អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមកម្មវិធី «ដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ» នៅលើទឹកដីខេត្តសៀមរាបជាផ្លូវការហើយ ដើម្បីប្រមូលនូវភ័ស្តុតាង និងសាវតារពិតប្រាកដរបស់ក្បាច់គុនដូនតា មុនពេលឈានទៅដល់ការចងក្រងជាឯកសារ ទុកប្រើប្រាស់ជាផ្លូវការសម្រាប់កូនខ្មែរពីមួយជំនាន់ទៅមួយជំនាន់ កុំឱ្យបាត់បង់។
ជុំវិញការងារនេះ លោក ធិន វិចិត្រ ប្រធានមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា បានថ្លែងក្នុងសន្និសីទកាសែត នៅសណ្ឋាគារ Memoire Palace Resort & Spa លើទឹកដីអង្គរ កាលពីថ្ងៃទី២៧ សីហាថា៖ «អគ្គនាយកដ្ឋានកីឡា បានបង្កើតការិយាល័យកីឡាប្រពៃណីមួយ ដែលមានភារកិច្ចស្រាវជ្រាវ ហើយចងក្រងកីឡាប្រពៃណី ដែលមានតាំងពីដូនតាមក ដើម្បីជាប្រយោជន៍រួមរបស់មនុស្សជាតិ ព្រោះបើយើងមិនចងក្រងទេ វាអាចនឹងបាត់ពីមួយជំនាន់ទៅមួយជំនាន់»។
ជាកិច្ចចាប់ផ្តើម នៅក្នុងកម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរមកកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ នេះ អគ្គនាយកដ្ឋានកីឡា បាននាំយកកីឡាករកីឡាការិនីជម្រើសជាតិគុនខ្មែរ ៤នាក់ និងក្រុមកីឡាគុនល្បុក្កតោមួយក្រុម ដើម្បីចុះមកស្រាវជ្រាវដោយផ្ទាល់ពីសាវតារ និងប្រវត្តិក្បាច់គុនខ្មែរ នៅលើជញ្ជាំងប្រាសាទនានា ក្នុងតំបន់អង្គរ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និងទី២៩ ខែសីហា។
នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកជំនាញបុរាណវិទ្យាម្នាក់របស់អាជ្ញាធរអប្សរា នឹងធ្វើការពន្យល់យ៉ាងលម្អិតពីប្រវត្តិ និងអត្ថន័យពិតនៃរូបចម្លាក់ក្បាច់គុនបុរាណខ្មែរនៅលើជញ្ជាំងប្រាសាទនានា ហើយការងារដំបូងនេះ គឺផ្តោតមុនគេទៅលើប្រដាល់គុនខ្មែរ រួចទើបឈានដល់ការស្រាវជ្រាវ និងចងក្រងនូវក្បាច់គុនបុរាណខ្មែរផ្សេងៗទៀត។
លោក ធិន វិចិត្រ បានបញ្ជាក់ថា៖ «សព្វថ្ងៃនេះវិស័យប្រដាល់គុនខ្មែរបស់យើង កំពុងមានប្រជាប្រិយខ្លាំង ដោយមានការប្រកួតច្រើន ហេតុនេះឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, អាជ្ញាធរអប្សរា, សារព័ត៌មានថ្មីៗ និងភាគីពាក់ព័ន្ធមួយចំនួនទៀត គឺបានរួមគ្នាធ្វើកម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ ដើម្បីស្រាវជ្រាវហើយ រួចចងក្រងពីប្រវត្តិ និងសាវតារពិតរបស់គុនខ្មែរ ទុកជាឯកសារផ្លូវការសម្រាប់ប្រើប្រាស់ជាផ្លូវការតែម្តង»។
