លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្ដួចផ្ដើម និងផ្ដល់គោលការណ៍អនុញ្ញាតឱ្យរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ជារៀងរាល់ឆ្នាំ ដោយចាប់អនុវត្តពីខែតុលា ឆ្នាំ២០២៤ តទៅ ហើយការប្រកួតនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងការប្រកួតកីឡាយុទ្ធចម្រុះជើងឯកអាស៊ី (AMMA) ដែរ ប៉ុន្តែជារបស់ខ្មែរ ដែលមានការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់។
ការអនុញ្ញាតជាគោលការណ៍ ឱ្យរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ជារៀងរាល់ឆ្នាំនេះ គឺលោក ហ៊ុន ម៉ាណែត បានប្រកាសក្នុងពិធីបើកការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (AMMA Championship) ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ កាលពីព្រលប់ថ្ងៃទី១១ ខែកក្កដា ហើយលោកចាត់ទុកព្រឹត្តិការណ៍នេះ ជាការបើកទ្វារជំហរសម្រាប់អ្នកហាត់គុនថ្មី ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ដែលអាចចូលរួមប្រកួតបាន។
ជាមួយគ្នានេះ កម្ពុជា ក៏ធ្លាប់មានឱកាសចូលរួមប្រកួតយុទ្ធគុនចម្រុះអន្ដរជាតិជាច្រើនលើក ក្នុងនាមកីឡាករយុទ្ធគុនខ្មែរ កីឡាករគុនល្បុក្កតោ ចំបាប់ ការ៉ាតេ និងយូដូ ជាដើម។ ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បានអះអាងថា ខ្មែរនៅមានក្បាច់គុនចម្រុះច្រើនទៀត ហើយនេះជាអ្វីដែលលោកត្រូវតែរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ដើម្បីបង្ហាញកូនខ្មែរជំនាន់ក្រោយ និងបរទេសឃើញពីភាពសម្បូរបែបរបស់ក្បាច់គុនខ្មែរ។
លោក ម៉ា ណែត បានថ្លែងថា៖ «នៅមានយុទ្ធគុនបុរាណខ្មែរដ៏សម្បូរបែប ច្រើនប្រភេទ ច្រើនទម្រង់ និងច្រើនមេគុន ហើយខ្ញុំបានផ្ដើម និងផ្ដល់ជាគោលការណ៍ឱ្យរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០២៤ នេះតទៅ ដើម្បីបើកជំហរទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន គ្រប់ទិសទី អាចចូលរួមប្រកួតទាំងមហាជន ទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ»។
ប្រមុខដឹកនាំប្រទេសកម្ពុជារូបនេះ បានបន្ថែមថា៖ «ពោលគឺសញ្ជាតិខ្មែរ និងបរទេសអាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា ហើយក្នុងនោះខ្ញុំក៏បានណែនាំឱ្យរៀបចំក្រុមជំនុំជម្រះចងក្រង ស្រាវជ្រាវយុទ្ធគុនខ្មែរបុរាណ»។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវដល់កីឡាករកីឡាការិនីយើង ដែលកំពុងប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ AMMA Championship 2024 ព្រមទាំងយុវជន និងបងប្អូនចូលទស្សនា អ្នកដែលចេះក្បាច់គុនបុរាណខ្មែរ ទាំងប្រជាពលរដ្ឋ ដែលទស្សនាតាមកញ្ចក់ទូរទស្សន៍ សូមត្រៀមខ្លួន ដើម្បីចូលរួម និងស្វាគមន៍ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ នាឆ្នាំ២០២៤នេះ។
លោកបានបញ្ជាក់ថា៖ «យើងនឹងមានរៀបចំការប្រកួត (កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ) ស្រដៀង AMMA ដែរ ប៉ុន្ដែរបស់ខ្មែរ គឺប្រកួតតែក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់ ល្បុក្កតោ យុទ្ធគុនខម ខ្លាក្រាប ស្រងែពេន គុនដំបង ជាដើម គឺអាចដាក់ពាក្យចូលប្រកួតទាំងអស់ ទាំងកងយោធពលខេមរភូមិន្ទ សូមចូលរួមប្រកួតឲ្យបានច្រើនកុះករ ហើយបងប្អូនបរទេសក៏ស្វាគមន៍ តែត្រូវចេះក្បាច់គុនខ្មែរ»។
ទន្ទឹមនឹងនេះលោក ហ៊ុន ម៉ាណែត បានទទូចឱ្យជនបរទេសចូលហ្វឹកហាត់ក្បាច់គុនខ្មែរណាមួយ ចាប់ពីពេលនេះទៀត ដើម្បីបានចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ ខែតុលា ឆ្នាំ២០២៤នេះ ព្រោះនេះជាការប្រកួតចម្រុះនូវក្បាច់គុនបុរាណខ្មែរច្រើនប្រភេទ ក្នុងពេលតែមួយ គឺមិនមែនរៀបចំដាច់ដោយឡែកដូចកន្លងមកនោះទេ។
លោកបានសង្កត់ធ្ងន់ថា៖ «ការរៀបចំក្បាច់គុនចម្រុះកន្លងទៅ គឺបើគុនខ្មែរ តែគុនខ្មែរទៅ ល្បុក្កតោក៏ល្បុក្កតោទៅ ប៉ុន្តែឥឡូវយើងរៀបស្រដៀង MMA ដែរ តែយើងយកក្បាច់គុនចម្រុះរបស់យើង ដើម្បីជាឱកាសឱ្យក្បាច់គុនយើង និងអ្នកចេះក្បាច់គុនគ្រប់ទម្រង់ទាំងអស់ មានឱកាសមកសម្តែង មកប្រកួតក្នុងពេលតែមួយ ឱ្យបង្ហាញដល់កូនខ្មែរ និងអន្តរជាតិដឹងថា យើងមានក្បាច់គុនច្រើនណាស់ មិនមែនមានតែ២, ៣នោះទេ។ យើងផ្តល់ឱកាសឱ្យមានការស្រាវជ្រាវឡើងវិញ បង្ហាញឡើងវិញ ហើយនេះជាឱកាសធំសម្រាប់កូនខ្មែរ»។
ដោយឡែក សម្រាប់ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកំពុងធ្វើនៅវិមានពហុកីឡដ្ឋានជាតិនេះ មានប្រតិភូ និងអត្តពលិក ២៣៣នាក់ មកពី ១៨ប្រទេសចូលរួម រួមមានកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី ថៃ ហ្វីលីពីន សិង្ហបុរី ចិនហុងកុង ចិនតៃប៉ិ ចិនម៉ាកាវ ចិន បារ៉ែន និងអារ៉ាប៊ីសាអ៊ូឌី។
ជាមួយគ្នានេះ លោក ម៉ាណែត បានអះអាងថា ក្រោមដំបូលនៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច គឺរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំង ពូកែ ក្នុងការប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ ខណៈដែលវិស័យកីឡា ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង បានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅកម្ពុជា និង សកលលោក។
លោកមានប្រសាសន៍ថា៖ «វិស័យកីឡាទទួលបាននូវការចាប់អារម្មណ៍ និង គាំទ្រកាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។ ក្នុងន័យនេះ ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែជាងនេះទៀត ព្រឹត្តិការណ៍ប្រកួតកីឡា គឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និង កេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និង មិត្តភាព រវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួម»៕