ប្រធាន​បទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» ​បាន​ក្លាយជា​យុទ្ធនាការ​ដ៏មាន​អត្ថន័យ​នៃ​ការ​ប្រកួត​បាល់​ទាត់មនុស្សធម៌​​រវាង​​ក្រុមបាល់​ទាត់​គុនខ្មែរ និងក្រុមបាល់​ទាត់​​ពិធីករកីឡា​កម្ពុជា ដើម្បី​ស្វែង​រកការ​បរិច្ចាគ​ឈាមក្នុងទ្រង់​ទ្រាយធំ​មួយ សម្រាប់​រួម​ចំណែក​ជួយ​ដល់​​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដែល​ត្រូវការឈាម​ជាប្រចាំ​ថ្ងៃ ដើម្បី​ជួយ​សង្រ្គោះ​ជីវិតដល់​អ្នកជំងឺ និង​អ្នក​ត្រូវការ​ឈាម។

ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​មនុស្សធម៌នេះ ត្រូវបាន​រៀបចំ​ឱ្យមានឡើង​ជា​លើកដំបូង ដើម្បីជា​ប្រយោជន៍​ជួយ​ដល់​សង្គមជាតិ ហើយ​​កម្មវិធីបរិច្ចាគឈាមនេះ នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈនេះ ចាប់ផ្តើមពី​ព្រឹកម៉ោង ​៧:៣០ រហូតដល់ម៉ោង​រសៀល​ម៉ោង៥ នៅកីឡដ្ឋាន​ស្តាតចាស់ ​គឺ​មុនពេល​ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់​ទាត់​ពិធីករកីឡាកម្ពុជា និង​ក្រុមបាល់​ទាត់​គុនខ្មែរ ដែល​ធ្វើ​ចាប់ពីម៉ោង៦ល្ងាចតទៅ។

នៅ​ក្នុងសន្និសីទកាសែត នៅភោជនីដ្ឋានទន្លេបាសាក់ កាលពី​​រសៀល​ថ្ងៃ​ពុធ​ តំណាង​ក្រុមបាល់​ទាត់​ពិធីករកីឡាកម្ពុជា ក្រុម​បាល់ទាត់គុនខ្មែរ និង​ខាង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានទទូច​សុំ​ឱ្យ​ប្រជាពល​រដ្ឋកម្ពុជា ជាពិសេស​អ្នក​​រស់​នៅ​ភ្នំពេញ សូម​ទៅ​ចូលរួម​បរិច្ចាគ​ឈាមឱ្យបានច្រើន ដើម្បី​ជួយ​សង្រ្គោះជីវិត​អ្នកដែល​ត្រូវការ​ឈាមជាចាំបាច់។


លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់​ទាត់​ពិធីករ​កីឡា​កម្ពុជា បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត​នោះ​ថា បន្ទាប់ពីបាន​ឃើញព័ត៌មានពីតម្រូវការឈាមរបស់អ្នកជំងឺ ជំរុញឱ្យ​សមាជិកក្រុម​របស់លោក ​រៀបចំនូវយុទ្ធនាការ «យើង​រួមគ្នា​បរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត»នេះឡើយ។

លោក​បន្តថា នេះជា​ទិសដៅដ៏វែងឆ្ងាយ​មួយ ដែលក្រុមរបស់លោក ត្រូវបន្ដធ្វើសកម្មភាព ក៏ដូចជាផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងនៃការផ្ដល់ឈាមដល់ប្រជាពលរដ្ឋនៅ​ទូទាំងប្រទេស ឱ្យ​បាន​ដឹងពី​គុណ​ប្រយោជន៍​នៃការបរិច្ចាគ​ឈាម ហើយ​លោកពិតជា​មានមោទនភាព ដែលព្រឹត្តិការណ៍នេះ ទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពី​លោក ហ៊ុន សែន ​​​ប្រធានព្រឹទ្ធសភានៃ​ព្រះរាជាណាចក្រ​កម្ពុជា។


លោក គុជ ឆៃយ៉ា ​បានបញ្ជាក់​ថា៖ «ការប្រកួតបាល់ទាត់មិត្តភាព នាថ្ងៃទី១៨ ខែកុម្ភៈនេះ ផ្ដោតសំខាន់លើការផ្ដល់ឈាម។ សម្រាប់លទ្ធផលឈ្នះ ឬចាញ់ក្នុង​ការ​ប្រកួត ពួកយើងមិនផ្ដោតប៉ុន្មានទេ តែ​អ្វីដែលពួកយើងចង់ផ្ដោត​ខ្លាំង និងចង់ឈ្នះបំផុត​នោះ គឺចង់ឈ្នះទឹកចិត្ត និងកម្លាំងចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមផ្ដល់ឈាម»។

