
ការប្រកួតរវាងកីឡាករជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា កាន់ ម៉េងហុង និង អ្នកប្រយុទ្ធដ៏ល្បីរបស់ជប៉ុន Akihiro Kaneko ក្នុងព្រឹត្តិការណ៍ K-1 WORLD MAX 2024 នៅប្រទេសជប៉ុន កាលពីថ្ងៃទី៧ ខែកក្កដានេះ។ រូបថត សហការី
កីឡាករជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា កាន់ ម៉េងហុង មិនអាចប្រើប្រាស់បទពិសោធន៍ប្រកួតដ៏ស្តួចស្តើងលើជំនាញឃីកបុកស៊ីង (Kickboxing) ដើម្បីតតាំងជាមួយអ្នកប្រយុទ្ធដ៏ល្បីរបស់ជប៉ុន Akihiro Kaneko បាននោះទេ ដោយរូបគេបានចាញ់ដោយសន្លប់ធំ ចំណែកស្តេចប្រដាល់របស់ថៃ Buakaw Banchamek (ប៊ូខាវ) ក៏បានចាញ់សម្រាប់ការប្រកួតប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ ក្នុងព្រឹត្តិការណ៍ K-1 WORLD MAX 2024 នៅប្រទេសជប៉ុននោះដូចគ្នា។
សម្រាប់ការទទួលបានឱកាសទៅចូលរួមការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ ប្រភេទទម្ងន់៥៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក K-1 WORLD MAX 2024 ជាលើកដំបូង ដែលធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៧ ខែកក្កដានេះ កាន់ ម៉េងហុង ហាក់មានទឹកមុខស្លេកស្លាំង ហើយរូបគេបាននិយាយមុនការប្រកួតថា មានកម្លាំងខ្សោយជាងធម្មតា ព្រោះមិនទាន់សមនិងអាកាសធាតុនៅប្រទេសជប៉ុន។
យ៉ាងណាក៏ដោយ តាមរយៈការប្រកួតជាក់ស្តែង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កាន់ ម៉េងហុង ធ្វើបានយ៉ាងល្អក្នុងការវាយទៅលើជើងខ្លាំងលំដាប់ជួរមុខរបស់ជប៉ុន Akihiro Kaneko សម្រាប់រយៈពេលជាង ២នាទីដំបូង ប៉ុន្តែនៅចុងទឹកទី១នេះ ម៉េងហុង បានលត់ជង្គង់បង្ហាញការឈឺចាប់ ក្រោមការទាត់ចំគន្លាក់ជង្គង់ឆ្វេងពីសំណាក់ Akihiro នាំឱ្យលោកអាជ្ញាកណ្តាលរាប់ជាលើកទី១។
ឈានចូលទឹកទី២ កាន់ ម៉េងហុង បានព្យាយាមប្រើបច្ចេកទេសវាយកណ្តាប់ដៃ និងទាត់សន្ធាប់ទៅលើ Akihiro Kaneko កាន់តែស្វិតស្វាញ ព្រោះរូបគេចង់ស្តាការចាញ់ប្រៀបនៅក្នុងទឹកទី១មកវិញ ប៉ុន្តែកីឡាករដ៏ខ្លាំងរបស់ជប៉ុន Akihiro ពិតជាមានបច្ចេកទេសខ្ពស់ ដោយរូបគេបានវាយសងត្រឡប់មកវិញយ៉ាងប្រយ័ត្ន ហើយកណ្តាប់ដៃស្តាំវាយចូលពេញរបស់គេ បានធ្វើឱ្យ ម៉េងហុង បាត់បង់ស្មារតីមួយភាំង ហើយត្រូវបានអាជ្ញាកណ្តាលរាប់ជាថ្មីម្តងទៀត។
ជាមួយការចាញ់បង់ ដោយសារការរាប់ចំនួន២លើកនេះ កាន់ ម៉េងហុង បានសម្រេចចិត្តចូលវាយប្តូរជាមួយ Akihiro Kaneko កាន់តែខ្លាំងនៅទឹកទី៣ចុងក្រោយ ព្រោះនេះជាវិធីសាស្រ្តតែមួយគត់ ដែលរូបគេត្រូវធ្វើ ក្រែងអាចកែប្រែស្ថានភាពប្រកួតបានល្អមកវិញ ប៉ុន្តែត្រឹមរយៈពេល១នាទីប៉ុណ្ណោះ ម៉េងហុង បានដួលសន្លប់ធំតែម្តង ក្រោមការម៉ាត់ចូល២ដៃធ្ងន់ៗពីសំណាក់ម្ចាស់ខ្សែក្រវាត់៦ស្ថាប័នរបស់ជប៉ុន Akihiro។
ចំពោះការធ្លាក់ចេញពីការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ ក្នុងព្រឹត្តិការណ៍ K-1 WORLD MAX 2024 ត្រឹមវគ្គជម្រុះ៨នាក់ដំបូងនេះ ធ្វើឱ្យ កាន់ ម៉េងហុង មានការសោកស្តាយខ្លាំង ប៉ុន្តែកីឡាករធ្លាប់ឈ្នះមេដាយប្រាក់ នៅស៊ីហ្គេម ឆ្នាំ២០២២ និងឈ្នះមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០២៣ ម៉េងហុង បានអះអាងថា រូបគេបានប្រឹងប្រែងអស់ពីលទ្ធភាពហើយ តែនៅមិនអាចទប់ទាល់ជាមួយជើងខ្លាំង Akihiro Kaneko របស់ម្ចាស់ផ្ទះជប៉ុនបាន។
