ក្រុមបាល់ទះក្រសួងមហាផ្ទៃ និងបញ្ជាការដ្ឋានអង្គរក្ស កំពុងសម្ញែងភាពខ្លាំងរៀងៗខ្លួន ក្នុងការប្រកួតព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥ (TECHO Volleyball Cambodia League) តែក្រុមលំដាប់លេខ១ប្រចាំស្រុកខ្មែរ វិសាខា ហាក់នៅមិនទាន់មានភាពរឹងមាំ ក្នុងការបង្ហាញភាពខ្លាំងរបស់ខ្លួនដូចទៅនឹងការប្រកួតរដូវកាលទី១ ឆ្នាំ២០២៤ នោះទេ។
តាមរយៈការប្រកួតចំនួន៣លើក ក្នុងជុំទី១ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមក្រសួងមហាផ្ទៃ និងក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស សុទ្ធតែបានបង្ហាញទម្រង់លេងយ៉ាងល្អ ហើយបានឈ្នះទាំង៣ប្រកួតដូចគ្នា ដើម្បីឈរនៅលេខរៀងទី១ និងទី២ ជាបណ្តោះអាសន្ន។
ក្រុមក្រសួងមហាផ្ទៃ ដែលពឹងផ្អែកខ្លាំងទៅលើកីឡាករក្នុងស្រុកនោះ បានយកឈ្នះក្រុមស្នងការនគរបាលខេត្តពោធិ៍សាត់ ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមស្នងការនគរបាលខេត្តតាកែវ ដោយលទ្ធផល៣សិតដាច់ (៣-០) ដូចគ្នា ហើយតាមរយៈការសហការគ្នាលេងយ៉ាងល្អនេះ ធ្វើឱ្យអ្នកគាំទ្រមួយចំនួន ដាក់ក្តីសង្ឃឹមថា ក្រុមនេះ អាចនឹងឈានទៅបង្កើតបានកំណត់ត្រាថ្មី ចំពោះការឈ្នះពាន «តេជោលីគ» នៅរដូវកាលថ្មីនេះ ជំនួសការបានត្រឹមលេខ៤ កាលពីឆ្នាំ២០២៤។
ចំណែកក្រុមបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះក្រុមស្នងការនគរបាលខេត្តតាកែវ ក្រុមស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-០ ដូចគ្នា។ តាមរយៈការប្រកួតនេះ គេមើលឃើញថា កីឡាករឥណ្ឌូនេស៊ីទាំង៤នាក់ ដែលបញ្ជាការដ្ឋានអង្គរក្ស បានជួលមកលេងនៅរដូវកាលថ្មីនេះ សុទ្ធតែមានគុណភាពខ្ពស់ ហើយពួកគេ សុទ្ធតែបានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការជួយឱ្យក្រុមអង្គរក្ស ឈានទៅឈ្នះតំណែងជើងឯក ជាលើកទី២។
ផ្ទុយពីនេះក្រុមវិសាខា ដែលបានដាក់បញ្ជូលក្រុមយុវជនអាយុក្រោម២០ឆ្នាំ ឱ្យលេងជាមួយកីឡាករឈុតធំ ហើយក៏បានដាក់កីឡាករបរទេស៣នាក់ដែរនោះ ហាក់មិនទាន់មានភាពរឹងមាំ ក្នុងការលេងស៊ីចង្វាក់គ្នានៅឡើយទេ ដោយ៣ប្រកួតនេះ ពួកគេបានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៣-២ ទាំងលំបាក និងឈ្នះក្រុមស្នងការនគរបាលខេត្តពោធិ៍សាត់ ៣-០ ប៉ុន្តែពួកគេបានចាញ់ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ៣-២ ក៏គួរឱ្យភ្ញាក់ផ្អើល។
តាមកម្រិតលេងរបស់ក្រុមវិសាខា នៅពេលនេះ គឺមានភាពខុសគ្នាឆ្ងាយ ទៅនឹងការប្រកួតតេជោលីគ ឆ្នាំ២០២៤ ដោយក្រុមនេះ បានឈ្នះទាំង១២លើក ក្នុងការប្រកួតទាំង២ជុំ ពិសេសបានឈ្នះ ៣-០ ចំនួន១១ប្រកួត និងឈ្នះ ៣-២ ចំនួន១ប្រកួត មុនពេល វិសាខា បន្តឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់ក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-២ នៅវគ្គផ្តាច់ព្រ័ត្រវិញ។
ចំពោះការធ្លាក់ចុះនៃគុណភាពលេងរបស់ក្រុមវិសាខា សម្រាប់ការប្រកួតតេជោលីគ ឆ្នាំ២០២៥នេះ ត្រូវបានគេមើលឃើញថា ការលេងរបស់ក្រុមវិសាខា នៅមិនទាន់យល់ចិត្តគ្នាល្អប៉ុន្មានទេ ហើយអ្វីដែលពិសេសនោះ វិសាខា នៅមិនទាន់រកអ្នកលើកបាល់បានល្អ មកជំនួសអ្នកប៉ះសេដៃទី១ សួន ចាន់ណារ៉ូ ដែលបានទៅលេងឱ្យក្រុមស្នងការនគរបាលខេត្តស្វាយរៀង នៅឡើយទេ។
ស្មាត់ធំប្រចាំក្រុមវិសាខា គួន មុំ នៅតែបានចាត់ទុករៀមច្បង សួន ចាន់ណារ៉ូ ជាអ្នកលើកបាល់ល្អផ្តាច់គេប្រចាំស្រុកខ្មែរ ចំណែកកីឡាករបារាំង Na Than ដែលវិសាខា បានទិញមក ដើម្បីជួយដល់ក្រុម គឺ គួន មុំ បានអះអាងថា មានកម្រិតលើកបាល់នៅស្ទើរជាង អ្នកលើកបាល់ក្នុស្រុកទៅទៀត។
តែទោះបីជាយ៉ាងណា លទ្ធផលនៃការប្រកួត៣លើកនេះ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដែលគ្រប់យ៉ាង អាចនឹងមានការប្រែប្រួល សម្រាប់ការប្រកួតជាបន្តបន្ទាប់ទៀត ហើយ គួន មុំ បានបង្ហើបថា ក្រៅពីកីឡាករបារាំង Na Than រួមទាំងកីឡាកររបស់គុយបា Henry Jose Pelayo Bernal និង Ramirez Boloy Yasser គឺ វិសាខា នឹងនាំយកកីឡាករបរទេសម្នាក់ទៀត មកជួយដល់ក្រុម សម្រាប់ការប្រកួតតេជោលីគ ឆ្នាំ២០២៥នេះ៕