កីឡាករ​ជើង​ខ្លាំង​គុនខ្មែរ​លំដាប់​លេខ​១​របស់​កម្ពុជា ធឿន ធារ៉ា បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញពី​ការ​ប្រកួត​​កីឡា​យុទ្ធគុន​ចម្រុះ​ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​២ ឆ្នាំ​២០២៤ (2nd Asian Mixed Martial Arts Championship) ដែល​កម្ពុជា​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ផ្លូវ​ការ ប៉ុន្តែ​​អ្នក​​ប្រយុទ្ធ​​ប្រេស៊ីល​មាន​សញ្ជាតិ​ខ្មែរ Thiago Teixeira ដែល​មានឈ្មោះ​ខ្មែរ​ថា សែន ច័ន្ទឫទ្ធីគុន ​បាន​នឹង​កំពុង​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការប្រកួត​តំណាង​ឱ្យ​កម្ពុជា ជា​លើកដំបូង​នេះ ដោយ​រូប​គេ​ដាក់​គោលដៅ​ដណ្តើម​យក​មេដាយ​មាស។


គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដែលជា​អ្នក​រៀបចំ​ការ​ប្រកួត​ AMMA Championship 2024 នេះ ក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡាយុទ្ធ​គុន​ចម្រុះ​អាស៊ី (AMMA) សហព័ន្ធ​កីឡាយុទ្ធ​គុន​ចម្រុះ​កម្ពជា និង​ក្រុម​ហ៊ុន VIP Sorts បាន​សម្រេច​បញ្ចូល​ឈ្មោះ ធឿន ធារ៉ា នៅ​ក្នុង​ព្រឹត្តិការណ៍នេះ កាល​ពី​ថ្ងៃទី​៦ ខែ​មិថុនា បន្ទាប់ពី​ទទួល​បាន​ការ​យល់ព្រម​ពី​លោក អេ ភូថង ដែល​ជា​គ្រូ​បង្វឹក​របស់ ធារ៉ា។

តែ​ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​សន្និសីទ​កាសែត ស្តីពី​ការ​សម្ពោធ​ជា​ផ្លូវការ​ការ​លក់សំបុត្រ​ប្រកួត​យុទ្ធគុន​ចម្រុះ​ជើងឯក​អាស៊ី លើក​ទី​២ ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ធឿន ធារ៉ា មិន​បាន​បង្ហាញ​វត្តមាន​នោះ​ទេ។ ប៉ុន្តែ​​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ទម្លាយ​ថា ធឿន ធារ៉ា បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត AMMA Championship នេះ​ហើយ ដោយសារ​រូបគេ​មិន​អាច​ធ្វើគីឡូ​បាន ហើយ​ក៏មាន​បញ្ហា​ផ្នែក​សុខភាព​​ផងដែរ។


លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ ​«យើង​ចង់​បាន​កីឡាករ​គុនខ្មែរ​ល្អៗ មក​ធ្វើ​ការ​ប្រកួត ប៉ុន្តែ​ជា​បច្ចេក​ទេស ​កីឡាករ​គុនខ្មែរ​សុទ្ធ​មិនធ្លាប់​ប្រកួត MMA សោះ គឺ​ពិបាក​ក្នុង​ការ​ប្រកួត MMA ណាស់​ ព្រោះ​មួយ​ប្រកួត​ឈរ រីឯ​មួយ​ទៀត​ប្រកួតឈរ​ផង និង​អង្គុយ ឬដេក​ផង​ អ៊ីចឹង​ជំហរ​មាន​លក្ខណៈ​ខុស​គ្នា ហើយ​បច្ចេក​ទេស​ក៏ខុស​គ្នា​បន្តិច​ដែរ ហេតុនេះ​យើង​ត្រូវ​ការ​ការ​ហ្វឹក​ហាត់​បន្ថែម​ និងពេល​វេលា​បំប៉ន​បន្ថែម​ទៅលើ​របៀប​ប្រកួត​គុន​ចម្រុះ MMA នេះ»។


