កីឡាករជើងចាស់មានកម្រិតប្រកួតឡើងចុះ មិនទៀងទាន់ ឡុង ជិន ត្រូវបានអ្នករៀបចំកម្មវិធីប្រកួតប្រដាល់នៅសង្វៀន PNN សម្រេចដាក់ឱ្យប្រកួតដណ្តើមខ្សែក្រវាត់ពីជើងខ្លាំង ឈុត សេរីវ៉ាន់ថង ដែលនឹងធ្វើនៅរសៀលថ្ងៃអាទិត្យនេះ ចំណែកម្ចាស់មេដាយមាស ឡៅ ចិត្រា ក៏ត្រូវប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ ប្រភេទទម្ងន់៦៧គីឡូក្រាមជាមួយអ្នកប្រដាល់អន្តរជាតិ៣នាក់ផ្សេងទៀតក្នុងព្រឹត្តិការណ៍ GANZBERG Kun Khmer Super Strike នេះផងដែរ។
នៅមុនការជួបគ្នា នៅថ្ងៃអាទិត្យនេះ ឡុង ជិន និង ឈុត សេរីវ៉ាន់ថង ធ្លាប់ប្រកួតគ្នាចំនួន៤លើកមកហើយ ដោយក្នុងនោះ ឡុង ជិន បានយកឈ្នះ វ៉ាន់ថង ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀនអាស៊ីអាគ្នេយ៍ កាលពីខែសីហា ឆ្នាំ២០១៨ ប៉ុន្តែការជួបគ្នា៣លើកក្រោយៗមកទៀត ឡុង ជិន បានចាញ់ ឈុត សេរីវ៉ាន់ថង រហូត។
តែទោះបីជាយ៉ាងណា សម្រាប់ការទទួលបានឱកាសឡើងប្រកួតដណ្តើមខ្សែក្រវាត់ ប្រភេទទម្ងន់៦០គីឡូក្រាមពី ឈុត សេរីវ៉ាន់ថង នៅលើសង្វៀន PNN លើកនេះ ឡុង ជិន បានអះអាងថា រូបគេបានបុកហ្វឹកហាត់ខ្លាំងលើស១០០ភាគរយ ព្រោះនេះជាការប្រកួតដ៏ធំ និងជាឱកាសដ៏កម្របំផុត ដែលរូបគេ ត្រូវប្រឹងប្រែងឱ្យបានខ្លាំងបំផុត ក្នុងការដណ្តើមយកខ្សែក្រវាត់មួយនេះ។
កីឡាករមានដើមកំណើតនៅខេត្តកណ្តាល ឡុង ជិន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «កម្មវិធីធំបែបនេះ យើងកម្រមានឱកាសណាស់ អ៊ីចឹងពេលមានឱកាសហើយ យើងត្រូវព្យាយាមបង្កើនសមត្ថភាព និងហ្វឹកហាត់ឱ្យបានទ្វេដង ព្រោះរាល់ដងការហ្វឹកហាត់របស់ខ្ញុំបានតែ៨០ទៅ៩០ភាគរយអីទេ តែឥឡូវនេះការហាត់របស់ខ្ញុំលើស១០០ភាគរយទៅទៀត»។
យ៉ាងណាក៏ដោយ ឡុង ជិន នៅតែមានការបារម្ភទៅលើសមត្ថភាព និងបច្ចេកទេសប្រកួតរបស់ ឈុត សេរីវ៉ាន់ថង ដែលបច្ចុប្បន្ន អាចវាយចេញបានលឿនដដែល និងមានទម្ងន់ធ្ងន់ជាងមុនទៀត។ ប៉ុន្តែ ឡុង ជិន បានតាំងចិត្តដោយភាពជឿជាក់ ក្នុងការជម្នះឧបសគ្គនេះ ដើម្បីឈានទៅរកការសាងបានកេរ្តិ៍ឈ្មោះកាន់តែល្បី គឺការដណ្តើមឱ្យបានខ្សែក្រវាត់ពី វ៉ាន់ថង ក្នុងជំនួបដ៏កម្រនេះ។
