ត្រឹមជាអ្នកលេងបាល់ទាត់ដើម្បីសុខភាព និងបាយឆ្ងាញ់ តែអ្នកជំនាញផ្នែកព័ត៌មានវិទ្យា (IT) លោក សៀន ច័ន្ទរតនា ហ៊ានយកប្រាក់ខែរបស់ខ្លួន ទៅបង្កើតក្លិបហ្វុតសាល និងកសាងទីលានផ្ទាល់ខ្លួន ដោយរំពឹងថា ការលះបង់របស់លោក នឹងជួយឱ្យយុវជនជំនាន់ក្រោយ អាចអភិវឌ្ឍសមត្ថភាពបានល្អប្រសើរ ដើម្បីប្រកួតប្រជែងតំណាងឱ្យជាតិ បានស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាង។
ធ្លាប់ជាក្មេងលេងបាល់ទាត់តាមតារាងចាក់ក្រួសក្រហម និងចាក់សាប តាំងពីរៀននៅថ្នាក់ទី៧មកនោះ លោក សៀន ច័ន្ទរតនា បានយល់យ៉ាងច្បាស់ពីស្ថានភាពលេងបាល់ទាត់ហ្វុតសាលនៅកម្ពុជា ដែលបច្ចុប្បន្ន កំពុងជាប់គាំង ព្រោះមានក្លិបធំៗមួយចំនួនបានបិទទ្វារជាបន្តបន្ទាប់គ្នា ព្រោះក្ស័យធន់។
ប៉ុន្តែអ្នកជំនាញផ្នែក ITរូបនេះ មិនបានបង្ហាញភាពស្ទាក់ស្ទើរ ក្នុងការបណ្តាក់ទុន ដើម្បីបើកក្លិប Lucky Futsal និងសាងសង់ទីលានផ្ទាល់ខ្លួនឈ្មោះ ឬទ្ធីចេស្តាអារីណា (Rithy Jesda Arena) ស្ថិតនៅផ្លូវ ២៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនោះទេ ព្រោះនេះជាក្តីស្រមៃ ដែលលោក ច័ន្ទរតនា ចង់ប្រែក្លាយវិស័យហ្វុតសាលកម្ពុជា នៅក្នុងគ្រាលំបាកនេះ ទៅជាការបង្កើតឱកាស សម្រាប់ការអភិវឌ្ឍសមត្ថភាពដល់យុវជនបន្តវេន។
នៅក្នុងបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍ លោក សៀន ច័ន្ទរតនា បាននិយាយថា៖ «ការលេងបាល់នៅពេលទំនេរ វាជាក្តីសុខរបស់យើង។ បើទោះបីជាពេលនោះ យើងលេងនៅលើដី លើក្រួសក្រហម និងតារាងក្រាលថ្ម ដែលងាយនឹងមានរបួស ឬបញ្ហាផ្សេងៗ ប៉ុន្តែវាជាចំណុចធ្វើឱ្យខ្ញុំមានការដក់ចិត្តក្នុងការលេងហ្វុតសាល និងឈានដល់ការបង្កើតឱ្យមានក្លិបនៅពេលនេះ»។
លោកបន្ថែមថា៖ «ខ្ញុំបើកក្លិបដោយក្តីស្រលាញ់ និងចង់អភិវឌ្ឍវិស័យនេះមួយកម្រិតទៀត ដើម្បីជួយឱ្យយុវជនមានឱកាសបានហ្វឹកហាត់ និងបានប្រកួត ជាពិសេសខ្ញុំចង់បន្សល់ទុករូបភាពហ្នឹងទៅឱ្យកូនរបស់ខ្ញុំ សម្រាប់ចូលរួមជួយសង្គម ព្រោះពេលនេះខ្ញុំមានអាយុរាងជ្រេដែរហើយ មិនអាចលេងហ្វុតសាលបានយូរទៀតទេ»។
