
ការប្រកួតរបស់កីឡាករកម្ពុជា ណង សាវ (ក្រហម) និងអ្នកប្រដាល់ថៃ La Fun នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីយប់ថ្ងៃទី៦ ខែកក្កដា។ រូបថត សហការី
ទោះបានចាញ់កីឡាករចិន ជាង ឆឹងប៉ាវ (Jiang Chengbao) ដោយសន្លប់ ប៉ុន្តែម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ភួន ឡាំងកូស៊ីន ហាក់មិនអស់ចិត្តនោះទេ គឺរូបគេចង់ជម្រះបញ្ជីចាស់ជាមួយដៃគូម្នាក់នេះម្តងទៀត ចំណែក ណង សាវ ក៏បានសុំប្រកួតសងសឹកជាមួយជើងខ្លាំងរបស់ថៃ La Fun បន្ទាប់ពីបានចាញ់ពិន្ទុទាំងមិនអស់ចិត្ត។
តាមរយៈការប្រកួតមិត្តភាពអន្តរជាតិចំនួន ៤គូ នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី ៦ ខែកក្កដា កន្លងមកនេះ ភួន ឡាំងកូស៊ីង បានក្លាយជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលបានចាញ់កីឡាករបរទេសដោយសន្លប់ ប៉ុន្តែវាជាជំនាញការប្រកួតឃីកបុកស៊ីងដែលមិនឱ្យប្រើកែង និងមិនឱ្យចូលចាប់ក្រៀកបុកជង្គង់ (អាចប្រើជាប្រយោលបាន) ហើយចំណុចទាំងអស់នេះ ឡាំងកូស៊ីន យល់ថា មានការពិបាកក្នុងការទប់ទល់ជាមួយកីឡាករចិន Jiang Chengbao ដែលមានជំនាញឃីកបុកស៊ីងស្រាប់។
កីឡាកររបស់កម្ពុជា ភួន ឡាំងកូស៊ីន បាននិយាយក្រោយការប្រកួតថា៖ «គេវែង ល្អហើយលឿន ហើយការប្រកួតឃីកបុកស៊ីង ក៏ជាជំនាញរបស់គេដែរ។ បើសិនជាការប្រកួតបែបគុនខ្មែរ ខ្ញុំអាចសង្ឃឹមឈ្នះ ព្រោះយើងអាចចូលចាប់ឡាំជង្គង់ និងវាយកែងបាន»។
តាមរយៈការប្រកួតជាក់ស្តែង កាលពីព្រលប់ថ្ងៃសៅរ៍កន្លងមកនេះ ភួន ឡាំងកូស៊ីន បានព្យាយាមទាត់ជើងក្រោមរបស់ ជាង ឆឹងប៉ាវ ព្រោះបើប្រថុយប្តូរកណ្តាប់ដៃ ឡាំងកូស៊ីន អាចមានគ្រោះថ្នាក់ច្រើនជាងលាភ ព្រោះចិនម្នាក់នេះ មានជំនាញប្រើកណ្តាប់ដៃបានលឿន និងមានទម្ងន់ទៀត។
តែទោះបីជាយ៉ាងណា ការព្យាយាមទាត់ក្រោមរបស់ ភួន ឡាំងកូស៊ីន មិនបានធ្វើឱ្យកីឡាករ ជាង ឆឹងប៉ាវ ទន់ជ្រាយនោះទេ។ ផ្ទុយទៅវិញគេនៅតែមានភាពរន្ធើនក្នុងការចូលម៉ាត់ទៅលើ ឡាំងកូស៊ីន ហើយនៅទឹកទី២ ការម៉ាត់ចូលពោះធ្ងន់ៗចំនួន២ដៃរបស់ ឆឹងប៉ាវ បានធ្វើឱ្យ ឡាំងកូស៊ីន ចុកឆ្អល់ ហើយត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១។