លោក ឆៃយ៉ា បានអំពាវនាវឱ្យ​ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមឱ្យ​បានច្រើនកុះករ នៅកីឡដ្ឋានស្ដាតចាស់ នា​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ ហើយ​ក្នុងសន្និសីទ​កាសែត​នោះ​ដែរ លោក ស៊ីថូ ណាថាន់ បានប្រាប់​ថា ​​លោក​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជាប្រធានកិត្តិយស​ក្រុមបាល់​ទាត់​ពិធីករ​កីឡា​កម្ពុជា នឹងចូលរួម​បរិច្ចាគ​ឈាម​ជា​លើក​ទី​១៥​របស់​លោក​នៅ​​ថ្ងៃនោះ​ដែរ។ ​វត្តមាន​ថ្នាក់ដឹកនាំ​រូបនេះ ត្រូវបាន​គេ​រំពឹងថា នឹងធ្វើឱ្យ​ចំនួន​អ្នក​ចូលរួម​បរិច្ចាគ​ឈាម មានការកើន​ឡើង និង​បាន​ឈាម​ច្រើនជាង​​១០០០សាក់។

ចំណែក​លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងអំណរគុណ ចំពោះក្រុមកីឡាករ និងគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ ជាពិសេសថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ និងជំរុញឱ្យ​មានយុទ្ធនាការបរិច្ចាមនេះឡើង ស្របតាមអ្វីដែលមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បាននឹងកំពុងជំរុញ និងលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យ​បានផុសផុល និងគ្រប់រូបភាព។

លោកបាន​ថ្លែងថា៖​ «ព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌​នេះ ជាយុទ្ធនាការដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា ដើម្បី​បង្កើតទម្លាប់ល្អ និងជំរុញការ​លើកកម្ពស់​ឱ្យ​កីឡាករ ប្រជាជន និង​យុវជន ចូលរួមបរិច្ចាគឈាមជាមួយ​មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅ​ទូទាំង​ប្រទេស ដើម្បីធានាឱ្យ​ការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែល​ត្រូវការឈម នៅ​គ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង ការ​ប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយ»។

នាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដដែលនេះ បាន​ឱ្យដឹង​ទៀត​ថា ការបរិច្ចាគឈាម មិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយ​ទៅ​វិញ​ការបរិច្ចាគឈាមបាន​ទៀងទាត់ នឹង​ធ្វើឱ្យ​យើងមានសុខភាពល្អថែមទៀតផង ដោយ​ក្នុង​នោះ​បុរសអាចបរិច្ចាគឈាមរាល់៣ខែម្តង និងស្រ្តីអាចបរិច្ចាគឈាមបានរាល់៤ខែម្តង។

លោក សុខ ប៉ូ បានបញ្ជាក់​ថា គ្រាប់ឈាម​ក្រហម នឹង​ស្លាប់​ទៅ​វិញ​ក្នុង​រយៈពេល​១២០​ថ្ងៃ (៣ខែ) ហេតុនេះលោក​បានទទូច​សុំ​ឱ្យ​ប្រជាពល​រដ្ឋកម្ពជា ​​មក​បរិច្ចាគ​ឈាម​ឱ្យបាន​​ទៀត​ទាត់ដើម្បីសុខភាព​ផង និង​​ជួយ​សង្រ្គោះ​ជីវិត​​អ្នក ដែល​​ត្រូវការ​ឈាមជាចាំបាច់​ផង ដោយ​ក្នុង​១ថ្ងៃៗ ត្រូវការ​​ឈាមចន្លោះពី៣០០ទៅ៤០០ប្លោក ចំណែក​តួលេខ​ការ​ប្រើ​ប្រាស់ឈាមនៅទូទាំងប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០២៤ គឺ​មានចំនួន​១៧៩៣៣២​ប្លោក ក្នុង​នោះ​​រាជធាន​​ភ្នំពេញ ​ត្រូវការ​ឈាម​​ច្រើនជាងគេ ចូល​៧៥ភាគ​រយ៕