ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ (U20) បានធ្វើដំណើរទៅដល់ឆាយនីសតៃប៉ិ (Chinese Taipei) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម២០ឆ្នាំ (AFC U20 Asian Cup China 2025) នៅទីនោះដែលនឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ទី២៩ ខែកញ្ញា ឆ្នាំ២០២៤។
កីឡាករចំនួន ២៣នាក់ ត្រូវបានសម្រិតសម្រាំងជាលើកចុងក្រោយ ដោយគ្រូបង្គោលជនជាតិជប៉ុន លោក Koji Gyotoku សម្រាប់ធ្វើដំណើរទៅចូលរួមការប្រកួតជម្រុះតាមពូលពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ២០ឆ្នាំនេះ បន្ទាប់ពីពួកគេបានឆ្លងកាត់ការធ្វើតេស្តដំណាក់កាលទី១ តាំងពីថ្ងៃទី២០ ខែសីហា និងបានប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាលើកចុងក្រោយ កាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា។
ដោយឈរនៅពូលB ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២០ឆ្នាំ នឹងត្រូវប្រឈមជាមួយក្រុមខ្លាំងៗ នៅក្នុងតំបន់អាស៊ី ដែលសុទ្ធតែមានចំណាត់ថ្នាក់ល្អជាងខ្លួន ហើយគ្រូបង្គោលលោក Koji Gyotoku បានមើលឃើញថា ក្រុមកម្ពុជា ពិតជាមានការពិបាកក្នុងការប្រជែងជាមួយក្រុមទាំងអស់នោះ។
តែទោះបីជាយ៉ាងណា គ្រូបង្វឹកជនជាតិជប៉ុនលោក Koji Gyotoku បានបង្ហាញមហិច្ឆតា ក្នុងការដឹកនាំក្រុម U20 កម្ពុជាឱ្យឆ្លងផុតវគ្គជម្រុះតាមពូលនេះ។
លោកបាននិយាយមុនធ្វើដំណើរទៅ Chinese Taipei បែបនេះថា៖ «សម្រាប់ការប្រកួតជម្រុះជើងឯកទ្វីបអាស៊ីអាយុក្រោម ២០ឆ្នាំនេះ វាអត់ស្រួលសម្រាប់យើងទេ ព្រោះពូលរបស់យើងសុទ្ធតែជាក្រុមខ្លាំងៗ ហើយគោលដៅរបស់យើងគឺចង់ឆ្លងឱ្យផុតវគ្គជម្រុះមួយនេះ»។
សម្រាប់ការប្រកួតនេះ ក្រុមU20កម្ពុជា នឹងត្រូវធ្វើការប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិអាយុក្រោម២០ឆ្នាំនេប៉ាល់ នៅថ្ងៃទី២១ រួចបន្តប៉ះក្រុមU20អ៊ូសបេគីស្ថាន នៅថ្ងៃទី២៣ មុនជួបក្រុម U20 បារ៉ែន នៅថ្ងៃទី២៧ និងចុងក្រោយត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Chinese Taipei ថ្ងៃទី២៩ ខែកញ្ញា ហើយនៅក្នុងចំណោមក្រុមទាំង៤នេះ លោក Koji Gyotoku បានចាប់អារម្មណ៍ខ្លាំងលើក្រុមអ៊ូសបេគីស្ថាន និងក្រុមបារ៉ែន ដែលមានកម្រិតលេងខ្ពស់ជាងគេ នៅក្នុងពូល Bនេះ។
លោកបានបញ្ជាក់ថា៖ «ក្រុមទាំងអស់ ដែលស្ថិតនៅក្នុងពូល B នេះ សុទ្ធតែមានចំណាត់ថ្នាក់លើយើង ជាពិសេសក្រុមអ៊ូសបេគីស្ថាន ដែលស្ថិតនៅលេខខ្ទង់ ៦០ និង ក្រុមបារ៉ែន ដែលស្ថិតនៅលេខខ្ទង់៩០ អ៊ីចឹងមានន័យថា ក្រុមទាំង ២ នេះ ជាក្រុមខ្លាំងជាងគេ ដែលយើងពិបាកក្នុងការលេងជាមួយ ប៉ុន្តែគោលដៅរបស់យើងនឹងប្រឹងប្រែងយកជ័យជម្នះឱ្យបាន ទោះបីជាយើងគិតថា វាលំបាកសម្រាប់យើងក៏ដោយ»។
លោក Koji Gyotoku បានបន្ថែមថា៖ «សម្រាប់ខ្ញុំវិញ កាលពីមុនយើងលេងនៅតំបន់អាស៊ាន ប៉ុន្តែលើកនេះ ជាតំបន់អាស៊ីទាំងមូលតែម្តង ហើយនៅក្នុងពូលរបស់យើងមានក្រុមមកពីអាស៊ីកណ្តាលទៀត សុទ្ធតែជាក្រុមដែលខ្លាំងៗ វាពិបាកបន្តិចក៏ពិតមែន ប៉ុន្តែអ្វីដែលខ្ញុំនឹងប្រឹងប្រែងជាមួយកីទ្បាកររបស់ខ្ញុំ គឺធ្វើយ៉ាងណាព្យាយាមរកឱ្យបានលទ្ធផលល្អជូនកម្ពុជា និងអ្នកគាំទ្រ»។
គួរបញ្ជាក់ថា កីឡាករអាយុក្រោម២០ឆ្នាំទាំង២៣នាក់ ដែលត្រូវបានជ្រើសរើសយកទៅប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ២០ឆ្នាំ នៅ Chinese Taipei លើកនេះ គឺភាគច្រើនជាកីឡាករមកពីមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ដោយមានដល់ ៧នាក់ ដូចជាកីឡាករ រុង ចុងមីង, ទាំ មករា, អ៊ុក ដេវីន, ស៊ូ មេងហុង, នឹម អូរវ៉ាន់ដា, លឹម វឌ្ឍនា និងថាច់ ដារ៉ូ។
ចំណែក៥នាក់ទៀត មកពីក្លិបវិសាខា រួមមាន ឈើត សាមឌី, មាន ចាន់រិទ្ធ, ឈាង គឹមសុង, ភឿក ថាតថៃ និង ផាន វិរៈ រីឯកីឡាករមកពីក្លិបភ្នំពេញក្រោន មាន កើត មាស, ឈិន វឹននីន និង បុង សាំយូអ៊េល ហើយកីឡាករ ម៉ាត់ ឡានី និង ស្រេង សុខគា មកពីក្លិបកងយោធពលខេមរភូមិន្ទ។ ចំពោះកីឡាករ៦នាក់ទៀត គឺ ឯម ឈុំស៊ីដេត មកពីក្លិបគិរីវង់សុខសែនជ័យ, អ៊ីត សូនី មានក្លិបណាហ្គាវើលដ៍, អាវ សុវណ្ណារ៉ា របស់ក្លិបបឹងកេត, សួន មករា របស់ក្លិប ISI ដង្កោសែនជ័យ, ហាន់ ទី របស់ក្លិបអង្គរថាយហ្គឺរ និង លីម លោកាថុង មកពីក្លិប Melville United AFC៕