សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ដែលទើបបង្កើតឱ្យមានឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាប់ផ្តើមបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួន ចេញទៅប្រកួតនៅក្រៅប្រទេសជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាបញ្ចស៊ីឡាត់អន្ដរជាតិ លើកទី២ ឆ្នាំ២០២៤ (2nd International Indonesia Pencak Silat Open Championship) ដែលធ្វើនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ក្រោមការដឹកនាំរបស់លោក សេង ធារិន ដែលជាប្រធាន គឺសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបញ្ជូនប្រតិភូគ្រូបង្វឹក និងកីឡាករ កីឡាការិនីចំនួន ២២នាក់ឱ្យទៅចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់អន្ដរជាតិ នៅប្រទេសឥណ្ឌូនេស៊ី លើកនេះ ដោយពួកគេ បានចាកចេញពីមាតុប្រទេស កាលពីថ្ងៃទី១០ ខែកក្កដា ចំណែកការប្រកួត នឹងចាប់ផ្តើមពី១២-១៦ ខែកក្កដា។
ថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មាន និងជូនដំណើរប្រតិភូកីឡានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ច្រក VIP លោក សេង សារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគ៥ និងប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតកីឡា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃពុធនោះថា ការចេញទៅប្រកួតអន្តរជាតិ នៅឥណ្ឌូនេស៊ីនេះ សហព័ន្ធបានរ៉ាប់រងការចំណាយដោយខ្លួនឯង ក្នុងទិសដៅមួយចង់ពង្រឹងដល់បទពិសោធន៍របស់ក្រុមអត្តពលិក នៅលើឆាកអន្តរជាតិ ដើម្បីសម្រួចទៅកាន់ការប្រកួតធំៗចំនួន២ក្នុងឆ្នាំនេះ ព្រមទាំងឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥។
លោកបញ្ជាក់ថា៖ «នេះជាឱកាសយើងត្រូវឱ្យកីឡាករ កីឡាការិនី និងគ្រូបង្វឹករបស់យើង ទទួលបានបទពិសោធន៍បន្ថែមក្នុងការប្រកួតនេះ ដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេសរបស់ពួកគាត់ ឈានទៅសម្រចគោលដៅ និងចក្ខុវិស័យ សម្រាប់ត្រៀមចូលរួមការប្រកួត Asian Martial Arts and Indoor Games លើកទី៦ ថ្ងៃទី២២-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅថៃ និងការប្រកួតកម្រិតពិភពលោក នៅអេមីរ៉េតអារ៉ាប់រួម ចាប់ពីថ្ងៃទី១៨-២២ ខែធ្នូ ឆ្នាំ២០២៤។ អ្វីដែលសំខាន់ គឺយើងប្រុងប្រៀបខ្លួន ដើម្បីចូលរួមការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ»។
សម្រាប់ការប្រកួតកីឡាបញ្ចស៊ីឡាត់អន្ដរជាតិ ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ីនេះ មានអត្តពលិក ៧ប្រទេសចូលរួមប្រកួត រួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី កម្ពុជា សហរដ្ឋអាមេរិក សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ និងថៃ ហើយនៅក្នុងចំណោមប្រទេសទាំងនេះ គឺក្រុមអត្តពលិកបញ្ចស៊ីឡាត់កម្ពុជា មានបទពិសោធន៍ប្រកួតខ្ចីជាងគេ។
យ៉ាងណាក៏ដោយ ក្រុមកីឡាករ កីឡាការិនីបញ្ចស៊ីឡាត់កម្ពុជា ក៏ទើបបានរួមគ្នាបង្កើតបាននូវលទ្ធផលដ៏ត្រចះត្រចង់ ចំពោះការចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសរបស់ខ្លួន កាលពីខែឧសភាផងដែរ ដោយពួកគេ ដណ្តើមបានមេដាយមាស២ និងសំរឹទ្ធ ១០។
ជាមួយលទ្ធផលដ៏ល្អនេះ វានៅតែធ្វើឱ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានដាក់ក្តីសង្ឃឹមទៅលើអត្តពលិករបស់ខ្លួន ក្នុងការដណ្តើមបាននូវមេដាយកម្រិតណាមួយ ពីការប្រកួតអន្តរជាតិនៅក្រៅប្រទេសជាលើកដំបូងនេះ។
បន្ថែមលើនេះ លោក សេង សារិន បានអះអាងថា នៅឆ្នាំ២០២៤នេះ កីឡាករ កីឡាការិនីបញ្ចស៊ីឡាត់កម្ពុជា មានការរីកចម្រើនទាំងកម្រិតបច្ចេកទេស និងស្មារតី បើប្រៀបធៀបទៅនិងស៊ីហ្គេម កាលពីឆ្នាំ ២០២៣។
លោកបានទទួលស្គាល់ថា បច្ចុប្បន្នការសាយភាពផ្នែកវិស័យកីឡា បញ្ចស៊ីឡាត់ គឺមិនទាន់ជាផុសផុលប៉ុន្មានទេ ប៉ុន្តែសហព័ន្ធកំពុងតែរៀបចំឱ្យមានការបណ្ដុះស្មារតីដល់ក្មេងៗមិន ថានៅតាមខេត្ត ឬក្នុងក្រុងឡើយ ដើម្បីបន្តការអភិវឌ្ឍជំនាញកីឡាមួយនេះកាន់តែរីកចម្រើនបន្ថែមទៀត។
លោក សេង សារិន បានបន្ថែមថា ៖«យើងដឹងថា កម្រិតរបស់យើងនៅក្មេងខ្ចីណាស់ បើនិយាយពីបទពិសោធលើឆាកអន្តរជាតិ ខណៈដែលប្រទេសផ្សេងៗគេសុទ្ធតែជាចាស់ទុំអស់ទៅហើយ។ តែទោះបីជាយ៉ាងណា យើងក៏មានទិសដៅទៅចង់បានលទ្ធផលល្អមួយពីការប្រកួតអន្តរជាតិនេះពេលត្រឡប់មកកាន់ប្រទេសវិញ»។
មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគ៥រូបនេះ បានបន្ថែមទៀតថា៖ «យើងគិតថា យើងចង់បានមេដាយ បើទោះជាកម្រិតណាក៏ដោយ គ្រាន់តែយើងមិនអាចនិយាយបានថា មេដាយកម្រិតណាដែលយើងអាចទទួលបាន»។
គួរបញ្ជាក់ថា ប្រតិភូកីឡាបញ្ចស៊ីឡាត់កម្ពុជា ដែលបានទៅចូលរួមប្រកួតអន្តរជាតិ នៅប្រទេសឥណ្ឌូនេស៊ី លើកនេះ ដឹកនាំដោយលោក Andy Steven អនុប្រធានសហព័ន្ធទទួលបន្ទុកប្រធានប្រតិភូដឹកនាំ, លោក អ៊ួ តារា អគ្គលេខាធិការ ជាសមាជិក រួមជាមួយនឹងសមាជិក ៤ នាក់ផ្សេងទៀត រីឯលោក អ៊ុង ដារិទ្ធ ជាគ្រូបង្វឹកជម្រើសជាតិ និង លោក វី តារ៉ា ជាគ្រូជំនួយជម្រើសជាតិ ចំណែកកីឡាករមាន ១០នាក់ និង កីឡាការិនី ៤នាក់៕