ការ​ឈ្លោះ​គ្នា​ដោយ​ការ​ប្រើ​ពាក្យ​ជេរ​ប្រទេច​រវាង​ក្រុម​គ្រួសារ​លោក​ អេ ភូថង និង​លោក​អាជ្ញាកណ្តល ជ្រា សុភាព ជុំវិញ​ការ​មិនពេញ​ចិត្ត​ទៅលើ​កាត់សេចក្តី​ក្នុង​ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត​រវាង​កីឡាករ ម៉ឺន មេឃា និង ចាន់ ប៊ុនហឿន នៅលើ​សង្វៀន PNN បាន​ក្លាយជារូប​ភាព​ដ៏​អាក្រក់ ដែលបាន​ជះឥទ្ធិពល​មិន​​ល្អទាល់តែ​សោះ​ដល់​វិស័យ​កីឡា​គុនខ្មែរ ប៉ុន្តែ​​​រឿងរ៉ាវទាំងអស់នេះ បានបញ្ចប់ត្រឹមពាក្យ«សូមទោស»។


តាម​រយៈការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ កាលពី​ថ្ងៃអាទិត្យ កន្លងមក​នេះ កីឡាករ​ជា​កូន​បង្កើត​របស់លោក​គ្រូ អេ ភូថង ឈ្មោះ ម៉ឺន មេឃា បានដាក់​ខ្សែ​ក្រវាត់ប្រភេទទម្ងន់ ៦៣,៥​គីឡូក្រាម​​របស់​ខ្លួន​ឱ្យ​អ្នក​ប្រដាល់ ចាន់ ប៊ុនហឿន ឡើង​វ៉ៃ​ដណ្តើម ហើយជំនួប​នេះ បាន​ឡើង​កម្តៅ​តាំងពី​មុន​ការ​ប្រកួត​ចាប់​ផ្តើម ខណៈអ្នក​គាំ​ទ្រ​ភាគ​ច្រើន បាន​ប្រើ​សារស័ព្ទ​បែប​មិន​ឱ្យ​តម្លៃ​ដល់ ចាន់ ប៊ុនហឿន ថា​ មាន​សមត្ថភាព​មិនអាច​ប្រកួតជាមួយ ម៉ឺន មេឃា បាន​នោះ។

ចំពោះ​ស្ថាន​ប្រកួត​ជាក់​ស្តែង​វិញ ចាន់ ប៊ុនហឿន ត្រូវ​បាន ម៉ឺន មេឃា ម៉ាត់ និងទាត់​ឱ្យមាន​របួស​ជើងក្រោម ហើយ​ត្រូវ​បាន​អាជ្ញាកណ្តាល​លោក ជ្រា សុភាព រាប់​ចំនួន​២​លើក នៅ​ក្នុង​ទឹក​ទី​២ ហើយ​សឹង​តែ​បោះបង់​ការ​ប្រកួត ក្រោម​ការ​វាយ​សង្រ្គប់​កាន់​តែ​ខ្លាំង​របស់ ម៉ឺន មេឃា នៅ​ចុង​ទឹក​ទៅ​ហើយ។


ប៉ុន្តែ​ស្ថាន​ភាព​ត្រដាប​ត្រដួស​របស់ ចាន់ ប៊ុនហឿន បាន​ប្រែ​ប្រួល នៅ​ពេល​រូបគេ​អាច​គ្រប់​គ្រង​ស្ថាន​ភាព​ប្រកួត​បាន​ល្អ​វិញ នៅ​ក្នុង​ទឹក​ទី​៣ ហើយ​អ្វី​ដែល​គ្មាន​អ្នក​ណា​គិត​ដល់​នោះ គឺ ប៊ុនហឿន បាន​ទាត់​ឆ្វេង​ចូល​ថ្គាម​ ម៉ឺន មេឃា ពេញ​​ទំហឹង បណ្តាល​ឱ្យ មេឃា ដួល​ទាំងជំហរ ហើយ​ត្រូវ​បាន​លោកអាជ្ញាកណ្តាល​រាប់ភ្លាមៗ។


នៅ​ក្នុង​អំឡុង​លោកអាជ្ញា​កណ្តាល ជ្រា សុភាព កំពុង​រាប់នោះ ម៉ឺន មេឃា ដែល​កំពុង​ បាន​ខំប្រឹង​ស្រវេស្រវ៉ាក្រោក​ឡើង​ទាំង​ស្ថាន​ភាពវង្វេងវង្វាន់ ហើយ​នៅពេល​លោកអាជ្ញាកណ្តាល​រាប់​ដល់​៨​នោះ មេឃា បាន​ងក់​ក្បាល ដើម្បី​បញ្ជាក់​ថា រូបគេអាចបន្ត​ប្រកួត​ទៀត​បាន ប៉ុន្តែលោក ជ្រា សុភាព បាន​សម្រេច​បញ្ឈប់​តែ​ម្តង ដោយ​សម្អាង​ថា​ ម៉ឺន មេឃា នៅ​បាត់​បង់​ស្មារតី​នៅ​ឡើយ។


