ប្រធាន​ក្លិប​បាល់​ទាត់អង្គរថាយហ្គឺរ លោក Akihiro Kato បាន​នឹង​កំពុង​ពេញ​ចិត្ត​ពេញ​ថ្លើម​ខ្លាំង​ទៅលើ​ទម្រង់លេង​​របស់​ក្រុម​មានមូលដ្ឋាន​នៅ​ខេត្ត​សៀមរាប ​អង្គរ​ថាយហ្គឺរ ដែល​បាន​ឈ្នះ​គ្រប់ការ​ប្រកួត​ទាំងអស់ សម្រាប់​ការ​បង្ហាញ​វត្តមានជា​ថ្មី នៅ​លីគកំពូល​កម្ពុជា រដូវ​កាលថ្មី ឆ្នាំ​២០២៤-២០២៥ (Cambodian Premier League) ដែល​ទើប​បានបញ្ចប់ការ​ប្រកួតប្រចាំ​សប្តាហ៍​ទី​៥ កាលពី​យប់​ថ្ងៃព្រហស្បតិ៍។


បើទោះបីជា ក្រុមអង្គរថាយហ្គឺរ បានបញ្ចប់ការប្រកួត​លីគកំពូល​កម្ពុជា កាល​ពី​ឆ្នាំ​២០២៣ ដោយ​ឈរ​នៅបាតតារាង ព្រោះ​ក្រុម​​ដឹកនាំ​ដោយ​គ្រូ​បង្គោលជនជាតិ​អង់គ្លេស លោក Alistair Heath មួយនេះ​​រក​បាន​ត្រឹម​១៨ពិន្ទុ ជាមួយ​ការ​ឈ្នះ​៥ ស្មើ​៣ និងចាញ់​រហូត​ដល់​១៩​ប្រកួត។

ប៉ុន្តែ​​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្គោល​ថ្មី លោក យុទ្ធ នី និង​លោ​ក Kota Miyagi ជា​គ្រូជំនួយ គឺ​ក្រុម​អង្គរថាយហ្គឺរ បាន​​ផ្លាស់ប្តូរ​សមាសភាព​កីឡាករខ្មែរ​​ភាគ​ច្រើន ចំណែក​​​បរទេសវិញ អង្គរថាយហ្គឺរ បាននាំ​យក​សុទ្ធ​តែ​កីឡាករ​​មានបទពិសោធន៍​លេង​ល្អ​មកជួយដល់​ក្រុម ជាពិសេស​កីឡាករ​ជប៉ុនទាំង​៤នាក់ Taiga Kitajima, Kodai Nagashima, Shuto Asano និង Takuto Yasuoka TAKUTO ព្រមទាំង​ខ្សែ​ការពារ​មកពី​អង់គ្លេស Ben William Nugent និង​ខ្សែ​ប្រយុទ្ធ​ទីម័រ Joao Pedro ដែល​កំពុង​លេង​យ៉ាងស៊ីចង្វាក់​គ្នា ជួយ​ឱ្យ​​អង្គរ​ថាយហ្គឺរ ឈ្នះគ្រប់​ការ​ប្រកួត នា​រដូវ​កាលថ្មី​នេះ។


សម្រាប់ការ​ប្រកួត​នៅក្រៅ​ទឹក​ដី​ចំនួន​៤​លើក​កន្លងមកនេះ ក្រុមអង្គរថាយហ្គឺរ បាន​យក​ឈ្នះ​ក្រុមចំណូល​ថ្មី ក្រសួងមហាផ្ទៃ ១-០ កាលពី​ថ្ងៃទី​១១ ខែសីហា រួច​បាន​បន្ត​​ឈ្នះ​ក្រុមកងយោធពល​ខេមរភូមិន្ទ ២-១ កាលពី​ថ្ងៃទី​២៥ ខែសីហា និង​បាន​យក​ឈ្នះ​ក្រុម​ ISI សង្កោសែន​ជ័យ ២-០ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា។


