ទោះដឹង​ថា ក្រុមការពារ​តំណែង​ជើងឯក ព្រះខ័នរាជស្វាយរៀង កំពុងមាន​កម្រិត​លេង​ខ្លាំង ហើយ​ទើប​បាន​យក​ឈ្នះ​ក្រុមវិសាខា ១-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅលេខ​រៀងទី​២ នៃ​លីគ​កំពូល​កម្ពុជា បន្ទាប់ពី​ក្រុមកំពូល​តារាង ភ្នំពេញ​ក្រោន ប៉ុន្តែ​គ្រូ​បង្វឹក និង​កីឡាករ​របស់​ក្រុមណាហ្គាវើលដ៍ បាន​តាំង​ចិត្ត​ដណ្តើម​យក​​លទ្ធផល​ល្អ ពី​ក្រុមស្វាយរៀង សម្រាប់​ការជួបគ្នា​ល្ងាច​​នេះ ដើម្បីស្រោច​ស្រង់​ស្ថាន​ភាព​ក្រុម​ឱ្យ​ល្អប្រសើរ​វិញ បន្ទាប់ពីបានចាញ់​ក្រុមបឹងកេត រហូត​ដល់ ៥-១ កាលពីថ្ងៃអាទិត្យ​។

សម្រាប់ការ​បើក​ទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្វាគមន៍​ក្រុមព្រះ​ខ័ន​រាជស្វាយរៀង នា​ល្ងាច​ម៉ោង​៦ ថ្ងៃ​សុក្រ​នេះ គ្រូ​បង្គោល​ក្រុមណាហ្គាវើលដ៍ ឃឹម បូរី បានមើល​ឃើញ​ថា នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​តាងតឹងមួយ ព្រោះស្វាយរៀង ​ធ្លាប់បាន​យក​ឈ្នះ​ក្រុមណាហ្គា ២-០ សម្រាប់ការជួបគ្នា ជើង​ទី​១ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​ម្តង​ហើយ ខណៈពេលនេះ​ ស្វាយរៀង មាន​កម្រិត​លេង​កាន់តែ​ល្អ។

តែទោះបីជា​យ៉ាង​ណា ឃឹម បូរី តាំង​ចិត្ត​ដណ្តើម​ឱ្យបាន​លទ្ធផលពីក្រុមស្វាយរៀង ដោយ​លោក​បាន​បញ្ជាក់​ក្នុងសន្និសីទកាសែត កាលពីថ្ងៃ​ព្រហស្បតិ៍​ថា៖​ «​នេះជា​ការ​ប្រកួតដ៏​តានតឹង​មួយដែលយើង​​ត្រូវជួបក្រុមការពារ​តំណែង​ជើងឯក ព្រះខ័នរាជស្វាយរៀង ប៉ុន្តែ​វា​ក៏ជា​ការ​ប្រកួតដ៏​សំខាន់​សម្រាប់យើង ដែល​យើង​ត្រូវ​ការ​ទទួល​បាន​លទ្ធផល​ល្អ ដោយសារ​ការ​ប្រកួត​ចុងក្រោយ​របស់យើង (ជាមួយ​បឹងកេត) យើង​​ធ្វើ​អត់សូវបាន​ល្អ»។


សម្រាប់ការ​ប្រកួត​ជាមួយក្រុមបឹងកេត នៅកីឡដ្ឋាន​ខេត្តស្វាយរៀង កាលពី​ថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៍ បានចាញ់​ក្រុមបឹងកេត រហូត​ដល់ ៥-១ ធ្វើឱ្យ​១៣​ប្រកួត​របស់ណាហ្គា មាន​ត្រឹម​២២ពិន្ទុ និងកំពុង​ឈរ​នៅលេខ​៥ ចំណែក​​ការ​ជួបស្វាយរៀង ល្ងាច​នេះ ណាហ្គា ក៏​បាត់​ខ្សែ​ការពារ​ដ៏សំខាន់​ម្នាក់ គឺ​ម្ចាស់អាវ​លេខ​៧៥​មកពី​ប្រេស៊ីល Mateus Martins Da Conceicao ផងដែរ។

ចំពោះបញ្ហា​នេះ ឃឹម បូរី បានបញ្ជាក់​ថា៖ «ការអវត្តមាន​កីឡាករ Mateus វាជា​ក្តី​បារម្ភ​មួយ​ផងដែរសម្រាប់​ពួក​យើង ប៉ុន្តែ​យើង​មាន​កីឡាករ​ផ្សេង ដើម្បីជំនួស​តំណែង​របស់​គាត់ ហើយ​ខ្ញុំ​មានការជឿជាក់​ទៅលើ​កីឡាករ​ទាំង​អស់​នៅ​ក្នុង​ក្រុម​។ ខ្ញុំ​គិត​ថា ​វាអត់​មានក្តីបារម្ភ​ទេ ព្រោះ​គ្រប់កីឡាករ គាត់អាច​ធ្វើ​បាន»។


