កីឡាករ​ចំណូល​ថ្មី នៅ វណ្ណថន បាន​សារភាព​ថា រូបគេ​ស្ទើរ​តែ​មិន​ជឿ​ថា ​អាច​មាន​សមត្ថភាព​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ជើងឯក​ប៉ុស្តិ៍​លេខ​៥ ក្នុ​ងប្រ​ភេទ​ទម្ងន់​​ ​៥៧​គីឡូក្រាម ដែល​ត្រូវ​បាន​ដាក់​ឱ្យ​កីឡាករ​កម្រិតC​វាយ​ដណ្តើម​គ្នា​ជា​លក្ខណៈ​ម៉ារ៉ាតុង​​ជា​លើក​ដំបូង​នោះ​ទេ ចំណែក​ជើង​ខ្លាំង ខាំ ខ្លានាង, ឃន សុម៉ាលី និង​កីឡាការិនី មឿយ សឹង ក៏ទទួល​បានជ័យជម្នះ​យ៉ាងរំភើបលើ​អ្នក​ប្រយុទ្ធ​មកពី​បរទេសផងដែរ។


សម្រាប់​ការ​ប្រកួត​ប្រដាល់​គុនខ្មែរ​ដណ្តើម​ខ្សែ​ក្រវាត់​ជើងឯក «ប៉ុស្តិ៍លេខ​៥» ដែល​បាន​ដាក់​បេក្ខភាព​​កីឡាករ​ចំនួន​ ៨​នាក់​ ឱ្យ​ប្រកួត​ដណ្តើម​គ្នា​ជា​លក្ខណៈ​ម៉ារ៉ាតុង​ក្នុង​ថ្ងៃ​តែ​មួយ​នេះ ​បាន​ក្លាយ​ជា​​ការ​ប្រកួត​ខ្សែ​ក្រវាត់​ថ្មី មិន​ធ្លាប់​មាន​សង្វៀនណា​​រៀប​ចំ​​ទេ ហើយ​​​​លោក ហួង តារាមុនី អគ្គនាយក​ស្ថានីយទូរទស្សន៍​កងយោធពល​ខេមរៈភូមិន្ទ​ប៉ុស្តិ៍​លេខ ​៥ បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត មុន​ការ​ប្រកួត​​ថា ជាការ​បើក​ទំព័រសករាជថ្មី​​ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​កីឡាករ​កម្រិត ​C​ អាច​​ពង្រឹង​សមត្ថភាព និង​រក​បាន​ចំណូល​​លើ​ការ​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​នេះ។

តាម​រយៈការ​ប្រកួត​ជាក់​ស្តែង ដែល​ត្រូវបាន​ធ្វើ​ឡើង នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាល​ពី​​ថ្ងៃទី​៨ ខែមិថុនា កន្លងមក​នេះ កីឡាករ នៅ វណ្ណថន បាន​ឈ្នះ​ទាំង​ ៣​ប្រកួត​ជាប់ៗ​គ្នា ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​នេះ ជាមួយ​ប្រាក់​រង្វាន់​ចំនួន​ ៨​លាន​រៀល ហើយ​លេខ​២ បាន​ទៅលើ​កីឡាករ រឿប វិច្ឆិកា ដែល​ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​ចំនួន​ ៤​លាន​រៀល។


សម្រាប់​ការ​ប្រកួត​ចំនួន​ ៣​ទឹក​ដូចគ្នា នៅ​ជុំ​ទី​១ នៅ វណ្ណថន បាន​ទម្លាក់​កីឡាករ ឡុង លីហេង ជាមួយ​ការ​យក​ឈ្នះ​ដោយពិន្ទុ រីឯ រឿប វិច្ឆិកា បាន​ឈ្នះ​កីឡាករ ជន់ រឿង​សារ៉ូត ដោយ​ពិន្ទុ​ដូចគ្នា ចំណែក រិទ្ធី សុភាព ក៏​បានឈ្នះ សឹង ឡេង ដោយពិន្ទុ ខណៈ រឿង ឌីណា ​បានយក​ឈ្នះ គឿម សុវណ្ណង៉ា ដោយពិន្ទុ​ដែរ។