ជាមួយគ្នា​នេះ លោក វ៉ាត់ ចំរើន ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា​ផង​នោះ បាន​យល់​ថា កីឡាករ ដែល​មិន​ទាន់​យល់​ពី​បទ​បញ្ជា និង​ច្បាប់​នៃ​ការ​ប្រកួត​របស់ MMA វា​អាច​បង្ក​ឱ្យ​មានកំហុស ក្នុងពេល​ប្រកួត​ជាក់ស្តែង ដែល​នាំ​ឱ្យ​ខូច​កិត្តិយស​ទាំង​កីឡាករ​ផ្ទាល់ និង​ប្រទេស​ជាតិ។


អ្នកជំ​នាញ​កីឡារូប​នេះ បាន​បញ្ជាក់​ថា៖ «យើង​មិនបំបាក់​កីឡាករ​យើង ដោយសារ​គាត់​មិន​បានស្គាល់ និង​យល់ពី​បច្ចេក​ទេស​ទេ! ពេល​ខ្លះ​គាត់​លឿន​ពេក ចាប់អត់បាននូវ​បទបញ្ជា​​ប្រកួត ហើយ​នៅ​ក្នុងការ​ប្រកួត​ផ្លូវការ​ជា​អន្តរជាតិ​ គឺ​ពេល​យើង​ធ្វើ​ខុសពី​បទបញ្ជា​ប្រកួត គេ​បណ្តេញ​ចេញ និង​ផ្សព្វផ្សាយ​តែម្តង ដល់​អ៊ីចឹង​វា​នាំ​ឱ្យ​ខូច​កិត្តិយស។ ​ចំណុច​នេះ​ហើយ​បានជា​គណៈកម្មការ​បច្ចេក​ទេស​របស់​យើង បាន​គិត និង​វិភាគ​ច្បាស់​លាស់​ថា យើងមិនមែន​យក​គាត់មក​ប្រកួត តែបែរ​ជា​យក​គាត់​មក​ឱ្យ​ខូច​កិត្តិយសទៅវិញ»។

ជាមួយគ្នានេះ អ្នក​​ប្រដាល់​​​ប្រេស៊ីលមានសញ្ជាតិខ្មែរ Thiago Teixeira មានឈ្មោះ​ខ្មែរ​ថា សែន ច័ន្ទឫទ្ធីគុន បានដាក់​ចិត្ត​ខ្លាំង ក្នុងការ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា ជា​លើកដំបូង ក្នុងការ​ប្រកួត2nd Asian Mixed Martial Arts Championship 2024 ​ហៅកាត់​ថា 2nd AMMA Championship 2024 នេះ។

កីឡាករ សែន ច័ន្ទឫទ្ធីគុន ដែល​ធ្លាប់ហ្វឹក​ហាត់ទាំងជំនាញ MMA និង​ប្រភេទ​កីឡា​ជឺជីស៊ូ​ផង​នោះ បាន​ក្លាយជា​បេក្ខភាព​ដ៏​សំខាន់មួយ នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កីឡា MMA កម្ពុជា នា​ពេលនេះ ព្រោះ​ក្រៅពី​ហ្វឹក​ហាត់​ខ្លួនឯង គឺ ច័ន្ទឫទ្ធីសែន ក៏បាន​ចែក​រំលែក​បទ​ពិសោធន៍ និង​បច្ចេក​ទេស​ប្រកួត MMA ទៅ​ដល់​កីឡាករ កីឡាការិនី​កម្ពុជា​ផ្សេង​ទៀត​ផងដែរ។

