ក្លិបបាល់ទាត់វិសាខា បានសម្រេចធ្វើសន្និសីទកាសែតភ្លាមៗ កាលពីថ្ងៃចន្ទ ដើម្បីស្រាយចម្ងល់នៅពីក្រោយការចាកចេញរបស់គ្រូបង្គោល លោក Kalns Jurgis ខណៈគ្រូបង្វឹកសញ្ជាតិឡាតវី មកពីទ្វីបអឺរ៉ុបរូបនេះ ទើបដឹកនាំក្រុមវិសាខា បានពាក់កណ្តាលរដូវកាល បន្ទាប់ពីបានចុះកិច្ចសន្យារួមរស់ជាមួយគ្នា កាលពីខែមិថុនា ឆ្នាំ២០២៤នោះ។
ហេតុនេះការប្រកាសពីការចែកផ្លូវគ្នារវាងក្លិបវិសាខា និងលោក Kalns Jurgis ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី៣១ ខែមករា កន្លងមកនេះ បានធ្វើឱ្យអ្នកគាំទ្រភាគច្រើន កើតជាមន្ទិលសង្ស័យ ថាតើមានរឿងអ្វីឱ្យប្រាកដ ទើបវិសាខា សម្រេចបញ្ចប់កិច្ចសន្យាមុនពេលកំណត់ជាមួយលោក Kalns Jurgis ខណៈបុរសវ័យ៤២ឆ្នាំរូបនេះ កំពុងដឹកនាំក្រុមវិសាខា បានល្អទៅហើយនោះ។
ជុំវិញបញ្ហានេះ នាយិការគ្រប់គ្រងក្លិបបាល់ទាត់វិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា បានលើកឡើង នៅក្នុងសន្និសីទកាសែតថា៖ «យើងដឹងហើយថា វិសាខា ជាក្រុមមួយ ដែលផ្លាស់ប្តូរគ្រូច្រើន។ នេះជារឿងពិត ប៉ុន្តែវាមានករណីផ្សេងៗគ្នា ចំណែកការចែកផ្លូវជាមួយលោកគ្រូ Kalns Jurgis គឺក្លិបអត់ចង់ចែកផ្លូវទេ ព្រោះគាត់ជាគ្រូបង្វឹក ដែលដឹកនាំក្រុមមានលទ្ធផលល្អ អ៊ីចឹងការចាកចេញនេះ ជាការសម្រេចចិត្តទាំងស្រុងរបស់គាត់»។
កញ្ញា អ៊ូ បញ្ញាសុកិត្យា បានឱ្យដឹងទៀតថា ការសម្រេចចែកផ្លូវគ្នានេះ ក៏មិនមែនធ្វើឡើងដោយភ្លាមៗនោះដែរ ហើយវារឹតតែមិនពាក់ព័ន្ធទៅនឹងលទ្ធផលការប្រកួតចុងក្រោយ នៅពេលលោក Kalns Jurgis ដឹកនាំក្រុមវិសាខា ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ៤-២ កាលពីថ្ងៃទី២៥ ខែមករា នោះដែរ។
«តាមពិតគំនិតនៃការចង់ចាកចេញរបស់លោកគ្រូ Kalns Jurgis មាន១ដងទៅ២ដងហើយ គ្រាន់តែក្លិបបានព្យាយាមសម្របសម្រួលរក្សាគាត់ ដើម្បីកុំឱ្យប៉ះពាល់ដល់អ្វីផ្សេងៗទៀត អ៊ីចឹងវាមិនមែនជាការសម្រេចចិត្តរបស់ក្លិប ក្នុងការបណ្តេញគ្រូនោះទេ គឺគាត់ជាអ្នកស្នើសុំចេញដោយខ្លួនឯង ចំពោះការចែកផ្លូវគ្នានេះ»។ កញ្ញា បញ្ញាសុកិត្យា បានបញ្ជាក់។
ជាមួយគ្នានេះ មានការលើកឡើងថា ការចេញរបស់លោកគ្រូ Kalns Jurgis ទំនងមកពីថ្នាក់ដឹកនាំក្លិបវិសាខា មានការលូកដៃដល់ការងារបច្ចេកទេសរបស់គ្រូបង្វឹក ធ្វើឱ្យគាត់មិនពេញចិត្ត រួចក៏សម្រេចចិត្តចាកចេញ ប៉ុន្តែកញ្ញា អ៊ូ បញ្ញាសុកិត្យា បានច្រានចោលចំពោះការចោទប្រកាន់នេះ។
