ក្លិបបាល់​ទះ​បញ្ជាការដ្ឋាន​អង្គរក្ស បាននាំ​យក​កីឡាករ​ឥណ្ឌូនេស៊ី រហូត​ដល់​៤នាក់ ដើម្បីប្រកួតការពារ​ពាន ក្នុង​​ព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» រដូវកាល​ទី​២ ឆ្នាំ​២០២៥ (TECHO Volleyball Cambodia League) ដែល​នឹង​ចាប់​ផ្តើម​ដំណើរ​ការ នៅថ្ងៃទី​១០ ខែមករា​នេះ និង​​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី២៣ ខែមករា។

សម្រាប់​ការ​នាំ​យក​កីឡាករឥណ្ឌូនេស៊ី​​៤​នាក់ មកជួយ​​ដល់​ក្រុម​របស់​បញ្ជា​ការ​ដ្ឋាន​អង្គរក្សនេះ ក៏ព្រោះតែ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា បានកែ​ប្រែ​លក្ខខណ្ឌ​​​​ប្រកួត ​តេជោលីគ លើក​នេះ ដោយ​អនុញ្ញាត​ឱ្យ​ក្លិប​ទាំង​៨ អាចចុះ​ឈ្មោះ​កីឡាករ​បរទេស​រហូត​ដល់​៧នាក់ និងអាច​លេងនៅលើ​ទីលាន​បាន​៣នាក់ ចំណែក​រូប​មន្ត​ប្រកួត ក៏មានការ​កែ​ប្រែ​ផងដែរ ដើម្បី​ធ្វើ​ឱ្យ​ការ​ប្រកួត​ដ៏ធំ​នេះ កាន់តែ​មានភាព​ទាក់​ទាញ និងស្វិតស្វាញ​ខ្លាំង។

បន្ថែម​លើ​នេះ ក្លិបបញ្ជាការ​ដ្ឋាន​អង្គរក្ស ក៏​ធ្លាប់​ទទួលបានជោគជ័យ​ សម្រាប់ការ​នាំ​យក​កីឡាករ​ឥណ្ឌូនេស៊ី ចំនួន​៣នាក់ មក​ជួយ​ដល់​ក្រុម សម្រាប់ការ​ប្រកួត​ តេជោលីគ លើក​ទី​១ ឆ្នាំ​២០២៤ ដោយពួកគេ​ដណ្តើម​បាន​តំណែង​ជើងឯក​យ៉ាង​រំភើប ហើយ​ជ័យជម្នះ​នោះ ​បាន​កើត​មាន​ឡើង ដោយសារ​កីឡាករ​ឆ្នើមរបស់ឥណ្ឌូនេស៊ី Luvi Febrian Nugraha, Doni Haryono និង​​ប្រធានក្រុម Dio Zulfikri ធ្វើ​បាន​​ល្អ និង​រក​គ្រាប់​បាល់បាន​​យ៉ាងច្រើន សម្រាប់​​ការ​ប្រកួត​នោះ ក្រោមការ​ដឹកនាំ​ដោយ​ផ្ទាល់​របស់​គ្រូ​បង្វឹក​ឥណ្ឌូនេស៊ី លោក Indra Wahyudi Harahap។


យ៉ាងណាក៏​ដោយ សម្រាប់​ការ​ប្រកួត​ តេជោលីគ ឆ្នាំ​២០២៥​នេះ ស្មាត់ធំ Doni Haryono និង​អ្នក​លើក​បាល់​ដៃទី​១ Dio Zulfikri មិន​បាន​មក​ប្រកួត​ទេ ដោយពួកគេ ជាប់​លេង​ឱ្យ​ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ហេតុនេះ​​​លោក Indra Wahyudi Harahap បានជ្រើស​រើស​យកកីឡាករ​វាយប្រយុទ្ធស្តាំ ​  Yanto Febri ​វាយប្រយុទ្ធឆ្វេង Saputra Okky Damar និង​អ្នក​លើក​បាល់ Aditya Viko Zulfan មក​ជំនួស​វិញ ដើម្បីជួយ​ដល់​ក្រុម​បញ្ជា​ការដ្ឋានអង្គរក្ស។

