ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ លោក ខូវ ឆាយ បាន​ប្រកាន់​ជំហរ​រឹងមាំ​ក្នុង​ការ​ការពារ និង​ដឹកនាំ​នាវា​គុន​ខ្មែរ​ឱ្យ​ឈាន​ទៅ​រក​ការ​រីក​ចម្រើន​ដ៏​ពិត​ប្រាកដ ដោយ​លុប​បំបាត់​ឱ្យ​បាន​នូវ​ភាព​អសកម្ម និង​ភាព​មិនប្រក្រតី​ ដែល​ធ្លាប់​បាន​កើត​មាន​​កន្លងមក ហើយ​លោក​បាន​ឱ្យ​តម្លៃ​ខ្ពស់​ទៅ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ ដែល​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​​ប្រដាល់​គុនខ្មែរ និង​បាន​ចាត់​ទុក ​អ្នក​ដែល​បំផ្លាញជា «សត្រូវ​របស់​លោក»។


បើទោះបីជា លោក ខូវ ឆាយ ទើប​ត្រូវ​បានអង្គប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បោះឆ្នោត​ជ្រើសតាំង​ឱ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ ជំនួសប្រធាន​ចាស់ គឺ​លោក តែម ម៉ឺន កាល​ពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤​ ប៉ុន្តែលោក​បាន​បង្ហាញ​គោលជំហរ​ច្បាស់លាស់​ក្នុង​ការ​បំពេញ​ការងារ ដោយ​ឈរ​លើ​ការអនុវត្ត «ច្បាប់» ជា​ធំ និង​ចៀស​ឱ្យ​បាន​ដាច់​ខាត​ការ​ប្រកួត​បក្ខពួក​និយម និង​លាភសក្ការៈ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ប្តេជ្ញា​ជាមួយ​ឯកឧត្តម​ប្រធាន (តែម ម៉ឺន) ថា ​ខ្ញុំ​មក​​ទីនេះ​ ខ្ញុំ​មិន​ដែល​គិត​ពី​ផល​ប្រយោជន៍​ ឬលាភ​សក្ការៈ​ទទួល​បាន​ពី​គុនខ្មែរ​ទៅ​វិញ​នោះ​ទេ។ មុនពេល​ខ្ញុំ​ចូល​រួមជាមួយ​គុនខ្មែរ ខ្ញុំ​តែងតែ​គិត​ថា តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ជាមួយ​គុនខ្មែរ? ខ្ញុំ​មិន​ដែល​គិត​ថា គុន​ខ្មែរ នឹង​ផ្តល់​អ្វី​ឱ្យ​ខ្ញុំ​នោះ​ទេ ព្រោះ​តាំងពី​ដើម​មក​ខ្ញុំ​ជា​អ្នក​រក​ស៊ី អ៊ីចឹង​ការ​វិនិយោគ​ខ្ញុំ​យល់​ច្បាស់​ណាស់»។ 


ជាមួយគ្នា​នេះ លោក ខូវ ឆាយ បានអះអាង​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​ភាព​មិន​ប្រក្រតី ដែល​ធ្លាប់​កើត​មាន​នៅ​ក្នុង​វិស័យ​កីឡា​ប្រដាល់​កន្លង​មក ហើយ​លោក​បាន​ប្រកាស​ថា លោក​នឹង​លា​ឈប់​ពី​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​ដោយ​ខ្លួន​ឯង បើ​សិនជា​លោក​គ្មាន​លទ្ធភាព​កែ​ប្រែ​វិស័យ​មួយ​នេះ​ឱ្យ​កាន់​តែ​បាន​ល្អ​នោះ។​


លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​គោលដៅ​ច្បាស់​លាស់ និង​មានឆន្ទៈ​រឹងមាំ​ណាស់​ គឺ​ការអនុវត្តការងារ ​ខ្ញុំ​អត់​មានការ​រាថយ​នោះ​ទេ។ ខ្ញុំ​មិន​ដែលបារម្ភ​ថា ធ្វើ​ទៅ​ខ្លាច​មានបញ្ហា និង​មាន​អ្នក​រក​រឿងដក​ខ្ញុំ​ចោល​ឡើយ ព្រោះ​ដើម្បី​សម្រេច​គោលដៅ និង​​ផល​ប្រយោជន៍រួម គឺ​អ្វី​ដែល​យើង​ត្រូវ​អនុវត្ត ត្រូវ​តែ​អនុវត្ត​។ ធ្វើ​បាន​ធ្វើ បើ​ធ្វើ​មិន​បាន​ខ្ញុំ​សុំ​ឈប់​ដោយ​ខ្លួន​ឯង ​មិន​បាច់​ឱ្យ​អ្នក​ណា​មក​ដេញ​ខ្ញុំ​នោះ​ទេ ព្រោះ​ខ្ញុំ​អត់​ចង់​បានផល​ប្រយោជន៍​ទេ!»។  


ការលើក​ឡើង​បែបនេះ​របស់​លោក ខូវ ឆាយ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​​ដល់​មន្រ្តី​គ្រប់​គ្រង​ការ​​ប្រកួត​​អាជ្ញាកណ្តាល​ចៅក្រម​កីឡា​ប្រដាល់​គុនខ្មែរ នៅ​សាល​ប្រជុំ​នាយកដ្ឋាន​កីឡា​ជំនាញ​ និង​កីឡា​មហាជន កាល​ពី​ថ្ងៃទី​៣១ ខែកក្កដា ដោយ​វគ្គបំប៉ន​ដែល​មាន​រយៈពេល​៣ថ្ងៃ​នេះ មានសិក្ខាកាមជាមន្រ្តី​បច្ចេក​ទេស អាជ្ញា​កណ្តាល ចៅ​ក្រម គ្រូបង្វឹក និង​អតីត​កីឡាករ​ចូលរួម​សរុប​ចំនួន១៨០នាក់ (ស្រី១៤នាក់) ហើយ​ក្នុង​នោះ​ក៏មាន​គ្រូ​បង្វឹក​មកពី​ប្រទេស​បារាំង និងអាល្លឺម៉ង់ ចូលរួមដែរ។ 
បើតាម​របាយការណ៍​របស់​លោក ហេង សុឃន អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​ឱ្យ​ដឹង​ថា វគ្គ​បណ្តុះ​បណ្តាល​នេះ

ត្រូវ​បាន​បង្ហាត់​បង្ហាញ​ដោយគ្រូឧទ្ទេស​មាន​ជំនាញ បទពិសោធន៍​ និងបច្ចេក​ទេស​ច្បាស់​លាស់ ហើយ​តាមការ​វាយ​តម្លៃ​ក្រោយ​បញ្ចប់វគ្គ​នេះ គឺ​សិក្ខាកាម​​ទទួលបាន​និទ្ទេស​ល្អណាស់ មាន​១០​ភាគ​រយ និទ្ទេស​ល្អ​មាន​៦០​ភាគ​រយ និង​និទ្ទេស​មធ្យម​មាន​៣០ភាគ​រយ។

នៅ​ក្នុង​ពិធីបទវគ្គ​បំប៉ន​នោះ លោក ខូវ ឆាយ បាន​វាយតម្លៃខ្ពស់​ និង​បានចាត់​ទុក​​ថ្នាក់​ដឹកនាំ និង​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​គ្រប់អាណត្តិ​ទាំង​អស់ ជាពិសេស​លោក​គ្រូ អ្នក​គ្រូ អាជ្ញា​កណ្តាល និង​ចៅ​ក្រម ដែល​បាន​ចូលរួម​ក្នុងវគ្គ​នេះ សុទ្ធតែ​​មាន​ស្នាដៃ និង​​គុណបំណាច់​ច្រើន​ ក្នុង​ការ​​ជួយ​ជ្រោម​ជ្រែង​ដល់​សហព័ន្ធ​តាំង​​ពី​ចាប់​ផ្តើម​រហូត​ដល់​ពេល​នេះ។

