ក្រុមជម្រើសជាតិកម្ពុជា មិនអាច​រក្សា​គ្រាប់បាល់នាំមុខ ២-១ របស់​ខ្លួន​ដល់​ទី​បញ្ចប់ ដើម្បី​យក​ឈ្នះ​ក្រុម​ជម្រើសជាតិស្រីលង្កា​​នោះ​ទេ គឺ​ពួកគេ​បាន​រហូត១​គ្រាប់​វិញ នៅនាទី​ចុង​ក្រោយនៃ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង រួចបាន​បន្ត​ចាញ់​ក្នុងការ​ទាត់​បាល់ប៉េណាល់​ទី​កាត់សេចក្តី និង​បាន​ធ្លាក់​ចេញ​ពីការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup Saudi Arabia 2027 ដ៏​គួរ​ឱ្យ​សោក​ស្តាយ​បំផុត។

ក្រុមជម្រើសជាតិ​ស្រីលង្កា ក្រោមការ​ដឹកនាំ​របស់គ្រូបង្គោល​លោក Abdullah Almutairi បានរត់​ទៅបំពាក់បំពួន​គ្នា ដើម្បី​អបអរ​ជ័យជម្នះ​របស់​ខ្លួន បន្ទាប់ពី​ពួកគេ បាន​យក​ឈ្នះក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ក្នុងការ​ទាត់បាល់ប៉េណាល់​ទី ដោយ​លទ្ធផល ៤-២ ហើយនេះជា​លទ្ធផល​ដ៏គួរ​ឱ្យ​រំភើបបំផុត  ព្រោះ​វាបាន​កើតមាន​ឡើង ក្នុងពេល​វេលា ដែលគ្រប់​គ្នា​នឹក​ស្មាន​មិនដល់។

តាម​រយៈការ​​ប្រកួតកាត់សេចក្តីជើង​ទី​២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ​កាល​ពី​យប់​ថ្ងៃអង្គារ​ម្សិល​មិញ​នេះ ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​៩ K. Oliver Jame បានស៊ុត​បញ្ចូលទី​ជួយ​ឱ្យក្រុម​ស្រីលង្កា នាំ​មុខ​ ១-០ នៅនាទីទី​៣៨ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ ញាន សុខស៊ីដាន បានជួយ​ឱ្យ​ក្រុម​​កម្ពុជា តាម​ស្មើ​ វិញ តាម​រយៈការ​ស៊ុតបាល់​ចេញពី​ក្រៅ​គំនូស​ស បញ្ចូល​ទី​យ៉ាងស្អាត នៅនាទីទី​៥១ ហើយលទ្ធផល​ស្មើ​គ្នា ១-១ នេះ​បានអូសបន្លាយ​ដល់នាទីទី​៩០ ដែល​ធ្វើ​ឱ្យក្រុមទាំង​២ ឈាន​ដល់ការ​ប្រកួត​​បន្ថែម​ម៉ោង​១៥នាទី​២ដង។​


នៅ​ក្នុងការ​ប្រកួតបន្ថែម​ម៉ោង​​១៥នាទី​ដំបូង ខ្សែ​បម្រើ​ជើង​ចាស់ ដែល​ទើប​​បាន​ចូល​លេង​ឱ្យ​ក្រុមជម្រើសជាតិ​កម្ពុជា​ជាថ្មី សុះ ស៊ូហាណា បានស៊ុតបាល់បញ្ចូល​ទី​យ៉ាងស្អាត បន្ទាប់ពី​រូបគេ​ទទួល​បាន​បាល់​ពីការ​បញ្ជូន​ដោយ​ប្រើកែង​ជើង​ពីសំណាក់​ខ្សែ​ការពារ​កណ្តាល Mo Kan នៅនាទីទី​៩៩ ហើយ​ការ​ទាត់​បក​ត្រឡប់​ក្រោយ​បញ្ចូល​ទី​ដ៏អស្ចារ្យ​របស់​ខ្សែ​ប្រយុទ្ធ សារ ទី គួរណាស់ជួយ​ឱ្យ​កម្ពុជា នាំ​មុខ ៣-១ នៅនាទីទី​១០៤ ប៉ុន្តែ​អាជ្ញាកណ្តាល​ បានច្រាន​ចោល​គ្រាប់បាល់​នោះ ដោយសម្អែង​ថា ជាបាល់អកហ្ស៊ឺ។

