គ្រូ​បង្វឹកក្រុម​បាល់​ទះក្រសួងមហាផ្ទៃ បាន​អះអាង​ថា បញ្ហា​របួស​គ្រេច​កជើង​របស់​ស្មាត់ធំជំនាញ​វាយ​បាល់​ក្រៅ​ប្រអប់ មឿន ម៉េងឡាយ ​បាន​ក្លាយជាក្តី​កង្វល់​យ៉ាង​ធំ ​​សម្រាប់​​ក្រុម​ទាំង​មូល ក្នុង​ការ​​ឈាន​ទៅដណ្តើម​យក​តំណែង​ជើងឯក ​ក្នុងការ​ប្រកួត​កីឡាបាល់​ទះ «តេជោលីគ» រដូវ​កាល​ទី​២ ឆ្នាំ​២០២៥ ដែលនឹងធ្វើការ​​ប្រកួតជុំ​ទី​២ នៅ​ចុងសប្តាហ៍​នេះ ដើម្បី​រក​ក្រុម​ខ្លាំង​ទាំង​៤​ឡើង​ទៅ​ប្រកួត​វគ្គខ្វែង​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ រួច​យក​ក្រុម​ឈ្នះ​ឡើងទៅ​ប្រកួតគ្នា នៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ។

លោក អ៊ូ សុផល បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ នៅ​ថ្ងៃពុធនេះ​ថា៖ ​«​យើងមានការ​បារម្ភ​ខ្លាំង ព្រោះ​បើ​អត់ មឿន ម៉េងឡាយ យើង​ពិបាកប្រកួត​ប្រជែងជាមួយគេ​ណាស់​ ដោយសារ​គាត់ជា​កីឡាករ​ស្នូលសំខាន់​​របស់​ក្លិប»។

តាម​រយៈការ​ប្រកួតសន្សំពិន្ទុ​ក្នុង​​ជុំទី​១​រវាងក្រុម​ទាំង​៨ ដែល​ទើបបានបញ្ចប់កាលពីថ្ងៃទី​២៦ ខែមករា ក្រុម​ក្រសួងមហាផ្ទៃ ​ធ្វើ​បាន​យ៉ាងល្អបំផុត ដោយពួកគេបាន​ឈ្នះ​ចំនួន​៦​ប្រកួត និងបានចាញ់តែ​ក្រុម​វិសាខា​មួយ​ទេ ដើម្បី​ឈរ​នៅកំពូល​តារាង ដោយមាន១៩ពិន្ទុ តាមពីក្រោយ​ដោយក្រុម​បញ្ជាការដ្ឋានអង្គរក្ស មាន​១៥ពិន្ទុ ក្រុម​វិសាខា មាន១៥ពិន្ទុ និងចំនួន​៣​ទៀត ខណៈ​ក្រុមស្នងការ​នគរ​បាល​ខេត្តតាកែវ និងខេត្ត​ពោធិ៍សាត់ ដែល​ឈរនៅ​លេខ​៧ និងលេខ​៨ ត្រូវ​បានកាត់ចេញ​ហើយ។


រំឭក​ដល់ការ​ប្រកួត​ជុំទី​១​នេះ លោក អ៊ូ សុផល បានកោត​សរសើរ​ដល់​កីឡាករ​ក្រសួងមហាផ្ទៃ ជា​កូនក្រុម​របស់លោក ដែលបានយក​បទពិសោធន៍ប្រកួតជាមួយក្រុម​ខ្លាំងៗ រួមទាំង​ភាពឈឺចាប់ ចំពោះ​ការ​ចាញ់នៅ​វគ្គផ្តាច់ព្រ័ត្រ ក្នុងការ​ប្រកួតពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៤ និងពានរង្វាន់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ មក​អភិវឌ្ឍសមត្ថភាព​​ខ្លួនឯង​កាន់តែ​ប្រសើរឡើង។ ​​

តែទោះបីជា​យ៉ាង​ណា គ្រូ​បង្គោលក្រុម​ក្រសួងមហាផ្ទៃ​ លោក សុផល បានអះអាង​ថា ការ​ប្រកួត «តេជោគលីគ» នៅជុំ​ទី​២ ដែលនឹង​​ធ្វើ​​នៅ​ថ្ងៃទី​៧ ទី​៨ ទី​៩ និងទី​១៥ ខែកុម្ភៈ ខាងមុខនេះ នឹងកាន់តែ​មាន​ភាព​តានតឹង​ខ្លាំង  ហើយ​វារឹតតែមានសម្ពាធខ្លាំង ​ចំពោះ​ក្រុម​ក្រសួងមហាផ្ទៃ នៅពេល​កីឡាករ​សំខាន់ មឿន ម៉េងឡាយ មានរបួស។


កីឡាករ​វាយប្រយុទ្ធ មឿន ម៉េងឡាយ របស់​ក្រុមក្រសួងមហា​ផ្ទៃ បាន​សាវេបាល់ពីការ​វាយសេវា​របស់​ក្រុម​ខេត្តស្វាយរៀង ក្នុងការ​ប្រកួត​នៅពហុកីឡដ្ឋានជាតិ។ រូប សហព័ន្ធ

លោកបានបញ្ជាក់ថា៖ «នៅជុំទី​២នេះ កាន់តែ​តានតឹងខ្លាំង ព្រោះ​៦​ក្រុមចុង​ក្រោយនេះ សុទ្ធតែ​ជា​ក្រុម​ខ្លាំង។ សូម្បី​ក្រុម​កងពលធំ​អន្តរាគមន៍លេខ​៣ ដែល​ឈរ​នៅលេខ​៦ ក៏​យើងមិនអាច​មើល​រំលង​ដូច​គ្នា គឺ​ក្រុម​មួយៗ សុទ្ធ​បាន​​សម្រួចគោលដៅ​ និងចង់បានជ័យជម្នះ​ដូចគ្នា ហើយ​គេ​បានចំណាយ​លុយច្រើន​ណាស់ ក្នុងការ​ទិញ​កីឡាករ​បរទេស​មកជួយ​ដល់​ក្រុម​»។

