លោកទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​អះអាង​ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ ឆ្នាំ២០២៥ (The 8th  Angkor Ultra Trail 2025) ដែល​នឹង​ធ្វើ​នៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែមករាខាងមុខនេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​កីឡាទេសចរណ៍​ដ៏សំខាន់​មួយ​ទៀត ក្នុងការជួយ​​ផ្សព្វ​ផ្សាយតំបន់អង្គរ និង​ប្រទេស​កម្ពុជា ទៅកាន់ពិភពលោក តាម​រយៈ​ក្រុមអត្តពលិក​អន្តរជាតិ ដែលបានចុះ​ឈ្មោះ​ចូលរួម​យ៉ាងច្រើន​។

នៅ​ក្នុង​​សន្និសីទកាសែត កាលពី​ថ្ងៃទី​៦ ខែមករា លោក ថោង ខុន បាន​ឱ្យ​ដឹង​ថា ទិវា Angkor Ultra Trail ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​ NOCC និង​ក្រុមហ៊ុន Phoenix Voyages ​រៀបចំ​ នៅតំបន់​អង្គរ ជា​រៀង​រាល់​ឆ្នាំ ចាប់​តាំងពី​ឆ្នាំ២០១៦មក ដោយ​កាល​នោះ​មាន​អ្នក​ចូលរួម​ត្រឹម២៣២នាក់ មកពី​២៦​ប្រទេស ប៉ុន្តែ​ចំនួន​អ្នក​ចូលរួម​បាន​កើន​ឡើងជា​បន្ត​បន្ទាប់ ខណៈ​ Angkor Ultra Trail លើក​ទី​៧ ​ឆ្នាំ​២០២៤ មាន​អ្នក​ចូលរួម​១៥០០នាក់ មកពី​៥១​ប្រទេស គឺ​​កើន​ឡើង២៥ភាគរយ ធៀប​នឹង​ឆ្នាំ​២០២៣។

ចំណែកអ្នកចុះ​ឈ្មោះ​ចូលរួម​ទិវារត់ប្រណាំង  Angkor Ultra Trail លើក​ទី​៨ ឆ្នាំ​២០២៥​ គិត​ត្រឹម​ថ្ងៃទី​៥ ខែមករា គឺ​មានចំនួន​១៣៦៨នាក់​ មកពី​៤៤​ប្រទេស ហើយ​​អត្តពលិកចូលរួម​ភាគ​ច្រើន​មានមក​ពី​បារាំង កម្ពុជា វៀតណាម ថៃ និងអាមេរិក ប៉ុន្ដែ​ទម្រាំ​ដល់​ថ្ងៃ​ប្រកួត ​គណៈកម្មការរៀបចំរំពឹងថា នឹងអាចទាក់ទាញអ្នកចូលរួមកើនដល់ ១​៧០០នាក់ ឬអាចនឹងកើនឡើងប្រមាណ ២០ភាគ​រយ បើធៀបនឹងឆ្នាំមុន។


ជាមួយចំនួន​អ្នក​ចូលរួម​នេះ លោក ថោង ខុន ថ្លែង​ថា៖​ «​Ultra Trail ជា​ព្រឹត្តិការណ៍​កីឡា​ពិភពលោក អ៊ីចឹង​អ្វី​ដែល​យើងបាន​ធ្វើ​នៅ​អង្គរ​នេះ ក៏ជា​ផ្នែកមួយនៃ​ព្រឹត្តិការណ៍ Ultra Trail នៅលើ​ពិភព​លោក ដែល​វា​នឹងជួយ​ផ្សព្វ​ផ្សាយ​អង្គរ និងកម្ពុជា​ទៅកាន់ពិភព​លោក ព្រោះ​​អ្នក​មក​រត់​ មិនមែនគ្រាន់តែរត់ដើម្បីសុខភាព​ទេ តែមកដល់ស្រុកយើង ពួកគាត់ អាចនឹងមានការចាប់អារម្មណ៍ល្អ ហើយជួយផ្សព្វផ្សាយពីយើង»។


ជាមួយ​គ្នា​នេះ​អតីត​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានចាប់អារម្មណ៍​ខ្លាំង​ទៅលើ​អត្តពលិក​ចំណូលថ្មី ដែលបានចុះ​ឈ្មោះ​ចូលរួម សម្រាប់​ទិវា​រត់ប្រណាំង Angkor Ultra Trail 2025នេះ ដែលមានចំនួនច្រើន ហើយ​ពួកគេ នឹង​ក្លាយជាអ្នកនាំ​សារ ក្នុងការ​ជួយ​ផ្សព្វ​ផ្សាយ​ពី​កម្ពុជាកាន់តែ​ខ្លាំង ​ទៅកាន់ពិភពលោក។