ចំណែកការ​ប្រកួត​ ​១៥នាទី​ចុងក្រោយ ក្រុម​កម្ពុជា ក៏​មានឱកាស​ក្នុងការ​រក​គ្រាប់បាល់​បន្ថែម​ផងដែរ តែពួកគេ​មិនអាច​ធ្វើ​បាន ស្របពេល​ក្រុម​កម្ពុជា បាន​ផ្តោតខ្លាំង​​លើការ​លេង​ការពារ​​ក្នុងបំណង​រក្សា​ការ​នាំ​មុខ ២-១ នេះឱ្យ​​ដល់​ចប់​ការ​ប្រកួត​តែម្តង ប៉ុន្តែ​អារម្មណ៍ខកចិត្ត​បាន​កើតមាន​ឡើងចំពោះ​ពួកគេ និងអ្នកគាំ​ទ្រ នៅពេល​​ខ្សែ​ការពារ K.Clauddio Matthias បានស៊ុតបាល់បញ្ចូល​ទី​តាមស្មើ ២-២ ឱ្យ​ក្រុមស្រីលង្កា វិញ​នៅនាទីទី​បន្ថែម ១២០+២។


បន្ថែម​ទៅលើ​ការ​ខក​ចិត្ត​នេះ ខ្សែ​ប្រយុទ្ធ Doeung Nicolas Taylor និង​​ខ្សែ​បម្រើ អន ចាន់ប៉ូលីន សុទ្ធតែ​ស៊ុត​បាល់​មិន​បានសម្រេច នៅក្នុងការ​ទាត់បាល់​ប៉េណាល់​ទី​កាត់សេចក្តី គឺ​មាន​តែ លឹម ពិសុទ្ធ និង សឿយ វិសាល ទេ ដែល​ស៊ុត​បញ្ចូល​ទី​បាន។ ផ្ទុយ​ពីនេះ​កីឡាករ​ទាំង​​៤នាក់​របស់​ក្រុមស្រីលង្កា សុទ្ធតែ​ស៊ុតបាល់​​ដាច់​ចង្កេះ​អ្នកចាំទី វីរៈ ដារ៉ា ដើម្បី​យក​ឈ្នះ​ក្រុមកម្ពុជា ៤-២ និង​បាន​ឡើង​ទៅប្រកួត​ជុំទី​៣​​​ពាន​រង្វាន់ AFC Asian Cup នេះ។

ដោយឡែក ​សមាជិក​មួយ​ចំនួន​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ពិសេស​ប្រធាន​ក្រុម Yudai Ogawa និង Mo Kan សុទ្ធតែ​បានសម្រក់​​ទឹក​ភ្នែក បង្ហាញការ​សោក​ស្តាយ ចំពោះការចាញ់​ក្រុម​ស្រីលង្កា សម្រាប់ការ​ប្រកួត​កាត់សេចក្តី នៅលើ​ទឹក​ដី​ខ្លួនឯងនេះ ខណៈការ​ប្រកួតជើងទី​១ នៅលើទឹក​ដី​ស្រី​លង្កា ក្រុមទាំង​២​នេះ បានស្មើ​គ្នា ០-០។

ជុំវិញការ​ចាញ់​ក្រុមស្រីលង្កា​នេះ លោក Felix Dalmas គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​និយាយក្នុងសន្និសីទ​កាសែត​​ក្រោយ​ការ​ប្រកួត​ថា៖​ «ក្រុម​របស់​យើង​បានព្យាយាម​លេង​យក​ឈ្នះ​​តាំងពីនាទី ​១​មកម្ល៉េះ គឺ​យើង​ចង់​ឈ្នះ​ខ្លាំង​ណាស់ អ៊ីចឹង​កីឡាករ​របស់​យើង បានប្រឹង​ប្រែង​អស់ពី​លទ្ធភាព​ហើយ ប៉ុន្តែ​បាល់​ទាត់ពេល​ខ្លះ​ត្រូវការ​សំណាង​ដែរ ហើយថ្ងៃ​នេះ​សំណាងមិននៅជាមួយក្រុម​យើងទេ»។