លោក អ៊ូ សុផល បានបន្ថែម​ថា៖ «ទិសដៅ​រួម​របស់ក្លិប គឺ​យើងចង់ប្រជែង​ឡើងឱ្យ​ដល់វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែបញ្ហារបួស​របស់ ម៉េងឡាយ ជាបន្ទុក​ធំ ធ្វើ​ឱ្យ​យើងមានការ​បារម្ភកាន់​តែ​ខ្លាំង ព្រោះ​ក្លិប​យើងប្រើ​កីឡាករខ្មែរសុទ្ធ ហើយ​គម្លាត​កីឡាករ​​បម្រុង​ដែលអាច​ជំនួសកន្លែង ម៉េងឡាយ បាន គឺ​មិនទាន់មាន​កីឡាករ​ណា​មានកម្រិតលេង​ប្រហាក់ប្រហែលគាត់នោះ​ទេ»។​

គួរបញ្ជាក់ថា ម្ចាស់អាវ​លេខ​១៤ មឿន ម៉េងឡាយ បាន​របួស​គ្រេចកង​ជើង​ឆ្វេង និងមានរបួស​កជើងស្តាំ​ផង​នោះ នៅពេល​ក្រុម​ក្រសួងមហាផ្ទៃ ប្រកួត​ឈ្នះ​ក្រុមស្នងការនគរបាល​ខេត្តស្វាយរៀង ដោយ​លទ្ធផល ៣-១ កាលពី​ថ្ងៃទី​២៦ ខែមករា ហើយក្រោយ​ការថតស្កេន​ពិនិត្យ​រួច​មក ម៉េងឡាយ បាន​ឱ្យ​ដឹង​ថា របួស​គ្រេច​ក​ជើង​ឆ្វេង​របស់គេ មានការប៉ះពាល់​សរសៃ​ខ្លាំង។ 

លោក អ៊ូ សុផល ពេល​ឈរ​បញ្ជាកូនក្រុម នៅលើទីលាន​ប្រកួត ក្នុងពេល​ដែល​ក្រុម​ក្រសួងមហាផ្ទៃ បាន​យក​ឈ្នះក្រុម​ខេត្តស្វាយរៀង ដោយ​លទ្ធផល ៣-១។ រូប សហព័ន្ធ

ម៉េងឡាយ បាន​និយាយ​ថា៖ «លោកគ្រូ​ពេទ្យ​បានប្រាប់​ថា របួសគ្រេច​កជើង​​របស់​ខ្ញុំ អត់ប៉ះពាល់​ដល់​ឆ្អឹង​ទេ តែ​​ប៉ះពាល់​សរសៃខ្លាំង ដែល​អាច​ចំណាយពេល​ព្យាបាលយូរ​ដែរ។ ខ្ញុំសូមអរគុណដល់​ពុកម៉ែបងប្អូ​ន ដែលបារម្ភ និងបានឆាតមក​សួរ​ពីបញ្ហា​របួស​​ខ្ញុំ គឺ​ពេល​នេះ​ខ្ញុំរាងប្រសើរ​បន្តិច​ហើយ តែមិនទាន់ដឹង​ថា ពេលជាពីរបួសនេះ ខ្ញុំ​នឹងអាច​រក្សា​ទម្រង់លេងបានល្អ​១០០ភាគ​រយដូចមុន​ឬយ៉ាងណានោះ​ទេ!»។

ជាមួយគ្នា​នេះ មឿន ម៉េងឡាយ បានបង្ហើប​ឱ្យ​ដឹង​ថា របួស​របស់គេ អាច​នឹង​ជាសះស្បើយ​ហើយ​អាច​ចូលលេងបាន​វិញ សម្រាប់​ការ​ប្រកួតប្រចាំ​សប្តាហ៍ទី​២ ក្នុងជុំទី​២​នេះ ត្រូវនឹង​ថ្ងៃទី​១៥ ខែកុម្ភៈ ប៉ុន្តែ​រូបគេ​ផ្ទាល់ក៏មិន​ច្បាស់ថា ​អាច​លេងបានក្នុង​កម្រិតណា​​នោះ​ទេ ខណៈលោក អ៊ូ សុផល គិត​ថា ម៉េងឡាយ អាច​លេង​បានត្រឹម​៨០ភាគរយអីទេ។  

លោក​បញ្ជាក់​ថា៖ «បើ​ ម៉េងឡាយ ​ចូល​មកទី​លានវិញ ក៏មិនអាច​លេងបាន​ពេញ១០០ភាគ​រយ​​ដែរ អាច​បាន​ត្រឹម​៧០ទៅ​៨០​ភាគ​រយអី​ទេ ដោយសារគាត់អាចនូវ​រអា​នឹង​របួសជើងរបស់​គាត់ ​ហេតុនេះទាំងខ្ញុំ និង​ថ្នាក់​ដឹកនាំ​ក្លិប មានការ​បារម្ភ​ខ្លាំង​ ប៉ុន្តែ​ទោះ​បាន​លទ្ធផល​បែប​ណា ក៏​យើង​ទទួលបានដែរ ព្រោះ​យើងជា​ក្រុមប្រើកីឡាករ​ក្នុងស្រុក​សុទ្ធ ដែល​កើតចេញ​ពីការ​បណ្តុះបណ្តាល​ផ្ទាល់​របស់ក្លិប»៕