ចំណែក​ការ​ប្រកួត​លើក​ទី​៤ នៅលើ​ទឹក​ដី​ខេត្ត​តាកែវ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ក្រុមអង្គរ​ថាយហ្គឺរ បានបន្ត​យក​ឈ្នះក្រុម​ម្ចាស់​ផ្ទះ គិរីវង់សុខសែន​ជ័យ ៣-១ ដោយ​ក្នុង​នោះខ្សែ​ប្រយុទ្ធ Kodai Nagashima រក​បាន​គ្រាប់​បាល់​បើក​ឆាក​នៅនាទីទី​៣៤ មុន​ពេល​ខ្សែ​ប្រយុទ្ធ​របស់គិរីវង់ Neville Mbanwei Tengeg ស៊ុត​តាមស្មើវិញ​​នៅនាទីទី​៤៥។ ប៉ុន្តែ​​កីឡាករ​ជប៉ុន Asano Shuto រក​បាន​២គ្រាប់ជាប់ៗគ្នា ​នៅនាទីទី​៦៤ និង​៧២ ដើម្បី​ជួយ​ឱ្យក្រុមអង្គរ​ថាយហ្គឺរ ទទួលបាន​៣ពិន្ទុ​យ៉ាងរំភើប​បំផុត។


ការ​ឈ្នះទាំង​៤​ប្រកួតជាប់ៗ​គ្នានេះ បានជួយ​ឱ្យ​ក្រុម​អង្គរថាយហ្គឺរ ឡើង​ទៅ​ឈរ​នៅ​លេខ​រៀងទី​៣ ជា​បណ្តោះអាសន្ន លើកដំបូង ដោយមាន​១២ពិន្ទុ​ស្មើជាមួយក្រុម​លេខ​១ ព្រះខ័នរាជស្វាយរៀង ដែល​៥ប្រកួត បានឈ្នះ​៤ ចាញ់​១ និង​ក្រុម​លេខ​២ ភ្នំពេញ​ក្រោន ដែល​បាន​ឈ្នះ​ទាំង​៤​ប្រកួតជាប់ៗគ្នា​ដែរ។

លោក Akihiro Kato (ពាក់វ៉ែនតា) និង​ក្រុម​ដៃ​គូស​ហការ បាន​បង្ហាញ​វត្តមាន ក្នុង​ពេល​សាងសង់​ដំណាក់​កាល​ទី១ នៃ​កីឡដ្ឋាន​ថ្មី​របស់​ក្លិ​បអង្គរថាយហ្គឺរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត អង្គរថាយហ្គឺរ

យ៉ាង​ណាមិញ សម្រាប់ការ​ធ្វើ​ដំណើរ​មកជួប​ក្រុម​វិសាខា នៅកីឡដ្ឋានព្រីនស៍ នាល្ងាច​ម៉ោង​៦ ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍នេះ  លោក Akihiro Kato ប្រធាន​ក្លិប​បាល់​ទាត់​អង្គរ​ថាយហ្គឺរ បាន​ដាក់​ក្តី​សង្ឃឹម​ថា ក្រុម​របស់​លោក អាច​នឹង​ទទួលបានជ័យជម្នះជា​ថ្មី​ម្តង​ទៀត ដើម្បី​បង្កើត​បានប្រវត្តិសាស្រ្ត​ថ្មី ចំពោះការឈ្នះ​៥​លើកជាប់ៗគ្នា ជា​លើកដំបូង។

លោក Akihiro Kato បានបង្ហោះសារ​ជាភាសាអង់គ្លេស​ នៅ​លើ​ផេចហ្វេសប៊ុក​ផ្ទាល់​ខ្លួន​បែបនេះ​ថា៖ ​« 4 wins in a row!! Never won 5 in a row before so win Sunday game and make new history!! ដែលមាន​ន័យជាភាសាខ្មែរ​ថា (ក្រុម​យើង) ឈ្នះ​៤​ប្រកួតជាប់ៗគ្នា! មិន​ដែល​ឈ្នះ​៥​ប្រកួតជាប់ៗគ្នា​ពី​មុនមក​ទេ ដូច្នេះ​ឈ្នះ​ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ និងបង្កើត​ប្រវត្តិ​សាស្រ្តថ្មី»។