ចំពោះ​ការ​ប្រកួត​នៅ​ជុំទី​២ កីឡាករ នៅ វណ្ណថន បាន​បន្ត​យក​ឈ្នះ​លើ​កីឡាករ រឿង ឌីណា ដោយពិន្ទុ ហើយ រឿប វិច្ឆិកា ក៏​បាន​ទម្លាក់​កីឡាករ រិទ្ធី សុភាព ដើម្បី​ឡើង​ទៅជួប នៅ វណ្ណថន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​តាមរយៈ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ក្រោម​ការគាំ​ទ្រ​យ៉ាង​ច្រើន​ពី​អ្នក​ទស្សនា​ផ្ទាល់​នោះ នៅ វណ្ណថន បាន​រក្សា​កំណត់ត្រា​ឈ្នះជា​លើក​ទី​៣ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ដ៏មិនគួរ​ឱ្យ​ជឿ បន្ទាប់ពីចៅ​ក្រម​ទាំង​៥​នាក់ បាន​ផ្តល់​ពិន្ទុ​ឱ្យ​រូបគេ​ឈ្នះ វិច្ឆិកា ដោយពិន្ទុនោះ។


កីឡាករ នៅ វណ្ណថន បាន​និយាយ​ក្រោយការ​ឈ្នះ​ខ្សែ​ក្រវាត់​​ថា៖ ​«ការ​ប្រកួត​នេះ ពិតជា​មាន​ភាព​តាន​តឹងខ្លាំង ប៉ុន្តែ​ខ្ញុំពិតជា​សប្បាយ​ចិត្ត ព្រោះ​ខ្ញុំ​មិនដែល​គិត​ថា ខ្ញុំ​អាចដណ្តើម​បានខ្សែ​ក្រវាត់​ក្នុង​ពេលនេះ​ទេ។ តែទោះបីជា​យ៉ាង​ណា ខ្ញុំ​បានតាំង​ចិត្ត​ប្រកួត​ខ្លាំង ដោយសារ​​ខ្សែ​ក្រវាត់នេះ​ស្អាត ហើយម្យ៉ាង​ទៀត ខ្ញុំក៏​​នៅ​ក្មេង អ៊ីចឹង​បើ​ខ្ញុំ​អាចដណ្តើម​បាន​ខ្សែ​ក្រវាត់នេះ ខ្ញុំ​នឹង​មាន​ឈ្មោះ​ល្បី»។

កីឡាករវ័យ​១៨​ឆ្នាំ ធ្លាប់​បានប្រកួត​បាន​១៨​ដង ឈ្នះ​១៦ និងចាញ់​២ដង នៅ វណ្ណថន ​បានបន្ថែម​ថា៖ «ខ្ញុំ​បានសម្លឹង​មើល​ទៅ​​ថ្ងៃ​អនាគត​នៃ​ការចាប់​អាជីព​ប្រដាល់នេះ ហើយ​ខ្ញុំពិតជាអរគុណ​ខ្លាំង​​​​ដល់​សង្វៀនប៉ុស្តិ៍​លេខ​៥ ដែល​បាន​រៀបចំ​ឱ្យ​មាន​ការ​ប្រកួតដណ្តើម​ខ្សែក្រវាត់ទម្ងន់​៥៧​គីឡូក្រាម​នេះ សម្រាប់​កីឡាករ​​កម្រិត​C ហើយខ្ញុំ​ពិតជា​រំភើបចំពោះ​ការ​ចូលរួម​​គាំ​ទ្រ និង​លើក​ទឹក​ចិត្តយ៉ាង​ច្រើន​​​របស់​ពុកម៉ែ​បងប្អូន»។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​អ្នកគាំ​ទ្រ​មួយចំនួន​បាន​សម្តែង​ការ​មិនពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ឱ្យ នៅ វណ្ណថន ជា​អ្នក​ឈ្នះ ព្រោះ​ពួក​គេបាន​មើល​ឃើញ​ថា រឿប វិច្ឆិកា ទៅ​វិញ​ទេ ដែល​សមជា​អ្នក​ឈ្នះ​ខ្សែ​ក្រវាត់​នេះ ក៏ប៉ុន្តែ​ចំពោះ វិច្ឆិកា ព្រម​​ទទួល​យក​ការ​ចាញ់​នេះ ដោយ​បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖ ​«​ចំពោះ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ​មាន​ភាព​តាន​តឹង​ខ្លាំង ហើយខ្ញុំ​ទទួល​យក​លទ្ធផល សម្រាប់​ការ​បានត្រឹម​ជើងឯក​រង​នេះ»។