សែន ច័ន្ទឫទ្ធីគុន បាន​និយាយ​ក្រោយ​​សន្និសីទ​កាសែត កាលពី​ថ្ងៃទី​១២ ខែមិថុនា​ថា៖​«ខ្ញុំមាន​អារម្មណ៍ពិសេស​​បំផុត ដែល​បាន​ប្រកួត​តំណាង​ឱ្យ​កម្ពុជា​ ជាលើកដំបូង​នេះ។ ​ខ្ញុំ​បានចែក​រំលែក​ទាំង​បទពិសោធន៍​ដែល​ខ្ញុំ​មាន​ទៅ​ដល់​អត្តពលិកកម្ពុជា​ផ្សេង​ទៀត ហើយ​ខ្ញុំ​ខ្លួនឯង​ក៏បាន​ប្រឹ​ងប្រែង​ពង្រឹង​សមត្ថភាព​​បន្ថែម គឺ​ពួក​យើង​បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ខ្លាំង​ជា​ប្រចាំ​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​មាន​ភាព​ប្រសើរជា​ក្រុម​តែម្តង សម្រាប់ត្រៀម​ការប្រកួត​ AMMA Championship ជា​លើកដំបូង​នៅ​​​កម្ពុជា​នេះ»។

ជាមួយការ​ខិតខំប្រឹង​នេះ សែន ច័ន្ទឫទ្ធីគុន មានការ​ជឿជាក់​ខ្លាំង ក្នុងការដណ្តើម​យក​មេដាយ ដោយគេ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មានការជឿជាក់ខ្លាំង​លើ​ខ្លួនឯង ហើយ​ការ​កំណត់​គោល​ដៅ​របស់​ខ្ញុំក៏​ខ្លាំង ដែលវានឹង​ក្លាយជា​កម្លាំង​ដ៏​អស្ចារ្យ ក្នុងការ​ឈានទៅ​រក​ការ​ដណ្តើម​បានមេដាយ​មាស។ តែទោះយ៉ាង​ណា ខ្ញុំ​មាន​ចង់និយាយ​ទៅកាន់ប្រជាជនកម្ពុជា​ថា ​តែឯង​អាច​ទៅ​មុខ​បានហើយ ប៉ុន្តែ​បើ​យើង​រួមគ្នា វាទៅមុខ​​កាន់តែ​លឿន ហេតុ​នេះ​សូមអ្នក​ទាំង​អស់​គ្នា មក​គាំ​ទ្រ​ដល់​ក្រុមជម្រើសជាតិ MMA របស់​យើងឱ្យ​បាន​ច្រើន ​ក្នុងការ​ប្រកួត AMMA Championship ខាង​មុខ​នេះ​»។ 

តាម​ខ្លឹមសារ ដែល​ត្រូវ​បានប្រកាស ក្នុងស​ន្និសីទកាសែត នៅ​ទី​ស្នាក់ការ​ NOCC កាលពី​ថ្ងៃពុធ​នោះ បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡាយុទ្ធគុនចម្រុះជើងឯក​អាស៊ី ឆ្នាំ​២០២៤​នេះ នឹង​ធ្វើ​នៅក្នុង​វិមានពហុកីឡដ្ឋានជាតិ​អូឡាំពិក ពីថ្ងៃទី​១១ ដល់​ទី​១៣ ខែកក្កដា ដោយ​មាន​ប្រទេស​ចំនួន១៧​​ចូល​រួម ហើយ​កម្ពុជា ជា​ម្ចាស់​ផ្ទះ​បានត្រៀម​កីឡាករ កីឡាការិនី​ចំនួន​១៦​នាក់​ សម្រាប់​ការ​ប្រជែង​យក​មេដាយកម្រិត​អាស៊ី​មួយនេះ។

អ្នក​លេង​គុនចម្រុះ ចាន់ រតនា កីឡាករ ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហ៊ាន, មាស ម៉ើ, សែន ច័ន្ទឫទ្ធីគុន, ហ៊ុន ចាន់រាជ, ធាន អាន, អេ វីរៈខាំឈិតភូថង, ហាន ហ៊ីម, ផេង សុខបញ្ញាកីឡាការិនី ខៀវ ចិន្តារ័ត្ន, នៅ ស្រីពៅ, វឿន វ៉ាន់នីតា, សំ ថារ័ត្ន និង​កីឡាការិនី ទួន ស្រីពីន គឺ​ជា​បេក្ខភាព ដែល​ត្រូវ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា ហើយអ្នកទាំងនេះ​ភាគ​ច្រើនជា​អត្តពលិក​ធ្លាប់​មាន​បទពិសោធន៍​ប្រកួត MMA គឺ​លើកលែង​តែ​កីឡាការិនី ទួន ស្រីពីន, វឿន វ៉ាន់នីតា និង​កីឡាករ ផេង សុខបញ្ញា ជាអ្នក​ចំណូល​ថ្មី។

