កីឡាករ​ទម្ងន់​ធ្ងន់​របស់​កម្ពុជា ព្រំ សំណាង បាន​ប្រើ​ពេល​ប្រមាណ​ ៥នាទី ដើម្បី​ផ្តួល​អ្នក​លេង​មកពី​អ៊ីរ៉ង់ Mehdi Kalili ឱ្យ​សន្លប់ សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ចំណែក​កីឡាករ ណង សៅ, វង្ស វិឆ័យ និង​កីឡាការិនី មឿយ សឹង ក៏​ទទួល​បាន​ជ័យ​ជម្នះ​ផងដែរ ប៉ុន្តែ​អ្នក​ប្រដាល់ ម៉ានូ សិល្បៈ និង សំណាង ចុង​ក្រោយ សុទ្ធតែ​ត្រូវ​បាន​អ្នក​ប្រយុទ្ធ​របស់​អ៊ីរ៉ង់ វាយ​ឱ្យ​សន្លប់​ធំ នៅ​ក្នុង​ទឹក​ទី​១​ដូចគ្នា។ 


សម្រាប់​ការ​បើក​ឱ្យ​មាន​ការ​ប្រកួត​ប្រដាល់​ឡើង​វិញ​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ កាលពី​ល្ងាច និង​យប់​ថ្ងៃទី​១៨ ខែ​ឧសភា កន្លងមក​នេះ បាន​ក្លាយ​ជា​ការ​ប្រកួត ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​វាជា​លើក​ដំបូង ដែល​សង្វៀន​មួយ​នេះ បាន​ដាក់​ឱ្យ​មាន​ការ​ប្រកួត​គូ​មិត្ត​ភាព​អន្តរជាតិ​រហូត​ដល់ ៦គូ និងមាន​ការ​ប្រកួត​គូ​ថ្នាល​របស់​កីឡាករ​ក្នុង​ស្រុក​​១​គូ​​ទៀត សរុប​មាន​៧គូ។

ជាមួយការ​សម្រិត​សម្រាំង​នាំ​យក​កីឡាករ កីឡាការិនី​មាន​សមត្ថភាព​ល្អៗ​ទាំង​ខ្មែរ និង​បរទេសមក​ប្រកួត នៅ​ក្នុង​ថ្ងៃ​បើក​កម្មវិធី​ប្រដាល់​ជា​ថ្មី​នេះ ត្រូវ​បាន​លោក ហួង តារាមុនី អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​កងយោធពល​ខេមរៈភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ ចាត់​ទុក​ថា ជា​ការ​បើក​ទំព័រ​សករាជថ្មី​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​​៥ ដើម្បី​បង្កើត​ឱ្យ​មាន​ទស្សនីយភាព​នៃ​ការ​ប្រកួត​កាន់​តែ​ទាក់​ទាញ​សម្រាប់​អ្នក​គាំ​ទ្រ ក៏​ដូចជា​ផ្តល់​លទ្ធភាព​ដល់​កីឡាករ​ កីឡាការិនី​កម្ពុជា​កាន់​តែ​ច្រើន ក្នុង​ការ​ពង្រឹង​សមត្ថភាព និង​រក​បាន​ចំណូល​​លើ​ការ​ចាប់​យក​អាជីពជា​អ្នក​ប្រដាល់​នេះ។


លោក ហួង តារាមុនី បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត មុន​ការ​ប្រកួត​ថា៖ «ការ​បើក​ឱ្យ​មាន​ការ​ប្រកួត​ប្រដាល់​គុនខ្មែរប៉ុស្តិ៍​លេខ​៥​នេះ បាន​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​រក​ប្រាក់​ចំណូល​សម្រាប់​ខ្លួន និង​ផ្គត់​ផ្គង់​ដល់​គ្រួសារ ​ក៏​ដូចជា​ពង្រឹង​សមត្ថភាព បទពិសោធន៍​បច្ចេកទេស​ដល់​កីឡាករ​កម្ពុជា ឱ្យ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ឈាន​ទៅ​ទទួល​បាន​ជោគជ័យ ​កិត្តិយស​ និង​កេរ្តិ៍​ឈ្មោះ​ជូន​ប្រទេស​ជាតិ ក្នុង​ព្រឹត្តិការណ៍​ធំៗ​នា​ពេល​ខាង​មុខ ជាពិសេស​ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​ក្បាច់​គុនខ្មែរ​ឱ្យ​ពិភពលោក​បាន​​ស្គាល់​កាន់​តែ​ច្បាស់​ថែម​ទៀត»។



នៅក្នុង​សន្និសីទ​កាសែត​នោះ​ដែរ លោក តែម ម៉ឺន ប្រធាន​កិត្តិយស​ហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បាន​ជំរុញ​ឱ្យ​មន្រ្តី​បច្ចេកទេស​របស់​សហព័ន្ធ រួម​មាន​អាជ្ញា​កណ្តាល ចៅ​ក្រម និង​គណៈវិនិច្ឆ័យ ត្រូវ​បំពេញ​ការងារ​ទៅលើ​ការ​កាត់​សេចក្តីនៃ​ការ​ប្រកួត​​ឱ្យ​បាន​ល្អ ដោយគោរព​នូវវិន័យ ក្រម​សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ​តាម​វិជ្ជាជីវៈ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ប្រកួត​​ប្រដាល់​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ដំណើរ​ការទៅ​បាន​រលូន និង​ជោគ​ជ័យ ជាមួយ​ការ​ផ្តល់​ពិន្ទុ​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស។  