ជាមួយគ្នា​នេះ លោក ឌី វិជ្ជា ប្រធាន​ក្លិប​បាល់​ទាត់​ព្រះខ័នរាជស្វាយ​រៀង ក៏បាន​បង្ហោះសារអបអរដល់​លោក Akihiro Kato ដែល​បានចំណាយ​ទាំង​ពេលវេលា និង​ថវិកា មក​បង្កើត​ក្លិប​បាល់​ទាត់​អង្គរ​ថាយហ្គឺរ នៅ​ខេត្ត​សៀម​រាប ដើម្បី​រួមចំណែក​អភិវឌ្ឍ​ដល់​វិស័យបាល់​ទាត់នៅ​កម្ពុជា ខណៈពេលនេះ​បុរសជនជាតិជប៉ុនលោក Akihiro ក៏កំពុង​សាង​សង់កីឡដ្ឋានបាល់​ទាត់ផ្ទាល់​ខ្លួន​​​ដ៏ប្រណិត​មួយ នៅ​លើ​ទឹក​ដី​ខេត្តសៀម​រាប​ផងដែរ។

លោក ឌី វិជ្ជា បាន​សរសេរ​បែប​នេះ​ថា៖ «ខ្ញុំ​សូម​ធ្វើ​ការ​កោត​សរសើរ​ចំពោះ លោក Akihiro Kato ប្រធាន​ក្លិប​បាល់​ទាត់​អង្គរ​ថាយហ្គឺរ ដែល​បាន​ចំណាយ​ពេល​វេលា និង​ធនធាន មក​ជួយ​កសាង​អភិវឌ្ឍ​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា ជាពិសេស​នៅ​លើ​ទឹកដីអង្គរ ខេត្ត​សៀមរាប។ សូម​ជូន​ពរ លោក Akihiro Kato ក្រុម​គ្រួសារ ព្រម​ទាំង​កីឡាករ មន្រ្តី បុគ្គលិក​ក្លិប​បាល់​ទាត់​អង្គរថាយហ្គឺរ​ទាំង​អស់ មាន​សុខ​ភាព​ល្អ និង​ជួប​តែ​សំណាង​ល្អ»។

យ៉ាង​ណា​ក៏​ដោយ ក្តីសង្ឃឹម​ចង់​បាន​៣ពិន្ទុ​ពីក្រុម​វិសាខា របស់​ប្រធាន​ក្លិប​អង្គរថាយហ្គឺរ លោក Akihiro Kato ត្រូវ​បានគេ​មើលឃើញ​ថា អាច​នឹង​មានការពិបាក​ខ្លាំង​។ បើទោះបីជា ​​២​ប្រកួត​នៅ​ដើម​រដូវ​កាលនេះ​ ក្រុម​វិសាខា បាន​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន ៤-២ រួច​បន្ត​ចាញ់​ក្រុមណាហ្គាវើលដ៍ ១-០។

ប៉ុន្តែ​ការ​យក​ឈ្នះ​ក្រុមឡាយហ្វខេត្តព្រះសីហនុ ៣-១ ពិសេស​ការ​ឈ្នះ​ក្រុម​ព្រះខ័នរាជស្វាយរៀង ១-០ និងការ​លត់​ក្រុម​ក្រសួងមហាផ្ទៃ ៩-០ កាលពី​ថ្ងៃ​ពុធ បានបង្ហាញ​ឱ្យ​ឃើញ​ថា វិសាខា ក្រោមការ​ដឹកនាំ​របស់​គ្រូ​បង្គោល​ថ្មី លោក Jurgis Kalns ចាប់​ផ្តើម​លេង​ត្រូវជើង​គ្នាហើយ ​ហើយកីឡាករ​គ្រប់រូប​របស់​ក្រុមនេះ ក៏កំពុង​មាន​ការ​ស្រេកឃ្លានជ័យជម្នះជា​បន្ត​ទៀត ដើម្បី​ឈាន​ទៅដណ្តើម​យកពានលីគកំពូលកម្ពុជា នៅរដូវ​កាលនេះ​ ដូច្នេះការ​ចង់​​ដណ្តើម​៣​របស់​ អង្គរថាយហ្គឺរ អាចប្រែ​ក្លាយទៅជាការ​ខកចិត្ត​វិញ​ក៏​ថាបាន​៕