ជាមួយគ្នានេះ លោក​ Felix ស្នើសុំដល់​អ្នកគាំទ្រឱ្យ​បញ្ឈប់​ការរិះគន់​ បែបបំបាក់ទឹក​ចិត្ត​ដល់​កីឡាករ ព្រោះពួកគេ​បាន​លះ​បង់​ច្រើនណាស់ ហើយ​មានការឈឺចាប់ខ្លាំង​ជាង​អ្នកគាំ​ទ្រ​ទៅ​ទៀត នៅពេល​ក្រុមចាញ់ តែធ្វើ​ម៉េច​កម្រិត​លេង​របស់​យើង​ពេលនេះ​បានត្រឹមប៉ុណ្ណឹង អ៊ីចឹង​ត្រូវមានការរួមរួមគ្នា​បន្ថែម​ទៀត បើ​ចង់​ឃើញ​ក្រុមជម្រើសជាតិ​កម្ពុជា មានការ​រីក​ចម្រើន និង​លេង​បានល្អជាង​នេះ។

លោក​បានសង្កត់​ធ្ងន់​ថា៖ ​«កីឡាករ​​ ដែល​បានមក​ចូលរួម​នេះ សុទ្ធតែមក​លេង​ដើម្បី​ឈ្នះ ព្រោះបើគាត់​មិនចង់​ឈ្នះ​ទេ គាត់សុខចិត្ត​ដេកនៅ​ផ្ទះ​វិញល្អជាង ​សង់តែគេជេរ។ ពួកគាត់​បាន​លះបង់​​ទាំង​កម្លាំង​កាយ​ចិត្ត និងពេល​វេលា ​ដោយសុខចិត្ត​ឃ្លាត​ឆ្ងាយ​ពី​ក្រុមគ្រួសារ ដើម្បីមក​ហ្វឹក​ហាត់ និ​ងប្រកួត តែពេល​មក​ហើយ​​ទទួល​រងការរិះគន់ និងជេរ​ប្រមាថ​បែបនេះ គឺ​​គាត់​មិន​ចង់​បានឡើយ»។

លោក​បាន​បន្ថែម​ថា៖​ «​ពួកគាត់​មក​លេង​ដើម្បី​ប្រទេស​កម្ពុជា ហើយ​ចង់ឈ្នះ​ខ្លាំ​ង​ណាស់ ហេតុនេះសូមអ្នកគាំ​ទ្រ កុំ​ដាក់សម្ពាធ​ និង​​រិះគន់បំបាក់​ទឹក​ចិត្ត​​ពួកគាត់​​ខ្លាំង​ពេក គឺ​គួរតែមានការ​លើក​ទឹក​ចិត្ត និងជួយ​គ្នា​ទើប​ត្រឹម​ត្រូវ ព្រោះ​បើ​យើងមិនជួយគ្នា តើ​មាន​អ្នក​ខាងក្រៅឯ​ណា មក​ជួយ​យើង»។

ទន្ទឹម​នឹងនេះ លោក Felix បាន​ដាក់​ក្តី​សង្ឃឹម​ថា ក្រុម​កម្ពុជានឹងខ្លាំង និង​បន្តធ្វើឱ្យ​បានល្អបើ​សិន​មានការរួមគ្នា។

លោកបញ្ជាក់​ថា៖​ «យើង​ត្រូវតែរួបរួមគ្នាទាំងអស់គ្នា ​នៅលើផ្លូវតែមួយ​ ទៅមុខរួមគ្នា។ កម្ពុជាមានការដើរលើផ្លូវដ៏ត្រឹមត្រូវមួយនាពេលអនាគត ប្រសិនបើអ្នកទាំងអស់គ្នាទៅមុខរួមគ្នា ហើយការ​និយាយ​បែបនេះ ព្រោះ​ខ្ញុំ​ស្រលាញ់​កម្ពុជា ស្រលាញ់​កីឡាករ​កម្ពុជា និងចង់​យក​ជ័យជម្នះ​ឱ្យ​អ្នកទាំង​អស់​គ្នា»៕