ភ្នំពេញ៖ កីឡាករ​​ប្រដាល់​ហ្វីលីពីន​ដែល​ល្បីល្បាញ​នៅ​ទូទាំង​ពិភព​លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) ប្រាប់ថា លោក​សប្បាយចិត្ត​ដែល​បាន​ត្រឡប់​មក​កម្ពុជា​និង​ឃេីញ​មាន​ការ​រីក​​ចម្រើន។ 


លោក​ក៏​ចង់​ចែក​រំលែក​ពី​តិចនិក​ប្រដាល់​ដល់​កីឡាករ គុនខ្មែរ ផងដែរ។ លោក​ក៏​សង្ឃឹម​​ថា លោក នឹង​ត្រូវ​បាន​អញ្ជើញមក​កម្ពុជា​ម្តង​ទៀត ដេីម្បី​ជួយ​បង្ហាត់​ដល់​កីឡាករ​គុនខ្មែរ​របស់​កម្ពុជា។ 

ប៉ាគីអាវ កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ពិធី​ចុះ​ហត្ថលេខា​ផ្លូវការ​នៃ​កិច្ច​ព្រមព្រៀង​ទូត សុចន្ទៈ ជាមួយ​ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នា​ល្ងាច​ថ្ងៃទី​​៣០ ខែ​ឧសភា​នេះ នៅ​សណ្ឋាគារ Hayatt Gegency ក្នុង​រាជធានី​ភ្នំពេញ។ លោក​ក៏​នឹង​ចូលរួម​ទស្សនាការ​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ នៅ កោះ​ពេជ្រ នា​ថ្ងៃទី​៣១ ឧសភា​នេះ​ផងដែរ។


លោកនិយាយថា៖«ពួកគាត់​ពូកែ​ហើយ​ក៏​មាន​កីឡាករ​គុនខ្មែរ ដែល​មាន​សក្ដានុពល​អាច​ក្លាយ​ជាជើងឯក​ពិភពលោក​ផងដែរ។ អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​គឺ​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀតលើ​ការ​ហ្វិកហាត់​បន្ថែម​ទៀត​និង​មាន​វិន័យ​ ហើយ​ត្រូវ​ដឹង​ពី​រឿង​សម្ងាត់​ក្នុង​កីឡា​ប្រដាល់។ ដូច្នេះ​ហើយបាន​ជា​ខ្ញុំ​ចង់​ចែក​រំលែក​ជាមួយ​ពួកគាត់»។


លោកបន្តថា៖«ប្រសិន​បើ​ខ្ញុំ​មាន​ពេល ខ្ញុំ​អាច​ចែក​រំលែក​រឿង​សម្ងាត់​ក្នុង​នាម​ជា​អ្នក​ប្រដាល់​ថា​ធ្វើយ៉ាងម៉េច ដើម្បី​ឲ្យ​ក្លាយ​ជា​ជើងឯក​ពិភពលោក ហើយ​ត្រូវ​មាន​វិន័យ​ខ្លួន​ឯង​យ៉ាង​ម៉េច។ ប្រសិន​បើ ​អ្នក​មាន​ក្ដីស្រមៃ​ទៅ​អនាគត​ដោយ​មាន​ការ​ណែនាំ​ អ្នក​​អាច​សម្រេច​វា​បាន»។


លោកប៉ាគីអាវ ធ្លាប់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ ២០១៦ ជាមួយ​លោក ឌូតើតេ ដែលពេលនោះ​ជា​ប្រធានាធិបតី​ហ្វីលីពីន។ 

កីឡាករ​អាជីព​រូបនេះ​បច្ចុប្បន្ន​មាន​អាយុ ៤៥ ឆ្នាំ ធ្លាប់​បាន​ផ្ដួល​ដៃគូ​ ដណ្ដើម​បាន​ខ្សែ​ក្រវ៉ាត់​ជាង​២០។

លោកប៉ាគីអាវ ថ្លែងក្នុង​ពិធី​ចុះ​ហត្ថលេខា​ផ្លូវការ​នៃ​កិច្ច​ព្រមព្រៀង​ទូត សុចន្ទៈ ជាមួយ​ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នា​ល្ងាច​ថ្ងៃទី​​៣០ ខែ​ឧសភា​នេះ។ រូបថត សហការី

ថ្នាក់​ដឹកនាំ​កីឡា​ប្រដាល់​គុនខ្មែរ​មាន​សេចក្តី​រីករាយ​ដែល​ស្ដេច​ប្រដាល់​រូប​នេះ​មាន​វត្តមាន​នៅ កម្ពុជា និង​ក្នុង​ព្រឹត្តិការណ៍​គុនខ្មែរ​នេះ។

លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នឹង​មាន​ឥទ្ធិពលវិជ្ជមាន​ទៅ​លើ​វិស័យ​ប្រដាល់​គុនខ្មែរ ដូចជា ការ​ទទួល​ស្គាល់​គុនខ្មែរ​នៅលើ​ពិភពលោក ព្រោះ​ប៉ាគីអាវ គឺជា​កីឡាប្រដាល់​ល្បីល្បាញឮ​នៅលើ​ពិភពលោក។

លោកថ្លែងថា៖ «ប្រទេស​ដែល​ពី​មុន​មិន​បាន​ស្គាល់​គុនខ្មែរ ក៏​ចាប់​ផ្ដើម​ស្គាល់​តាមរយៈ​លោក ម៉ានី ប៉ាគីអាវ»។

លោក​បន្ត​ថា លោក​ប៉ាគីអាវ ប្រាកដ​ជា​បាន​ដឹង​ឮ​ច្រើន​ពី​គុនខ្មែរ។ លោក​ក៏គ្រោង​ស្នើសុំ​លោក​ប៉ាគីអាវ ឱ្យ​ជួយ​គាំទ្រ​ដល់​គុនខ្មែរ​ផងដែរ។ 

លោក វ៉ាត់ ចំរើន អគ្គលេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) បាន​ថ្លែង​ថា ការ​មក​ទស្សនា​ប្រទេស​កម្ពុជា​និង​ទស្សនាការ​ប្រកួត គុនខ្មែរ របស់​លោក ប៉ាគីអាវ នា​ពេល​នេះ​គឺជា​ការ លើក​ចិត្ត​មួយ​មិន​ត្រឹម​តែ​សម្រាប់​គុនខ្មែរ​ទេ គឺ​សម្រាប់​វិស័យ​កីឡា​កម្រិត​ខ្ពស់ និង​អាជីព​ទាំង​មូល​ផងដែរ។

លោកថ្លែងថា៖ «ក្នុង​នាម​ថ្នាក់​ដឹកនាំ​កីឡា​ម្នាក់ សូមអរគុណ​ការ​ផ្តល់​កិត្តិយស​របស់​គាត់​ពេល​នេះ​និង​សង្ឃឹម​ថា គាត់​នឹង​មក​កម្ពុជា​ញឹកញាប់។ ពិសេស​គុនខ្មែរ​នឹង​កាន់​តែ​ល្បី​ល្បាញ»៕