ក្រុម​កីឡាករ​បាល់ទាត់​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​១​ក្រុម ក្រោម​ការ​រៀបចំ​របស់​អង្គការ​កម្ពុជា​អូស្ត្រាលី​បាល់ទាត់​រីករាយ (HFCA) និង​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ពាន​រង្វាន់​ពិភព​លោក​ជន​អនាថា លើក​ទី​១៩ ឆ្នាំ​២០២៤ (The 19th Homeless World Cup 2024) ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង​ចាប់​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៤។


យុវជន​ចំនួន ៨​នាក់ ដែល​ភាគ​ច្រើន​ជា​ក្មេង​អនាថា​គ្មាន​ផ្ទះ​សម្បែង​ ត្រូវ​បាន​ HFCA ជ្រើស​រើស​ធ្វើ​ជា​តំណាង​ឱ្យ​​កម្ពុជា ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​ពិភពលោក​ជន​អនាថា ឆ្នាំ​២០២៤​នេះ ក្នុង​នោះ​រួម​មាន​កីឡាករ សៅ សាម៉ី, ភន ភ័ក្រ និង វេង និវឌ្ឍន៍ ​មក​ពី​ខេត្ត​សៀមរាប រីឯ ផន ផាន់ណា មកពី​ខេត្ត​ព្រៃវែង និង អឿម ប៉ូ មក​ពី​ខេត្ត​កំពត។ ​

អ្នក​ទាំង​ ៥​​នេះ សុទ្ធ​តែ​ធ្លាប់​បានជ្រើស​រើស​​ឱ្យ​ចូលរួម​ការ​ប្រកួត​ពាន​មួយ​នេះ កាល​ពី​ឆ្នាំ​២០២០ នៅ​ប្រទេស ហ្វាំងឡង់ តែ​ត្រូវបាន​លុប​ចោល​វិញ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។


ចំណែក​កីឡាករ​ចំនួន​ ៣​ផ្សេង​ទៀតគឺ សោម ថូនេត មកពីខេត្ត​ស្វាយរៀង សែន សុកាន មក​ពីខេត្ត​កណ្តាល និង ភុន មករា មក​ពី​ខេត្ត​ព្រៃវែង ហើយ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​ ៨​នាក់​នេះ គឺ​មាន​៥​នាក់​មកពី​អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង​៣​នាក់​ទៀត​មក​ពី​អង្គការ​មជ្ឈមណ្ឌល​កសាង​អនាគត​របស់​អ្នក​ថ្ងៃ​នេះ (Build your Future Today) ដែល​អង្គការ​ទាំង​ ២​នេះ​ សុទ្ធ​តែ​ជាដៃគូ​របស់​អង្គការ HFCA។


ជាមួយ​គ្នា​នេះ លោក ឡុង សុវដ្ឋា ដែល​ធ្លាប់​ជា​កីឡាករ​តំណាង​ឱ្យ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួតពាន​រង្វាន់​ពិភពលោក​ជនអនាថា ​ឆ្នាំ​២០១៧ នៅ​ទីក្រុង Oslo ប្រទេស​ន័រវេស ត្រូវ​បាន​ផ្តល់​តួនាទី​ជា​អ្នក​ចាត់ការ​និង​ជា​គ្រូ​បង្វឹក សម្រាប់​ដឹក​នាំ​ក្រុម​បាល់ទាត់​កម្ពុជា ទៅ​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​ពិភព​លោក​ជន​អនាថា​លើក​នេះ។


លោក Paraic Grogan ស្ថាបនិក​អង្គការ HFCA បាន​ថ្លែង​នៅ​ក្នុងសន្និសីទ​កាសែត កាល​ពី​ថ្ងៃទី​៥ ខែកញ្ញា​ថា Homeless World Cup (HWC) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៣ នៅទីក្រុង Graz ប្រទេសអូទ្រីស ហើយកម្ពុជា បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​តាំង​ពី​ឆ្នាំ​ ២០០៨​មក អ៊ីចឹង​នេះជា​លើក​ទី​១២​ហើយ​ ដែល​ HFCA បាន​សម្រប​សម្រួល​ក្រុម​កីឡាករ​កម្ពុជា ទៅ​ចូល​រួមការ​ប្រកួត​បាល់​ទាត់​នេះ ដើម្បី​​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជីវិត​ដល់​ក្មេងៗ​ជាជន​អនាថា។