ភ្លាមៗ​បន្ទាប់ពីការ​បញ្ឈប់​នោះ ម៉ឺន មេឃា និង​ អេ អាំម៉ារីន ដែលជា​ប្អូន​ប្រុស និង​ជា​អ្នក​ឱ្យ​ទឹក បាន​ស្រែក​តវ៉ា​ទាំង​ច្រឡោតទៅ​កាន់​លោក​អាជ្ញាកណ្តាល ចំណែក​អ្នក​ស្រី សាំង សុម៉ាលី ដែល​ជា​ម្តាយ រួមទាំង​លោក អេ ភូថង ជាឪពុក និង​អ្នក​គាំ​ទ្រ ម៉ឺន មេឃា មួយ​ចំនួន​ទៀត ក៏បានស្រែក​តវ៉ាដោយកំហឹងចំពោះ​ការ​កាត់​សេចក្តី​នេះ ដែល​បង្ក​ឱ្យមាន​ភាពចលាចល​​ពេញ​សង្វៀន​ប្រដាល់​តែម្តង។

ជាមួយ​ការ​ស្រែកតវ៉ាដោយ​គ្មាន​សណ្តាប់​ធ្នាប់​នេះ ​លោក ម៉ិល កាដូ អនុ​ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដែលជា​គណៈ​អធិបតី​ក្នុងការ​ប្រកួត​នោះ បាន​ចេញ​មកប្រកាស​អន្តរាគមន៍ ចំណែក​លោក ម៉ា ស៊ីថេត អ្នក​គ្រប់​គ្រងសង្វៀន​ប្រដាល់ PNN ក៏​បាន​មក​សម្រុះសម្រួល​ជាមួយ​ក្រុម​គ្រួសារ​លោក អេ ភូថង ផងដែរ ប៉ុន្តែនៅ​មិន​អាច​បញ្ឈប់​​សកម្មភាព​តវ៉ា​នេះ​បាន ដោយអូសបន្លាយពេល​ជាង​កន្លះម៉ោង។

យ៉ាង​ណាក៏​ដោយ ក្រោយ​ការប្រជុំពិភាក្សា​ម្តង​ហើយម្តង​ទៀត​របស់​គណៈកម្មការ​បច្ចេក​ទេស​គឺ គណៈកម្មការ​វិនិច្ឆ័យ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ នៅតែ​សម្រេចរក្សា​លទ្ធផល​ដើម ដោយ​ប្រកាស​ឱ្យ​កីឡាករ ចាន់ ប៊ុនហឿន ជា​អ្នក​ឈ្នះ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ អម​ដោយ​ប្រាក់​រង្វាន់​ចំនួន​១២​លាន​រៀល។

ជាមួយ​គ្នា​នេះ គណៈកម្មការ​បច្ចេក​ទេស​របស់​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ក៏​បាន​ស្នើ​សុំ​ទៅ​កាន់​ភាគីកីឡាករ ម៉ឺន មេឃា ឱ្យ​សរសេរលិខិត​ប្តឹង​តវ៉ា​ជា​ផ្លូវ​ការ​​ចំពោះ​ការ​មិនឯក​ភាពលើ​ការ​កាត់សេចក្តី​នេះផងដែរ ប៉ុន្តែ​ទាំង​លោក អេ ភូថង និងភរិយា មិន​ប្តឹង​នោះ​ទេ ព្រោះ​អ្នកទាំង​២​យល់​ថា ប្តឹង​ក៏​អត់​ប្រយោជន៍ ព្រោះមិនអាច​កែ​ប្រែ​អ្វី​បាន ហើយ​ត្រូវ​អស់​លុយ​ប្តឹង​ចំនួន​១លាន​រៀល​ទៀត។

លោក អេ ភូថង បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្រោយការ​ប្រកួត​ថា៖ ​«ខ្ញុំ​មានការអន់ចិត្តណាស់ (ចំពោះការ​កាត់សេចក្តី​នេះ) ប៉ុន្តែ​សួរ​ថា បើ​ដាក់​ពាក្យ​ប្តឹងខ្ញុំ​​បាន​អ្វី​មក​វិញ។ ប្តឹង​​លុះ​ត្រាតែមាន​អ្នក​រក​ភាព​យុត្តិធម៌​ឱ្យខ្ញុំ ប៉ុន្តែ​ខ្ញុំ​ដូចជាមិនជឿ»។