ប្រធានសហព័ន្ធ​រូបនេះ បានបញ្ជាក់ថា៖​ «អ្នកទាំង​អស់​គ្នា ដែល​មាន​វត្ត​មាន​នៅ​ថ្ងៃ​នេះ គឺ​សុទ្ធតែ​មានគុណ​បំណាច់​យ៉ាង​ធំ​ធេង​ក្នុង​វិស័យ​កីឡា​ប្រដាល់​គុនខ្មែរ​របស់​យើង ហើយ​អ្នកទាំ​ងអស់​គ្នា​នឹង​ត្រូវ​បាន​ចារ​នៅ​ក្នុង​គ្រាំង​ប្រវត្តិសាស្រ្ត​គុន​ខ្មែរ គឺ​ជា​អ្នក​ដែល​​បាន​រួម​ចំណែក​ពលី​ទាំង​កម្លាំង​កាយ កម្លាំង​​ចិត្ត ពេល​វេលា និង​ថវិកា ក្នុង​ការ​អភិវឌ្ឍ និង​ធ្វើ​ឱ្យ​ប្រដាល់គុនខ្មែរ មាន​ឈ្មោះ​បោះ​សំឡេង​ដូច​ពេលនេះ»​។

យ៉ាង​ណា​ក៏ដោយ ដើម្បី​ធ្វើឱ្យ​ប្រដាល់​គុនខ្មែរ កាន់តែ​រីក​ចម្រើន លោក ខូវ ឆាយ បានអះអាង​ថា សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​ធ្វើ​កំណែ​ទម្រង់​ផ្ទៃក្នុង​ជា​ដំណាក់កា​លៗ​ ហើយ​បាន​ធ្វើ​ការ​កែ​សម្រួល​នូវបទបញ្ជា​បច្ចេក​ទេស​គ្រប់​គ្រង​ការ​ប្រកួត​ឱ្យការអនុវត្ត​ទៅ​តាមស្តង់ដាតែមួយ ដើម្បី​ប្រសិទ្ធ​ភាព​ការ​ងារ កាត់បន្ថយ​បញ្ហា​ប្រឈម​នានា ហើយ​ជាមួយ​ផែនការ​នេះ លោក​បានចាត់​ទុក​អ្នក​បំផ្លាញ និង​អ្នក​ដែលបាន​រារាំង​ដល់​ដំណើរ​ការអភិវឌ្ឍ​ប្រដាល់​គុនខ្មែរ ជា​សត្រូវ​របស់​លោក។

លោក​បានសង្កត់​ធ្ងន់​ថា៖ «ក្នុង​នាមខ្ញុំជា​ប្រធាន​សហព័ន្ធ គឺ​អ្នក​ដែល​ចូល​រួម​អភិវឌ្ឍ​ប្រដាល់​គុនខ្មែរ សុទ្ធតែ​ជា​គ្នា​របស់​ខ្ញុំ រីឯ​អ្នក​ដែល​បំផ្លាញ​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​ គឺជាសត្រូវ​របស់​ខ្ញុំ។ នេះជា​គោលការណ៍​របស់​ខ្ញុំ ព្រោះ​ក្នុងនាមយើងជា​ថ្នាក់ដឹកនាំ យើង​ត្រូវ​តែ​ធ្វើ​រឿង​ដែល​ត្រឹម​ត្រូវ ហើយ​យើង​ត្រូវ​នាំ​មុខ​ប្រឆាំង​រឿង​ដែល​មិនត្រឹម​ត្រូវ»។ 

«បើ​មាន​រឿង​កើត​ឡើង យើង​ជា​ថ្នាក់ដឹក​នាំ​សម្ងំ​យក​តែ​សុខ​មិនចេញ​មុខ (ដោះស្រាយ និង​ប្រឆាំង)​ ​តើ​មន្រ្តី​របស់យើង ដែល​គាត់​តូចជា​ង​យើង​ផង​នោះ ធ្វើ​ម៉េច​ហ៊ាន​ចេញមុខ​ អ៊ីចឹង​រឿង​ត្រឹម​ត្រូវ ក៏​យើង​ដឹកនាំ​ធ្វើ រឿង​ដែល​ខុស​ក៏យើងចេញ​មុខ​តតាំង​ឱ្យ​បាន​មុន​គេ»។ លោក ខូវ ឆាយ បានបន្ថែម៕