ដោយឡែក សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​វិញ កីឡាករជើងខ្លាំងជា​ម្ចាស់​មេដាយមាស​ស៊ីហ្គេម ឆ្នាំ​២០២៣ ខាំ ខ្លានាង គួរ​តែ​អាច​ផ្តួល​កីឡាករ​ចិន Wu Changfa ឱ្យ​សន្លប់ ឬបោះបង់​ចោលការ​ប្រកួត តាមរយៈ​បច្ចេកទេស​វាយ​បាន​យ៉ាង​ល្អ​របស់​គេ ប៉ុន្តែ​កីឡាករ​ចិន​ម្នាក់នេះ ពិតជា​មាន​ភាពស៊ូ​ខ្លាំង​បំផុត គឺ​ទោះបីជា​ទទួល​រងការ​វាយ​ចូល​ធ្ងន់ៗ​បែប​ណា ក៏​គេមិនព្រម​ចុះ​ចាញ់។

តាម​រយៈ​ការ​ប្រកួត​នេះ ខាំ ខ្លានាង បាន​បុក​កែង​បណ្តាល​ឱ្យ Wu Changfa បែកលើ​ចុង​ចិញ្ចើម​ឆ្វេង​មានឈាមហូរ​ស្រោច​ពេញ​ផ្ទៃ​មុខ ហើយបន្ថែម​ទៅលើ​របួស​​នេះ ខ្លានាង បាន​តាម​ម៉ាត់ វាយកែង ជាពិសេស​បានបុក​ជង្គង់​ចូល​ធ្ងន់ៗ បណ្តាល​ឱ្យ​កីឡាករ​ចិន​ម្នាក់នេះ​ចុករមួល ហើយ​ត្រូវ​បានអាជ្ញាកណ្តាល​រាប់នៅ​ចុង​ទឹក​ទី​៣​ផងដែរ ប៉ុន្តែគេ​នៅ​តែ​អាចស៊ូ រហូត​ដល់​ចប់​ទឹក និងបាន​ចាញ់ ខ្លានាង ​ត្រឹមពិន្ទុ។

ជាមួយ​ភាព​ស៊ូ​របស់​កីឡាករ​ចិន Wu Changfa នេះ ខាំ ខ្លានាង បាន​និយាយ​បែប​សរសើរ​ក្រោយ​ការ​ប្រកួត​ថា៖​ «ការ​ប្រកួតនេះពិតជា​ស្វិតស្វាញ​ណាស់។ ខ្ញុំ​បានវាយ​ចូល​គាត់ពេញៗ និង​ណែនៗ​តែម្តង ប៉ុន្តែគាត់ស៊ូ​ខ្លាំងណាស់។ គាត់គួរ​តែឈប់ ក្រោយ​ពេល​ខ្ញុំ​វាយកែងបណ្តាល​ឱ្យ​បែកធំ ហើយក៏​គួរ​តែ​សន្លប់​ក្រោមការ​បុកជង្គង់ចូលធ្ងន់ៗ​របស់​ខ្ញុំផង​​ដែរ ប៉ុន្តែ​គាត់​ពិតជា​មានការ​តាំងចិត្តខ្ពស់ គឺ​ខ្ញុំមិន​ធ្លាប់​ជួប​កីឡាករដែលមាន​ភាពស៊ូ​ខ្លាំង​ដូចគាត់​ពីមុនមក​នោះ​ទេ»។

ចំណែក​កីឡាការិនីជា​ម្ចាស់មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣ មឿយ សឹង និង​កីឡាករ​កំពុង​សាង​បាន​ភាព​ល្បី ឃន សុម៉ាលី ក៏​ដណ្តើម​បានជ័យជម្នះ សម្រាប់​ការ​ប្រកួត​​នៅលើ​សង្វៀនប៉ុស្តិ៍​លេខ​ ៥ នេះ​ផងដែរ ដោយ​ក្នុង​នោះ មឿយ សឹង បានបុកជង្គង់​ចូល​ពេញៗ​បង្ខំឱ្យ​កីឡាការិនី​អ៊ីរ៉ង់ Nazamin Hoseini ចុះ​ចាញ់​នៅពាក់​កណ្តាល​ទឹក​ទី​២ រីឯ ឃន សុម៉ាលី បាន​បន្សល់​ស្នាម​បែក​ចំនួន​២​កន្លែង​នៅលើ​ផ្ទៃ​មុខ​កីឡាករ​អ៊ីរ៉ង់ Araya Rahel មុនពេល​ប្រកាស​ឱ្យ​ឈ្នះ​ដោយ​ពិន្ទុ៕