អ្នក​ប្រដាល់ជើងខ្លាំងលំដាប់លេខ​១​របស់​កម្ពុជា ធឿន ធារ៉ា បាន​ចេញ​មុខ​មក​ទទួល​កំហុស ចំពោះ​ការ​ធ្វើ​ឱ្យ​ខក​ខាន​ការ​ប្រកួតម៉ារ៉ាតុង​ដណ្តើម​ខ្សែ​ក្រវាត់ ក្នុង​ព្រឹត្តិការណ៍ Ganzberg ​រាជសីហ៍​គុនខ្មែរ (Kun Khmer Tournment) ដែលនឹងត្រូវ​ធ្វើ​ឡើងនៅ​ទីតាំង OCIC នា​ថ្ងៃទី​៧ ខែមករា ខាង​មុខ​នេះ។

តាម​គម្រោង ដែលបាន​រៀបចំរួច​ហើយ​នោះ ធឿន​ ធារ៉ា នឹង​ត្រូវឆាប់​ឆ្នោត​​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៧២គីឡូក្រាម ជាមួយ​ជើង​ខ្លាំងមកពី​បរទេស​​ចំនួន​៣​នាក់​ទៀត រួមមាន​កីឡាករ​ថៃ ថាណាន់ឆៃ ស៊ីតសងភីណង (Thananchai Sitsongpeenong) កីឡាករ​មក​ពី​​ប្រទេសបេឡារុស ប៉ាវែល ហ្រ្គីសានណូវិច(Pavel Grishanovich) និង​អ្នក​ប្រដាល់​របស់​បារាំង អូម៉ា សាំ (Omar Samb)។

ប៉ុន្តែ​ការ​ចំណាយ​ពេល​ជាច្រើន​ខែ ដើម្បី​រៀបចំឱ្យ​មាន​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់នេះ​ឡើង ​​ត្រូវបានលប់ចោល​វិញ​ដ៏គួរ​ឱ្យ​សោក​ស្តាយ ហើយ​ចំពោះ​បញ្ហា​នេះ ​អ្នកគាំ​ទ្រប្រដាល់ភាគ​ច្រើន បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅលើ ធឿន ធារ៉ា ដែល​​មាន​ការ​​ធ្វេស​ប្រហែស និងបណ្តោយ​ខ្លួនឯងឱ្យ​​មាន​របួស នៅ​ក្នុងការ​ប្រកួត​បាល់​ទាត់មិត្តភាពទៅវិញ ខណៈ​មុន​នេះ ធារ៉ា ក៏ត្រូវបាន​អ្នក​គាំ​ទ្រ​រិះគន់​ ទៅ​លើ​សកម្ម​ភាព​ដើរ​​ថតស្ពតពាណិជ្ជកម្ម​ ដែល​មិន​សូវ​ខ្វល់​ខ្ជាយ​ទៅលើ​ការ​ហ្វឹកហាត់ពង្រឹង​សមត្ថភាព​​ផងដែរ។


សម្រាប់​​ការ​ប្រកួតបាល់​ទាត់​មិត្ត​​ភាពរវាង​ក្រុមផ្ការីកគ្រប់រដូវ និង​ក្រុម អ.ម.ត ខេត្តកំពត កាលពីថ្ងៃទី២១ ខែធ្នូនេះ ធឿន ធារ៉ា បានប៉ះទង្គិចគ្នាដួល បណ្តាលឱ្យ​មានរបួសជើងខាងស្តាំ និង​​ត្រូវបាន​ប្តូរ​ចេញ នៅនាទីទី​៨៨ ហើយរបួសនេះ មិនបានជាសះស្បើយទាន់ពេល សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃទី​៧ ខែមករា​នេះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ចំពោះ​ការ​រិះគន់ ជុំវិញ​​ការ​បណ្តោយ​ខ្លួនឱ្យមាន​របួស ធ្វើ​ឱ្យ​អាក់​ខាន​ដល់​ការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ នៅ​ថ្ងៃទី​៧ ខែមករា ខាង​មុខនេះ ធឿន ធារ៉ា បាន​ចេញមុខ​មក​ទទួល​កំហុស ដោយ​បាន​បង្ហាញ​ការសុំទោស​ចំពោះ​​​អ្នក​រៀបចំ​កម្មវិធី​ប្រកួត ​ថ្នាក់ដឹកនាំ និង​មហាជនជាអ្នកគាំទ្រ​ទូទាំង​ប្រទេស ហើយ ធារ៉ា ​​បានសន្យាថា រូបគេ​នឹង​​មិនបណ្តោយ​ឱ្យ​រឿងបែបនេះ កើតមានទៀត​នោះ​ទេ។


ធឿន ធារ៉ា បានសរសេរបង្ហោះ​​នៅលើ​ផេចហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន កាលពី​ថ្ងៃពុធ​​ថា៖​ «ខ្ញុំ​ពិត​ជា​សុំទោស​យ៉ាង​ខ្លាំង​មែនទែន ចំពោះ​ការ​អាក់​ខាន​មិន​បាន​ប្រកួត​សម្រាប់​ថ្ងៃ​ ៧​ មករា​ខាងមុខ​នេះ ខ្ញុំ​បាទ​គ្មាន​ពាក្យ​អី​និយាយ​កែ​ខ្លួន​ទេ ព្រោះ​គ្រប់​យ៉ាង​ជា​កំហុស​របស់​ខ្ញុំ ដែល​ប្រមាថ​មិនចេះ​ប្រុង​ប្រយ័ត្ន»។