អស់រយៈពេលជិត១ឆ្នាំហើយ ដែលក្លិប Lucky Futsal ត្រូវបានបង្កើតឡើង ហើយនេះក៏ជាក្លិបហ្វុតសាលពាក់កណ្តាលអាជីពនៅកម្ពុជាដំបូងគេ ដែលមានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ ដោយមានទាំងគ្រូបង្គោល គ្រូជំនួយ ជំនួយការពេទ្យ និងក្រុមការងារមួយចំនួនទៀត ជាពិសេសកីឡាករក្រុមធំរបស់ក្លិបនេះ គឺភាគច្រើនជាកីឡាករជម្រើសជាតិ ហើយក្លិបក៏មានបង្កើតជាក្រុមយុវជនថ្នាល សម្រាប់បន្តវេនផងដែរ។
នៅក្នុងដំណើរការគ្រប់គ្រងក្លិប Lucky Futsal នេះ លោក សៀន ច័ន្ទរតនា បានផ្តល់ជាថវិកាប្រចាំខែដល់ក្រុមគ្រូបង្វឹក និងកីឡាករ គឺគ្រូបង្វឹក និងក្រុមការងារ អាចទទួលបានចន្លោះពី១០០ទៅ១៥០ដុល្លារ រីឯកីឡាករក្រុមធំ បានចន្លោះពី៦០ទៅ១០០ដុល្លារ ចំណែកក្រុមយុវជន មានផ្តល់ជាការហ្វឹកហាត់ និងថវិកាឧបត្ថម្ភមួយចំនួនដែរ។
ចំពោះការចំណាយជាប្រចាំខែនេះ លោក ច័ន្ទរតនា បានបង្ហើបថា ជាលុយប្រាក់ខែផ្ទាល់ខ្លួនរបស់លោក និងថវិកាដែលលោកប្រមូលបានពីស្ពនស័រ ហើយលុយដែលផ្តល់ឱ្យនេះ មិនមែនជាប្រាក់ខែអ្វីទេ តែជាការចចារ និងកិច្ចសន្យាព្រមព្រៀងគ្នាក្នុងកម្រិតមួយមិនច្រើនឡើយ គឺវាគ្រាន់តែអាចដោះស្រាយបញ្ហាសម្រាប់ពួកគាត់បានមួយចំនួន ប៉ុន្តែគ្រប់គ្នា បានយកឆន្ទៈ និងបេះដូងមកចូលរួមជាមួយក្លិប Lucky Futsal តែម្តង។
លោក សៀន ច័ន្ទរតនា និយាយថា៖ «កីឡាមួយនេះ បើអត់មានយុវជន មិនអាចទៅមុខបានទេ អ៊ីចឹងបច្ចុប្បន្នយើងមានក្រុមធំ តែអនាគតវែងឆ្ងាយ យើងត្រូវមានក្រុមយុវជន ដែលមានគុណភាពសម្រាប់បន្តវេន ហើយទាំងកីឡាករ និងគ្រូបង្វឹក គឺពួកគាត់បានមកចូលរួមជាមួយយើងដោយបេះដូង និងក្តីស្រលាញ់»។
លោកបញ្ជាក់ថា៖ «ពួកគាត់បានលះបង់ពេលវេលាផ្ទាល់ខ្លួនពីការមមាញឹក ឆ្លៀតមកលេងកីឡា ហើយបើគ្មានឆន្ទៈ និងក្តីស្រលាញ់ ពួកគាត់មិនអាចលេងកីឡានេះបានទេ ហើយក៏មិនអាចមកចូលរួមជាមួយក្លិប Lucky Futsal បាននោះដែរ ព្រោះអ្វីដែលយើងបានផ្តល់ឱ្យពួកគាត់ វាមិនច្រើនទេ»។
ចំពោះផែនការអភិវឌ្ឍហ្វុតសាលក្នុងរយៈពេលវែងឆ្ងាយ នៅក្នុងក្លិប Lucky Futsal នេះ លោក សៀន ច័ន្ទរតនា តែងតែខ្នះខ្នែងរៀបចំឱ្យមានការប្រកួតដណ្តើមពានរង្វាន់ទាំងសម្រាប់ក្រុមធំ និងក្រុមយុវជន នៅ Rithy Jesda Arena ដោយបានកៀរគរក្រុមជាច្រើនទៀត ឱ្យមកប្រកួតប្រជែងជាមួយគ្នា ហើយក្រុម Lucky Futsal ក៏បានចូលរួមប្រកួតដណ្តើមពាន ដែលរៀបចំដោយវិស័យឯកជន និងប្រកួតមិត្តភាពផ្សេងៗទៀតផងដែរ ដើម្បីពង្រឹងគុណភាពកម្រិតលេងរបស់ខ្លួនឱ្យកាន់តែប្រសើរ។