ឡុង ជិន បានបញ្ជាក់ថា៖ «ពីមុន វ៉ាន់ថង លឿនមែន តែអាវុធគាត់រាងស្រាល តែឥឡូវនេះគាត់ធ្ងន់ និងនៅលឿនដដែល អ៊ីចឹងការបារម្ភវាតែងតែមានសម្រាប់ខ្ញុំ ប៉ុន្តែពេលឡើងដល់លើសង្វៀន ខ្ញុំដឹងតែខំប្រឹងធ្វើឱ្យអស់ពីលទ្ធភាពដែលខ្ញុំមាន ហើយខ្ញុំជឿជាក់លើខ្លួនឯង៧០ភាគរយ។ ខ្ញុំនឹងខំប្រឹងធ្វើឱ្យបានល្អដើម្បីដណ្តើមយកខ្សែក្រវាត់ពី វ៉ាន់ថង ឱ្យបាន»។
ចំណែក ឈុត សេរីវ៉ាន់ថង បានចាត់ទុក ឡុង ជិន ជារៀមច្បងរបស់ខ្លួនទៅហើយ ប៉ុន្តែក្នុងនាមជាអ្នកត្រូវការពារខ្សែក្រវាត់ គឺ វ៉ាន់ថង បានប្រឹងប្រែងហ្វឹកហាត់ខ្លាំង ត្រៀមការប្រកួតនេះ ហើយបានបើកចិត្តស្វាគមន៍ ឡុង ជិន ដោយរីករាយ ព្រោះនេះជាការប្រកួតដណ្តើមខ្សែក្រវាត់រវាងជាតិសាសន៍ខ្លួនឯង ដែលអ្នកណាឈ្នះ ក៏ជាខ្មែរតែមួយ ប៉ុន្តែវានឹងក្លាយជាការប្រកួតដ៏ទាក់ទាញ។
តាមរយៈការបង្ហោះវីដេអូខ្លី ក្រោយការហ្វឹកហាត់រួច កាលពីថ្ងៃទី២៤ ខែកញ្ញា វ៉ាន់ថង បាននិយាយថា៖ «ខ្ញុំត្រូវជួបគ្នាជាមួយកីឡាករ ឡុង ជិន សាជាថ្មី ហើយមិនថាគាត់ ឬខ្ញុំ ជាអ្នកឈ្នះទេ គឺសុទ្ធតែជាខ្មែរដូចគ្នា។ អ្នកណាឈ្នះក៏ជាខ្មែរ ប៉ុន្តែពួកខ្ញុំ ចង់ឈ្នះរៀងៗខ្លួន គឺខ្ញុំក៏ចង់ឈ្នះគាត់ ហើយគាត់ក៏ចង់ឈ្នះខ្ញុំ អ៊ីចឹងនៅថ្ងៃទី២៩ ខែកញ្ញានេះ សូមពុកម៉ែបងប្អូនរង់ចាំតាមដានទាំងអស់គ្នា ថាតើនឹងមានអ្វីថ្មី និងមានអ្វីកើតឡើងរវាងជំនួបលើកទី៥របស់ពួកខ្ញុំលើកនេះ»។
សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនោះដែរ កីឡាករជើងខ្លាំងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ឡៅ ចិត្រា ក៏នឹងត្រូវដាក់ឱ្យប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ 4 Man Tournament Kun Khmer Championship ទម្ងន់៦៧គីឡូក្រាម ជាមួយអ្នកប្រដាល់អ៊ីរ៉ង់ អាមេន ម៉ូរ៉ាឌី, សាមេន ម៉ូរ៉ាឌី និងកីឡាករថៃ បាឡាំងសាប់។
អ្នកទាំង៤នេះ នឹងត្រូវធ្វើការចាប់ឆ្នោតពេលថ្លឹងទម្ងន់ ថ្ងៃសៅរ៍នេះ ហើយអ្នកឈ្នះនៅវគ្គជម្រុះត្រឹម៣ទឹក នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែលប្រកួត៥ទឹក។
ឡៅ ចិត្រា មានការផ្តោតអារម្មណ៍ខ្លាំង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់៦៧គីឡូក្រាមនេះ ដោយបាននិយាយថា៖ «ខ្ញុំមិនទាន់មានខ្សែក្រវាត់ទម្ងន់៦៧គីឡូក្រាមទេ ហើយការប្រកួតនេះ ខ្ញុំត្រៀមខ្លួនបានល្អហើយ ដោយសង្ឃឹមថា នឹងប្រកួតឱ្យល្អមើល តែចំពោះបេក្ខភាពទាំង៤នេះ អាចនឹងមានការពិបាករៀងៗខ្លួន»៕