សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ក្រោម​ការ​ដឹកនាំ​របស់​លោក ខូវ ឆាយ បាន​ចេញ​សេចក្តី​សម្រេច​ជា​ថ្មី ក្នុង​ការ​បន្ធូរ​បន្ថយ​ចំពោះ​ការ​ដាក់​ពិន័យ​ទៅ​លើ​លោកគ្រូ អេ ភូថង រួមទាំ​ង​ភរិយា​អ្នក​ស្រី សាំង សុម៉ាលី និង​កីឡាការិនី អេ យ៉ានុត ដែល​ជា​កូន​ស្រី ហើយ​សេចក្តី​ប្រកាស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​តែ​ម្តង។


កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា កន្លង​មក​នេះ លោក អេ ភូថង  រួមទាំង​អ្នក​ស្រី សាំង សុម៉ាលី និង​កីឡាការិនី អេ យ៉ានុត ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដាក់​វិន័យ (ពិន័យ) មិន​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ​រយៈពេល​ ៦ខែ​ដូចគ្នា បន្ទាប់ពី​អ្នក​ទាំង​ ៣ នេះ បាន​ប្រតិកម្ម​ដោយ​កំហឹង​ទៅ​លើ​អាជ្ញាកណ្តាល ជ្រា សុភាព ដែល​បាន​បញ្ឈប់​កីឡាករ ម៉ឺន មេឃា ក្នុង​ទឹក​ទី​៤ សម្រាប់​ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ពីការ​ដណ្តើម​របស់​កីឡាករ ចាន់ ប៊ុនហឿន នៅ​លើ​សង្វៀន​ប្រដាល់ PNN កាល​ពី​ថ្ងៃទី​២២ ខែ​កក្កដា។

តែទោះបីជា​យ៉ាង​ណា យោង​តាម​សេចក្តី​សម្រេច​ជា​ថ្មី នៅ​ថ្ងៃពុធ​នេះ ក្រុម​គ្រួសារ​លោក អេ ភូថង ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បន្ធូរ​បន្ថយ​ការ​ដាក់​ពិន័យ​នេះ ទៅ​តាម​ស្ថាន​កំហុស​ជាក់​ស្តែង​ខុសៗ​ពី​គ្នា។


យោង​តាម​សេចក្តី​សម្រេច​ជា​ថ្មី​នេះ បាន​បញ្ជាក់​ថា លោក អេ ភូថង ត្រូវ​បាន​បន្ធូរបន្ថយ​ការ​ពិន័យ​ពី​រយៈពេល​ ៦​ខែ មក​នៅ​ត្រឹម​រយៈពេល​ ៣ខែ ដោយ​ត្រូវ​អនុវត្ត​វិន័យ​ចំនួន​ ៤​សប្តាហ៍ ចំណែក​វិន័យ​ដែល​នៅ​សល់​ត្រូវ​បាន​ព្យួរ។


តាម​ការ​សម្រេច​នេះ បាន​ន័យ​ថា លោក អេ ភូថង ដែល​ជា​គ្រូ​បង្វឹក ត្រូវ​បាន​ជាប់ពិន័យ​មិន​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ​ត្រឹម​រយៈ​ពេល១ខែ​ទេ (៤សប្តាហ៍) ដោយចាប់គិត​ពី​ថ្ងៃទី​ ៣០ ខែកក្កដានេះ​ទៅ ចំណែក​ការ​វិន័យ​នៅ​សល់​ចំនួន​២ខែ​ទៀត ត្រូវបាន​ព្យួរ។


ចំណែក​អ្នក​ស្រី សាំង សុម៉ាលី ដែលជា​ភរិយា ត្រូវ​​បានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បន្ធូរបន្ថយ​ការ​វិន័យ​ពី​រយៈ​ពេល​៦ខែ មក​ដល់​ត្រឹម​៣​ខែ ហើយកំណត់​ឱ្យ​អនុវត្ត​ការពិន័យនេះ​ត្រឹម​រយៈពេល ​៦សប្តាហ៍ ចំណែក​វិន័យ​ដែល​នៅសល់​ត្រូវ​ព្យួរ។