យ៉ាងណាក៏ដោយ សម្រាប់ការរៀបចំការប្រកួតហ្វុតសាល នៅ Rithy Jesda Arena នេះ លោក សៀន ច័ន្ទរតនា បានត្អូញត្អែរថា មានការពិបាកក្នុងការរៀបចំ និងដំណើរទៅមុខទៀត ព្រោះពិបាករកដៃគូឧបត្ថម្ភ ប៉ុន្តែលោកនៅតែមិនបោះបង់ ព្រោះបើមានតែការហ្វឹកហាត់ តែអត់មានការប្រកួតប្រជែង ក៏មិនអាចអភិវឌ្ឍសមត្ថភាពកីឡាករបានល្អដូចគ្នា។
លោកបញ្ជាក់ថា៖ «មូលដ្ឋានគ្រឹះហ្វុតសាល គឺទប់ ពិត ប៉ះ ពាំង និងស៊ុត ហើយរបៀបលេងទាំងអស់នេះ វាទាមទារឱ្យមានការហ្វឹកហាត់ត្រឹមត្រូវ និងមានការប្រកួតប្រជែងជាប្រចាំ ដើម្បីបន្ថែមនូវបទពិសោធន៍ថ្មីៗដល់កីឡាករ ព្រោះខ្ញុំចង់អភិវឌ្ឍហ្វុតសាលនេះឱ្យឈានដល់កម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីយើងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ដោយមានគុណភាពទាំងកីឡាករ និងកម្រិតក្លិប»។
តែទោះបីជាយ៉ាងណា លោក សៀន ច័ន្ទរតនា ដែលធ្លាប់បានទៅចូលរួមទស្សនាការប្រកួត AFC Futsal Asian 2024 នៅប្រទេសអ៊ូសបេគីស្ថាននោះ បានមើលឃើញថា គុណភាពលេងរបស់ក្រុមជម្រើសជាតិហ្វុតសាលកម្ពុជា នៅមានគម្លាតឆ្ងាយពីក្រុមខ្លាំងៗនៅអាស៊ី ជាពិសេសក្រុមអ៊ីរ៉ង់ ដែលធ្លាប់ឈ្នះតំណែងជើងឯកច្រើនជាងគេ ព្រោះសូម្បីប្រទេសថៃ ដែលជាក្រុមខ្លាំងនៅអាស៊ាន ក៏បានត្រឹមលេខ២ដែរ។
លោកបានបញ្ជាក់ថា៖ «ជាទស្សនៈផ្ទាល់ខ្លួន ខ្ញុំគិតថា វិស័យហ្វុតសាលនេះ យើងទើបតែចាប់ផ្តើមទេ ហើយបើចង់ឱ្យក្រុមហ្វុតសាលយើង មានកម្រិតខ្លាំងដូចគេ គឺមានការពិបាកបន្តិច និងត្រូវចំណាយពេលច្រើនទៀត ក្នុងការអភិវឌ្ឍហ្វុតសាលយើង ព្រោះគុណភាពលេងរបស់កីឡាករគេ បានឈានដល់កម្រិតអាជីពទៅហើយ ចំណែកយើង មានត្រឹមពាក់កណ្តាលអាជីព អ៊ីចឹងយើងនៅមានកត្តាច្រើន ដែលយើងត្រូវសិក្សាបន្តទៀត»។
ជាមួយបញ្ហាទាំងនេះ លោក សៀន ច័ន្ទរតនា បានទទូចសុំឱ្យគ្រប់ភាគីពាក់ព័ន្ធ និងម្ចាស់ឧបត្ថម្ភ គួរតែមានការរួមគ្នា ដើម្បីជួយជ្រោមជ្រែងទៅលើវិស័យហ្វុតសាលកម្ពុជា គឺមិនអាចពឹងតែលើនរណាម្នាក់បាននោះទេ ហើយម្យ៉ាងទៀត ការជួយអភិវឌ្ឍបច្ចេកទេសលេងហ្វុតសាល ក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបណ្តុះបានធនធានកីឡាករ សម្រាប់លេងតារាងធំដូចគ្នា។
