មន្រ្តីបច្ចេកទេស​របស់សហព័ន្ធខ្មែរ​កីឡាហាប់គីដូ លោក គង់ ចាន់ធីណា បាន​អះអាង​ថា ​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុនជា​វិស័យ​ឯកជន​បាន​រួមចំណែក​យ៉ាងសំខាន់ ដែល​ធ្វើ​ឱ្យ​សហព័ន្ធ អាច​មាន​លទ្ធភាព​រៀបចំ​ការ​ប្រកួតជ្រើសរើសជើងឯក​ថ្នាក់ជាតិ បានចំនួន​២​លើក និង​ទទួលបានឱកាស ចេញ​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ជា​លើកដំបូង ដើម្បី​ដណ្តើម​បានមេដាយ​ជូនជាតិមាតុភូមិដ៏គួរជាទីមោទនៈ។

លោក គង់ ចាន់ធីណា ដែលបាន​ចូល​ហាត់កីឡាហាប់គីដូ ក្នុង​​ឆ្នាំ​១៩៨៨ ហើយ​បានកាន់តួនាទីជា​អគ្គលេខាធិការសហព័ន្ធខ្មែរ​កីឡាហាប់គីដូ តាំងពី​ឆ្នាំ​២០០៤មកនោះ បាន​ទម្លាយ​ថា នៅ​ក្នុងដំណើរ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ហាប់គីដូ​ដ៏វែង​ឆ្ងាយ នៅក្នុង​ប្រទេស​​កម្ពុជា​នេះ គឺមានការពិបាក​ណាស់ ទម្រាំ​ប្រភេទ​កីឡា​នេះ ទទួល​បានការអនុញ្ញាតពី​ក្រសួងអប់រំ យុវជន និង​កីឡា ​ឱ្យ​រៀបចំការ​ប្រកួតជើងឯក​ថ្នាក់ជាតិ ជា​លើកដំបូង កាលពី​ថ្ងៃទី​២៣-២៤ ខែធ្នូ ឆ្នាំ​២០២៣ និងបន្ត​រៀបចំ​ម្តងទៀត កាលពី​ថ្ងៃទី​២១-២២ ខែធ្នូ ឆ្នាំ​២០២៤។

យ៉ាងណាក៏​ដោយ ដោយសារ​សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ មិនទាន់​ទទួល​បាន​កញ្ច​ប់ថវិកា​​អភិវឌ្ឍ​ប្រចាំ​ឆ្នាំ​ពីក្រសួងអ​ប់រំនោះ អ៊ីចឹង​ការចំណាយ​គ្រប់បែប​យ៉ាង សម្រាប់​រៀបចំ​ការ​ប្រកួត​ជើង​ឯក​ថ្នាក់ជាតិ ចំនួន​២​លើក​នេះ គឺ​ជាបន្ទុក​របស់​សហព័ន្ធ​ផ្ទាល់ ដែល​ត្រូវ​​​រៃអង្គាស​ថវិកាគ្នា ​នៅក្នុងសហព័ន្ធ​ បូករួមទាំង​ថវិកា ​ទទួលបានពីការឧបត្ថម្ភ​របស់វិស័យ​ឯកជន ដើម្បី​រៀបចំការ​ប្រកួតថ្នាក់​ជាតិ​​បាន។


ជុំវិញការងារ​នេះ លោក គង់ ចាន់ធីណា បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុនឡានឡារីតា ជា​អ្នក​ឧបត្ថម្ភធំ​​របស់សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ តាំងពី​ឆ្នាំ​២០២០​មក ដើម្បី​ឱ្យសហព័ន្ធ មាន​លទ្ធភាព​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣ ព្រម​ទាំង​អាច​បញ្ជូន​ក្រុមអត្តពលិក​ទៅ​ចូលរួមការ​ប្រកួត​ World I.H.F Hapkido Championship 2024 នៅប្រទេស​ថៃ ជាលើក​ដំបូង កាលពី​ខែសីហា ​ដោយ​​ដណ្តើម​បានជោគជ័យ​យ៉ាង​ត្រចះត្រចង់ គឺ​ឈ្នះ​បាន​មេដាយមាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥។ 

ចំណែក​ការ​ប្រកួត​កីឡាហាប់គីដូ​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៤ ដែល​ទើប​បានបញ្ចប់​ដោយជោគ​ជ័យ កាលពី​ថ្ងៃទី​២២ ខែធ្នូកន្លងមកនេះ ក៏ទទួលបានការឧបត្ថម្ភធំ​ពីក្រុមហ៊ុនឡានឡារីតា រួមជាមួយ​ដៃគូឧបត្ថម្ភពី​វិស័យឯកជនមួយចំនួន​ទៀត ​ក្នុង​នោះ​ក៏មាន​ក្រុមហ៊ុន ISI ផងដែរ ដែល​ទើប​បានចូលរួមឧបត្ថម្ភជាលើកដំបូង។  


