ស្ថានទូត​សាធារណ​រដ្ឋ​កូរ៉េប្រចាំ​កម្ពុជា បាន​រៀប​ចំ​ការ​ប្រកួត​កីឡា​តេក្វាន់ដូ ពាន​រង្វាន់​ឯកអគ្គរដ្ឋទូត​ឆ្នាំ​ ២០២៤ ដែល​ប្រព្រឹត្ត​ឡើង​នៅ​មជ្ឈមណ្ឌល​តេក្វាន់ដូ​ ប៊ូយ៉ុង-ខ្មែរ​ ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ថ្ងៃទី១៣ ខែ​មិថុនា។

ការប្រកួត​កីឡា​តេក្វាន់ដូ​នេះ​ធ្វើ​ឡើង​ក្នុង ៦ វិញ្ញាសា​មេគុន​ និង ២១ វិញ្ញាសា​ប្រយុទ្ធ ដោយ​មាន​​អត្ត​ពលិក​សរុប​ចំនួន ​២៩៦​បាន​ចូល​រួម។ នេះបើ​តាម​ស្ថានទូត​សាធារណ​រដ្ឋ​កូរ៉េប្រចាំ​​​​​កម្ពុជា។

លោក​ Park Jung-Wook ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា បាន​​ថ្លែង​ថា ទំនាក់​ទំនង​សហ​ប្រតិបត្តិការ​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​ ដោយ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ទី១​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​កាន់​សាធរណរដ្ឋ​កូរ៉េ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ទទួល​បាន​ជោគជ័យ។


លោក​បន្ត​ថា៖ «ប្រទេស​ទាំងពីរ​ត្រូវ​បាន​ដំឡើង​កម្រិត​ទំនាក់​ទំនង​ទៅជា  «ភាព​ជា​ដៃ​គូយុទ្ធសាស្ត្រ» ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​ឱ្យ​កាន់​តែ​ជិត​ស្និត ​ជាពិសេស​ តេក្វាន់ដូ គឺ​ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ពេញ​និយម​មួយ​ដែល​តភ្ជាប់​ប្រទេស​ទាំង​ពីរ។សាធារណរដ្ឋ​កូរ៉េ​នឹង​បន្តគាំទ្រ​ដល់​ការ​ពង្រីក​មូលដ្ឋាន​កីឡា​តេក្វាន់ដូ​នៅ​កម្ពុជា»។

លោក​ឯកអគ្គរដ្ឋទូត​ Park សង្ឃឹម​ថា ​កីឡាករ និង​កីឡាការិនី​ដែល​បាន​ចូល​រួម​ការ​ប្រកួត​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​កីឡាតេក្វាន់ដូ​ និង​រីក​ចម្រើន​ក្លាយ​ជា​អត្តពលិក​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​នា​ពេល​អនាគត។


ស្ថានទូត​សាធារណ​រដ្ឋ​កូរ៉េ បាន​បញ្ជាក់ថា ជ័យលាភី​ទាំង ១០៨ នាក់​ក្នុង​ការ​ប្រកួត​នេះ​ ទទួល​បានមេដាយ​​ ប័ណ្ណសរសើរ ហើយ​ជ័យ​លាភី​ដែលបាន​ពិន្ទុ​ល្អ ទទួល​បាន​មេដាយ​​ ប័ណ្ណសរសើរ រួមជាមួយ​រង្វាន់ ​Galaxy ស្មាតហ្វូន ​និង​ Galaxy Fits ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Samsung Electronics៕