ចំណែក​អ្នក​ស្រី សាំង សុម៉ាលី ដែលជាភរិយា ក៏​បានប្រកាន់ជំហរ​មិន​ប្តឹង​តវ៉ា ព្រោះ​វាអត់ប្រយោជន៍ ដោយ​អះអាង​ថា អ្នកស្រី និងស្វាមី​ធ្លាប់​បាន​ប្តឹង​តវ៉ាជុំវិញ​ភាព​មិន​ប្រក្រតី​ក្នុងការ​ប្រកួត​បែប​នេះ​ច្រើន​លើក​ដែរ​ហើយ ប៉ុន្តែ​ចុង​ក្រោយមិនមានការ​ដោះស្រាយ​តាម​តម្លា​ភាព​អ្វី​ទេ ផ្ទុយ​ទៅវិញ​ត្រូវបាន​គេ​គាប់សង្កត់ ស្តីបន្ទោស និង​អស់លុយ​ដាក់ពាក្យ​ប្តឹងចំនួន​១លាន​រៀលទៀត។

យ៉ាង​ណា​ក៏​ដោយ ចំពោះការ​ស្រែក​តវ៉ាលើ​ករណីប្រកួត​របស់​កីឡាករ ម៉ឺន មេឃា និង ចាន់ ប៊ុនហឿន នេះ​អ្នក​ស្រី សាំង សុម៉ាលី បានបញ្ជាក់​ថា អ្នក​ស្រី និងក្រុមគ្រួសារ ត្រូវតែ​ធ្វើ​បែប​នេះ ព្រោះជារឿងមិនអាច​ទទួល​យក​បាន។ «ខ្ញុំ​ជា​ប្រជារាស្រ្ត​ខ្មែរ​ធម្ម​តា អ៊ីចឹង​ខ្ញុំ​ត្រូវតែ​តវ៉ា​ហើយ ហើយបើ​សិនគាត់ (ថ្នាក់ដឹកនាំ​សហព័ន្ធ)​​មិនពេញ​ចិត្តពួក​ខ្ញុំ បញ្ឈប់ក្លិប​គុនខ្មែររបស់​ខ្ញុំ​ទាំង​អស់​ទៅ!»។

ជាមួយគ្នា​នេះ អ្នកស្រី សាំង សុម៉ាលី ក៏បានប្រកាស​មិនឱ្យ​កីឡាករ​របស់​ខ្លួន​ឡើង​ប្រកួតនៅ​លើ​សង្វៀន PNN ទៀត ហើយ​ក៏​មិន​ទទួល​ឱ្យមានការ​រៀបចំ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់​ឡើង​វិញ​រវាង ម៉ឺន មេឃា និង ចាន់ ប៊ុនហឿន ផងដែរ។

អ្នកស្រី​បញ្ជាក់​ថា៖ «ចង់​ដាក់​ឱ្យ​ប្រកួត​ខ្សែ​ក្រវាត់​១០ម៉ឺន​ដុល្លារ​ក៏​អត់​ប្រកួត​ដែរ! ប្រកួត​ធ្វើ​អី បើ​គង់​ចាញ់​គេដដែលហ្នឹង ព្រោះ​គេចាំ​តែចាប់កំហុស​យើង​ហ្នឹង»។ 

ជុំវិញ​ជម្លោះ ដែល​កើត​ចេញពីការមិនពេញ​ចិត្ត​លើការ​កាត់សេចក្តី​​របស់​លោកអាជ្ញាកណ្តាល ជ្រា សុភាព នេះ​ដែរ ភាគីកីឡាករ ម៉ឺន មេឃា មិនបាន​ទទួល​យក​ប្រាក់​រង្វាន់ ចំពោះ​ការ​បាន​ត្រឹម​ជើងឯក​រង​នេះ​ទេ ចំណែក​លោក អេ ភូថង ក៏​មិនបាន​យក​ប្រាក់​រង្វាន់​ជា​គ្រូឆ្នើម និង​លុយ​ថ្លៃ​ក្លិប​ផងដែរ គឺ​គ្រួសារ​មួយនេះ សូមវេលុយ​ទាំង​អស់​ហ្នឹង​ចូលទៅ​មន្ទីពេទ្យគុន្ធបុប្ផា។ ប៉ុន្តែ​​បាន​ពឹងពាក់ដល់ស្ថានីយ PNN យកថវិកានេះប្រគល់ជូនមន្ទីគុន្ធប្ផា និង​សូមថតបង្ហោះឱ្យ​មហាជនបានឃើញផង ដើម្បីចូលរួមទាំងអស់គ្នា។

តែទោះ​យ៉ាង​ណា លោក ម៉ា ស៊ីថេត អ្នក​គ្រប់​គ្រង​សង្វៀន​ប្រដាល់​នៅ PNN បាន​បដិសេធ​លើសំណើ​នេះ។

