ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក WBC រវាង​កីឡាករ​កម្ពុជា ពុធ សំបូរ និង​អ្នក​ប្រដាល់​ចាស់​វស្សារបស់ថៃ វ៉ាន់ឆាលើម (Wanchaloem Chanajan) នឹង​ធ្វើនៅទី​ក្រុង​ស៊ីដនី ប្រទេស​អូស្រ្តាលី នា​​​ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ​នេះ (ត្រូវនឹង​ម៉ោង​៣រសៀល​នៅ​កម្ពុជា) ហើយ​កីឡាការិនី​គុនចម្រុះ សំ ថារ័ត្ន ក៏​ត្រូវ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​កីឡាការិនីម្ចាស់​ផ្ទះ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ផងដែរ។

លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ ប្រធាន ISKA Kun Khmer និង​ជា​ប្រធាន​​ប្រតិភូកីឡា​ប្រដាល់​គុនខ្មែរ ចេញ​ទៅ​ប្រកួត​នៅ​ប្រទេសអូស្រ្តាលី​លើក​នេះ បានដាក់​ក្តី​សង្ឃឹម​ខ្ពស់​ទៅលើ ពុធ សំបូរ ថា​នឹង​អាចដណ្តើម​បាន​ខ្សែ​ក្រវាត់ពិភព​លោក WBC នេះ​ត្រឡប់មកកម្ពុជា​វិញ បន្ទាប់ពី​លោក​បាន​ជួបការ​ខក​ចិត្ត ចំពោះការ​ដឹកនាំ​កីឡាករ បឺត សង្ឃឹម ទៅ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់ WBC​នេះ ជាលើកដំបូង កាលពី​ឆ្នាំ​២០២៤។

លោក សំណព្វ បានចាត់​ទុក​​ការចាញ់​របស់ បឺត សង្ឃឹម ក្នុងការ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់ WBC ទម្ងន់​៥៧​គីឡូក្រាម នៅប្រទេស​អូស្រ្តាលី កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤នោះ វាជាករណីស៊យ និង​ភ្លាត់ស្នៀត ​បណ្តាល​ឱ្យ​កីឡាករ​ថៃ យោធិន (Yothin FA Group) វាយ​បែក​ធំ ហើយ​​ត្រូវបាន​គ្រូ​ពេទ្យ​បញ្ឈប់នៅ​ទឹក​ទី​១​ទាំង​មិន​អស់ចិត្ត ប៉ុន្តែលោកមិនជឿ​ថា ហេតុការណ៍នេះ នឹងកើត​មានចំពោះ ពុធ សំបូរ ទៀត​នោះ​ទេ។


លោកសំណព្វ ​​បញ្ជាក់​ថា៖ ​«​ថ្ងៃ​ដែល បឺត សង្ឃឹម ប្រកួត​ជាមួយ យោធិន ខ្ញុំ​សង្ឃឹម​លើ​គាត់​១០០​ភាគ​រយ ប៉ុន្តែ​ដោយសារគាត់ភ្លាត់ស្នៀត​បណ្តាលឱ្យ​បែក​ធំ ​ត្រូវបាន​គេ​បញ្ឈប់ ចំណែក​​ការ​ដឹកនាំ ពុធ សំបូរ ទៅ​ប្រកួត​លើក​នេះ ខ្ញុំមាន​សង្ឃឹមដូចគ្នា ព្រោះ​ខ្ញុំក៏បានសិក្សា​មើល​ពី​ការ​ប្រកួត​របស់​​កីឡាករ ​វ៉ាន់ឆាលើម ដែរ​គឺពេលនេះ​គាត់​មាន​វ័យ​រាង​ច្រើនដែរ​ហើយ»។

គួរ​រំឭក​ថា Wanchaloem Chanajan ធ្លាប់​ជា​កីឡាករជើង​ខ្លាំង​មួយ​រូប ​នៅ​សង្វៀន​ប៉ុស្តិ៍លេខ​៧​​របស់​ថៃ ប៉ុន្តែ​ពេលនេះ គាត់បាន​​រស់​នៅ​ប្រទេសអូស្រ្តាលី ដោយបង្ហាត់​សិស្ស​ផង និង​ឡើង​ប្រកួត​ខ្លួនឯង​ផង ខណៈ​ការ​ប្រកួត​៣​លើក​ចុងក្រោយ នៅលើ​ទឹក​ដី​ប្រទេស​អូស្រ្តាលី កន្លងមក​នេះ គេ​បាន​ឈ្នះ​ទាំង៣។


ដោយឡែក ​​ការ​ដណ្តើម​ខ្សែ​ក្រវាត់​ WBC ជាមួយ ពុធ សំបូរ នៅ​ថ្ងៃសៅរ៍​នេះ Wanchaloem បានដាក់គោលដៅ​ដណ្តើម​ខ្សែ​ក្រវាត់នេះ​ឱ្យ​បាន ដើម្បី​លើក​ប្រជាប្រិយភាពកីឡា Muaythai របស់​​ថៃ ខណៈ​ស្ថាន​ភាព​ការ​ត្រៀម​ខ្លួន​របស់​កីឡាករ​ចាស់​វស្សា​របស់​ថៃ​ម្នាក់នេះ ត្រូវបាន​គេ​ដឹង​ថា មានភាព​ល្អ​ប្រសើរជាង ពុធ សំបូរ ដោយសារ​រូបគេ​រស់​នៅ​ប្រទេស​អូស្រ្តាលី​ស្រាប់។