ចំណែកលោក សែត សុគន្ធ អ្នកគ្រប់គ្រងសណ្ឋាគារ Memoire Palace Resort & Spa ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាបនេះស្រាប់ បានបង្ហាញការស្វាគមន៍ និងរីករាយចូលរួមជួយ ចំពោះកម្មវិធី«ដំណើរទស្សនកិច្ចគុនខ្មែរមកកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ»នេះ ព្រោះលោកយល់ថា ការងារនេះ នឹងធ្វើឱ្យពិភពលោក ក៏ដូចជាភ្ញៀវទេសចរ កាន់តែមើលឃើញច្បាស់ពីភាពសម្បូរបែបនៃអរិយធម៌ខ្មែរ ដែលបានចារនៅតាមជញ្ជាំងប្រាង្គប្រាសាទនានា នៅក្នុងតំបន់អង្គរ។
លោក សុគន្ធ បានបញ្ជាក់ថា៖ «កម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរមកកាន់តំបន់ប្រវត្តិសាស្ត្រអង្គររបស់ក្រសួងអប់រំនាពេលនេះ វាជាឱកាសដ៏ល្អក្នុងការបង្ហាញទៅកាន់សកលលោកថា យើងក៏មានអរិយធម៌មួយដ៏ផូរផង់ បានចារនៅលើជញ្ជាំងប្រាសាទរបស់យើង ហើយយើងមានក្បាច់គុនជាច្រើន ដែលបានចារ និងឆ្លាក់នៅលើប្រាសាទទាំងនោះ»។
«យើងសង្ឃឹមថា កីឡាករ កីឡាការិនីទាំងអស់គ្នា នឹងបានជួបនូវទស្សនវិទូរបស់យើង ដើម្បីបានដឹងកាន់តែច្បាស់ពីក្បាច់គុនរបស់ដូនតាយើង ហើយពួកគាត់ នឹងនាំយកចំណេះដឹងទទួលបានទាំងនេះទៅផ្សព្វផ្សាយបន្ត ដើម្បីឱ្យក្បាច់គុនខ្មែរយើងមានការរីកចម្រើន និងមានគេស្គាល់កាន់តែទូលំទូលាយ»។ លោក សែត សុគន្ធ បានបន្ថែម។
ជាមួយគ្នានេះ កីឡាករ កីឡាករជម្រើសជាតិប្រដាល់គុនខ្មែរទាំង ៤រូប រួមមានម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ឈឿង ល្វៃ, លន បញ្ញា កីឡាការិនី ទូច ចាន់វត្តី និងកីឡាការិនី ឆា ចាន់ដេង សុទ្ធតែបានបង្ហាញភាពរីករាយ ដែលទទួលបានឱកាស មកសិក្សាដោយផ្ទាល់ជាមួយការពន្យល់របស់អ្នកជំនាញបុរាណវិទ្យា ពីប្រវត្តិក្បាច់គុនបុរាណខ្មែរ នៅតាមប្រាសាទនានា នៅលើទឹកដីអង្គរ ជាលើកដំបូងនេះ។
កីឡាករជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ លន បញ្ញា បាននិយាយថា៖ «ទោះបីជាខ្ញុំជាកីឡាករប្រដាល់ម្នាក់ ប៉ុន្តែខ្ញុំមិនសូវបានដឹងពីប្រវត្តិពិតនៃការកកើតក្បាច់គុនបុរាណខ្មែរនោះទេ អ៊ីចឹងតាមរយៈដំណើរទស្សនកិច្ចមកកាន់តំបន់ប្រវត្តិសាស្ត្រអង្គរនេះ ខ្ញុំនឹងព្យាយាមត្រងត្រាប់ស្តាប់ការណែនាំពីទស្សនវិទូរបស់យើងឱ្យបានច្រើន ដើម្បីបង្កើននូវចំណេះដឹងបន្ថែមទៀត»។
ចំណែកកីឡាការិនីម្ចាស់មេដាយមាសស៊ីហ្គេម ទូច ចាន់វត្តី និយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ដែលបានមកសិក្សា និងស្វែងយល់ពីប្រវត្តិក្បាច់គុនខ្មែរ ដែលមានឆ្លាក់នៅលើជញ្ជាំងប្រសាទយើងផ្ទាល់។ ខ្ញុំរំពឹងថា នឹងចាប់យកឱ្យបានច្រើនពីបុរាណវិទូ ដែលគាត់បានពន្យល់ប្រាប់ពួកយើង ហើយខ្ញុំនឹងខំប្រឹងសិក្សាបន្ថែម និងយកទៅអនុវត្តផ្ទាល់ ក្នុងពេលហ្វឹកហាត់ ព្រមទាំងផ្សព្វផ្សាយបន្ថែមយល់បងប្អូនជាយុវជន យុវនារីទាំងអស់ ដែលមិនទាន់បានដឹងពីប្រវត្តិគុនខ្មែរ ដើម្បីឱ្យគាត់បានដឹងច្បាស់ថា គុនខ្មែរ ពិតជាមានប្រវត្តិដ៏យូរលង់ ដែលបានបន្សល់ទុកពីដូនតាខ្មែរ»៕