លោក​បាន​បង្ហោះសាតបទៅ​វិញ​បែបនេះ​ថា៖ «ថវិកាទាំងអស់របស់ មេឃា​ (៨លានរៀល​+​ថវិកា​​ក្លិប​​២០ម៉ឺន​រៀល​) និងថវិការឧបត្ថម្ភលោក អេ​ ភូថង​ (១លានរៀល) គឺនៅរក្សាដដែល​ ដូចនេះបើ​សិនជា ម៉ឺន​ មេឃា ចង់​ឧបត្ថម្ភ​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ អាចអញ្ជើញ​មកបើក​ថវិកាដោយ​ផ្ទាល់​នៅស្ថា​នីយ PNN និង​យក​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដោយខ្លួនឯង​ ដោយហេតុ​ថា​ពេល​ចប់​កម្មវិធី​ភ្លាមៗ​ខាង​ប្អូន​បាន​បដិសេធ​មិន​ទទួល»​។

យ៉ាង​ណា​ក៏​ដោយ ជម្លោះ​ពាក្យ​សំដី ដែល​បាន​កើតមាន នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​រវាង​កីឡាករ ម៉ឺន មេឃា និង ចាន់ ប៊ុនហឿន កាលពី​ថ្ងៃអាទិត្យ ជាពិសេស​ការ​វាយ​ប្រហារ​យ៉ាងចាស់​ដៃ​ពី​សំណាក់​គ្រួសារ​របស់​លោក អេ ភូថង ទៅលើ​អាជ្ញាកណ្តាល​លោក ជ្រា សុភាព និង​អ្នក​ពាក់ព័ន្ធនេះ វា​បាន​វិល​មក​រក​ភាព​ស្ងប់​វិញ បន្ទាប់ពី​អ្នកស្រី សាំង សុម៉ាលី និង​កូន​ស្រី​របស់ខ្លួន បាន​បង្ហោះសារ​សូម​ទោសជាសាធារណៈ នៅថ្ងៃ​ចន្ទ​នេះ។

អ្នក​ស្រី សាំង សុម៉ាលី បាន​សរសេរ​បែបនេះ​ថា៖ «រឿង​អ្វីៗ​ដែល​កើត​ឡើង​ម្សិលមិញ នាង​ខ្ញុំ​សូម​ទោស​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ផង ដែល​​ខ្ញុំ​និង​ក្រុម​គ្រួសារ​បាន​ប្រើ​ពាក្យ​ខ្លះ​មិន​ល្អ​ដោយ​កំហឹង ហើយ​រឿង​ម្សិលមិញ​ខ្ញុំ ​និង​ក្រុម​គ្រួសារចិត្ត​​ត្រជាក់​នឹង​លែង​ខឹង​អស់​ហើយ។ ​ខ្ញុំ​សូម​ចប់​ត្រឹម​ហ្នឹង ហើយ​បង​ប្អូន​មួយ​ចំនួន​បានណែនាំ​ក្រុម​គ្រួសារ​ខ្ញុំ​ឱ្យ​ទៅ​បើក​ប្រាក់​ឧបត្ថម នឹង​យក​មក​ទិញ​សម្ភារ​ជូន​ដល់​ក្លិប​គុន​ខ្មែរ​តូច ហើយអត់ៗ ចឹង​ហើយ​ខ្ញុំ​នឹង​ធ្វើ​តាម​បង​ប្អូន»។

ចំណែក អេ យ៉ានុត ជា​កូន​ស្រី ដែល​បាន​បង្ហោះសារ​ជេរ​ប្រមាថ​ដល់​ម្តាយ​របស់​លោក​អាជ្ញា​កណ្តាល ជ្រា សុភាព នោះ​បាន​បង្ហោះ​សារ​សូម​ទោស​វិញ​បែប​នេះ​ថា៖«ខ្ញុំអន់​ចិត្ត​ចំពោះ​លោក​អាជ្ញា​កណ្តាល ហើយ​ដោយសារ​តែ​ពិបាក​ទប់​អារម្មណ៍​ទើប​ខ្ញុំប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​លោក​គ្រូ​អាជ្ញា​កណ្ដាល។ ខ្ញុំ​សុំទោស​លោកគ្រូ ហើយ​ក៏​សុំទោស​ហ្វេនៗ​ដែល​ខ្ញុំ​ប្រើ​ពាក្យ​មិន​បាន​ល្អ តែ​ខ្ញុំ​ពិត​ជា​អន់ចិត្ត​ខ្លាំង​ ចំពោះ​ការ​កាត់សេចក្តី​របស់​លោក​អាជ្ញាកណ្តាល»៕