បញ្ហារសើបទាក់ទង​ទៅនឹងការទិញ​​​កីឡាករចងជើង​​ទុក ឬគ្រប់គ្រង​ផ្តាច់មុខ សម្រាប់​ឱ្យ​​ប្រកួតតែ​​នៅលើ​សង្វៀនមួយ ជាថ្នូរ​នឹងការ​ផ្តល់ប្រាក់​ខែ និងលាភសក្ការៈ​ផ្សេងៗ​នោះ អាច​នឹងមិន​ត្រូវបាន​​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​​គុនខ្មែរ យក​មក​ដោះ​ស្រាយ​ ដើម្បី​បង្កើត​ឱ្យមាន​តម្លាភាពក្នុងការ​​ប្រកួតប្រជែង​​រៀបចំព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរ​របស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​នោះ​ទេ។

លោក ខូវ ឆាយ ដែល​ទើប​ត្រូវ​បានគាំ​ទ្រ​ឱ្យបន្ត​​ធ្វើ​ជា​ប្រធាន​​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ  នៅ​ក្នុងមហាសន្និបាត កាលពី​ថ្ងៃទី​២២ ខែមករា បាន​អះអាង​ថា សហព័ន្ធ​ធ្លាប់បានគិតគូរ​ពីបញ្ហា​នេះ​ដែរ ហើយក៏កំពុង​សិក្សា​​បន្ថែម​ទៀត ប៉ុន្តែ​លោក​ហាក់​គ្មាន​ជំហរ​យក​គោលការណ៍​ច្បាប់​របស់​សហព័ន្ធ មក​លុប​បំបាត់វប្បធម៌​នេះ​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ម្ចាស់​សង្វៀ​ន និងម្ចាស់​ស្ពនស័រ ដែលជា​ដៃគូ​អភិវឌ្ឍន៍​​វិស័យ​ប្រដាល់គុនខ្មែរ​មួយ​ចំនួន។

លោក ឆាយ បាន​ថ្លែ​ងថា៖ ​«យើងកំពុងសិក្សា​ពីរឿង​ហ្នឹង ព្រោះ​ធម្មតាទី​ផ្សារ​សេរី យើងមិន​អាច​ទៅ​ហាម​ឃាត់​កីឡាករ​មិនឱ្យ​ទៅ​ចុះ​កិច្ចសន្យា​ជាមួយក្រុមហ៊ុន​ ឬស្ថានីយទូរទស្សន៍​ណាមួយ​​នោះ​ទេ ព្រោះសហព័ន្ធ​ មិនមែន​ជា​ម្ចាស់​របស់កីឡាករ​ទេ! សហព័ន្ធគ្រាន់​តែ​ជា​អ្នក​ទទួលខុស​ត្រូវលើការ​អភិរក្ស និង​អភិវឌ្ឍ​​ន៍​គុនខ្មែរ  ហើយ​សាមី​ក្លិប​​ទៅ​វិញ​ទេ ទើបជាអាណាព្យាបាល​របស់​​កីឡាករ​ផ្ទាល់»​។


លោក​​បន្ថែម​ថា៖ «បើ​សិនជា​ក្លិបគាត់​អនុញ្ញាត សហព័ន្ធ មិនអាច​ទៅហាម​ឃាត់​បាន​នោះ​ទេ ព្រោះ​កត្តាជីវភាព​របស់គាត់ គឺគាត់ជា​អ្នកកំណត់​ខ្លួន​ឯង​​ថាតើ​​ក្រុមហ៊ុន ឬស្ថានីយ ដែល​ផ្តល់​កិច្ចសន្យា​ឱ្យ​គាត់​​នោះ តើ​ល្អសម្រាប់គាត់​អត់? ហើយករណី​មួយចំនួន​ទៀត បើ​យើងអនុវត្ត ឬ​ហាមឃាត់​ទៅ វា​នាំ​ឱ្យប៉ះពាល់​ដល់​​ដៃគូអភិវឌ្ឍ ដែល​ជា​ស្ថានីយ​ទាំងអស់ហ្នឹង»។

គួរបញ្ជាក់​ថា គ្រប់ស្ថានីយទូរទស្សន៍​ក្នុងស្រុក ដែលមាន​បង្កើត​ជា​សង្វៀ​ន​ប្រដាល់​​នោះ សុទ្ធតែ​ត្រូវការ​កីឡាករ​មាន​សមត្ថ​ភាព​ខ្លាំង ជាពិសេស​អ្នក​មានឈ្មោះ​ល្បី​ល្បាញ​ឱ្យឡើង​ប្រកួត​នៅលើ​សង្វៀន​របស់​ខ្លួន ដើម្បី​បង្កើត​ឱ្យមានភាពទាក់ទាញ​ចំពោះ​អ្នកគាំទ្រ និង​ទាញ​បាន​ការឧបត្ថម្ភ​ពី​ក្រុម​ហ៊ុនឯក​ជន។ 


ប៉ុន្តែ​ការ​ប្រកួតប្រជែង​នេះ វា​នៅតែ​គ្មានតម្លាភាព ព្រោះ​កីឡាករ​ដែលមាន​ឈ្មោះ​ល្បី និង​មានប្រជាប្រិយភាពខ្លាំង ត្រូវបានម្ចាស់ង្វៀន មាន​ធនធាន​ច្រើន និង​មានស្ពនស័រ​ធំៗ ទិញ​​​យក​មក​គ្រប់គ្រង សម្រាប់ឱ្យ​ឡើង​​​ប្រកួតផ្តាច់មុខ​​តែក្នុង​កម្មវិធី​របស់​ខ្លួនប៉ុណ្ណោះ​ គឺការ​ចងជើង​ទុក តាម​រយៈការ​ចុះ​កិច្ចសន្យា ឬ​ឱ្យ​កីឡាករ​នោះ ធ្វើ​ជាទូតសុច្ឆន្ទៈ (BA) តំណាង​ឱ្យ​កម្មវិធី ឬផលិត​ផល​របស់​ខ្លួន​តែម្តង។  

