សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) បាន​សម្រេច​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ខេមបូឌាន​លីគ​នារី ឡើង​វិញ បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​២ឆ្នាំ ដោយសារ​តែ​មិន​មាន​កញ្ចប់​ថវិកា​ចំណាយ​គ្រប់​គ្រាន់។


ដោយ​មាន​លោក សៅ សុខា ជា​ប្រធាន​សហព័ន្ធ គឺ FFC កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ជម្រាប​ជូន​ដល់​សាធារណជន ជាពិសេស អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​ជាតិទាំង​អស់ ពី​ការ​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ខេមបូឌាន​លីគនារី ឡើង​វិញ នាឆ្នាំ​២០២៤​នេះ ដោយ​ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​១៧ ខែ​សីហា ដល់​ថ្ងៃទី​​៨ ខែ​កុម្ភៈ ឆ្នាំ២០២៥។

តាម​ការ​ជូន​ដំណឹង​នេះ សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​ឱ្យ​ដឹង​ថា ការប្រកួតខេមបូឌាន​លីគនារី ឆ្នាំ​២០២៤​នេះ មាន​ក្លិប​បាល់ទាត់ សមាគម មន្ទីរ និង​អង្គការ​សរុប​ចំនួន ១០​ក្រុម នឹង​ចូលរួម​ប្រកួត​ប្រជែង ក្នុង​នោះ​មាន​ភ្នំពេញ​ក្រោន ព្រះខ័ន​រាជ​ស្វាយរៀង បឹងកេត ណាហ្គាវើលដ៍​កំពង់ស្ពឺ វិសាខា សមាគម​ខេត្ត​កំពង់ឆ្នាំង មន្ទីរអយក​ខេត្ត​កំពង់ធំ សមាគម​ក្លិប​បាល់​ទាត់មីស្ទើរ​លេង ក្លិប​បាល់​ទាត់​ខេត្ត​សៀមរាប និង​ក្រុមសលត៍ (SALT)។


ការប្រកួតលីគ​នារី​នេះ ត្រូវ​បែងចែក​ចេញ​ជា​ពីរ​ដំណាក់​កាល ដោយ​ដំណាក់​កាល​ទី​១ ត្រូវ​ធ្វើ​ការ​ប្រកួត តាម​រូបមន្ត លីគ​២​ជុំ (ម្ចាស់​ផ្ទះ និង​ភ្ញៀវ) និង​ដំណាក់​កាល​ទី២ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​លីគ​២ជុំ គឺ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ពី​លេខ​១ ដល់លេខ​៤ នឹង​ត្រូវ​ប្រកួត​ចំនួន​ ៣ប្រកួត​បន្ថែម​ទៀត ហើយ​ក្រុមដែល​មាន​ពិន្ទុ​ខ្ពស់ជាង​គេ នឹង​ក្លាយ​ជា​ក្រុម​ជើង​ឯក​តែម្តង។ 


តាម​រយៈ​រូបមន្ត​នេះ គឺ​ការ​ប្រកួត​ខេមបូឌាន​លីគ​នារី ឆ្នាំ​២០២៤ មាន​ការ​ប្រកួត​ចំនួន​សរុប ៩៣​ប្រកួត ដែល​មាន​រយៈពេល​ ៧​ខែ ដោយសារ​ឆ្នាំ​នេះ​មាន​ចំនួន​ក្រុម​ចូលរួម​ច្រើន​ជាង​​ការ​ប្រកួត​លីគនារី​កន្លងមក ព្រោះ​ការ​ប្រកួត​លីគ​នារី លើក​ចុងក្រោយ​ប្រចាំ​ឆ្នាំ​២០២១ មាន​តែ​ ៨​ក្រុម​ចូល​រួមទេ ហើយ​ជា​លទ្ធផល​ក្រុមនារី​ភ្នំពេញ​ក្រោន បាន​ក្លាយ​ជា​​ម្ចាស់​ជើងឯក រីឯ​ក្រុមជើងឯក​រង​បាន​ទៅលើ​ក្រុមណាហ្គាវើលដ៍​កំពង់ស្ពឺ និង​​ក្រុម​បាល់ទាត់​នារី​សៀមរាប បាន​ចំណាត់​ថ្នាក់​លេខ​៣។


