដូចគ្នា។

លោក រិន ពេជ្រមុនី ប្រធានផ្នែក​ទី​ផ្សារ និងតន្រ្តី​របស់​ Smart Axiata បាន​និយាយ​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃពុធ​នោះ​​ថា៖ ​«ការចូលរួម​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​នេះ ដោយសារ​យើង​សង្កេត​ឃើញ​ថា សកម្ម​ភាព​លេង​កីឡា ពិតជា​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រជាពល​រដ្ឋ​ ជាពិសេស​យើង​បាន​ព្យាយាម​ធ្វើ​ឱ្យ​ពួកគាត់​កាន់តែ​មាន​ភាព​សកម្មកម្ម​ក្នុង​កីឡា ហើយ​បន្ថែមនេះ យើង​នឹង​ចូលរួម​ជួយ​ផ្សព្វ​ផ្សាយ​ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពល​រដ្ឋ​យើង​​ចូលរួម​ទិវារត់ប្រណាំង​លើក​នេះ​ឱ្យ​បាន​កាន់តែ​ច្រើនកុះករ»។​

ចំណែក​លោក សែម ផល្លា នាយក​ប្រតិបត្តិ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នៅ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ នៅ​ថ្ងៃទី​១៦ ខែមិថុនា ខាង​មុខ​នេះ មាន​ការ​រត់ចំនួន​៤​វិញ្ញាសា ដែល​បាន​កំណត់​ពេល​ចេញ​ដំណើរ​រួច​​ហើយ គឺ​រត់​ចម្ងាយ​​២១គីឡូម៉ែត្រ ចេញ​ដំណើរ​នៅ​ព្រឹក​ម៉ោង ៥:១០ ចម្ងាយ​ ១០ គីឡូ ចេញ​ដំណើរ​ម៉ោង ៥:៤៥ រីឯ​ចម្ងាយ​​៥គីឡូម៉ែត្រ​ចេញដំណើរ​នៅ​ម៉ោង​ ៦:០០ ចំណែក​ការ​រត់​កម្សាន្ត​ចម្ងាយ​២គីឡូម៉ែត្រ ចេញដំណើរ​​នៅ​ម៉ោង​ ៦:១០៕