កីឡាករជើងខ្លាំង​របស់​កម្ពុជា ធឿន ធារ៉ា ពេល​ប្រកួតដណ្តើម​ពាន​ជាមួយ​កីឡាករ​បរទេស នៅលើ​សង្វៀន​ថោន នាពេល​កន្លងមក។ រូប​ថត សហការី

វប្បធម៌មិន​ល្អនេះ បាន​កើតមានឡើងតាំងពីជំនាន់កីឡាករ កែវ រំចង់ នៅមាន​ឈ្មោះបោះសំឡេង​ខ្លាំង ដោយ​កាល​នោះ​សង្វៀនបាយ័ន បាន​ផ្តល់​ជាប្រាក់​ខែឱ្យ​ កែវ រំចង់ សម្រាប់ឡើង​​ប្រកួតតែ​ក្នុង​កម្ម​វិធីប្រដាល់ ដែល​រៀបចំ​ដោយ​សង្វៀន​បាយ័ន​មួយ​ទេ ហើយ​​បច្ចុប្បន្ន​​នេះ ជើង​ខ្លាំង ធឿន ធារ៉ា ក៏បែបនេះ​ដែរ គឺ​រូបគេ​ឡើងប្រកួត​តែ​នៅក្នុង​កម្មវិធី ដែល​រៀបចំ​ឡើង​ដោយសង្វៀន​​ថោន មួយ​ប៉ុណ្ណោះ ខណៈ​កីឡាករ​​កម្រិត​Aមួយចំនួន​ទៀត ក៏កំពុង​ដើរ​នៅលើ​គន្លងនេះ​ដូចគ្នា។

ចំពោះ​ការ​ប្រកួត​ប្រជែង​ដណ្តើម​យក​កីឡាករ​ទៅប្រកួត ដោយគ្មានតម្លាភាពនេះ បាន​ធ្វើ​ឱ្យ​ម្ចាស់​សង្វៀន​ប្រដាល់​មួយចំនួន ជួបការ​ពិបាក​ខ្លាំង។ ពួកគេ បាន​ចាត់ទុក​ ករណី​ទិញ​កីឡាករ​ទៅ​គ្រប់គ្រង​ឱ្យ​ប្រកួត​ផ្តាច់មុខនេះ គឺជាវប្បធម៌មិន​ល្អទាល់​តែសោះ ដែល​អាច​នឹង​ឈាន​ទៅដល់ការ​ប្រកាន់បក្ខពួក​និយម នៅ​ក្នុង​ចំណោម​ដៃគូអភិវឌ្ឍ​ន៍​វិស័យគុនខ្មែរ ហើយនៅពេលដែលអស់​លទ្ធភាព សង្វៀន​ប្រដាល់​មួយចំនួន​ក៏អាច​​បិទ ដែលនឹងប៉ះពាល់​ដល់​ការ​អភិវឌ្ឍ និងអភិរក្ស​គុនខ្មែរ​ដូចគ្នា។

តែទោះបីជា​យ៉ាង​ណា លោក ខូវ ឆាយ ហាក់មិនយល់​ឃើញ​ថា ​ករណី​ទិញ​កីឡាករ​ទៅ​គ្រប់គ្រង​ឱ្យ​ប្រកួត​ផ្តាច់មុខ​របស់​សង្វៀនធំៗ​នេះ ជា​រឿង​ខុស​នោះ​ទេ ព្រោះជាទី​ផ្សារសេរី ដោយលោក​មើល​ឃើញ​ថា សកម្ម​ភាព​ប្រកួត​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​ក្នុងតំបន់ ក៏​ដូចជា​នៅលើពិភពលោក ក៏​គេ​មាន​ចុះកិច្ចសន្យា​ដល់​កីឡាករ​ល្បីៗ សម្រាប់​ប្រកួត​នៅលើ​សង្វៀន ឬកម្មវិធី​របស់​គេ​ដូចគ្នា។​

លោក ឆាយ បញ្ជាក់ថា៖ «ចំណុច​នេះ​យើង​ធ្លាប់បាន​ពិភាក្សា​គ្នាច្រើន​ដង​មក​ហើយ​ តើ​យើង​គួរ​អនុវត្ត​របៀប​ម៉េច! ប៉ុន្តែ​យើងគិត​ថា បើ​អនុវត្ត​ទៅ ដឹងតែប៉ះទង្គិច​​ជា​មួយ​​ស្ថានីយ ដែលគាត់ត្រូវ​​​ការ​មាន​​កីឡាករ​សម្រាប់ត្រៀម​ប្រកួត​ឱ្យស្ថានីយ៍​របស់គាត់ អ៊ីចឹងគេមានជា​ BA ជាមួយ​​កីឡាករ ដោយ​​​មាន​កិច្ចសន្យា​រយៈពេល​វែង​ ហើយ​ខ្ញុំ​គិត​ថា ករណីនេះនៅ​ប្រទេស​ណា​ក៏មានដែរ មិន​មែន​មានតែ​នៅ​កម្ពុជា​ទេ»៕