ឆ្លើយ​តបទៅនឹងការ​ចូលរួមជួយ​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន​នេះ លោក គង់ ចាន់ធីណា បានបញ្ជាក់ថា៖ «នេះជា​ទឹក​ចិត្តដ៏​ល្អ​​របស់​ក្រុមហ៊ុន ដែលបាន​ចូល​រួមជួយ​​ឧបត្ថម្ភ​ជា​ថវិកា​ដល់​សហព័​ន្ធ​យើង ហើយ​នេះជាចំណែក​មួយ​ដ៏​ធំ​ដែរ ធ្វើ​ឱ្យសហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ ​ប្រមែប្រមូល​ផ្សំផ្គុំ​គ្នា​បានថវិកា​គ្រប់​ចំនួន​ សម្រាប់​រៀបចំការ​ប្រកួត​កីឡាហាប់គីដូ​ជើងឯក​ថ្នាក់ជាតិ ប្រកប​ដោយជោគ​ជ័យ»។

លោក គង់ ចាន់ធីណា និង​ក្រុមកីឡាហាប់គីដូ​កម្ពុជា ពេល​យក​លិខិត​ថ្លែងអំណរគុណ​ជូន​ដល់​តំណាង​ក្រុមហ៊ុន ISI កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២៤។ រូប​ថត សហការី

យ៉ាងណាមិញ សម្រាប់ការ​យក​លិខិត​ថ្លែងអំណរគុណ ទៅ​ប្រគល់​ជូនដល់​ម្ចាស់​ឧបត្ថម្ភ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២៤ លោក ឡាំ គុយ អ្នកសម្របសម្រួលគម្រោង​អង្គការ​មូល​និធិ ខេ អឹម អេច នៃក្រុមហ៊ុន ISI បានបង្ហាញ​ភាព​រីក​រាយ ដែលបានចូលរួមជួយ​ដល់​វិស័យ​កីឡាហាប់គីដូ ដើម្បីឱ្យ​​ប្រភេទ​កីឡា​នេះ កាន់តែ​មាន​លទ្ធភាព អភិវឌ្ឍសមត្ថភាព​​ឱ្យបានកាន់តែ​រីកចម្រើន​ថែម​ទៀត។

លោក គង់ ចាន់ធីណា បញ្ជាក់ថា៖​ «នេះជា​ការសម្រាល​ទុក្ខ​ដ៏​ធ្ងន់មួយ​របស់សហព័ន្ធ ដែល​ខាង​ក្រុមហ៊ុន ISI បាន​ចូលរួមជួយ​ឧបត្ថម្ភ ហើយ​សម្រាប់ការ​ប្រាស្រ័យ​ទាក់ទង​គ្នា នៅក្នុង​ការ​យក​លិខិតថ្លៃអំណរ​គុណ​នេះ គឺ​ក្រុម​ហ៊ុនសប្បាយ​ចិត្ត​ ព្រោះ​ ISI ​​តែងតែ​បាន​​ជួយ​ឧបត្ថម្ភ​​ដល់វិស័យកីឡា​នៅ​កម្ពុជា ហេតុនេះ​យើង​សង្ឃឹម​ថា ក្រុមហ៊ុន នឹង​បន្ត​ចូលរួម​ជួយឧបត្ថម្ភ​ដល់​ការ​ប្រកួត​របស់សហព័ន្ធយើង​ ជាបន្ត​ទៀត»។

នៅពេលសួរ​ថា តើ​សហព័ន្ធ នឹង​មានការស្នើ​សុំ​ទៅ​ក្រុមហ៊ុន ដើម្បីអាច​​រៀបចំការ​ប្រកួត​កីឡាហាប់គីដូ​ដណ្តើម​ពាន​រង្វាន់ ISI នៅពេល​ខាងមុខ ឬយ៉ាងណា​នោះ? លោក ចាន់ធីណា បាន​ឆ្លើយ​ថា៖​ «បើសិន​ជា​ខាង​ក្រុមហ៊ុន​មាន​ទឹក​ចិត្ត​ ចង់​ចូលរួម​ជួយ​រៀបចំពាន​រង្វាន់​ យើង​នឹង​ពិភាក្សាគ្នា​បន្ត​ទៀត ទៅ​តាមស្ថាន​ភាព​ជាក់​ស្តែង»។

ចំណែក​លោក គួច ហុកជៀក អនុ​ប្រធាន​សហព័ន្ធខ្មែរ​កីឡាហាប់គីដូ ក៏ជឿ​​ថា ISI នឹង​បន្ត​ជួយដល់​ការ​ប្រកួត​កីឡាហាប់គីដូ​កាន់តែ​ច្រើន។ 

លោក​បានបញ្ជាក់​ក្នុងពិធីបិទ​ការ​ប្រកួត​​​ថ្នាក់ជាតិ ឆ្នាំ​២០២៤​ថា៖​ «​យើងខ្ញុំជឿថា នឹងមាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ចូលរួម​ឧបត្ថម្ភ​​ដល់​​យើង ចំណែកលើកនេះ​ក្រុមហ៊ុន ISI បានចាប់អារម្មណ៍​ជួយ​ជាលើកដំបូង អ៊ីចឹង​សង្ឃឹម​ថា ការ​ប្រកួត​លើក​ក្រោយ គាត់​នឹង​ជួយ​ធំជាង​នេះ ព្រោះ ISI តែង​តែ​មាន​ភាពសកម្ម​ក្នុងការជួយ​ដល់​វិស័យ​កីឡា​ផ្សេងៗ​ទៀតនៅកម្ពុជា​»៕