
កីឡាករបាល់ទះដ៏ឆ្នើមរបស់កម្ពុជា វឿន វាសនា ក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) ជាមួយនឹងក្រុមហ៊ុនឯកជនមួយ កាលពីថ្ងៃទី១៧ ខែសីហា។ រូបថត សហការី
កីឡាករបាល់ទះដ៏ឆ្នើមរបស់កម្ពុជា វឿន វាសនា បានអះអាងថា ការវិលត្រឡប់ពីការប្រកបអាជីពបាល់ទះនៅលីគកំពូលតៃវ៉ាន់ Enterprise Volleyball League របស់គេ នឹងបង្កើតឱ្យមានភាពអស្ចារ្យជាថ្មីម្តងទៀត សម្រាប់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ដែលនឹងត្រូវចូលរួមប្រកួតប្រជែងដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី Sea V League Challenge នៅចុងខែសីហា និងដើមខែកញ្ញាខាងមុខនេះ។
វឿន វាសនា ដែលបានជួយឱ្យក្រុម Win Streak ឈ្នះជើងឯកការប្រកួតលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League ឆ្នាំ២០២៣-២០២៤ បាននិយាយថា៖ «ក្រុមជម្រើសជាតិបាល់ទះរបស់យើង បានខកខានប្រកួតព្រឹត្តិការណ៍យូរដែរហើយ ហេតុនេះពិតជាសប្បាយចិត្តមែនទែន ហើយខ្ញុំសង្ឃឹមថា ការវិលវិញរបស់ខ្ញុំ នឹងធ្វើឱ្យមានភាពអស្ចារ្យសាជាថ្មីសម្រាប់ក្រុមកម្ពុជាយើង»។
ការលើកឡើងបែបនេះរបស់ វឿន វាសនា ត្រូវបានធ្វើឡើង នៅពេលសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) បានចុះហត្ថលេខាលើអនុស្សារណៈជាមួយនឹងក្រុមហ៊ុនឯកជនមួយ កាលពីថ្ងៃទី១៧ ខែសីហា ដើម្បីឧត្តម្ភទៅលើការប្រកួតចំនួន៣ រួមមានការប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី Sea V League Challenge, ពានរង្វាន់សម្តេចក្រឡាហោម ស ខេង និងពានរង្វាន់ថ្នាក់ភូមិភាគនៅទូទាំងប្រទេសកម្ពុជា ៤x៤ Wurkz Special Volleyball Challenge។
នៅក្នុងពិធីនោះ វឿន វាសនា បានដាក់ក្តីរំពឹងខ្ពស់ថា រូបគេ និងសមាជិកទាំងអស់នៅក្នុងក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងអាចដណ្តើមបានកៅអី នៅក្នុងការប្រកួត Sea V League Challenge នៅឆ្នាំនេះ ដើម្បីបានឡើងទៅលេងក្នុងព្រឹត្តិការណ៍ Sea V League 2025 ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកដំបូង។
វឿន វាសនា បានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ក៏ដូចជាក្រុមទាំងមូល មានក្តីរំពឹងខ្ពស់មែនទែន សម្រាប់ព្រឹត្តិការណ៍ប្រកួត (Sea V League Challenge) ដ៏ខ្លីខាងមុខនេះ ដោយយើងសង្ឃឹមថា នឹងដណ្តើមបានកៅអីមួយទៅលេងនៅ Sea V League ឆ្នាំក្រោយ ហើយដោយសារការប្រកួតនេះ ត្រូវធ្វើនៅមុខការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ អ៊ីចឹងពួកយើងនឹងអាចដកស្រង់បានបទពិសោធន៍ពីក្រុមខ្លាំងៗ មុនពេលទៅប្រកួតស៊ីហ្គេម នៅប្រទេសថៃ»។
បើតាមលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឱ្យដឹង ការប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី Sea V League Challenge ឆ្នាំ២០២៤នេះ មានក្រុមជម្រើសជាតិតំណាងឱ្យ៤ប្រទេសចូលរួម ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី និងឡាវ ខណៈក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានដកខ្លួនចេញពីការប្រកួតនេះវិញ ដោយសារមានបញ្ហាផ្ទាល់ខ្លួន។
ចំពោះរូបមន្ត និងលក្ខខណ្ឌនៃការប្រកួត Sea V League Challenge នេះ លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា ក្រុមជម្រើសជាតិតំណាងឱ្យប្រទេសទាំង៤នេះ នឹងត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីយកក្រុមបានចំណាត់ថ្នាក់លេខ១ ឡើងទៅលេង Sea V League នៅឆ្នាំ២០២៥។
ទន្ទឹមនេះ កីឡាករ វឿន វាសនា បានឱ្យដឹងថា រូបគេបានស្គាល់កីឡាកររបស់ក្រុមទាំង៣នេះបានច្រើនដែរហើយ ជាពិសេសក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលរូបគេទើបបានប្រកួតជាមួយ នៅពេលរូបគេលេងតំណាងឱ្យក្រុម Win Streak កាលពីពេលថ្មីៗនេះ។
វឿន វាសនា បានបញ្ជាក់ថា៖ «តាមអ្វីដែលខ្ញុំក្តោបបាន គឺកីឡាកររបស់ក្រុមសិង្ហបុរី ក៏ដូចជាម៉ាឡេស៊ី ភាគច្រើនជាកីឡាករចាស់ៗ កាលពីឆ្នាំមុន ជាពិសេសខ្ញុំទើបតែបានជួបក្រុមម៉ាឡេស៊ី ក្នុងការប្រកួតមួយនៅតៃវ៉ាន់ កាលពីពេលថ្មីៗនេះ។ តែទោះយ៉ាងណា យើងនៅតែមានការព្រួយបារម្ភបន្តិចបន្តួចដែរ ចំពោះក្រុមទាំង៣នេះ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងត្រូវធ្វើឱ្យបានល្អ សម្រាប់ជួបពួកគាត់»។
ទោះបីជាទើបបានមកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា រយៈពេលខ្លី ប៉ុន្តែ វឿន វាសនា មានទំនុកចិត្តខ្ពស់ទៅលើការបង្ហាញសមត្ថភាពជាមួយថ្មីជាមួយមិត្តរួមជាតិ ជាថ្មីវិញនេះ។
វាសនា បញ្ជាក់ថា៖ «ខ្ញុំតែងមានទំនុកចិត្តខ្ពស់ ក្នុងក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ ប៉ុន្តែពួកយើងមិនត្រូវមើលស្រាលទៅលើគូសទេ ហើយយើងក៏មិនអាចមានរំពឹងដល់ ១០០ភាគរយនោះដែរ ប៉ុន្តែពួកយើងមានក្តីរំពឹងខ្ពស់នឹងឈ្នះក្នុងការប្រកួតនេះ ដើម្បីមានកៅអី សម្រាប់លេងនៅឆ្នាំខាងមុខ»៕