ក្រុមជម្រើសជាតិ​បាល់​ទាត់​កម្ពុជា នឹងត្រូវ​​ធ្វើ​ការ​ប្រកួតវគ្គជម្រុះ​​ពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ជាមួយ​ក្រុម​ជម្រើសជាតិ​ស្រីលង្កា នៅ​កីឡដ្ឋាន Racecourse International នាល្ងាចម៉ោង ៥:១៥ ​ថ្ងៃព្រហស្បតិ៍​នេះ មុនពេល​កម្ពុជា ត្រូវស្វាគមន៍​ក្រុម​ស្រីលង្កា វិញ សម្រាប់​ការ​ប្រកួតកាត់​សេចក្តី​​ជើង​ទី​២ ក្នុង​ទឹក​ដី​ខ្លួនឯង នា​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២៤។


នៅក្នុងសន្និសីទ​កាសែត ស្តី​ពីការ​ប្រកួត​នេះ កាលពី​ថ្ងៃពុធ គ្រូ​បង្គោល​ក្រុមជម្រើដជាតិ​កម្ពុជា លោក Felix Dalmas បាន​ថ្លែងអរគុណ​ដល់​ម្ចាស់​ផ្ទះ​ស្រីលង្កា ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ដល់​ក្រុមកម្ពុជាបាន​ល្អ​ ហើយ​លោក​ក៏​បាន​​បង្ហាញ​ភាព​រីក​រាយ ដែល​បានដឹកនាំ​ក្រុម​កម្ពុជា ទៅ​ប្រកួត​នៅ​ទី​នោះ។


តែទោះបីជា​យ៉ាង​ណា គ្រូ​បង្វឹក​ជនជាតិ​អេហ្សង់ទីន លោក Felix បាន​ចាត់​ទុក​ការ​ប្រកួត​ជាមួយ​ក្រុមជម្រើសជាតិស្រីលង្កា លើក​នេះ គឺ​ប្រៀប​ដូចជា​ការ​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​មកពី​អឺរ៉ុប គឺ​ខុស​គ្នា​ពីមុន ដែល​ក្រុម​កម្ពុជា បាន​យក​ឈ្នះ​ក្រុមស្រីលង្កា ៤-០ សម្រាប់ការ​ប្រកួត​មិត្ត​ភាព​ចុងក្រោយ នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦។


លោក Felix បាន​និយាយ​ថា៖ «សម្រាប់​ការ​ប្រកួត​របស់​ក្រុមជម្រើសជាតិ​កម្ពុជា និង​​ក្រុមជម្រើសជាតិ​ស្រី​លង្កា យើង​កំពុង​ប្រកួត​ជាមួយ​នឹង​ក្រុម​លង្កា​ថ្មី  និង​ខុស​ប្លែក​ ដែល​កីឡាករ​ភាគ​ច្រើន​គឺ​មក​ពី​អឺរ៉ុប ដូច្នេះយើង​មិនអាច​ប្រៀប​ធៀប​ក្រុម​ស្រីលង្កា​នេះ ជាមួយ​ក្រុម​ស្រីលង្កា​ពី​មុន ដែល​យើង​ធ្លាប់​ប្រកួតជាមួយ​នោះ​ទេ»។


ជាមួយ​ហេតុផល​នេះ លោក Felix បាន​ស្នើឱ្យ​អ្នកគាំ​ទ្រ​ចូល​រួមគាំ​ទ្រដល់​ក្រុមជម្រើសជាតិ​កម្ពុជា​ឱ្យ​បានច្រើន សម្រាប់ការ​ប្រកួត​ជាមួយ​ស្រី​លង្កា លើក​នេះ ជាពិសេស​ក្នុងពេល​កម្ពុជា ត្រូវ​ស្វាគមន៍​ក្រុមស្រីលង្កា​វិញ នៅ​ថ្ងៃទី​១០ ខែកញ្ញា។ លោក​បញ្ជាក់​ថា៖​ «ទាំង​នោះ​ហើយ​ជាមូល​ហេតុ ដែល​ត្រូវការ​ការ​គាំ​ទ្រ​របស់​អ្នក​គាំទ្រ​ទាំង​អស់​គ្នា សម្រាប់​ការ​ប្រកួត​ជា​បន្ទាប់​នេះ ព្រោះ​អ្នកគាំ​ទ្រ​ជា​កីឡាករ​ទី​១២»៕