ជុំវិញ​បញ្ហា​នេះ លោក សំណព្វ បាន​​ទទួលស្គាល់​ថា ពុធ សំបូរ អាច​ចាញ់​តែម​កីឡាករ Wanchaloem នៅ​លើ​ចំណុច​នេះបន្តិច​មែន ហេតុ​នេះ​ហើយ​ទើប​​ក្រុមការងារ​របស់លោក និងម្ចាស់​ឧបត្ថម្ភ បានសម្រេច​​​ទៅស្នាក់​នៅ​ប្រទេស​អូស្រ្តាលី​ឱ្យបាន​​ច្រើន​ថ្ងៃ មុន​​ការ​ប្រកួត​មក​ដល់​ ​គឺ​​ចេញ​ទៅ​តាំង​នៅថ្ងៃទី​១៧ និង​ប្រកួត​នៅថ្ងៃទី​២២ ខែកុម្ភៈ។

លោក​បញ្ជាក់​ថា៖ «បើ​យើងចង់​សន្សំសំច័យ​លុយ យើងមិនចាំបាច់ទៅ​ច្រើន​ថ្ងៃ​បែបហ្នឹងទេ ប៉ុន្តែជាក់​ស្តែង​យើង​​ចង់​ឈ្នះ ទើប​យើង​ទៅ​នៅ​ឱ្យ​យូរ ហើយ​លើក​នេះ យើងអត់​ស្នាក់នៅសណ្ឋាគារ​ទេ គឺ​​យើង​បានជួល​ផ្ទះ​​មួយ សម្រាប់ស្នាក់​​​នៅ និង​ធ្វើ​ម្ហូប​អាហារ​ដោយ​ខ្លួនឯង ដើម្បី​ងាយ​ស្រួល​ដល់​កីឡាករ កីឡាការិនី​យើង សម្រាប់ត្រៀមការ​ប្រកួត​នេះ»។​

ចំណែក​លោក​គ្រូ ម៉ាក សុខន ជា​គ្រូ​បង្វឹក ក៏មានទំនុក​ចិត្តខ្ពស់លោក ពុធ សំបូរ ដោយ​លោក​​បាន​និយាយ​ថា៖ ​«មុននឹងបញ្ជូន​ ពុទ្ធ សំបូរ ទៅ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​នេះ ខាងប្រតិភូ​ដឹកនាំ​របស់​យើង​​ គាត់​បាន​​មើល​ឃើញ​ពី​ក្រឡា​ឈ្នះ​ដែរ ហើយក្នុង​នាម​ខ្ញុំ​ជា​គ្រូ​បង្វឹក​ក៏មានសង្ឃឹម​៧០​ភាគ​រយ​​ថា ពុទ្ធ សំបូរ នឹង​អាច​​នាំ​យក​ខ្សែ​ក្រវាត់មក​ជូនជាតិ និង​គុន​ខ្មែរ​របស់​យើង»។

ជាមួយគ្នានេះ​ទាំង​កីឡាការិនី សំ ថារ័ត្ន ដែល​ត្រូវ​ប្រកួតជាមួយ​កីឡាការិនី​ម្ចាស់​ផ្ទះ​អូស្រ្តាលី Jane Koo និង​កីឡាករ ពុធ សំបូរ សុទ្ធតែ​បាន​បង្ហាញការ​តាំង​ចិត្ត ខំប្រឹង​ប្រែង​ដណ្តើម​យក​ជ័យជម្នះ​ត្រឡប់មក​វិញ។

សំ ថារ័ត្ន បាន​និយាយ ក្នុងសន្និសីទកាសែត កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​​ថា៖ ​«​ពួក​ខ្ញុំ​បាន​ខំប្រឹង​អភិវឌ្ឍ​ខ្លួនហើយ ហើយ​ក្រោមការ​លើក​ទឹក​ចិត្ត និងផ្តល់​អនុសាសន៍​បន្ថែម​ពី​ថ្នាក់ដឹកនាំ បាន​ជំរុញ​ទឹកចិត្ត​ពួក​ខ្ញុំកាន់​តែ​ខ្លាំង ព្រោះ​ការ​ទទួល​បានឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​បែបនេះ មិនមែន​ចេះតែ​​មាន​នោះ​ទេ អ៊ីចឹង​ខ្ញុំ និង​បង សំបូរ ព្យាយាម​ចាប់​យក​ឱកាស​ហ្នឹង និង​ខំប្រឹង​ធ្វើ​ឱ្យបាន​ល្អ ដើម្បី​តំណាង​ឱ្យ​ប្រទេសជាតិ និងគុនខ្មែរ​របស់​យើង»៕