ក្រុមព្រះខ័នរាជាស្វាយរៀង បានចាត់ទុកការយកឈ្នះលើក្រុមបឹងកេត ២-០ កាលពីថ្ងៃអាទិត្យ ជាលទ្ធផលដ៏ធំមួយ ដែលធ្វើឱ្យគ្រប់គ្នាមានការរីករាយខ្លាំង ចំពោះការបោះជំហានទៅមុខមួយកម្រិតទៀតឈានទៅរក្សាតំណែងជើងឯកលីគកំពូលកម្ពុជា ស្របពេលក្រុមកំពុងឈរនៅលេខរៀងទី១ ភ្នំពេញក្រោន បានជួបរឿងមិនសប្បាយចិត្ត ចំពោះការដណ្តើមមិនបាន៣ពិន្ទុពីក្រុមណាហ្គាវើលដ៍នោះ។
សម្រាប់ការបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ទទួលក្រុមបឹងកេត កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង អាចរកបានគ្រាប់បាល់យ៉ាងលឿន តាមរយៈការតែតបញ្ចូលទីរបស់ មិន រតនៈ នៅនាទីទី៣ ពីការលើកបាល់ចូលតំបន់គ្រោះថ្នាក់យ៉ាងល្អរបស់ សារ៉េត គ្រីយ៉ា។
តែទោះបីជាយ៉ាងណា ក្រុមស្វាយរៀង មិនអាចរកបានគ្រាប់បាល់បន្ថែម ជាមួយការបង្កើតបានឱកាសនៅមុខទីលើក្រុមបឹងកេត ជាច្រើនទៀតនោះទេ គឺរហូតដល់នាទីទី៩០+៥ ទើបខ្សែប្រយុទ្ធប្រេស៊ីល Cristian Roque អាចស៊ុតបញ្ចូលទីបាន១គ្រាប់ទៀត ដើម្បីយកឈ្នះ បឹងកេត ដោយលទ្ធផល ២-០។
លោក Pep Munoz គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង បានមើលឃើញការដណ្តើមបាន៣ពិន្ទុពីក្រុមបឹងកេត នេះ ពិតជាមានការលំបាកខ្លាំង។ លោកនិយាយថា៖ «នេះជាជ័យជម្នះដ៏ធំ ដែលយើងពិតជាសប្បាយចិត្តខ្លាំង ជាពិសេសកីឡាកររបស់យើងបានប្រឹងប្រែងខ្លាំងមែនទែន ព្រោះនេះជាការប្រកួតមួយដ៏តឹងតែង និងមានការពិបាកចំពោះយើង»។
លោកបន្ថែមថា៖ «២០នាទីដំបូង យើងធ្វើបានល្អ ហើយគួរតែរកបានគ្រាប់បាល់បន្ថែម តែការមិនអាចរកបានគ្រាប់បាល់បន្ថែមនេះ ធ្វើឱ្យមានការលំបាកនៅចុងម៉ោង ព្រោះបឹងកេត ជាក្រុមល្អមួយ ដែលមានកីឡាករល្អៗច្រើន ជាពិសេសកីឡាករបរទេសថ្មីរបស់គេទាំង៣នាក់ ដែលសុទ្ធតែមានគុណភាព អ៊ីចឹងយើងសប្បាយចិត្តមែនទែន ចំពោះលទ្ធផលឈ្នះ និងការរក្សាមិនឱ្យរបូតគ្រាប់បាល់ មួយប្រកួតទៀត នៅថ្ងៃនេះ»។
តាមរយៈការដណ្តើមបាន៣ពិន្ទុលើក្រុមបឹងកេត នេះ បានធ្វើឱ្យក្រុមព្រះខ័នរាជស្វាយរៀង បានកើនភាគរយមួយកម្រិតទៀត ក្នុងការឈានទៅរក្សាតំណែងជើងឯក សម្រាប់ការប្រកួតលីគកំពូលកម្ពុជា នារដូវកាលថ្មី ឆ្នាំ២០២៤-២០២៥ ព្រោះជ័យជម្នះនេះ ធ្វើឱ្យ១៦ប្រកួតរបស់ពួកគេ មាន៤០ពិន្ទុ តិចជាងក្រុមកំពុងឈរនៅលើកំពូលតារាង ភ្នំពេញក្រោន តែ១ពិន្ទុប៉ុណ្ណោះ។
លទ្ធផលជាបណ្តោះអាសន្ននេះ ក៏ព្រោះតែក្រុមភ្នំពេញក្រោន មិនអាចដណ្តើមបាន៣ពិន្ទុ ពីការប្រកួតលើកទី១៥របស់ខ្លួន ក្នុងពេលជួបក្រុមណាហ្គាវើលដ៍ កាលពីថ្ងៃអាទិត្យនោះដែរ ដោយក្រុមទាំង២នេះ បានត្រឹមចែកគ្នាម្នាក់១ពិន្ទុ ជាមួយលទ្ធផលស្មើគ្នា ០-០។
គ្រូបង្គោលក្រុមភ្នំពេញក្រោន លោក Oleg Starynskyi ហាក់មិនសប្បាយចិត្ត ចំពោះការប្រកួតស្មើជាមួយក្រុមណាហ្គាវើលដ៍នោះទេ។ លោកបានមើលឃើញថា ក្រុមណាហ្គាវើលដ៍ មានការផ្តោតអារម្មណ៍ខ្លាំង ដោយមិនបណ្តោយឱ្យ ភ្នំពេញក្រោន បង្កើតឱកាសនៅមុខទីស្រួលៗនោះទេ គឺពួកគាត់ បានដាក់កីឡាករច្រើនដើម្បីការពារ ខណៈ លឹម ពិសុទ្ធ និង Nieto ក៏តែតបាល់ដាច់នៅមុខទី មិនចំគោលដៅ។
លោក Oleg បាននិយាយក្រោយការប្រកួតថា៖ «សម្រាប់ការប្រកួតនៅដើមតង់ដំបូង យើងមានឱកាសដែរ ហើយបើសិនជាយើងអាចរកបានគ្រាប់បាល់ ១-០ នៅពេលនោះ គឺអ្វីៗអាចនឹងមានការងាយស្រួលជាងនេះ ហើយចុងក្រោយ យើងក៏មានឱកាសទៀត តែយើងធ្វើអត់សូវបានល្អ»។
ជាមួយគ្នានេះ លោក Oleg Starynskyi ក៏បានសម្តែងការមិនពេញចិត្តទៅនឹងក្រុមអាជ្ញាកណ្តាល ដែលបានសម្រេចថែមម៉ោងត្រឹម៧នាទី។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនសូវសប្បាយចិត្ត ចំពោះការបន្ថែមម៉ោងរបស់អាជ្ញាកណ្តាលប៉ុន្មានទេ ព្រោះខ្ញុំគិតថា អាជ្ញាកណ្តាលគួរបន្ថែមច្រើនជាង៧នាទី»។
គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះ បានបន្ថែមថា៖ «ខ្ញុំគិតថា គួរណាស់ថែម១០នាទីដែរ ព្រោះខាងក្រុមណាហ្គាវើលដ៍ មានការផ្លាស់ប្តូរកីឡាករចុះឡើងៗរហូតដល់៥លើក ធ្វើឱ្យមានការខាតពេលវេលាមួយចំនួនដែរ ហើយអាជ្ញាកណ្តាល គួរតែយល់ពីស្ថានភាពនៃការប្រកួតបែបនេះ»៕