ឈានចូលទឹកទី៣ ភួន ឡាំងកូស៊ីន បានព្យាយាមទាត់ជើងក្រោមកាន់តែខ្លាំង ដើម្បីទប់មហិច្ឆតាចូលម៉ាត់របស់ ជាង ឆឹងប៉ាវ ប៉ុន្តែមិនដល់១នាទីផង កីឡាករចិន បានម៉ាត់ពោះធ្វើឱ្យ ឡាំងកូស៊ីន ទល់ច្រក និងយកខ្សែរេញធ្វើជាបង្អែក ហើយភ្លាមៗនោះ ឆឹងប៉ាវ បានស្ទុះបុកជង្គង់ចូលផ្ទៃមុខ ឡាំងកូស៊ីន ពេញទំហឹង ធ្វើឱ្យ ឡាំងកូស៊ីន វង្វេងវង្វាន់ ត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី២។
ភួន ឡាំងកូស៊ីន មិនបានងក់ក្បាល ដើម្បីប្រកួតបន្តទៀតនោះទេ គឺរូបគេបានចុះចាញ់កីឡាករចិន ជាង ឆឹងប៉ាវ នៅដើមទឹកទី៣នេះតែម្តង។ តែទោះបីជាយ៉ាងណា ឡាំងកូស៊ីន នៅតែមិនអស់ចិត្ត និងមានបំណងចង់ជម្រះបញ្ជីជាមួយ ឆឹងប៉ាវ ម្តងទៀត ប៉ុន្តែរូបគេសុំពេលដើម្បីបានឡើងប្រកួត១ទៅ២ដងទៀតសិន ដើម្បីឱ្យសមត្ថភាពរបស់គេវិលមករកភាពល្អវិញ ទើបអាចប្រកួតសងសឹកជាមួយ ជាង ឆឹងប៉ាវ បាន។
ឡាំងកូស៊ីន បានបញ្ជាក់ថា៖ «ដើម្បីកុំមានមាត់ពាក្យ គឺបើយើងចាញ់ឃីកបុកស៊ីង យើងត្រូវប្រកួតឃីកបុកស៊ីងទៀត ប៉ុន្តែខ្ញុំសុំឱ្យបានឡើងប្រកួត១ទៅ២ដងទៀតសិន ដើម្បីឱ្យរាងកាយរបស់ខ្ញុំបានល្អវិញ ព្រោះយើងខានប្រកួតយូរ រាងគាំងៗខ្លះដែរ។ ទោះថ្ងៃនេះ ខ្ញុំធ្វើអត់បានល្អ តែថ្ងៃមុខ ខ្ញុំនឹងប្រឹងប្រែងឱ្យបានល្អជាងនេះ»។
កីឡាករចិន ជាង ឆឹងប៉ាវ បានបង្ហាញភាពរីករាយខ្លាំង ចំពោះការឈ្នះ ភួន ឡាំងកូស៊ីន ដោយសន្លប់នេះ ព្រោះវាជាពេលដែលរូបគេអាចលាងជម្រះភាពហ្មងសៅ ចំពោះការចាញ់កីឡាករកម្ពុជា រិទ្ធី ចាន់ណា ដោយសន្លប់ទឹកទី២ សម្រាប់ការជួបគ្នា នៅសង្វៀនប៉ុស្តិ៍លេខ៥នេះ កាលពីទី២២ ខែមិថុនា ឆ្នាំ២០២៤។
ឆឹងប៉ាវ បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ហើយក៏មិននឹកស្មានថា ខ្ញុំអាចធ្វើបានល្អមែនទែន សម្រាប់ការបង្ហាញខ្លួន នៅលើសង្វៀននេះ ជាលើកទី២»។