លោកបញ្ជាក់ថា៖ «ដូចបានឃើញហើយថា មួយរយៈចុងក្រោយនេះ ក្លិបហ្វុតសាលមួយចំនួនបានបិទជាបន្តបន្ទាប់ ដោយសារតែខ្វះធនធានហរិញ្ញវត្ថុ និងខ្វះដៃគូសហការ ចំណែកខ្ញុំវិញក៏ដូចគ្នា បើសិនទៅថ្ងៃមុខ ខ្ញុំលែងមានលទ្ធភាពក្នុងការចំណាយ គឺខ្ញុំនឹងប្រឈមបញ្ហាហ្នឹងដូចគ្នា អ៊ីចឹងខ្ញុំសូមអំពាវនាវឱ្យមានការចូលរួមជួយគ្នាបន្តិចបន្តួចទៅ ទើបវិស័យហ្វុតសាលរបស់យើងអាចអភិវឌ្ឍ និងដើរទៅមុខទៀតបាន»។
ចំណែកលោក នៃ ប៊ុនសុភ័ត្រា គ្រូបង្គោលក្រុម Lucky Futsal និងជាគ្រូជម្រើសជាតិក្នុងសាលកម្ពុជា បានអះអាងថា ក្លិប Lucky Futsal មានផែនការ និងរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ ទាំងពីថ្នាក់ដឹកនាំ គ្រូបង្វឹក រហូតដល់កីឡាករ គឺគ្រប់កីឡាករ សុទ្ធតែមានការចុះកិច្ចសន្យាត្រឹមត្រូវ និងផ្តល់ជាប្រាក់ខែក្នុងចំនួនមួយ ហើយកិច្ចសន្យានេះ បានធ្វើឱ្យកីឡាករទាំងអស់ កាន់តែទំនុកចិត្តខ្លាំងក្នុងការហ្វឹកហាត់ និងប្រកួត ព្រោះនៅពេលមានរបួស ឬបញ្ហាអ្វីមួយ ក្លិបជាអ្នករ៉ាប់រងដល់ពួកគេ។
លោក នៃ ប៊ុនសុភ័ត្រា និយាយថា៖ «ទោះក្លិប Lucky Futsal មិនទាន់ឈានដល់កម្រិតអាជីព តែក្លិបមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានការគោលដៅច្បាស់លាស់ គឺយើងចង់ឱ្យហ្វុតសាលរបស់យើងឈានទៅមួយកម្រិតទៀត។ យើងមានផែនការអភិវឌ្ឍទាំងទៅលើក្រុមឈុតធំ និងក្រុមយុវជន ហើយការផ្តល់ជាប្រាក់ខែ ជាមួយនឹងការចុះកិច្ចសន្យាត្រឹមត្រូវ ដល់កីឡាករ វាជាចំណុចចាប់ផ្តើមដ៏ល្អមួយ ក្នុងការឈានទៅកម្រិតស្តង់ដា ព្រោះវាធ្វើឱ្យកីឡាករមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការចាប់យកអាជីពនេះ»។
លោកបន្ថែមថា៖ «បើសិនជាក្លិបហ្វុតសាលផ្សេងទៀត អាចធ្វើបានបែបហ្នឹងដែរ គឺទៅថ្ងៃអនាគត យើងនឹងមានក្លិបហ្វុតសាលអាជីព ហើយពេលនោះ យើងក៏នឹងមានធនធានកីឡាករមានសមត្ថភាព សម្រាប់ប្រកួតប្រជែងជាមួយប្រទេសជិតខាងបានដែរ ខណៈបច្ចុប្បន្ន កម្រិតហ្វុតសាលយើង នៅមិនទាន់អាចប្រៀបធៀបជាមួយគេបានទេ ព្រោះយើងទើបចាប់ផ្តើមបានប៉ុន្មានឆ្នាំទេ អ៊ីចឹងយើងត្រូវរៀបចំផែនការអភិវឌ្ឍឱ្យបានច្បាស់លាស់ ទាំងការវិនិយោគរបស់ក្លិបមួយៗ និងស្ពនស័រធំៗ ដើម្បីរុញឱ្យវិស័យហ្វុតសាលយើង មានការកើនឡើងពីមួយកម្រិតទៅមួយកម្រិតទៀត»៕