លោក​បញ្ជាក់ថា៖ «អ្នកដែលធ្លាប់មករួចហើយ មានតែ ១២ភាគរយ​​ទេ ប៉ុន្ដែ ៧៨​ភាគរយ​ទៀត ជា​អ្នកចូលរួមថ្មី​ ហើយ​នេះ​ជាចំណុចសំខាន់ ដែលជួយដល់ការផ្សព្វផ្សាយខ្លាំងណាស់​។ អ៊ីចឹង​ព្រឹត្តិការណ៍នេះ ជួយដល់ការផ្សព្វផ្សាយទេសចរណ៍​ពីកម្ពុជា ពិសេសនៅតំបន់អង្គរ ហើយរួមចំណែកជួយដល់ការអភិវឌ្ឍន៍វិស័យកីឡាជាតិ និងគម្រោងមនុស្សធម៌ ក៏ដូចជាផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌពិភពលោកទៅខាងក្រៅ រួមចំណែកសំខាន់​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។

លោក ថោង ខុន ពេល​ថ្លែង ក្នុងសន្និសីទកាសែតស្តីពី​ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ ឆ្នាំ២០២៥ នៅទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២៥។ រូប​ថត សហការី

ទន្ទឹម​នឹងនេះ លោក ថោង ខុន បានវាយតម្លៃខ្ពស់​ទៅលើ​អត្តពលិករត់ចម្ងាយឆ្ងាយ​របស់​កម្ពុជា ដែល​បាន​ចុះឈ្មោះ​ចូលរួម​រត់​ចម្ងាយ​១០០គីឡូម៉ែត្រ រហូត​ដល់​២៥​ភាគ​រយ ក្នុងចំណោម​អ្នកចុះ​ឈ្មោះ​ជាបណ្ដោះអាសន្ន ១២១នាក់ ហើយ​ក្នុងនោះ ក៏​មានស្ដ្រីកម្ពុជា​៥រូបផងដែរ។ ចំណែក​​ក្រុម​អត្តពលិក​​ជាច្រើនទៀត បានចុះឈ្មោះរត់វិញ្ញាសាផ្សេងៗ ជាមួយអ្នកនិយមរត់បែបផ្សងព្រេង ដែលភាគច្រើនមកពីអឺរ៉ុប ដូចជាវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ។

​លោក Edouard George ប្រធានក្រុមហ៊ុន Phoenix Voyages ដែលជាអ្នកជំនាញរៀបចំព្រឹត្តិការណ៍ Ultra Trail បាន​ថ្លែង​ថា ព្រឹត្តិការណ៍ Ultra Trail នេះ ជាការ​រត់ប្រណាំង​អន្តរជាតិ មានការ​ទទួលស្គាល់​ពី​សហព័ន្ធ Ultra Trail ហើយ​​សហព័ន្ធនេះ និង NOCC  បាន​ខិតខំប្រឹង​ប្រែង​ធ្វើ​ឱ្យ​ទិវា​រត់ប្រណាំង Angkor Ultra-Trail នេះ ក្លាយទៅជាព្រឹត្តិការណ៍​កីឡា​មួយ ដែលមាន​ការពេញ​និយម នៅលើ​ពិភព​លោក ដើម្បី​រួមចំណែក​ជួយ​ផ្សព្វ​ផ្សាយ​ពី​ទេសចរណ៍ និង​វប្បធម៌​ ប្រពៃណី​ខ្មែរ ទៅ​កាន់​ពិភពលោក។

លោក​បញ្ជាក់ថា៖​ «ការ​ចូលរួម​យ៉ាង​ច្រើន​ពី​អត្តពលិក​អន្តរជាតិ ក្នុងព្រឹត្តិការណ៍នេះ វាជាកត្តាដ៏សំខាន់​មួយ ដើម្បី​​បង្ហាញ​ឱ្យ​ពួក​គាត់ បាន​មើល​ឃើញ​ពី​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​តំបន់​ទេសចរណ៍​នៅ​អង្គរ ហើយ​យើងក៏​មានកម្ម​វិធី​វប្បធម៌ ប្រពៃណី​ខ្មែរ ដូចជា​របាំ​ជូនពរ និង​គុនល្បុក្កតោ ជា​ដើម ​​បង្ហាញ​ទៅដល់​អ្នក​រត់ជាជន​បរទេស​ទាំង​អស់ ដើម្បី​ធ្វើ​ឱ្យ​ពួកគាត់ មាន​ភាព​​រីករាយទាំង​ការ​រត់ប្រណាំង និងការកម្សាន្ត ក៏​ដូចជា​ការ​យល់​​ដឹងពី​វប្បធម៌ និង​អរិច្ឆយធម៌​របស់​ខ្មែរ​ផង»៕