កីឡាករជើងខ្លាំង សុខ ធី ហៅ កាកា បានប្រកាសមិនយកតម្លៃខ្លួន និងប្រាក់រង្វាន់ ដែលរូបគេត្រូវទទួលបានពីការប្រកួតប្រដាល់ Ganzberg Idol Kun Khmer របស់សង្វៀនបាយ័ន កាលពីយប់ថ្ងៃអាទិត្យនោះទេ ហើយការប្រកាសបែបនេះក៏ព្រោះតែ សុខ ធី មិនពេញចិត្តទៅនឹងការកាត់សេចក្តីរបស់ចៅក្រម ដែលបានសម្រេចឱ្យរូបគេ ចាញ់ពិន្ទុកីឡាករ ពុធ សំបូរ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើឱ្យបាត់បង់ឱកាសឡើងទៅដណ្តើមយកឡានខ្លាញ់គោ នៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រកួតជម្រុះស្វែងរកបេក្ខភាព ឡើងទៅប្រកួតដណ្តើមយកឡានខ្លាញ់គោ ដែលធ្វើនៅខេត្តបាត់ដំបង កាលពីយប់ថ្ងៃអាទិត្យនោះ សុខ ធី បានផ្តួលកីឡាករ មាស ណាឃីម ឱ្យសន្លប់នៅក្នុងទឹកទី២ បន្ទាប់ពីជើងខ្លាំងរូបនេះ បានទាត់ និងម៉ាត់ទៅលើ ណាឃីម ឡើងវក់វី ហើយត្រូវបានអាជ្ញាកណ្តាលរាប់នៅទឹកទី១ ចំនួន២លើក និងដើមទឹកទី២ ចំនួន១លើក រួចក៏ធ្វើការបញ្ឈប់ នៅចុងទឹកទី២នេះតែម្តង។
ការផ្តួល មាស ណាឃីម ឱ្យសន្លប់ ក្នុងការប្រកួតជម្រុះវគ្គ៨នាក់ដំបូងនេះ បានជួយឱ្យ សុខ ធី ឡើងទៅជួបកីឡាករបានកម្ពស់ ពុធ សំបូរ ដែលបានទាត់ឆ្វេងចូលពោះពេញទំហឹង បណ្តាលឱ្យអ្នកប្រយុទ្ធ សាន់ គុនខ្មែរ ចុកឆ្អល់ និងបោះបង់ការប្រកួត នៅត្រឹមពាក់កណ្តាលទឹកទី១។
សម្រាប់ការឡើងទៅជួប ពុធ សំបូរ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គឺអ្នកគាំទ្រភាគច្រើន បានផ្តល់ទំនុកចិត្តទៅឱ្យ សុខ ធី ច្រើនជាង ព្រោះមានបច្ចេកទេសល្អ និងបានប្រកួតញឹកញាប់ ខុសពី ពុធ សំបូរ ដែលខកខានឡើងសង្វៀនចូល៣ខែទៅហើយ។ ប៉ុន្តែជាក់ស្តែងនៅក្រោយការប្រកួត៣ទឹកពេញបានបញ្ចប់ គឺ សុខ ធី ត្រូវបានចៅក្រោមទាំង៥នាក់ សម្រេចឱ្យចាញ់ ពុធ សំបូរ ដោយពិន្ទុមិនឯកច្ឆន្ទ ៤-១។
សុខ ធី មិនពេញចិត្ត ចំពោះការកាត់សេចក្តីនេះទេ ដោយរូបគេបានដើរចុះពីលើសង្វៀន និងមិនបានឡើងទៅទទួលយកប្រាក់រង្វាន់ចំនួន៤លានរៀលដោយផ្ទាល់ នៅក្រោយការប្រកួតនោះទេ គឺលោក ភុំ សារ៉ាយ ជាអ្នកឡើងយកជំនួស ព្រោះ សុខ ធី បានចាត់ទុក ការកាត់សេចក្តីឱ្យចាញ់ ពុធ សំបូរ នេះ ជារឿងមិនសមហេតុផល និងមិនបានផ្តល់យុត្តិធម៌ដល់រូបគេឡើយ។
បន្ថែមលើនេះ សុខ ធី កាលពីម៉ោង ១១:២៥ ថ្ងៃចន្ទនេះ បានបង្ហោះសារមួយទៀត ដោយមិនព្រមយកប្រាក់តម្លៃខ្លួន និងប្រាក់រង្វាន់ពីការប្រកួតនេះទេ។ សុខ ធី បានសរសេរបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនបែបនេះថា៖ «កីឡាសម្រាប់ខ្ញុំ ត្រូវវ៉ៃឈ្នះគឺឈ្នះត្រូវ ហើយចាញ់គឺចាញ់ តម្លៃខ្លួន និងប្រាក់រង្វាន់របស់ខ្ញុំ ខ្ញុំមិនយកទេ។ ឱ្យពួកគេយកទៅចែកគ្នាទៅ ខ្ញុំវ៉ៃឱ្យហ្វ្រី (មិនគិតថ្លៃ)»។
ចំណែក លោក ឡោ សំណាង ជាគ្រូបង្វឹក សុខ ធី ក៏មើលឃើញថា សិស្សរបស់លោក សមជាអ្នកឈ្នះដែរ ប៉ុន្តែចៅក្រមបែរជាសម្រេចឱ្យរូបគេចាញ់ពិន្ទុទៅវិញ ហើយលោកបានបន្ទោសទៅដល់ចៅក្រម ដែលមិនចេះធ្វើការងារលើការកាត់សេចក្តីនេះ។
លោកនិយាយក្រោយការប្រកួតថា៖ «វាអយុត្តិធម៌ណាស់! មិនប្រកាសឱ្យក្រហម (ពុធ សំបូរ) ឈ្នះតែម្តងទៀត ចាំបាច់ឱ្យ សុខ ធី ឡើងវ៉ៃធ្វើអី! ឱ្យគាត់ឈឺចាប់ធ្វើអី...តាមបទពិសោធន៍ដែលខ្ញុំមាន គឺ សុខ ធី ជាអ្នកឈ្នះ»។
យ៉ាងណាក៏ដោយ នេះគ្រាន់តែការតវ៉ា និងប្រតិកម្មក្រៅសង្វៀនរបស់ភាគីរបស់ សុខ ធី ប៉ុណ្ណោះ ប៉ុន្តែលទ្ធផលផ្លូវការបានសម្រេចរួចហើយ គឺឱ្យ ពុធ សំបូរ ជាអ្នកឈ្នះ ដើម្បីឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកឡានជាមួយអ្នកប្រដាល់វ័យក្មេង ហុង សុវណ្ណចាន់សុធី ដែលបានបុកកែងបណ្តាលឱ្យ ផន លីហួរ ដួលសន្លប់នៅទឹកទី១ ក្នុងវគ្គជម្រុះដំបូង និងបន្តម៉ាត់ឱ្យ ឡុង ជិន សន្លប់នៅទឹកទី១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ ឡុង ជិន ជាអ្នកទម្លាក់ជើងខ្លាំងមានរហស្សនាម «ស្តេចតុកកែ» ធន់ វណ្ណា នៅវគ្គជម្រុះ៨នាក់ដំបូង គឺយកឈ្នះដោយពិន្ទុឯកច្ឆន្ទ ៥-០៕