ក្រុម​បាល់​ទាត់​ «ផ្ការីក​គ្រប់​រដូវ» ដឹកនាំ​ដោយ​តារា​កំប្លែង​ ចែម ចាន់រ៉ា ហៅ ពាក់​មី បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ ហួត ហាក់ បង្ហាញ​ពី​ផែនការ​បង្កើត​កម្មវិធី​ទេសចរណ៍​ផ្សេងៗ​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​កម្ពុជា ដែល​ជា​អ្វី​លោក​ ហួត​ ហាក់ គាំទ្រ។

ក្នុង​ជំនួប​នៅ​ថ្ងៃ​ទី២០ ខែកុម្ភៈ​កន្លង​ទៅ លោក ហួត​ ហាក់ និង​ក្រុម​របស់​លោក ចេម ចាន់រ៉ា បាន​ពិភាក្សា​អំពី​គម្រោង និង​ផែនការ​របស់​ក្រុម​ «ផ្ការីក​គ្រប់​រដូវ»​ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​នៅ​កម្ពុជា ដើម្បី​លើកស្ទួយ​ ជំរុញ​ និង​ផ្សព្វផ្សាយ​នូវ​សក្តានុពល​ទេសចរណ៍ ​កសិទេសចរណ៍ និង​ផលិតផល​កម្ពុជា​ទៅ​កាន់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។

ក្នុង​ជំនួប​នោះ លោក ចេម ចាន់រ៉ា បាន​ស្នើ​សុំ​ការ​សហការ និង​គាំទ្រ​ពី​ក្រសួង​ទេសចរណ៍​ដល់​គម្រោង និង​ផែនការ​របស់​លោក​ដែល​ធ្វើ​ឡើង​ដើម្បី​កម្ពុជា និង​ទេសចរណ៍​កម្ពុជា។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍។


ផ្ការីក​គ្រប់​រដូវ គឺជា​ក្រុម​បាល់​ទាត់​មិន​អាជីព ប៉ុន្តែ ជា​ក្រុម​ល្បី​ដោយសារ​តែ​ក្រុម​នេះ​មាន​កម្មវិធី​ផ្សេង​ដើម្បី​ទាក់​ទាញ​យុវជន។ ក្រុម​នេះ​មាន​សមាជិក​ចំនួន ៤០​នាក់។ លោក ហួត ហាក់ មើល​ឃើញ​ថា ក្រុម​នេះ​អាច​ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា។

លោក ពាក់មី បង្ហាញ​ពី​ការ​ចង​កណ្ដាប់​ដល់​អ្នក​ចូលរួមកម្មវិធីស្នាម​ញញឹម​ភូមិ​ខ្ញុំ នៅ​ខេត្ត​សៀមរាប កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២៤។ Bakong My Village


លោក ហួត ហាក់ ថ្លែង​ថា៖ «គាត់​ល្អ​ណាស់​ចង់​ចូលរួម​ចំណែក​បន្ថែម​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា។ ក្នុង​នាម​ថ្នាក់​ដឹកនាំ​ក្រសួង​ទេសចរណ៍ ខ្ញុំ​សូម​យក​ឱកាស​នេះ​ថ្លែង​អំណរ​គុណ​ដល់​លោក ពាក់ មី និង​ក្រុមការងារ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​រួម​ចំណែក​ និង ជា​តម្លៃ​បន្ថែម​សម្រាប់​វិស័យ​ទេសចរណ៍​របស់​យើង»។

លោក ចេម ចាន់រ៉ា បាន​ថ្លែង​ថា លោក​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ផ្សេងៗ​នៅ​កម្ពុជា ​ក្នុង​នាម​ជា​ខ្មែរ​ម្នាក់។

លោក​ថ្លែង​ថា៖ «ឥឡូវ​នេះ​ ការ​លើក​ទឹក​ចិត្ត​ពី​ក្រសួង​ទេសចរណ៍ ធ្វើ​ឲ្យ​ក្រុម​ផ្ការីក​គ្រប់​រដូវ​របស់​ខ្ញុំ បន្ត​ផ្សព្វផ្សាយ​ទេសចរណ៍​បន្ត​ទៀត។ ខាង​ក្រសួង​ប្រឹង​ប្រែង​ហើយ យើង​ជា​ប្រជាពលរដ្ឋ​ក៏​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ទៀត។ ដូច្នេះ ក្រុម​ខ្ញុំ​នឹង​ចូលរួម​លើស​មុន​ទៀត​ក្នុង​ការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ផ្សេងៗ រួម​ទាំង​ទេសចរណ៍​ធម្មជាតិ​ដើម្បី​បង​ប្អូន​ខ្មែរ និង​ភ្ញៀវ​បរទេស​បាន​ឃើញ​ថា ប្រទេស​យើង​មាន​កន្លែង​កម្សាន្ត​ច្រើន​ណាស់ មិន​មែន​តែ​តំបន់​អង្គរ ឬ កំពង់​សោម​ទេ»។

លោក ពាក់ មី ក៏​បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ចូលរួម​ផ្សព្វផ្សាយ​សក្ដានុពល​ និង​តំបន់​ទេសចរណ៍​របស់​កម្ពុជា។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៤ លោក ក៏​បាន​រៀប​ចំ​កម្មវិធី «ស្នាម​ញញឹម​ភូមិ​ខ្ញុំ» នៅ​ខេត្ត​សៀមរាប ដោយ​មាន​ការ​ច្រូត​ស្រូវ​ប្រើ​ឧបករណ៍​បូរាណ និង កម្មវិធី​វប្បធម៌​មួយ​ចំនួន​ទៀត ដែល​ទទួល​ការ​ចែករំលែក​បន្ត​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក ឈត ប៊ុនថង អ្នក​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ អប់រំ និង​ទេសចរណ៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​កន្លង​ទៅ​ថា​ ការ​ចូលរួម​របស់​​អ្នក​មាន​ឥទ្ធិពល​ក្នុង​សង្គម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ផ្ដល់​​ប្រយោជន៍​ផ្ទាល់​ខ្លួន​ផង និង​ផ្ដល់​ប្រយោជន៍​ដល់​សង្គម និង​ជាតិ​ផង៕