ចំពោះ​សមត្ថ​ភាព​លេង​​របស់​កីឡាករ​ឥណ្ឌូនេស៊ី ចំណូល​ថ្មី​ទាំង​៣​នាក់នេះ ត្រូវបានកីឡាករ​វាយ​ប្រយុទ្ធ​ស្តាំ Luvi Febrian Nugraha ​ឱ្យ​ដឹង​ថា នៅទាបជាង​កីឡាករ Doni Haryono និង ​​Dio Zulfikri ស្របពេល​តេជោលីគ លើក​នេះ​ គឺ​ក្រុមនីមួយៗ​សុទ្ធតែ​ត្រៀម​ខ្លួនបាន​ល្អ ជាពិសេស​ក្រុម​វិសាខា ដែល​បានដាក់​ទាំង​កីឡាករ​បារាំង និងគុយបា ខណៈ ​តេជោលីគ ឆ្នាំ​២០២៤ វិសាខា បាន​យក​ឈ្នះ​ក្រុម​បញ្ជាការ​ដ្ឋានអង្គរក្ស ៣-០ នៅជុំទី​១ និងបន្ត​ឈ្នះ ៣-២ នៅជុំទី​២ ប៉ុន្តែ​ពួកគេ មក​ចាញ់​ បញ្ជាការដ្ឋានអង្គរក្ស ៣-១ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ទាំង​​ឈឺចាប់បំផុត។ 


ការ​ប្រកួត​រវាង​ក្រុមបញ្ជាការដ្ឋានអង្គរក្ស (ពណ៌ខៀវ) ជាមួយក្រុម​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​ពាន​រង្វាន់​កីឡាបាល់​ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥។ រូប​ថត សហព័ន្ធ

Luvi បាន​និយាយ​ថា៖ «សម្រាប់​​ការ​ប្រកួត​លើក​នេះ យើង​ត្រូវ​ធ្វើការ​ងារ​ធ្ងន់ដែរ ព្រោះ​ក្លិប​វិសាខា បាននាំ​យក​កីឡាករ​បារាំង និង​គុយបា មកជួយ​ដល់​ក្រុម ចំណែក​ក្លិប​ផ្សេងៗ​ទៀត ក៏បាន​នាំ​យក​កីឡាករ​បរទេស​មកជួយ​ដល់​ក្រុម​ដូចគ្នា អ៊ីចឹងសុទ្ធសឹងជា​ក្រុមខ្លាំង ដែល​នឹងមានការ​ប្រកួត​យ៉ាងស្វិតស្វាញ»។

ជាមួយគ្នា​នេះ សម្រាប់​ការ​ប្រកួត​​ពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ ដែល​ទើប​បានបញ្ចប់ កាលពីថ្ងៃអាទិត្យ គឺ​ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានចាញ់​ក្រុម​ក្រសួងមហាផ្ទៃ ៣-០ នៅ​វគ្គជម្រុះ និង​បន្តចាញ់​ក្រុម​ស្នងការនគរបាលជាតិ​រាជធានី​ភ្នំពេញ ៣-១ ក្នុងការ​ប្រកួតដណ្តើម​យក​លេខ​៣។ ប៉ុន្តែ Luvi បានអះអាង​ថា ការចាញ់នោះ ដោយសារ​មិត្តរួមជាតិ​របស់គេ បានហ្វឹកហាត់ជុំ​គ្នាជាមួយក្រុម​បញ្ជាការដ្ឋានអង្គរក្ស ក្នុងរយៈពេល​ខ្លីពេក។ 

តំណាង​ក្រុមទាំង​៨ ដែល​ត្រូវ​ប្រកួត​ តេជោលីគ ឆ្នាំ​២០២៥ បាន​ថតជុំ​គ្នា ក្រោយ​ពិធី​ចាប់ឆ្នោត នៅ​មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន​កីឡា កាលពី​ថ្ងៃ​ចន្ទ។ រូប​ថត សហព័ន្ធ