ចំណែក​អ្នកចាំទី រ៉េត លីហេង របស់​ក្រុមណាហ្គាវើលដ៍ បាន​និយាយ​ថា៖ ​«​ដូច​ដែល​យើង​បានដឹង​ហើយ​ថា ព្រះ​ខ័នរាជស្វាយ​រៀង ជា​ក្រុម​ខ្លាំង ដែល​មាន​កីឡាករ​មានគុណ​ភាពច្រើន ប៉ុន្តែ​​ក្រុម​ទាំង​មូល ​ត្រៀម​ខ្លួន​បាន​ល្អ​ហើយ សម្រាប់ការ​ប្រកួតនេះ»។

ខ្សែ​ប្រយុទ្ធ Ramon De Andrede Souza របស​ក្រុម​វិសាខា (ពណ៌ស) បាន​ប្រជែង​ដណ្តើម​បាល់ពីកីឡាករ Cristian Roque របស់​ព្រះខ័នរាជស្វាយរៀង។ រូប វិសាខា

ដោយឡែក គ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជស្វាយរៀង លោក Jose Munoz ក៏គិត​ថា ការ​ជួប​ក្រុមណាហ្គាវើលដ៍ លើក​នេះ​មាន​ការពិបាក​ផងដែរ។ បើទោះបីជា ក្រុម​ណាហ្គា ទើបចាញ់​ក្រុម​បឹងកេត ៥-១ ក្នុងទឹក​ដី ប៉ុន្តែ​លោក​បាន​​មើល​​ឃើញ​ថា ក្រុមទាំង​២នេះ មាន​កម្រិត​លេង​ប្រហាក់ប្រហែល​គ្នា និង​មាន​ឱកាស​ដូចគ្នា គ្រាន់​តែ​ការ​ស្វែងរក​គ្រាប់​បាល់​របស់ ​ណាហ្គា មានការពិបាក​ជាង។ 

កីឡាករ​ជម្រើស​១១​នាក់ដំបូង​របស់​ក្រុមព្រះ​ខ័នរាជស្វាយរៀង ពេល​យក​ឈ្នះក្រុម​វិសាខា ១-០ កាលពី​ថ្ងៃអាទិត្យ។ រូប​ថត CPL

លោក Jose Munoz បាន​និយាយ​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «កីឡាករ​បរទេស​ នៅ​​តំបន់​ប្រយុទ្ធ​​របស់ក្រុម​ណាហ្គា សុទ្ធតែ​មាន​គុណ​ភាព​​ខ្ពស់​ ហើយ​កីឡាករ​​ក្នុងស្រុក ក៏​ធ្វើ​បាន​ល្អ នៅតំបន់ការពារ អ៊ីចឹង​វា​នឹង​ក្លាយជា​ការ​ប្រកួត​ប្រជែង​ដ៏​លំបាក​មួយ​ទៀត សម្រាប់​យើង»។

កីឡាករជម្រើស​១១​នាក់ដំបូង​របស់​ក្រុម​ណាហ្គាវើលដ៍ ពេលប្រកួតចាញ់ ក្រុមបឹងកេត ៥-១ កាល​ពី​ថ្ងៃអាទិត្យ។ រូបថត ណាហ្គាវើលដ៍

តែទោះបីជា​យ៉ាងណា លោក Jose Munoz បានកត់សម្គាល់​ថា ក្រុមណាហ្គាវើលដ៍ តែង​តែ​បង្ហាញការ​លេង​មិនសូវបាន​ល្អ​នៅ​ក្នុងទឹក​ដី​ខ្លួនឯង ហើយនេះចំណុច​អាទិភាព​មួយចំពោះ​ក្រុម​ស្វាយរៀង ក្នុងការដណ្តើម​យកជ័យជម្នះ ព្រោះ​ការ​​លេង នៅលើ​តារាង​ស្មៅសិប្បនិម្មិតនៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ គឺ​ក្រុមស្វាយ​រៀង មាន​ភាព​ស្ទាត់ជំនាញ ចំពោះ​ស្ថាន​ភាព​លេង​បែបនេះ។

លោក Jose Munoz បញ្ជាក់​ថា៖ «​នៅ​រដូវ​កាលនេះ ណាហ្គា ធ្វើ​អត់​សូវ​បានល្អ​នៅ​ក្នុង​ដី​ខ្លួនឯង អ៊ីចឹង​យើង​នឹង​យក​ចំណុច​នេះ ធ្វើ​ជាអាទិភាព​សម្រាប់ក្រុម​​យើង​ ហើយ​ម្យ៉ាង​ទៀត ស្មៅសិប្បនិម្មិត​នៅកីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ជាស្មៅ​មានគុណ​ភាព​ខ្ពស់ ដែល​​វា​មិន​មាន​បញ្ហា​ចំពោះ​យើង​នោះ​ទេ ព្រោះ​យើងជា​ក្រុម​មួយ ដែល​ចូល​ចិត្ត​រក្សា​បាល់​ច្រើន​ក្នុងការ​ប្រកួតបែបនេះ។ យើង​មាន​កីឡាករ​របួស​៤ទៅ​៥​នាក់ ប៉ុន្តែ​យើង​នៅ​សល់​កីឡាករ​​​២០នាក់​ទៀត ដែល​អាច​លេង​បាន»៕