លោក​បាន​ថ្លែង​ថា៖ ​«នៅ​ទីបំផុត កីឡាករ ៥នាក់ ក្នុង​ចំណោម​ ៨​នាក់ ដែល​បាន​ខកខាន​ចូលរួមនៅ​ប្រទេស​ ហ្វាំងឡង់ ក្នុង​ឆ្នាំ ២០២០ មាន​ឱកាស​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន ក្នុង​ការ​លេងបាល់​ទាត់​ពានរង្វាន់​ពិភពលោក​ជន​អនាថា នៅ​ប្រទេស​កូរ៉េ​វិញ ហើយ HFCA ពិតជា​សប្បាយ​ចិត្ត​ ដែល​បាន​នាំ​ក្មេងៗ​របស់​យើង បានទៅ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជាច្រើន​ទៀត នៅលើ​ពិភព​លោក ដើម្បីទទួល​បាន​បទពិសោធន៍​ថ្មីៗ យក​មក​​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​បន្ថែមទៀត»។

សម្រាប់​ការ​ប្រកួត Homeless World Cup 2024 មានប្រទេសចំនួន​៧០ ជា​សមាជិក​របស់ HWC រួម​ទាំង​ប្រទេស​កម្ពុជា​ផងដែរ បាន​ចូលរួម ហើយវា​ក៏ជា​លើក​ដំបូង​ ដែល​ព្រឹត្តិការណ៍​នេះ ​ត្រូវ​ធ្វើនៅ​​តំបន់​អាស៊ី បន្ទាប់ពី​បាន​ផ្អាក​ដំណើរ​ការ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២។

លោក Paraic Grogan បាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​ចំណោម​ប្រទេស​ចូល​ទាំង​អស់​នេះ គឺ​ប្រទេស​មួយ​ចំនួន​ធំ ជាពិសេស ប្រេស៊ី អាហ្សង់ទីន អាល្លឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស ស្កត់ឡេន​ និងនីហ្សេរីយ៉ា ជា​ដើម សុទ្ធតែ​ជា​ប្រទេសមាន​​ប្រវត្តិ​​លេង​បាល់​ទាត់យូរឆ្នាំ និង​មាន​កម្រិត​លេង​ខ្លាំង អ៊ីចឹង​កីឡាករ​របស់​យើង នឹង​ត្រូវប្រឈម​នូវ​ការ​ប្រកួត​ដ៏​តានតឹង​ជាមួយ​ប្រទេស​ទាំង​អស់​នោះ ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួកគេ​នឹង​ទទួល​បាននូវ​អត្ថប្រយោជន៍​ច្រើន​ត្រឡប់​មក​វិញ តាម​រយៈការ​ប្រកួត​នេះ»។​

ចំណែក​លោក Scott Neeson ស្ថាបនិក​អង្គការ​មូលនិធិ​កុមារក​ម្ពុជា បាន​ថ្លែង​ថា៖​​«CCF បាន​ឧបត្ថម្ភដល់​អង្គការ HFCA ជាយូរ​មក​ហើយ ហើយ​គោលដៅ​នៃ​ទំនាក់ទំនង​នេះ គឺ​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ពិភពលោក​ជន​អនាថា ដែល​កីឡាករ​វ័យ​ក្មេង​របស់​យើង អាច​មាន​លទ្ធភាព​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ជា​ម្ចាស់ផ្ទះ និងលេង​ជាមួយ​ក្រុម​ផ្សេង​ទៀត​មក​ពី​តំបន់​ខុសៗ​គ្នា​ជុំវិញពិភព​លោក។ នេះ​ជាការចែក​រំលែក​បទ​ពិសោធន៍​ដ៏អស្ចារ្យ ហើយ​ជាក់ស្តែង​ណាស់ វា​មាន​ឥទ្ធិពល​មក​លើ​អ្នក​ដែល​បាន​ចូលរួម»។

លោក​បានថ្លែង​ថា៖ «ក្មេងៗ​របស់​យើង ដែល​បាន​ចូលរួម Homeless World Cup កន្លងមក គឺមានការ​ផ្លាស់​ប្តូរនូវចិត្ត​គំនិត និង​ភាពជឿជាក់ នៅពេល​ពួកគេ​បានជួប​ក្មេងៗជាច្រើន​ទៀតនៅ​ក្រៅ​ប្រទេស ដែលមាន​ប្រវត្តិ​ដូចពួកគេ​ដែរ ហើយ​ជាមួយ​អត្ថប្រយោជន៍​ទាំង​អស់​នេះ បាន​ធ្វើ​ឱ្យ​កីឡាករ​វ័យក្មេង​របស់​យើង ​មាន​ការ​​​ស្រលាញ់​​សហគមន៍​​ខ្លួនឯង​ជាង​មុន ពិសេស​មាន​ទំនុក​ចិត្ត​​កាន់​តែ​ខ្លាំង ក្នុងការ​​ផ្លាស់ប្តូរ​នូវខ្សែជីវិត​របស់​ខ្លួនឯង​ឱ្យកាន់​តែ​​ប្រសើរ​ឡើង»៕