ជុំវិញការ​ផ្អាក​ការ​ប្រកួត​បាល់​ទាត់​ «លីគនារី» រយៈពេល​២​ឆ្នាំ​មក​នេះ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ធ្លាប់​បាន​ប្រាប់​ថា វា​ពាក់​ព័ន្ធ​ទៅ​នឹង​កញ្ចប់​​ថវិកា​ចំណាយ ព្រោះ​ថវិកា​ទទួល​បាន​ពី FIFA ក៏​មាន​ចំនួន​តិច ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ពន្យារ​ពេល​ការ​ប្រកួត ដើម្បី​ស្វែង​រក​ការ​ឧបត្ថម្ភ​បន្ថែម​ពីវិស័យ​ឯកជន។

ទន្ទឹម​នឹង​នេះ លោក កែវ សារ៉េត បាន​ទទួល​ស្គាល់​ថា ការ​មិន​សូវ​មាន​ការ​ប្រកួតបាល់​ទាត់​ផ្នែក​នារី ពិសេស​«លីគនារី» ពិត​ជា​បាន​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​បាល់​ទាត់​នារី​នៅ​កម្ពុជា ប៉ុន្តែ​បញ្ហា​សំខាន់​គឺ​កញ្ចប់​ថវិកា​ចំណាយ។ ចំណែក​​ការ​ដណ្តើម​​បាន​កៅអី​​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្តាល​ព្រ័ត្រ ជា​លើក​ដំបូង​របស់​ក្រុម​ជម្រើស​ជាតិនារី​កម្ពុជា ​នៅ​​ស៊ីហ្គេម ឆ្នាំ​២០២៣​ ត្រូវ​បាន​លោក សារ៉េត ទម្លាយ​ថា ដោយសារ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពីប្រទេស​ចិន។

អ្នកចាំទី​ជម្រើស​ជាតិ​កម្ពុជា លោត​ទះ​បាល់​ចេញ​ពី​សំណាញ់​ទី កាល​ពី​ប្រកួត​ស៊ីហ្គេម ប្រភេទ​បាល់ទាត់​នារី។ រូប​ថត សហការី

លោក​បញ្ជាក់​ថា៖ «កាលពី​ស៊ីហ្គេម ក្រុម​នារី​របស់​យើង ពិតជា​ធ្វើ​បាន​លទ្ធផល​ល្អ​ ដោយសារ​មាន​ការ​ជួយ​ពីភា​គី​ចិន សម្រាប់​ការ​ហ្វឹក​ហាត់​នៅ​ទី​នោះ​ តែបើ​សង្ឃឹម​លើ​ខ្លួន​យើង​ ដើម្បី​រៀបចំ​ឱ្យ​មានការ​ហ្វឹក​ហាត់​នោះ គឺ​​ប្រឈម​បញ្ហា​ច្រើន​ណាស់ ព្រោះ​យើង​ត្រូវ​​ស្វែង​រកថវិកា​​មក​រៀបចំ អ៊ីចឹង​ហើយ​បាន​ជា​បាល់​ទាត់​នារី​យើង​បាន​តែ​មួយ​ប្រាវ រួចក៏​​មាន​ភាព​អសកម្ម​មក​វិញ»។ 

តែ​ទោះ​យ៉ាង​ណា លោក កែវ សារ៉េត បន្ថែម​​ថា៖ «នៅ​ក្នុង​យុទ្ធអភិវឌ្ឍ​បាល់​ទាត់​ទាំង​១១​ចំណុច​របស់​សហព័ន្ធ ក៏​យើង​បាន​រាប់​បញ្ចូល​ផ្នែក​បាល់ទាត់​នារី​ទៅ​ក្នុង​នោះ​ដែរ ហើយ​យើង​នៅ​តែ​ខ្នេះខ្នែង​ ព្រោះ​បើ​យើង​មិន​រៀប​ចំ​ធ្វើ​ទេ យើង​មាន​ការ​ខាត​ច្រើន គឺក្មេង​ហាត់​ចោលៗ​អត់​បាន​លេង​ ធ្វើ​ឱ្យ​កម្រិត​បច្ចេក​ទេស​របស់​ពួកគេ​មិន​រីក​ចម្រើន​ដូចគ្នា ហេតុនេះ​ទើប​យើង​ប្រឹង​ប្រែង​ធ្វើម៉េច​រៀបចំ​ឱ្យ​មាន​ការ​​ប្រកួត​លីគ​នារី​វិញ»៕