ដោយឡែកកីឡាករកំពុងសាងបានភាពល្បីល្បាញ ណង សាវ ត្រូវបានអ្នកប្រដាល់របស់ថៃឈ្មោះ La Fun ម៉ាត់ឆ្វេងចូលផ្ទៃមុខបណ្តាលឱ្យដួលទាំងវង្វេង ហើយត្រូវបានអាជ្ញាកណ្តាលរាប់ភ្លាមៗ ប៉ុន្តែសំឡេងស្នូរជួងបញ្ចប់ទឹកទី១ បានជួយសង្រ្គោះរូបគេឱ្យគេចផុតពីគ្រោះកាចនេះ។
ចំណែកនៅទឹកទី២ ណង សាវ បានព្យាយាមវាយសម្រុកដោយកណ្តាប់ដៃ បុកជង្គង់ និងទាត់ចូលកញ្ចឹងករបស់ La Fun ៣ទៅ៤ដង ធ្វើឱ្យកីឡាករថៃម្នាក់នេះ មានការធ្លាក់កម្លាំងគួរឱ្យកត់សម្គាល់ ហើយនៅទឹកទី៣ La Fun ក៏បានទទួលរងការវាយចូលធ្ងន់ៗពី ណង សាវ ដែរ។ សកម្មភាពនេះ បានធ្វើឱ្យ ណង សាវ បង្ហាញភាពជឿជាក់ ក្នុងការទទួលបានជ័យជម្នះដូចគ្នា នៅមុនពេលពិធីករប្រកាសលទ្ធផល។
តែទោះបីជាយ៉ាង ណង សាវ បានត្រឹមលត់ជង្គង់បង្ហាញការសោកស្តាយ នៅពេលចៅក្រមបានផ្តល់ពិន្ទុឱ្យ La Fun ឈ្នះក្នុងការប្រកួតនេះ។ ណង សាវ បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំពេញចិត្តទទួលយកលទ្ធផលចាញ់នេះ ប៉ុន្តែខ្ញុំក៏មានការសោស្តាយដែរ»។
ជាមួយគ្នានេះ ណង សាវ បានសុំប្រកួតសងសឹកជាមួយ La Fun ម្តងទៀត។ សាវ បានបញ្ជាក់ថា៖ «គាត់ល្អទាត់ឆ្វេង និងឆក់ឆ្វេងបានលឿន គឺការទាត់ និងម៉ាត់ឆ្វេងរបស់គាត់ធ្ងន់ ធ្វើឱ្យខ្ញុំឡើងដាច់ភ្លើងនៅចុងទឹកទី១។ ប៉ុន្តែបើមានឱកាស ខ្ញុំចង់សងសឹកបែបអំបោះឆៅម្តងទៀតនៅទីនេះ។ ខ្ញុំស្នើសុំឱ្យខាងស្ថានីយន៍ ផ្គូផ្គង់ឱ្យខ្ញុំបានជួបកីឡាករ La Fun ម្តងទៀត»។
ចំណែកកីឡាករថៃ La Fun ក៏បានបង្ហាញឆន្ទៈក្នុងការវិលមកប្រកួតនៅលើសង្វៀនប៉ុស្តិ៍លេខ ៥ ជាលើកទី២ ផងដែរ ហើយរូបគេបានអះអាងថា នឹងខំប្រឹងធ្វើឱ្យបានកាន់តែល្អថែមទៀត ដើម្បីបំពេញតាមការចង់បានរបស់អ្នកគាំទ្រ។
កីឡាករ La Fun បាននិយាយថា៖ «នេះជាលើកទី១ ដែលខ្ញុំប្រកួតអំបោះឆៅ ហើយវាក៏ជាលើកដំបូង ដែលខ្ញុំបានមកប្រកួតនៅសង្វៀនប៉ុស្តិ៍លេខ៥។ ដៃគូរបស់ខ្ញុំ គាត់មានសមត្ថភាពល្អ ជាពិសេសកណ្តាប់ដៃរបស់គាត់ ដែលវាយចេញបានរហ័ស និងមានភាពស៊ូខ្លាំង ហើយខ្ញុំបានប្រឹងប្រែងអស់ពីលទ្ធភាពហើយ សម្រាប់ប្រកួតជាមួយគាត់។ ខ្ញុំសង្ឃឹមថា នឹងបានមកប្រកួតនៅទីនេះម្តងទៀត ហើយខ្ញុំនឹងខំប្រកួតឱ្យកាន់តែល្អមើល»៕