ងាក​មក​ចាប់​អារម្មណ៍​លើ​ការ​ប្រកួត​វិញ កីឡាករ​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣ ព្រំ សំណាង ដែល​ចាប់​ផ្តើម​ទទួល​រង​ការ​​រិះគន់ពី​អ្នក​ទស្សនា​ថា មាន​កម្រិត​ប្រកួត​ធ្លាក់​ចុះ​នោះ បាន​ព្យាយាម​តាម​វាយ​សម្រុក​ទៅ​លើ​កីឡាករ​អ៊ីរ៉ង់  Mehdi Kalili ដោយ​អំណត់ រហូត​មាន​ឱកាស​បុកជង្គង់​ស្តាំ​ចូល​ពេញ និង​ម៉ាត់​ថែម​១ដៃ​ទៀត បណ្តាល​ឱ្យ​ដៃគូ​ប្រកួត​ដ៏​រឹងមាំ​ម្នាក់នេះ សន្លប់​នៅ​ចុង​ទឹក​ទី​២ ដែល​មានថិរវេលា​សរុប​ប្រមាណ​៥នាទី ហើយ​ជ័យ​ជម្នះ​នេះ ​បាន​ទទួល​ការ​សាទរ​ខ្លាំង​​ពី​អ្នក​ទស្សនា​ផ្ទាល់​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥។

ជាមួយ​គ្នា​នេះ​កីឡាករ ណង សៅ ដែល​ប្រកួត​បែប​អំបោះ​ឆៅ​នោះ បាន​វាយ​កែង​ចូល​ថ្គាម​អ្នក​ប្រដាល់​របស់​ក្រិក Arash Shafaei នាំ​ឱ្យ​អាជ្ញាកណ្តាល​រាប់នៅ​​ពាក់កណ្តាល​ទឹក​ទី​១។

បន្ទាប់ពីការ​រាប់នោះ ណង សៅ បាន​បង្កើន​ការ​វាយ​សម្រុក​កាន់តែ​ខ្លាំង ដោយ​កណ្តាប់​ដៃ ទាត់ និង​វាយកែង បណ្តាល​ឱ្យ​​​ដៃគូម្នាក់នេះ​ដួល​២ទៅ​៣ដង​ទៀត ហើយ​ដោយ​មើល​ឃើញ​ស្ថានភាព​លំបាក​ពេក​នោះ គឺ​អ្នក​ឱ្យ​ទឹក និ​ងគ្រូ​បង្វឹក​របស់​ Arash Shafaei បានបោះ​កន្សែងស​សុំចុះចាញ់​នៅ​​ចុង​ទឹកទី​១​នេះ​តែម្តង។ ​

ចំណែក​កីឡាការិនីជាម្ចាស់មេដាយមាស៊ីហ្គេម ឆ្នាំ​២០២៣ មឿយ សឹង និង​កីឡាករ វង្ស វិឆ័យ ក៏​ដណ្តើម​បានជោគជ័យ សម្រាប់ការ​បង្ហាញ​ខ្លួនរួម​គ្នា កាលពី​យប់​ថ្ងៃសៅរ៍​នោះ​ផងដែរ។ វង្ស វិឆ័យ បាន​ឈ្នះកីឡាករ​ថៃ Kong Pathum ដោយពិន្ទុ ចំណែក មឿយ សឹង បានឈ្នះ​កីឡាការិនី​របស់អ៊ីរ៉ង់ Sahel ​ដោយពិន្ទុដូចគ្នា ប៉ុន្តែ​ Sahel ហាក់មិនសប្បាយ​ចិត្ត​ចំពោះ​ការ​កាត់សេចក្តី​នេះ​ទេ ព្រោះតាម​រយៈការ​ប្រកួត​ត្រឹម​៣ទឹក​នេះ គេ​មើលឃើញ​ថា Sahel បានវាយចូល មឿយ សឹង បានច្រើន និងសង្ឃឹម​ឈ្នះ​ដូចគ្នា។

ផ្ទុយពី​នេះ អ្នក​ប្រដាល់វាយ​ប្រើកម្លាំងជាងបច្ចេក​ទេស ម៉ានូ សិល្បៈ ដែល​ដាក់​ឱ្យ​ប្រកួត​តាម​បែប​ឃីកបុកស៊ីង​នោះ ត្រូវ​បាន​កីឡាករអ៊ីរ៉ង់ Morteza ទាត់​ចូល​ផ្ទៃ​មុខ បណ្តាល​ឱ្យ​ដួល​សន្លប់​ត្រឹម​​រយៈពេល​១នាទី ក្នុង​ទឹក​ទី​១។

ចំណែក​កីឡាករ សំណាង ចុង​ក្រោយ ក៏​មានវាសនា​មិន​ល្អ​ដូច​គ្នា ដោយ​រូបគេ​ត្រូវ​បាន​អ្នកលេង​កណ្តាប់​ដៃ​មកពី​អ៊ីរ៉ង់ Mezreavi Bashir ម៉ាត់​ចូល​ថ្គាមពេញនាំឱ្យ​អាជ្ញាកណ្តាល​រាប់ នៅ​ត្រឹម​រយៈពេល​៣០វិនាទី ហើយ​ក៏​បាន​ដួលសន្លប់ បន្ទាប់ពី Mezreavi បានម៉ាត់​ចូល​ផ្ទៃមុខ​ចំនួន​៣​ដៃទៀត៕