ជើងខ្លាំងមានរហស្សនាម «អ្នក​លេងពូថៅ​ដៃ» ធឿន ធារ៉ា បាន​បន្ថែម​ថា៖ «សុំទោស​ពុក​ម៉ែ​បង​ប្អូន អ្នក​គាំទ្រ​ទាំង​អស់​ទូទាំង​ប្រទេស សុំទោស​សម្ដេច​ពុក សុំទោសមេធំ សុំទោសមេ Tommy។ ខ្ញុំ ធឿន ធារ៉ា សុំពេល​សម្រាក​​ព្យាបាល​របួស​មួយ​រយ: ​បន្ទាប់ពី​នេះ​ ខ្ញុំ​នឹង​មិនធ្វើ​ឱ្យ​ពុក​ម៉ែ​បង​ប្អូន​ខកបំណង​ទៀត​ឡើយ»។

កីឡាករ​ថៃ Thananchai Sitsongpeenong និងអ្នកប្រដាល់បារាំង Omar Samb ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួតមិត្ត​ភាព​ជំនួស​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់វិញ បន្ទាប់ពី ធឿន ធារ៉ា មិនអាច​ឡើង​ប្រកួតបាន។ រូបថត ថោន

បន្ទាប់ពី​ការ​ប្រកាស​ដក​ខ្លួន​ចេញ​របស់ ធឿន ធារ៉ា នេះ ស្ថានីយទូរទស្សន៍ ដែលជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត Ganzberg ​រាជសីហ៍​គុនខ្មែរ នា​ថ្ងៃទី​៧ ខែមករា ខាង​មុខនេះ បាន​សម្រេច​កែ​ប្រែ​​ការ​ប្រកួតម៉ារ៉ាតុងដណ្តើមខ្សែ​ក្រវាត់​ប្រភេទទម្ងន់ ៧២គីឡូក្រាម​នេះ​ មក​ជា​ការ​ប្រកួត​មិត្ត​ភាព​វិញ ដោយ​ដាក់​ឱ្យ​កីឡាករ​ថៃ Thananchai Sitsongpeenong ប្រកួតជាមួយ​អ្នក​ប្រដាល់ ​​Omar Samb រួមជាមួយការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៦៥គីឡូក្រាម និងការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ជា​ច្រើនគូ​ទៀត។​

ចំណែក​លោក វ៉ា សុធា ប្រធានមន្ទីរ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ដែលជាស្វាមីលោកស្រី ជួប មាន អគ្គយិកាក្រុមហ៊ុន ថោន គ្រុប ក៏បានសុំការ​អធ្យាស្រ័យ​ ចំពោះ​ភាព​រអាក់​រអួលនៃ​ការរៀបចំ​កម្ម​វិធី​ប្រកួត​ប្រដាល់គុនខ្មែរ នា​ថ្ងៃទី​៧ ខែមករា​នេះដែរ ប៉ុន្តែ​លោកនៅ​តែ​សុំចិត្ត ​អ្នកគាំ​ទ្រ កុំ​បន្ត​រិះគន់​ដល់ ធឿន ធារ៉ា រួម​ទាំងតារាកំប្លែង នាយពែកមី ដែលជាអ្នក​បបួល ធឿន ធារ៉ា ឱ្យ​ទៅប្រកួត​បាល់​ទាត់​មិត្ត​ភាព​ កាលពី​ថ្ងៃទី​២១ ខែធ្នូនោះ ហើយបង្ក​ឱ្យមានរឿងរ៉ាវ​បែប​នេះ​កើត​ឡើង។

លោក វ៉ា សុធា បានសរសេរ​​បង្ហោះ នៅលើ​ផេចហ្វេសប៊ុក​របស់លោក កាលពី​ថ្ងៃទី​១ ខែមករា ​ថា៖ «សូម​អ្នក​គាំទ្រ​មេត្តា​កុំខឹង​​ ធឿន ធារ៉ា​ និងនាយពែកមីអី​ ព្រោះ​នេះជាការប្រកួត​បាល់​ទាត់ ដើម្បី​ប្រមូល​មូនិធិ​សប្បុរសធម៌ទេ ​មិនមែនទាត់លេងឡើយ​ ហើយ​វាជា​​ឧបទ្ទវហេតុទេ​។ យើង​នៅមានឪកាសក្រោយទៀត​ កុំបំបាក់​ទឹក​ចិត្ត​គ្នា​ ហើយ ធារ៉ា ក៏​មាន​ការ​សោក​ស្តាយ​ដែរ​ ខ្ញុំបាទតំណាង​ឱ្យ​ស្ថានី​យ៍​ទូរទស្សន៍​ថោន ​សុំអភ័យ​ទោស​សម្តេចពុកផង​ដែរ ដែលកម្មវិធីមានការរអាក់រអួល​បែបនេះ​»៕