ដោយមានស្នាមហើមជាំ នៅក្រោមភ្នែកខាងឆ្វេងនោះ កាន់ ម៉េងហុង បាននិយាយ ក្រោយការប្រកួតថា៖ «ខ្ញុំសូមទោសដល់អ្នកទាំងអស់គ្នា សម្រាប់ការប្រកួតឃីកបុកស៊ីងរបស់ខ្ញុំនៅមុននេះ ដោយខ្ញុំបានទទួលបរាជ័យក្រោមស្នាដៃកីឡាករលេខ១របស់ជប៉ុននៅក្នុងទឹកទី៣ ហើយខ្ញុំទទួលស្គាល់ថា សមត្ថភាពរបស់គេពិតជាខ្លាំងមែន»។
កីឡាកររបស់កម្ពុជា កាន់ ម៉េងហុង បានបញ្ជាក់ពីស្ថានភាពពិត ចំពោះការចូលវាយប្តូរនៅក្នុងទឹកទី៣បែបនេះថា៖ «ដោយសារខ្ញុំត្រូវបានអាជ្ញាកណ្តាលរាប់ នៅក្នុងទឹកទី១ និងទឹកទី២ ហេតុនេះនៅទឹកទី៣ ខ្ញុំបានប្រឹងចូលវាយប្តូរ គឺប្រឹងប្រែងអស់ពីសមត្ថភាពហើយ ប៉ុន្តែលទ្ធផលខ្ញុំមិនបានដឹងថា ខ្លួនឯងសន្លប់នៅពេលណានោះទេ ឱ្យខ្ញុំសូមទោសផងពុកម៉ែបងប្អូន»។
ចំណែកលោក ស្រី ចាន់ថន ប្រធានក្លិបប្រដាល់គុនខ្មែរអន្តរជាតិ ដែលជាអ្នកខ្នះខ្នែង និងជួយជ្រោមជ្រែងកីឡាករ កាន់ ម៉េងហុង បានទៅប្រកួតដណ្តើមខ្សែក្រវាត់ នៅ K-1 WORLD MAX ជាលើកដំបូងនេះ បានបង្ហោះសារបែបនេះថា៖ «អ្វីដែល ម៉េងហុង ទទួលបានមកវិញ គឺបទពិសោធន៍ សង្ឃឹមថា ម៉េងហុង នឹងខិតខំបុកហ្វឹកហាត់ (ព្រោះបាន) ដឹងពីចំណុចខ្សោយរបស់យើង និងដឹងអំពីចំណុចខ្លាំងរបស់ដៃគូ។ ខ្ញុំនឹងស្នើរៀបចំកីឡាករជប៉ុន (Akihiro Kaneko)នេះ មកប្រកួតម្តងទៀត»។
ចំពោះការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ទម្ងន់ ៥៥ គីឡូក្រាមនេះចំនួន៣គូទៀត កីឡាកររបស់ក្រិក Angelos Martinos ត្រូវបានអ្នកប្រដាល់ជប៉ុន Riamu ទាត់ឱ្យខូចជើងក្រោម ក្នុងការប្រកួតថែមទឹក (ទឹកទី៤) បន្ទាប់ពីអ្នកទាំង២មានពិន្ទុស្មើគ្នា សម្រាប់ការប្រកួតត្រឹម៣ទឹក រីឯកីឡាករអេស្ប៉ាញ Antonio Orden ត្រូវបានជប៉ុន Maasashi Kumura ម៉ាត់ឆ្វេងចូលថ្គាមបណ្តាលឱ្យសន្លប់ត្រឹមរយៈពេល ១ នាទីក្នុងទឹកទី១ ហើយអ្នកប្រយុទ្ធរបស់ចិន Zhao Zhendong បានចាញ់ពិន្ទុកីឡាករ Rui Okubo គឺមានន័យថា កីឡាកររបស់ជប៉ុន បានឈ្នះទាំង៤នាក់ ដើម្បីឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែកញ្ញា។

ស្តេចប្រដាល់របស់ថៃ Buakaw Banchamek (ប៊ូខាវ) ចាញ់ក្នុងការប្រកួតប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ ក្នុងព្រឹត្តិការណ៍ K-1 WORLD MAX 2024 នៅប្រទេសជប៉ុននោះដូចគ្នា។ រូបថត សហការី
ដោយឡែក ស្តេចប្រដាល់របស់ថៃ ប៊ូខាវ ក៏បានធ្លាក់ចេញពីការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់៧០គីឡូក្រាម ក្នុងព្រឹត្តិការណ៍ K-1 WORLD MAX 2024 នៅប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យនោះផងដែរ បន្ទាប់ពីរូបគេបានចាញ់កីឡាករ Stoyan Koprivlenski ដោយពិន្ទុដាច់ ៣-០ នោះ។
តាមរយៈការប្រកួតនេះ អ្នកប្រដាល់ចាស់វស្សា ប៊ូខាវ បានប្រឹងប្រែងអស់ពីសមត្ថភាពហើយ តែនៅមិនអាចយកឈ្នះកីឡាករ Stoyan Koprivlenski របស់ប៊ុលហ្គារីបាន ព្រោះការប្រកួតត្រឹម៣ទឹកនេះ ប៊ូខាវ ត្រូវបានអាជ្ញាកណ្តាលធ្វើការព្រមាន២ដង ចំពោះការប្រើបច្ចេកទេសខុសទៅនិងលក្ខខណ្ឌប្រកួតរបស់ឃីកបុកស៊ីង។
ពិសេសទៀតនោះ ប៊ូខាវ ត្រូវបានដៃគូទាត់ស្តាំចូលផ្ទៃមុខធ្វើឱ្យបាត់បង់ជំហរ នាំឱ្យអាជ្ញាកណ្តាលរាប់នៅទឹកទី២ ហើយបានធ្វើឱ្យ ប៊ូខាវ ចាញ់ក្នុងការប្រកួតនេះដោយអស់ចិត្ត៕