កញ្ញា បញ្ជាក់ថា៖ «ខ្ញុំសូមធានា គឺយើងមិនបានលូកដៃខាងបច្ចេកទេសនោះទេ! ការងារទាំងអស់ជាបច្ចេកទេសសុទ្ធសាធ។ ការដាក់កីឡាករ ឬប្តូរកីឡាករ គឺអាស្រ័យទៅលើគ្រូទាំងស្រុង អ៊ីចឹងលទ្ធផលល្អ ឬមិនល្អ ក៏អាស្រ័យទៅលើគ្រូបង្វឹកដូចគ្នា»។
ទន្ទឹមនឹងនេះ នាយិការគ្រប់គ្រងក្លិបវិសាខារូបនេះ បានទម្លាយមូលហេតុពិតនៃការសម្រេចចាកចាញរបស់លោក Kalns Jurgis ដោយនិយាយថា៖ «ហេតុផលធំទី១ គឺគាត់បានបញ្ចេញជាមតិយោបល់ថា លីគរបស់យើងនៅមានកម្រិត ដែលមិនទាន់ត្រូវតាមស្តង់ដារបស់ពួកគាត់ទេ អ៊ីចឹងគាត់ពិបាកធ្វើការ»។
បន្ថែមលើនេះ ការកាត់សេចក្តីនានា រួមទាំងការរៀបចំមុនការប្រកួត ក្រោយការប្រកួត និងលទ្ធផលនៃការប្រកួតផ្សេងៗ ក៏ជាមូលហេតុមួយ ជំរុញឱ្យលោក Kalns Jurgis សម្រេចចាកចេញពីកម្ពុជាផងដែរ ហើយបញ្ហាចម្បងមួយទៀត គឺដោយសារលោក Kalns Jurgis និងក្រុមការងារ ចង់វិលត្រឡប់ទៅធ្វើការនៅស្រុកកំណើតវិញ ដើម្បីងាយស្រួលជួបជុំគ្នាគ្រួសារ។
កញ្ញា បញ្ញាសុកិត្យា បញ្ជាក់ថា៖ «ការកាត់សេចក្តីនានា ជាហេតុផលចម្បងមួយដែរ ដែលគាត់មិនអាចនៅបន្តទៀតបាន ព្រោះវាអត់ដូចអ្វីដែលគាត់ធ្លាប់បានឆ្លងកាត់ពីមុនៗមក។
ទី៣លោកគ្រូទាំងអស់ សុទ្ធតែមានប្រពន្ធកូន តែគ្រួសាររបស់គាត់ អត់បានផ្លាស់ប្តូរទីតាំងមករស់នៅជាមួយយើងទេ ដោយពួកគាត់ត្រូវជិះយន្តហោះទៅមកៗ ដើម្បីទៅលេងគ្រួសារ គឺមានការពិបាក ហើយនេះក៏ជាកត្តាមួយធ្វើឱ្យគាត់ សម្រេចចាកចេញពីយើងដែរ»។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Kalns Jurgis បានជួយឱ្យក្រុមវិសាខា បង្កើតបានកំណត់ត្រាឈ្នះចំនួន៨លើកជាប់ៗគ្នា នៅក្នុងចំណោមការដឹកនាំទាំង១៨លើករបស់គាត់ ដោយឈ្នះ១២ ស្មើ២ ចាញ់៤ ហើយក្រោយការចាកចេញពីក្លិបវិសាខា លោក Kalns Jurgis គ្រោងទៅចុះកិច្ចសន្យាជាគ្រូបង្គោលជាមួយក្លិប FK Auda នៃលីគកំពូលឡាតវី ដែលជាស្រុកកំណើតរបស់លោក។
ចំណែកក្លិបវិសាខា បានសម្រេចតែងតែងគ្រូជំនួយលោក Tunji Ayoyinka Akeeb ឱ្យធ្វើជាគ្រូបង្គោលជាបណ្តោះអាសន្ន ដើម្បីដឹកនាំក្រុមបន្តទៅមុខទៀត ដោយពេលនេះ វិសាខា កំពុងឈរនៅលេខរៀងទី៣ នៃលីគកំពូលកម្ពុជា ដោយមាន៤១ពិន្ទុ តិចជាក្រុមឈរនៅកំពូលតារាង ភ្នំពេញក្រោន ដែលមាន៤៧ពិន្ទុ និងក្រុមឈរនៅលេខ២ ព្រះខ័នរាជស្វាយរៀង ដែលមាន៤៦ពិន្ទុ៕