ម្ចាស់​អាវ​លេខ​២១ Luvi Febrian Nugraha បាន​បញ្ជាក់​ថា៖​ «ការធ្វើ​មិន​សូវ​បាន​ល្អ ​ក្នុង​ប្រកួត​ពានរង្វាន់​ថ្ងៃមុន​នេះ ដោយសារ​យើង​ទើបបានហ្វឹកហាត់ជុំ​គ្នា មិន​ដល់​១សប្តាហ៍ទេ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​តេជោលីគ យើង​នឹង​ធ្វើ​បាន​កាន់តែ​ល្អ ហើយ​យើងរំពឹងខ្ពស់​ថា នឹង​ដណ្តើម​បាន​ពាន​ឱ្យក្រុមបញ្ជាការដ្ឋានអង្គរក្ស ម្តងទៀត»។

គួរបញ្ជាក់ថា សម្រាប់ក្រុមទាំង​៨ ដែល​ត្រូវ​ប្រកួត​គ្នា ក្នុង​ព្រឹត្តិការណ៍​បាល់​ទះ តេជោលីគ ឆ្នាំ​២០២៥​នេះ រួម​មាន​ក្រុម​បញ្ជាការដ្ឋានអង្គរក្ស វិសាខា ក្រសួងមហាផ្ទៃ ស្នងការនគរបាលរាជធានី​ភ្នំពេញ ស្នងការនគរបាល​ខេត្តពោធិ៍សាត់ កងពល​ធំ​អន្តរាគមន៍​លេខ​៣ ស្នងការ​នគរបាល​ស្វាយរៀង និងក្រុម​ស្នងការនគរ​បាល​ខេត្តតាកែវ។

ចំពោះ​​រូបមន្ត​ប្រកួត​​​លើកនេះ ​លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា បានប្រាប់​ក្នុង​ពិធីចាប់​ឆ្នោត នៅមជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា កាលពី​ថ្ងៃទី​៦ ខែមករា​ថា សហព័ន្ធសម្រេចប្រើប្រព័ន្ធប្រកួតសន្សំពិន្ទុ​២ជុំ គឺ​ជុំទី១ ជា​ការប្រកួតសន្សំពិន្ទុ ដោយ​ក្រុមឈរ៧ និងលេខ៨ នឹងត្រូវកាត់ចោល ហើយ​ក្រុមលេខ១ ដល់លេខ៦ ត្រូវ​ឡើងទៅប្រកួតជុំទី២ ដែល​ត្រូវប្រកួតសន្សំពិន្ទុឡើងវិញ ដើម្បីស្វែងរកក្រុមខ្លាំង ដែលឈរលេខ១ ដល់លេខ៤ ឡើងប្រកួតវគ្គខ្វែង បន្ទាប់មកក្រុមឈ្នះ ត្រូវជួបក្រុមឈ្នះ ដើម្បីដណ្ដើមជើងឯក នៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។

ចំពោះការ​កែ​ប្រែ​ទាំង​រូបមន្ត​ប្រកួត និងការ​អនុញ្ញាត​ឱ្យ​ក្លិបនីមួយៗ អាច​ចុះ​ឈ្មោះ​កីឡាករ​បរទេស​បាន​៧នាក់ ហើយអាច​ប្រកួត​បាន​៣នាក់នៅលើ​ទី​នេះ  លោក សិរីពិសិដ្ឋ បញ្ជាក់​ថា ​​ជាយុទ្ធសាស្ដ្រថ្មី​របស់​សហព័ន្ធ ក្នុង​ការ​ជំរុញឱ្យ​មានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីចម្រាញ់បានធនធានកីឡាករមានគុណភាពខ្ពស់ សម្រាប់​ប្រមូលផ្ដុំហ្វឹកហាត់​ក្នុងក្រុម​ជម្រើស​ជាតិ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសព្រឹត្តិការណ៍ធំៗ ២ ក្នុងឆ្នាំនេះ គឺការប្រកួត SEA V.League 2025 និងស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ៕