ជាមួយ​គ្នា លោក វ៉ាត់​ ចំរើន ដែលជារដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា​ផង​នោះ បានឱ្យ​ដឹង​ថា ​កម្ពុជា​យើង​បាន​សម្រេច​ធ្វើ​ជាម្ចាស់​ផ្ទះការ​ប្រកួត AMMA Championship ​នេះ ក្រោមការ​គាំ​ទ្រ​ពេញ​ទំហឹងពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយលោក​បាន​បង្ហើប​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹង​ចូលរួម​នៅ​ក្នុងពិធីបើកការ​ប្រកួត​នេះ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៤។

ចំពោះ​ការចំណាយទៅលើការ​រៀបចំ​ការ​ប្រកួត​ AMMA Championship 2024 នេះ​វិញ លោក វ៉ាត់ ចំរើន បាន​ទម្លាយ​ថា អស់ជាង​៣០ម៉ឺនដុល្លារ ប៉ុន្តែក្នុង​នោះ​សមាគម​កីឡាយុទ្ធគុនចម្រុះ​អាស៊ី ឬ Asian Mixed Martial Arts Association (AMMA) បានជួយឧបត្ថម្ភ​ជាង​៩០ភាគ​រយ​ហើយ។

ចំណែក​ការ​ចំណាយ​ប្រមាណ​១០​ភាគ​រយ​ទៀត គឺ​ម្ចាស់​ផ្ទះ​កម្ពុជា ជាអ្នក​ស្វែង​រក​ការឧបត្ថម្ភ​ពី​ខាង​ក្រៅ ដើម្បី​បន្ថែម​ទៅលើ​ថវិកា ដែល​នឹង​ទទួល​បានពី​​ការ​លក់សំបុត្រពី​​ការ​​ប្រកួត នេះ ហើយ​​ក្រុមហ៊ុន VIP Sports ដែល​មាន​លោក Steven Path​ ជានាយក​ប្រតិបត្តិ គឺ​ជាអ្នក​រ៉ាប់រង​ទៅលើការ​ងារ​​នេះ។ តាមការបញ្ជាក់ គឺ​​សំបុត្រ​​​កន្លែង VIP ១សន្លឹក​តម្លៃ​៦ម៉ឺន​រៀល និង​កន្លែងធម្មតា​នៅ​ផ្នែក​ខាង​លើ​​១​សន្លឹក​តម្លៃ​២ម៉ឺន​រៀល ហើយនៅក្នុង​វិមានពហុកីឡដ្ឋានជាតិ ក៏មានការដាក់​ឱ្យ​មានម៉ាស៊ីន​ត្រជាក់ សម្រាប់​អ្នក​ទស្សនា​ផ្ទាល់ជា​លើក​ទី​១​ផងដែរ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់​ថា៖ ​«យើង​​ធ្វើដោយមានគោលការណ៍ច្បាស់លាស់ និងមានការទទួលខុសត្រូវ​ ចំពោះអនាគតនៃក្បាច់គុនព្រលឹងជាតិ និង​ក្បាច់គុនអត្តសញ្ញាណ​ជាតិ​របស់​ខ្លួន ហើយ​​ការ​ប្រកួត AMMA Championship 2024នេះ ចាត់ទុកថា ជាការប្រកួត ដើម្បី​ធ្វើទំនើបកម្ម​ក្បាច់​គុន គឺ​ធ្វើយ៉ាងណាឱ្យ​ក្បាច់គុនខ្មែររបស់យើង​កាន់តែចូលរួមជាមួយសភាពការ ឬភាពជឿនលឿន នៃការប្រកួតក្បាច់គុននៅ​លើពិភពលោក អ៊ីចឹង​គោលដៅគឺ​លើកតម្កើងក្បាច់គុនរបស់យើង»៕