ដោយឡែក ​កីឡាការិនី អេ យ៉ានុត ដែលជាកូន​ស្រី គឺ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ នៅរក្សា​ការ​ដាក់​វិន័យ​រយៈពេល​​​៦ខែដដែល ប៉ុន្តែ​កំណត់​ឱ្យ យ៉ានុត អនុវត្ត​ការ​វិន័យនេះ​ត្រឹម​៨សប្តាហ៍​ទេ ចំណែកការវិន័យ​ដែល​នៅសល់​ត្រូវព្យួរ។

ចំពោះការ​បន្ធូរ​បន្ថយការដាក់ពិន័យ​ទៅលើ​ក្រុមគ្រួសារ​លោក អេ ភូថង នេះ ត្រូវ​បាន​លោក ខូវ ឆាយ ​បានបញ្ជាក់នៅ​ក្នុង​សេចក្តី​សម្រេច​របស់សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​ថា គឺ​ដោយសារ​តែ​មានការសម្របសម្រួល​សូមទោស​ជាសាធារណៈ​​ (របស់​លោក អេ ភូថង អ្នក​ស្រី សាំង សុម៉ាលី និង​កីឡាការិនី អេ យ៉ានុត) កាលពីថ្ងៃទី​២៣ ខែកក្កដា និង​យោង​តាមស្មារតី​អង្គ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៤។

ជាមួយ​ការ​ចេញ​សេចក្តី​សម្រេច ស្តី​ពី​ការ​បន្ធូរបន្ថយ​ការ​ដាក់​ពិន័យ​ទៅ​លើ​ក្រុមគ្រួសារ​លោក អេ ភូថង នេះ គឺ​មានអ្នកគាំទ្រ​ភាគ​ច្រើន បានអបអរសាទរ​នូវចំណាត់​ការ​នេះ ប៉ុន្តែ​ក៏​មាន​ការ​រិះគន់​ទៅលើ​ការ​សម្រេច​ដាក់វិន័យ​យ៉ាងទាន់​ហន់ (រយៈពេលត្រឹម​២ថ្ងៃ) រួច​បានកែ​ប្រែ​ភ្លាមៗឡើង​វិញ​​នេះ​ផងដែរ ព្រោះ​បញ្ហា​នេះ​បានបង្ហាញ​ពី​​ការ​មិន​ទាន់​មាន​ជំហរ​ច្បាស់​លាស់​របស់​សហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ។

ជាមួយការ​បង្ហោះ​សេចក្តី​សម្រេចជាថ្មី ស្តីពីការ​​បន្ធូរ​បន្ថយ​ការ​ដាក់ពិន័យ​ទៅលើ​ក្រុមគ្រួសារ​លោក អេ ភូថង នេះ គណនី​ឈ្មោះ Siem Than បាន​បញ្ចេញ​មតិ​យោបល់​រិះគន់​​បែប​នេះ​ថា៖ «បទ​ពិសោធន៌​ថ្ងៃក្រោយ មេ (លោក ខូវ ឆាយ) កុំសូវសម្រេច​ចិត្ត​លឿន​ពេក​ ម៉ាភ្លេត​ ស៊ីញ៉ែ​​២​ដង​ មិនសូវល្អមើល​ទេ»។  

យ៉ាង​ណា​ក៏​ដោយ​ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ លោក ខូវ ឆាយ បានប្រកាន់ជំហរ​ច្បាស់លាស់ ក្នុងការ​អនុវត្ត​ច្បាប់ ទៅលើ​​ជនណា ឬក្រុម​ណា ដែលបានប្រព្រឹត្ត​ផ្ទុយ​ពីច្បាប់ និងបទបញ្ជាផ្ទៃ​ក្នុង​របស់​សហព័ន្ធ។

លោក​ធ្លាប់​បានបញ្ជាក់​ថា៖​ «យើង​ទទួលស្គាល់​ថា គ្រួសារ​លោក​គ្រូ​ អេ ភូថង ​មានគុណ​សម្បត្តិ​ច្រើន ប៉ុន្តែ​ការអនុវត្ត​ច្បាប់​ ត្រូវតែ​ធ្វើ​ឱ្យ​បាន​ខ្ចប់​ខ្ជួន ព្រោះ​គុនខ្មែរ​អភិវឌ្ឍ​ទៅមុខ មិន​អាច​គ្មានការ​អនុវត្ត​ច្បាប់​បាន​ទេ»៕